អាជ្ញាធរ​រង​ការ​រិះគន់​ករណី​រារាំង​យុវជន​ប្រមូល​សំរាម​ធ្វើ​ពិធី​សង្ក្រាន្ត​នៅ​ប្រឡាយ​បឹងត្របែក

ដោយ ទីន ហ្សាការីយ៉ា
2019-04-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​អាជ្ញាធរ​ចុះ​រុះរើ និង​ហាម​យុវជន​ដែល​ចុះ​ប្រមូល​សំរាម ធ្វើ​ពិធី​សង្ក្រាន្ត​លើ​លូ​ទឹក​ស្អុយ​បឹង​ត្របែក រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៦ ខែ​មេសា ឆ្នាំ​២០១៩។
សកម្មភាព​អាជ្ញាធរ​ចុះ​រុះរើ និង​ហាម​យុវជន​ដែល​ចុះ​ប្រមូល​សំរាម ធ្វើ​ពិធី​សង្ក្រាន្ត​លើ​លូ​ទឹក​ស្អុយ​បឹង​ត្របែក រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៦ ខែ​មេសា ឆ្នាំ​២០១៩។
រូប​ពី​ហ្វេសប៊ុក

សង្គម​ស៊ីវិល រិះគន់​អាជ្ញាធរ​ក្រុងភ្នំពេញ ដែល​រារាំង​មិន​ឱ្យ​យុវជន​សំរាម ធ្វើ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នៅ លើ​ប្រឡាយ ទឹក​ស្អុយ​បឹងត្របែក ដើម្បី​អបអរ​បុណ្យចូលឆ្នាំ​ខ្មែរ​នោះ​ថា ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព និង​បំបាក់​ស្មារតី​យុវជន។

រីឯ​អាជ្ញាធរ​បកស្រាយ​ថា ហាមឃាត់​នេះ គឺ​ដោយសារ​ពួកគេ​មិន​បាន​សុំច្បាប់​អនុញ្ញាត ម្យ៉ាង​អាជ្ញាធរ បារម្ភ​ពី​សុវត្ថិភាព​អ្នកចូលរួម ព្រោះ​ការរៀបចំ​នោះ​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ។ ប៉ុន្តែ ក្រុម​យុវជន​ដែល​ហៅ​ខ្លួនឯង​ជា យុវជន​សំរាម នៅតែ​សម្ដែង​ការ​ខកចិត្ត និង​ចាត់ទុកថា ការ​រារាំង របស់​អាជ្ញាធរ​ជា​រឿង​ខុស​ទំនង។

សង្គម​ស៊ីវិល និង​យុវជន​សំរាម សម្ដែង​ការ​សោកស្តាយ​ដែល​អាជ្ញាធរ​ខណ្ឌ​ចំការមន ហាមឃាត់ និង រុះរើ​កម្មវិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ដែល​រៀបចំ​នៅ​លើ​ប្រឡាយ ឬ​លូ​ទឹកស្អុយ​បឹងត្របែក កាលពី​ល្ងាច​ថ្ងៃ​ទី​៦ ខែ​មេសា ខណៈ​កម្មវិធី​សង្ក្រាន្ត​នេះ គ្រោង​រៀបចំ​៣​ថ្ងៃ​ជាប់​គ្នា ចាប់ពី​ថ្ងៃ​ទី​៦​ដល់​ថ្ងៃ​ទី​៨ ខែ​មេសា ដើម្បី​អបអរ បុណ្យចូលឆ្នាំ​ខ្មែរ និង​បំផុស​គំនិត​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ការពារ និង​សម្អាត​អនាម័យ​បរិស្ថាន​ទីក្រុង​ទាំងអស់​គ្នា​។

មន្ត្រី​គម្រោង​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (PDP Center) លោក ហេង គឹមហុង លើកឡើង​ថា ការ​រុះរើ​កន្លែង​រៀបចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​យុវជន​សំរាម​នោះ គឺជា​រឿង​រឹតត្បិត សិទ្ធិ​សេរីភាព និង​ជា​រឿង​គួរ​ឱ្យ​ខ្មាសអៀន​បំផុត​ដែល​អាជ្ញាធរ​មិនបាន​លើកទឹកចិត្ត តែ​ផ្ទុយទៅវិញ ថែមទាំង​បំបាក់​ទឹកចិត្ត​យុវជន​ដែល​មាន​ឆន្ទៈ​ចូលរួម​ការពារ​បរិស្ថាន។ លោក​យល់​ថា អាជ្ញាធរ គួរតែ​ចូលរួម និង​គាំទ្រ​សកម្មភាព​របស់​យុវជន​ទាំងនោះ ព្រោះ​អ្វី​ដែល​យុវជន​ធ្វើ គឺជា​ប្រយោជន៍ សម្រាប់​សង្គម​ជាតិ«អាជ្ញាធរ គួរតែ​លើកទឹកចិត្ត​ដល់​យុវជន​ណា​ដែលមាន គំនិត​ឆ្នៃប្រឌិត ជាពិសេស​មានគំនិត​ចូលរួម​អភិវឌ្ឍ ចូលរួម​ថែរក្សា​បរិស្ថាន​និង​គ្រប់​វិស័យ​ទាំងអស់​ដែល​រួមចំណែក​គាំពារ​វិស័យ​អភិបាលកិច្ច។ គោលការណ៍​អភិបាលកិច្ច​ល្អ​គឺ​គេ​ជំ​រុញឱ្យ​ពលរដ្ឋ​មាន​ភាព​សកម្ម ហើយ​ប្រសិនបើ​ពលរដ្ឋ​កាន់តែ​សកម្ម បែរជា​ត្រូវបាន​អាជ្ញាធរ​បង្អាក់​ឬ​គ្មាន​ការលើក​ទឹក ចិត្ត​នោះ​ប្រហែលជា​ការចូលរួម​តាមបែប​ប្រជាធិបតេយ្យ​នោះ គឺ​ហាក់ដូចជា​មិនទាន់​ដល់​កម្រិត​ត្រឹម ត្រូវ​នៅឡើយ​ទេ​។ បាទ»។

ក្រុម​យុវជន​សំរាម អះអាង​ថា ពួកគាត់ សម្រេច​រំសាយ​ការ​ជួបជុំ​និង​បញ្ឈប់​កម្មវិធី​សង្ក្រាន្ត នៅ​លើ ប្រឡាយ​លូ​បឹងត្របែក​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ ព្រោះ​យុវជន​មិន​ចង់​ប្រឈម​មុខ​ជាមួយ​អាជ្ញាធរ​នោះ​ទេ។

អភិបាលរង​ខណ្ឌ​ចំការមន លោក ធឹម សំអាន ប្រាប់​អាស៊ីសេរី​ថា លោក​មិន​បាន​រារាំង​នោះ​ទេ គ្រាន់តែ​ឱ្យ​យុវជន​ទាំងនោះ​ផ្អាក​សិន ព្រោះ​ការរៀបចំ​សង្ក្រាន្ត​នោះ មិនបាន​សុំច្បាប់​អនុញ្ញាត​ពី អាជ្ញាធរ ហើយ​ម្យ៉ាងទៀត​លោក​អះអាង​ថា ទីនោះ​មិនមែន​ជា​រមណីយដ្ឋាន​ដែល​គួរ​ជាទី​ប្រារព្ធ​កម្មវិធី​សង្ក្រាន្ត​នោះ​ទេ ។ លើស​ពី​នេះ លោក​បន្ត​ថា អាជ្ញាធរ ក៏​បារម្ភ​ពី​សុវត្ថិភាព​អ្នកចូលរួម​ដែរ ព្រោះ​ការរៀបចំ​នោះ គ្មាន​បច្ចេកទេស​ត្រឹមត្រូវ«ហានិភ័យ​ប្រឈម​មុខ​ដោយសារតែ​សាឡង​នេះ សម្រាប់​ប្រើប្រាស់​ស្តារ​ប្រឡាយ​ហើយ​ប្អូន​ទៅធ្វើ​លើ​សាឡង​គេ។ ហើយ​ការចូលរួម​របស់​ប្អូន​មាន​ក្មេង​តូចៗ​ច្រើន ដែល​ប្រឈម​នឹង​ការ​លង់ទឹក។ ទី​២​ការបារម្ភ​របស់ខ្ញុំ​ទៀត​គឺ​ការតុបតែង​របស់គាត់​នោះ​គឺ​ខ្សែ​ភ្លើង ២ ម៉ែត្រ​ដំណរ​មួយៗ​ហើយ​អត់​មាន​តាម​បច្ចេកទេស​ទេ ហើយ​ឈើ​ដែល​គាត់​យកមកប្រើ​ប្រាស់​សុទ្ធ​តែ​ឬស្សី។ អ៊ីចឹង​ពេល​គាត់​ប្រទាក់​ចង​ពី​បង្គោល​មួយ​ទៅ​បង្គោល​មួយ វា​អាច​រលំ​ប៉ះពាល់។ យើង​គ្រាន់តែ បញ្ឈប់​គាត់ ហើយ​បើ​គាត់​ចង់​ធ្វើ​ត្រូវ​មានច្បាប់ និង​ទំនាក់ទំនង​គ្នា​ថា​ធ្វើតាម​បច្ចេកទេស​ប៉ុន្មាន ហើយ​ការដែល​មនុស្ស​ចូលរួម​ប៉ុន្មាន​ដើម្បី​ងាយស្រួល​យើង​ការពារ​ពួកគាត់»

ផ្ទុយ​ពី​ការ​លើកឡើង​នេះ អ្នក​ផ្ដួចផ្ដើម​ប្រមូល​សំរាម​ក្នុង​លូ​ទឹក​បឹងត្របែក និង​ជា​រៀបចំ​សង្ក្រាន្ត យុវជន សាន ដារ៉ាវីត រៀបរាប់​ថា យុវជន បាន​ចំណាយ​ពេលវេលា​ទាំង​យប់​ទាំង​ថ្ងៃ​ដើម្បី​រៀបចំ​តុបតែង​លម្អ កន្លែង​កម្មវិធី​សង្ក្រាន្ត​នៅ​លើ​ប្រឡាយ​ទឹក​ស្អុយ​នេះ ក្នុង​គោលបំណង​អបអរសាទរ​បុណ្យចូលឆ្នាំ ប្រពៃណី​ខ្មែរ និង​ចង់​បញ្ជ្រាប​ការ​យល់​ដឹង​អំពី​ការ​ការពារ​និង​ការ​សម្អាត​អនាម័យ​បរិស្ថាន​ក្នុង​ទីក្រុង។ លោក​បន្ត​ថា អាជ្ញាធរ​ក៏បាន​ដឹង​រឿង​នេះ​ដែរ ប៉ុន្តែ​មិនបាន​ហាមឃាត់ និង​ណែនាំ​ទេ លុះត្រាតែ ពួកគាត់​រៀបចំ​រួចរាល់​និង​ចាប់ផ្ដើម​ដំណើរការ​ទើប​អាជ្ញាធរ​ចុះ​រើ​តែម្ដង«យើង​ក៏​រាង​អន់ចិត្ត​តិច​ដែរ​ព្រោះ​គាត់​មាន​ដាក់​អ្នក​មក​ស៊ើប​ដែរ ហើយ​គាត់​អត់ថា​អី​ទេ តែ​ដល់ពេល​យើង​ចាប់ផ្តើម​ប្រារព្ធ​កម្មវិធី គឺ​ពួកគាត់​ក៏​ចាប់​ផ្តើមធ្វើ​សកម្មភាព​។ ខ្ញុំ​ក៏​អត់​ដឹង​ថា បញ្ជា​ពី​ខាង​ណា​ដែរ​គ្រាន់តែ​យើង​ចង់​ធ្វើ​កម្មវិធី​នេះ​ដើម្បី​រឹតបន្តឹង ចំណងមិត្តភាព​របស់​យុវជន​យើង​ព្រោះ​យើង​ទើប​ស្គាល់គ្នា​ពេល​រើស​សំរាម​នេះ​ទេ។ យើង​ក៏​ចង់ និយាយ​ពី​បរិស្ថាន​បន្តិច​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នេះ​និង​យុវជន​យើង​គាត់​យល់ដឹង។ ហើយ​រឿង សុំច្បាប់​សុំ​ទម្លាប់​នេះ​ខ្ញុំ​ក៏បាន​ធ្លាប់​សុំ​ដែរ ប៉ុន្តែ​យើង​ពិបាក​ណាស់​បង​ដូច​ទៅ​សុំ​ភ្លើង​យក្ស»

ទង្វើ​របស់​អាជ្ញាធរ​នេះ ក៏​បណ្ដាល​ឱ្យ​មានការ​រិះគន់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែរ។ អ្នកខ្លះ សរសេរ​ថា គ្រាន់តែ​រៀបចំ​ធ្វើបុណ្យ​ធ្វើ​សង្ក្រាន្ត ក៏​សុំច្បាប់​ដែរ និង​ថា កម្ពុជា​ពេល​នេះ ចង់​ពិបាក​ដូច​នៅ​កម្ពុជា​ក្រោម​ដែរ។​

ប្រធាន​អង្គការ​ខុមហ្វ្រែល (Comfrel)​លោក គល់ បញ្ញា សរសេរ​នៅ​ក្នុង​ហ្វេសប៊ុកថា រដ្ឋអំណាច បាន​រារាំង គំរូ​ស្មារតី​ក្នុង​សកម្មភាព​សង្គម​ស្ម័គ្រចិត្ត នេះ​បំពាន​សិទ្ធិ​របស់​យុវជន និង​យុវតី​ក្នុង​ការ​ចូលរួម​ក្នុង​កិច្ចការ​សង្គម​ក្នុង​ការ​សំអាត​ប្រឡាយ​សំរាម និង​ការរៀបចំ​ពិធីបុណ្យ​ប្រពៃណី​ចូលឆ្នាំ។

លោក​បន្ត​ថា អ្នក​ចោល​សំរាម អាច​ថា​មាន​ចេតនា ឬ​មិន​មាន​ចេតនា​ក្នុង​ការ​បង្កើត​សំរាម​តែ សកម្មភាព​នៃ​រដ្ឋអំណាច​បែបនេះ គឺ​មាន​ចេតនា​ក្នុង​ការ​រក្សា​សំរាម​ឱ្យ​នៅ​កខ្វក់​។ តាមពិត រដ្ឋអំណាច​ដែល​ស្រឡាញ់​បរិស្ថាន​ការ​ស្អាត​របស់​សហគមន៍ គួរតែ​មានតែ​គាំទ្រ និង​លើក​ទឹក ចិត្ត​ដល់​គំនិត​ផ្ដួចផ្ដើម​ស្ម័គ្រ​ចិត្តល្អ​បែបនេះ។ ទង្វើ​របស់​រដ្ឋអំណាច​បែបនេះ គឺជា​រឿង​គួរ​ឱ្យ​អៀន​ខ្មាស​ដល់​កូនចៅ​របស់​ពួកគេ ដែល​ជា​យុវជន និង​យុវតី។

យុវជន សាន ដារ៉ាវីត បាន​យក «​ប្រឡាយ​លូ​បឹងត្របែក​» ជា​ចំណុច​ផ្ដើម​ប្រមូល​សំរាម​ចាប់​តាំង​ពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៩ មក មុននឹង​ពង្រីក​សកម្មភាព​របស់​ខ្លួន​ទៅ​កន្លែង​ដទៃ​ទៀត ដែល​កំពុង​មាន​គំនរ​សំរាម​រាយប៉ាយ​ដូចគ្នា​ដែរ​។ យុវជន​រូប​នេះ ចង់​ប្រែក្លាយ​រាជធានី​ភ្នំពេញ​ទៅជា​ទីក្រុង​គ្មាន​សំរាម គ្មាន​ក្លិនស្អុយ និង​គ្មាន​ដី​ហុយ។ យុវជន ដារ៉ាវីត អះអាង​ថា ប្រឡាយ​លូ​បឹង​ត្របែក​ដែល ធ្លាប់តែ​ពោរពេញ​ដោយ​គំនរ​សំរាម​ប្លាស្ទិក និង​សំរាម​គ្រប់​ប្រភេទ​ស្អុយរលួយ​យ៉ាង​ណែនណាន់តាន់តាប់​ជាច្រើន​ឆ្នាំ​មក​ហើយ ឥលូវ​នេះ លោក​ប្រមូល​សំរាម​អស់​ប្រមាណ​៨០​ភាគរយ​ហើយ ក្នុង​រយៈពេល ១​ខែ​កន្លង​មក​នេះ។

បើទោះបីជា​អាជ្ញាធរ​រារាំង​មិន​ឱ្យ​រៀបចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ក៏ដោយ ប៉ុន្តែ​ក្រុម​យុវជន​សំរាម នៅតែ​ប្ដេជ្ញា​បន្ត យុទ្ធនាការ​ប្រមូល​សំរាម​ចេញពី​ប្រឡាយ​លូ​បឹងត្របែក​បន្ត​ទៀត​ឱ្យ​អស់ និង​បន្ត​សម្អាត​បរិស្ថាន កន្លែង​ផ្សេងៗ​ទៀត​ដែរ​។ ចំណែក​អភិបាលរង​ខណ្ឌ​ចំការមន អះអាង​ថា ថ្វីត្បិតតែ​អាជ្ញាធរ​មិន​ឱ្យ រៀបចំ​សង្ក្រាន្ត​ក្ដី ប៉ុន្តែ​អាជ្ញាធរ​នៅតែ​កោតសរសើរ​ចំពោះ​យុវជន​សំរាម​ទាំងនេះ និង​ប្រកាស​សហការ​ជាមួយគ្នា ដើម្បី​ប្រែក្លាយ​ប្រឡាយ​សំរាម​ទៅជា​ប្រឡាយ​ដ៏​ស្រស់​ស្អាត​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល