អង្គការ​ឃ្លាំមើល​ពិភពលោក​សោកស្ដាយ​ចំពោះ​ការ​ការពារ​ឈ្មួញ​រក​ស៊ី​ដោយ​មន្ត្រី​ខ្មែរ

ដោយ តាំង សារ៉ាដា
2015.02.12
ឃ្លាំង​ឈើ​ទ្រី​ភាព ៦១០ ៤-វិច្ឆិកា-២០១៣៖ ឃ្លាំង​ស្តុក​ឈើ​របស់​ក្រុមហ៊ុន ទ្រី ភាព នៅ​ត្មាតពង ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ។ CHRTF Report
CHRTF Report

អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness) បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​អះអាង​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​ថា ការ​រក​ស៊ី​ឈើ​ប្រណីត​របស់​លោក ទ្រី ភាព ជា​ជំនួញ​ស្របច្បាប់។ ចំណែក​ក្រុម​អ្នក​ឃ្លាំមើល​សង្គម អង្គការ​ជាតិ​ឃ្លាំមើល​ព្រៃឈើ ហើយ​និង​អ្នក​តំណាងរាស្ត្រ រិះគន់​ថា របរ​រក​ស៊ី​ឈើ​ប្រណីត​របស់​លោក ទ្រី ភាព នៅ​កម្ពុជា ជា​មុខ​ជំនួញ​ដែល​ទិញ​របស់​បន្ត​ពី​ក្រុម​ចោរ។

​មន្ត្រី​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness) បាន​សម្ដែង​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដោយ​បាន​ឮ​ការ​អះអាង​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក អ៊ុក រ៉ាប៊ុន កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៩ ខែ​កុម្ភៈ កន្លង​ទៅ ដែល​ថា ការ​រក​ស៊ី​ឈើ​ប្រណីត​របស់​លោក​ឧកញ៉ា​មហាសេដ្ឋី ទ្រី ភាព ជា​មុខ​របរ​ស្រប​ច្បាប់៖ «រឿង​របាយការណ៍ គ្លបល វីនេស ដែល​ថា​នោះ តាម​ពិត​ទៅ​យើង​ធ្វើ​តាម​នីតិវិធី​ត្រឹមត្រូវ​ចំពោះ​ការ​នាំ​ឈើ​ចេញ មិន​មាន​ការ​ឃុបឃិត​អី​ទេ...»

អ្នកស្រី មេហ្គែន ម៉ាក់ស៊ីនែស (Megan MacInnes) នៃ​អង្គការ​ឃ្លាំមើល​ពិភពលោក ចាត់​ទុក​សម្ដី​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​រូប​នេះ​ថា ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ភាព​ហិនហោច​នៃ​សម្បត្តិ​ធម្មជាតិ​របស់​ប្រទេស​ជាតិ។

អ្នកស្រី មេហ្គែន ម៉ាក់ស៊ីនែស ថ្លែង​ថា ក្នុង​របាយការណ៍​ស៊ើប​អង្កេត​របស់ គ្លបល វីនេស ដែល​មាន​ចំណង​ជើង​ថា «តម្លៃ​ឈើ​ប្រណីត» ដែល​បាន​តាម​ដាន​អស់​រយៈពេល ៨​ខែ​នោះ បាន​រក​ឃើញ​ភស្តុតាង​ជា​ច្រើន​ថា លោក​ឧកញ៉ា​ដែល​មាន​លុយ និង​មាន​អំណាច​ឈ្មោះ ទ្រី ភាព និង​បក្សពួក​កំពុង​រំលោភ​ច្បាប់​ព្រៃឈើ និង​ច្បាប់​ភូមិបាល​របស់​កម្ពុជា ដែល​មិន​អាច​ប្រកែក​បាន។

អ្នកស្រី​ថ្លែង​បន្ត​ដូច្នេះ៖ «លោក ទ្រី ភាព កំពុង​បោសសំអាត​ឈើ​ប្រណីត​ដ៏​កម្រ និង​ជិត​ផុត​ពូជ​ដែល​ត្រូវ​ការពារ​ដោយ​ច្បាប់​របស់​កម្ពុជា។ ក្រៅ​ពី​នេះ លោក ទ្រី ភាព បាន​កាប់ និង​ដឹក​ជញ្ជូន​ឈើ​គ្រញូង​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ហាម​កាប់ និង​ហាម​ធ្វើ​អាជីវកម្ម​ក្នុង​ឆ្នាំ​២០១៣។ ជាង​នេះ​ទៅ​ទៀត លោក ទ្រី ភាព បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​លើស​ពី​ទំហំ​អតិបរមា ដែល​ត្រូវ​កំណត់​ដោយ​ច្បាប់​ក្នុង​ទំហំ​មិន​ឲ្យ​លើស​ពី ១​ម៉ឺន​ហិកតារ។ មិន​តែ​ប៉ុណ្ណោះ លោក ទ្រី ភាព បាន​ប្រើប្រាស់​ដី​សម្បទាន​នេះ​ដើម្បី​លួច​កាប់​រំលំ​ឈើ​ប្រណីត​ក្នុង​តំបន់​អភិរក្ស​ក្បែរ​នោះ ហើយ​ទាញ​យក​ឈើ​ដែល​កាប់​ហើយ​ទាំង​នោះ​ដាក់​ក្នុង​ដី​សម្បទាន​ដែល​ខ្លួន​គ្រប់គ្រង​នោះ។ នេះ​គ្រាន់​តែ​ជា​ឧទាហរណ៍​ខ្លះ​ដែល​ក្រុមហ៊ុន​កំពុង​ល្មើស​ច្បាប់»

​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ឆ្លើយ​ការពារ​របស់​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ទៅ​លើ​មុខ​របរ​រកស៊ី​កាប់​បំផ្លាញ​ឈើ​ប្រណីត​របស់​ខ្មែរ​ដោយ​លោក ទ្រី ភាព នេះ​ដែរ លោក សុន ឆ័យ តំណាងរាស្ត្រ​ពី​ខាង​គណបក្ស​ប្រឆាំង​អះអាង​ថា នីតិវិធី​នៃ​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​នាំ​ឈើ​ចេញ​ដែល​រដ្ឋាភិបាល​ផ្ដល់​ឲ្យ​លោក ទ្រី ភាព នោះ មិន​ត្រូវ​តាម​ស្តង់ដារ​ច្បាប់ ហើយ​ដែល​ស្ថិត​ក្នុង​ភាព​មន្ទិល​សង្ស័យ​ជា​ខ្លាំង។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក អ៊ុក រ៉ាប៊ុន ថ្លែង​នៅ​ក្នុង​ជំនួប​ជាមួយ​គណៈកម្មការ​ទី​១​នៃ​រដ្ឋ​សភា នា​ទីស្ដីការ​ក្រសួង​កសិកម្ម កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ កុម្ភៈ ២០១៥។
រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក អ៊ុក រ៉ាប៊ុន ថ្លែង​នៅ​ក្នុង​ជំនួប​ជាមួយ​គណៈកម្មការ​ទី​១​នៃ​រដ្ឋ​សភា នា​ទីស្ដីការ​ក្រសួង​កសិកម្ម កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ កុម្ភៈ ២០១៥។
RFA/Brach Chev

 

តំណាងរាស្ត្រ​ពី​ខាង​បក្ស​ប្រឆាំង​រូប​នេះ បាន​ចាត់​សកម្មភាព​រក​ស៊ី​ឈើ​របស់​លោក ទ្រី ភាព ជា​សកម្មភាព​លួច​ប្លន់​ធនធាន​ធម្មជាតិ​របស់​ប្រទេស​ជាតិ ហើយ​ថា អ្នក​ប្រមូល​ទិញ​ឈើ​ដែល​រឹប​អូស​បាន​ពី​ជនល្មើស ឬ​ទិញ​ដោយ​ផ្ទាល់​ពី​ជនល្មើស អ្នក​នោះ​ក៏​ជា​ជន​ល្មើស​ដែរ៖ «ចេះ​តែ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ខុស​ច្បាប់ អា​ហ្នឹង​ជា​គោលការណ៍ គឺ​មិន​មែន​ជា​ការ​រក​ស៊ី​ស្រប​ច្បាប់​ទេ។ រឿង​ប្រមូល​ទិញ​ឈើ រឿង​មិន​មែន​ជា​អ្នក​កាប់​ផ្ទាល់​ក៏ដោយ។ អ្នក​ប្រមូល​ទិញ​ឈើ​ខុស​ច្បាប់ អ្នក​នោះ​ក៏​ខុស​ច្បាប់​នោះ​ដែរ។ ខ្លួន​ខ្ញុំ​ផ្ទាល់​ធ្លាប់​ទៅ​តំបន់​អារ៉ែង ហើយ​នៅ​ទី​នោះ​ក៏​មាន​កង​ប្រដាប់​អាវុធ​ប្រមូល​ឈើ​សម្រាប់​ឲ្យ ទ្រី ភាព ហ្នឹង យក​ទៅ​នាំ​ចេញ​ដែរ។ សកម្មភាព​ខុស​ច្បាប់ និង​សកម្មភាព​ប្រមូល​ឈើ​ខុស​ច្បាប់​ហ្នឹង គឺ​រហូត​ដល់​មាន​ការ​បាញ់​សម្លាប់​ប្រធាន​អង្គការ​ឃ្លាំមើល​ព្រៃឈើ​ទៅ​ទៀត​ហ្នឹង វា​គឺ​ជា​សកម្មភាព​លួច​ប្លន់ ហើយ​មិន​មែន​ជា​សកម្មភាព​ស្រប​ច្បាប់​នោះ​ទេ»

​វិទ្យុ​អាស៊ីសេរី​នៅ​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ទ្រី ភាព ចំពោះ​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ។

ជុំវិញ​ករណី​រក​ស៊ី​ឈើ​របស់​លោក​ឧកញ៉ា ទ្រី ភាព នេះ​ដែរ អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី វាយ​តម្លៃ​ថា ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​លោក ទ្រី ភាព មាន​សិទ្ធិ​អំណាច​អាច​ប្រមូល​ទិញ​ឈើ​ខុស​ច្បាប់​នោះ កំពុង​ផ្ទុយ​ពី​មូលដ្ឋានគ្រឹះ​នៃ​ច្បាប់​ព្រហ្មទណ្ឌ​របស់​ប្រទេស​ដែល​ចែង​អំពី​ការទិញ​របស់​ពី​ក្រុម​ចោរកម្ម៖ «នៅ​ក្នុង​ច្បាប់​យើង​អ្នក​ដែល​ទិញ​របស់​ចោរកម្ម គឺ​ថា អ្នក​ណា​លួច​ម៉ូតូ  លួច​ឡាន លួច​សម្ភារៈ​គេ ហ្នឹង​អ្នក​ដែល​លួច និង​អ្នក​ទិញ​ហ្នឹង​មាន​ទោស​ស្មើ​គ្នា។ អ៊ីចឹង​បើ​យើ​គិត​អំពី​ច្បាប់​ទូទៅ អ្នក​ដែល​លួច​កាប់​ឈើ ហើយ​អ្នក​ទិញ​ឈើ​ចេញ​ពី​អ្នក​ប្រព្រឹត្ត​បទល្មើស​ហ្នឹង វា​គួរតែ​មាន​ទោស​ស្មើ​គ្នា​កន្លែង​ហ្នឹង។ ប៉ុន្តែ​ដល់​ពេល​យក​បក​ស្រាយ អ្នក​ដែល​អនុវត្ត អ្នក​ដែល​ប្រតិបត្តិ​នៃ​ច្បាប់​ហ្នឹង​គ្រាន់តែ​យក​ត្រា​យក​ទៅ​បោះ​ទៅ​លើ​ចំណុច​ណា​មួយ ចំណុច​នោះ​វា​ទៅ​ជា​ស្រប​ច្បាប់​ទៅ​វិញ»

លោក កែម ឡី បន្ត​ថា ច្បាប់​របស់​ប្រទេស​កម្ពុជា តែង​បង្កើត​ឡើង​ដើម្បី​ការពារ​ផលប្រយោជន៍​បក្សពួក និង​ក្រុម​គ្រួសារ​របស់​អ្នក​មាន​អំណាច​ប៉ុណ្ណោះ។

​របាយការណ៍​កម្រាស់​ជិត ៥០​ទំព័រ របស់​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​មាន​ចំណង​ជើង​ថា «ឃ្លាំមើល​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា​ភាគ​១ ស្តី​អំពី​ក្រុមហ៊ុន​ ទ្រី ភាព និង​នយោបាយ​ប្រមូល​ឈើ​ឲ្យ​អស់ពី​ស្រុក​ខ្មែរ» ដែល​ចេញ​ផ្សាយ​កាល​ពី​ចុង​ឆ្នាំ​២០១៣ លាតត្រដាង​ថា លោក​ឧកញ៉ា ទ្រី ភាព មាន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ជិត ៧​ម៉ឺន​ហិកតារ គ្របដណ្ដប់​លើ​ខេត្ត​ក្រុង​ចំនួន ១២ ក្នុង​ប្រទេស​កម្ពុជា ដែល​ក្រុមហ៊ុន​មហាសេដ្ឋី​ដ៏​មាន​អំណាច​ម្នាក់​នេះ​កំពុង​ប្រតិបត្តិការ​កាប់​បំផ្លាញ​ព្រៃឈើ​ប្រណីតៗ របស់​ខ្មែរ​ដឹក​លក់​ជា​ចំហ​ទៅ​បរទេស។

​ប្រធាន​អង្គការ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូច ឡេង កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៩ សប្ដាហ៍​នេះ បញ្ជាក់​បន្ថែម​អំពី​សកម្មភាព​កាប់​ឈើ​ខុស​របស់​ក្រុមហ៊ុន ទ្រី ភាព៖ «នៅ​តាម​តំបន់​ព្រំដែន​មួយ​ចំនួន រួម​មាន​ពោធិ៍សាត់ ឧត្តរមានជ័យ និង​ព្រះវិហារ ជាដើម ដើម​ឈើ​ធំៗ ត្រូវ​បាន​រលាយ​អស់​ហើយ។ នេះ​បញ្ជាក់​បង្ហាញ​ថា គាត់​មាន​ចេតនា​បំផ្លាញ​ព្រៃឈើ​តែម្ដង»

​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា បាន​រក​ឃើញ​ឃ្លាំង​ស្តុក​ឈើ​ប្រណីត​ចំនួន ១៤​កន្លែង និង​អាជ្ញាប័ណ្ណ​ទិញ​ឈើ​ក្នុង​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ២៧​កន្លែង​នៅ​តាម​ខេត្ត​ចំនួន ១២ ព្រមទាំង​មាន​ក្រុមហ៊ុន​សាខា​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ១៥​កន្លែង នៅ​តាម​ខេត្ត​ចំនួន ១០ ដែល​មាន​ផ្ទៃដី​សរុប​ជិត ៧​ម៉ឺន​ហិកតារ។

ប្រធាន​អង្គការ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូច ឡេង ធ្លាប់​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ទាំង ១៥ របស់​លោក ទ្រី ភាព គឺ​ជា​ការ​បំបែក​ចំនួន​ក្នុង​ការ​ទទួល​យក​ដី​សម្បទាន​សេដ្ឋកិច្ច ដើម្បី​កាប់​ឈើ​ឲ្យ​បាន​ច្រើន​ដោយសារ​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ ចែង​ថា ក្រុមហ៊ុន​ឯកជន​មិន​អាច​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​លើស​ពី ១​ម៉ឺន​ហិកតារ​នោះ​ឡើយ។

កាល​ពី​ដើម​ខែ​កុម្ភៈ នេះ អង្គការ គ្លបល វីនេស បាន​រក​ឃើញ ឯកសារ​លក់​ឈើ​របស់​លោក ទ្រី ភាព កាល​ពី​ខែ​មីនា ឆ្នាំ​២០១៤ ដែល​ដឹក​ឈើ​ប្រណីត​ទៅ​កាន់​ទីក្រុង​ហុងកុង ចំនួន ៥​ពាន់​ម៉ែត្រ​គូប ក្នុង​តម្លៃ​ជិត ៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក ចេញ​តាម​ច្រក​កំពង់ផែ​ក្រុង​ព្រះសីហនុ។

​មន្ត្រី​អង្គការ គ្លបល វីនេស អ្នកស្រី មែហ្គែន ម៉ាក់ស៊ីនែស បាន​ផ្ដល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​កម្ពុជា ថា​គួរ​ដាក់​ឲ្យ​ដេញ​ថ្លៃ​ជា​សាធារណៈ​នូវ​ឈើ​ខុស​ច្បាប់​ទាំង​ឡាយ​ណា​ដែល​រដ្ឋបាល​ព្រៃ​ឈើ​រឹប​អូស​ពី​ក្រុម​អ្នក​រក​ស៊ី​ឈើ​ខុស​ច្បាប់​ផ្សេង​ទៀត​ប្រកប​ដោយ​តម្លាភាព៖ «អនុសាសន៍​មួយ​ទៀត​ក្នុង​ទស្សនៈ​វិស័យ​វែង​ឆ្ងាយ​គឺ​រដ្ឋាភិបាល​កម្ពុជា គួរ​ប្ដូរ​ច្បាប់​ដើម្បី​រារាំង​ដល់​ក្រុមហ៊ុន​ទាំង​ឡាយ​ណា​ដែល​អាច​រឹបអូស ឬ​អាច​ទិញ​ឈើ​ពី​ក្រុម​ឈ្មួញ​ដទៃ​ទៀត។ នៅ​ពេល​ដែល​មាន​ប្រព័ន្ធ​មួយ​កំពុង​អនុវត្ត​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ការ​ហាម​កាប់​ឈើ​ប្រណីត ប៉ុន្តែ​ក្រុម​មន្ត្រី​អភិរក្ស​ព្រៃឈើ​អាច​រឹប​អូស​ឈើ​ពី​ការ​កាប់​បំផ្លាញ​នោះ ហើយ​អាច​លក់​បន្ត​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ផ្សេង​ទៀត​ដែល​នាំ​ឲ្យ​មាន​ការ​លក់​ជា​ចំហ​នៅ​តាម​ទីផ្សារ​នោះ។ ខ្ញុំ​គិត​ថា វា​កាន់តែ​បង្កើន​តម្រូវការ​នៃ​ការ​ឈើ​ខុសច្បាប់​ជា​ជាង​ការ​កាត់​បន្ថយ​នៃ​កាប់​ឈើ​ខុស​ច្បាប់​ទៅ​វិញ​ទេ»

​របាយការណ៍​របស់ គ្លបល វីនេស ដែល​ចេញ​ផ្សាយ​កាល​ពី​សប្ដាហ៍​មុន​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការ​រក​ស៊ី​ឈើ​របស់​លោក ទ្រី ភាព គឺ​ប្រាសចាក​ពី​អនុសញ្ញា​ស្ដីពី​ការ​ហាម​ប្រាម​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​សត្វ​ព្រៃ និង​ព្រៃ​ឈើ​ដែល​ជិត​ផុត​ពូជ។

របាយការណ៍​កម្រាស់​ជិត ៥០​ទំព័រ​របស់​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​មាន​ចំណង​ជើង​ថា «ឃ្លាំ​មើល​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា​ភាគ​១ ស្តី​អំពី​ក្រុមហ៊ុន ទ្រី ភាព និង​នយោបាយ​ប្រមូល​ឈើ​ឲ្យ​អស់​ពី​ស្រុក​ខ្មែរ» ដែល​ចេញ​ផ្សាយ​កាល​ពី​ចុង​ឆ្នាំ​២០១៣ លាត​ត្រដាង​ថា ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ទ្រី ភាព ជា​ក្រុមហ៊ុន​មួយ​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល ហើយ​មាន​សិទ្ធិ​អំណាច​ប្រមូល​ទិញ​ឈើ​ពី​ក្រុមហ៊ុន​ដី​សម្បទាន​នានា ដើម្បី​ដឹក​លក់​ជា​ចំហ​ទៅ​កាន់​ប្រទេស​វៀតណាម។

ក្រុមហ៊ុន​ទាំង ១៥ របស់​លោក​ឧកញ៉ា ទ្រី ភាព រួម​មាន ទ្រី ភាព ហ្គ្រូប (Try Pheap Group Co., Ltd.) ហុង ហ្វូ ទ្រី ភាព ម៉ីង ឌីវែលលប់មែន ខនស្ត្រាក់សិន ហ្គ្រូប (Hong Fu Try Pheap Ming Development Construction group Co., Ltd.)  អឹម.ឌី.អេស ហ្គ្រូប (M.D.S Group Co., Ltd.) ទ្រី ភាព អ៊ីមផត អិចផត (Try Pheap Import Export Co., Ltd.) រួម​នឹង​ក្រុមហ៊ុន​ចំនួន ១១​ផ្សេង​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។