កសិករ​៤៣​គ្រួសារ​នៅ​ស្រុក​សៀម​ប៉ាង​រួមគ្នា​អភិរក្ស​សត្វ​ត្រយងយក្ស​និង​ការពារ​ព្រៃឈើ

ដោយ មាន ឫទ្ធិ
2017.12.27
ផែនទី​ខេត្ត​ស្ទឹងត្រែង ៨៥៥ ផែនទី​ខេត្ត​ស្ទឹងត្រែង
Photo: RFA

កសិករ​ចំនួន​៤៣​គ្រួសារ នៅ​ភូមិ​ខិះស្វាយ ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង រួមគ្នា​អភិរក្ស​សត្វ​ត្រយងយក្ស និង​ការពារ​ព្រៃឈើ ជាទី​ជម្រក​របស់​សត្វ​ស្លាប​ប្រភេទ​នេះ នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​សៀម​ប៉ាង​ខាងលិច។

ការចូលរួម​របស់​កសិករ​ទាំងនេះ គឺជា​ផ្នែក​មួយ​នៃ​គម្រោង IBIS Rice របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) សហការ​ជា​ដៃគូ​ជាមួយ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ កម្មវិធី​ប្រចាំ​កម្ពុជា (BirdLife International Cambodia Program) ដែល​មាន​គោលដៅ​បង្កើន​ប្រាក់ចំណូល​ជូន​សហគមន៍ តាមរយៈ​ការ​ទទួល​ទិញ​ស្រូវ​របស់​កសិករ​កម្ពុជា​ក្នុង​តម្លៃ​មួយ​ខ្ពស់ ដើម្បី​ផលិត​អង្ករ​សរីរាង្គ​ដែល​មាន​គុណភាព​លំដាប់​ថ្នាក់​ពិភពលោក ក្រោម​លក្ខខណ្ឌ​កសិករ​ត្រូវ​ចូលរួម​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ ការទន្ទ្រាន​យក​ដី​ព្រៃ និង​ការ​បរបាញ់​សត្វព្រៃ នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ។

បច្ចុប្បន្ន អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​កម្ពុជា កំពុង​ធ្វើ​ការ​រួមគ្នា​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង ដើម្បី​ការពារ​ដែន​ជម្រក​សត្វព្រៃ ក្នុងស្រុក​សៀម​ប៉ាង ដែល​មាន​ទំហំ​ផ្ទៃដី ១៥០.០០០ ហិកតារ។ ដែន​ជម្រក​សត្វព្រៃ​នេះ គាំទ្រ​ដល់​ការរស់នៅ​របស់​សត្វព្រៃ​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​ជាច្រើន​ប្រភេទ ដែល​ក្នុង​នោះ​រួមមាន សត្វ​ត្រយ៉ង​យក្ស និង​សត្វ​ត្រយ៉ង​ចង្កំកស។ ត្រយ៉ង​ទាំងពីរ​ប្រភេទ មាន​វត្តមាន​នៅតែ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ ហើយ​ប្រទេស​កម្ពុជា​បាន​ជ្រើសរើស​យក​សត្វ​ត្រ​យ៉ង​យក្ស ជា​សត្វ​ស្លាប​តំណាង​ឲ្យ​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។