GW​ ទាមទារ​ឲ្យ​ក្រុមហ៊ុន​វៀតណាម​ដោះស្រាយ​វិបត្តិ​បរិស្ថាន​នៅ​កម្ពុជា

ក្រុម​អ្នក​ឃ្លាំ​មើល​បញ្ហា​បរិស្ថាន​អន្តរជាតិ អះអាង​ថា ការ​វិនិយោគ​ដាំ​កៅស៊ូ​របស់​ក្រុមហ៊ុន​វៀតណាម ក្នុង​ខេត្ត​រតនគិរី នៅ​តែ​ជា​បញ្ហា​ប្រឈម​សម្រាប់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន និង​បន្ត​បំផ្លាញ​ធនធាន​ធម្មជាតិ​របស់​កម្ពុជា យ៉ាង​ធ្ងន់ធ្ងរ។
ដោយ តាំង សារ៉ាដា
2013.11.13
កាប់​ឈើ រតនគិរី ៦១០ កុម្ភៈ-២០១៣៖ ដើម​ឈើ​ច្បោះ ឬ​ដើម​ឈើ​របស់​ពលរដ្ឋ​ផលិត​ជ័រ​ទឹក​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ខេត្ត​រតនគិរី ដែល​ប្រភព​ពី​ពលរដ្ឋ​អះអាង​ថា ត្រូវ​កាប់​ដោយ​ក្រុមហ៊ុន ហ័ង អាញ លំផាត់ (Hoang Anh Lumphat) ​ជា​សាខា​របស់​ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ (HAGL)។
រូប​ផ្ដល់​ឲ្យ​ដោយ​សហគមន៍​ឃុំ​ស្រែអង្គ្រង

អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អង់គ្លេស នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ បាន​ទាមទារ​ឱ្យ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ហ្វាង អាន់ យ៉ាឡាយ (Hoang Anh Gia Lai= HAGL) គោរព​ការ​សន្យា​របស់​ខ្លួន​កាល​ពី ៦​ខែ​មុន ក្នុង​ការ​ដោះស្រាយ​វិបត្តិ​បរិស្ថាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បណ្ដាល​មក​ពី​សកម្មភាព​វិនិយោគ​របស់​ក្រុមហ៊ុន​នេះ។

អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស (Megan MacInnes) មន្ត្រី​អង្គការ​ឃ្លាំ​មើល​ពិភពលោក ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា អស់​រយៈពេល ៦​ខែ​មក​ហើយ ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ មិន​បាន​គោរព​តាម​ការ​សន្យា​របស់​ខ្លួន ក្នុង​ការ​កែលំអ​បញ្ហា​បរិស្ថាន​នៅ​ខេត្ត​រតនគិរី ឡើយ៖ «តាម​ការ​ស្រាវជ្រាវ​របស់​យើង​បង្ហាញ​ថា ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ មិន​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​បញ្ហា​បរិស្ថាន ដែល​ខ្លួន​បាន​បង្ក​ឡើង​នោះ​ទេ។ ហើយ​ភាព​អវិជ្ជមាន​នៃ​បរិស្ថាន ដោយសារ​រង​ឥទ្ធិពល​សង្គម នៅ​តែ​បន្ត​ក្នុង​មូលដ្ឋាន​ដដែល។ ហើយ​យើង​ជំរុញ​ឲ្យ​ក្រុម​វិនិយោគទុន​បរទេស ប្ដូរ​ទិសដៅ​របស់​ខ្លួន​ក្នុង​ការ​ដែល​ផ្តល់​លុយ​ឲ្យ​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ ដោយសារ​ក្រុមហ៊ុន​នេះ​មិន​គោរព​ច្បាប់»

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា អង្គការ​ឃ្លាំ​មើល​ពិភពលោក បាន​បញ្ចេញ​របាយការណ៍​មួយ​មាន​ចំណង​ជើង​ថា «រ៉ាប់ប៊ឺ បារ៉ិនស៍» (Rubber Barons) ទម្លាយ​ឲ្យ​ពិភពលោក​ដឹង​អំពី​សកម្មភាព​បំពាន​ច្បាប់​ជាតិ បំផ្លាញ​ធនធាន​ធម្មជាតិ និង​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​ប្រទេស​ឡាវ ដោយ​ក្រុមហ៊ុន​ដំណាំ​កៅស៊ូ​វៀតណាម ធំៗ​ពីរ គឺ​ក្រុមហ៊ុន​ឯកជន ហ្វាង អាន់ យ៉ាឡាយ និង​ក្រុមហ៊ុន​រដ្ឋ​វៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group=VRG)

ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ បាន​វិនិយោគ​លើ​វិស័យ​ដំណាំ​កៅស៊ូ​នៅ​ខេត្ត​រតនគិរី ក្នុង​ប្រទេស​កម្ពុជា ជាប់​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម។ ក្រុមហ៊ុន​នេះ​កាន់​កាប់​ដី​នៅ​ខេត្ត​រតនគិរី ក្រោម​ផ្លាក​សម្បទាន​ដី​សេដ្ឋកិច្ច​ចំនួន​ជិត ៥​ម៉ឺន​ហិកតារ ខណៈ​ដែល​ច្បាប់​កម្ពុជា កំណត់​មិន​ឲ្យ​លើស​ពី ១​ម៉ឺន​ហិកតារ សម្រាប់​ក្រុមហ៊ុន​មួយ។ ចំណែក​ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប វិញ មាន​អាជ្ញាប័ណ្ណ​ដី​សម្បទាន​សេដ្ឋកិច្ច​សឹង​ពាក់​កណ្ដាល​ប្រទេស គឺ​ចាប់​តាំង​ពី​ខេត្ត​រតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ធ្លាយ​ទៅ​ដល់​ខេត្ត​ព្រះវិហារ និង​ខេត្ត​កំពង់ធំ។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ក្រុមហ៊ុន​វៀតណាម ទាំង​ពីរ​នេះ​បាន​ទេ។

ទោះ​ជា​មាន​របាយការណ៍​នានា​អំពី​ការ​បំផ្លិចបំផ្លាញ​បរិស្ថាន​នៅ​កម្ពុជា ដោយ​ក្រុមហ៊ុន​វិនិយោគ​បរទេស​ក៏ដោយ ក៏​មន្ត្រី​សឹង​គ្រប់​ជាន់​ថ្នាក់​របស់​រដ្ឋាភិបាល តែង​បដិសេធ​ការ​អះអាង​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក​មួយ​នេះ។

សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​របស់​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ហ័ង អាញ យ៉ាឡាយ (Hoang Anh Gia Lai) នៅ​កម្ពុជា ក្នុង​អំឡុង​ឆ្នាំ​២០១៣។
សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​របស់​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ហ័ង អាញ យ៉ាឡាយ (Hoang Anh Gia Lai) នៅ​កម្ពុជា ក្នុង​អំឡុង​ឆ្នាំ​២០១៣។
Global Witness Photo

តំណាង​រាស្ត្រ​របស់​បក្ស​កាន់​អំណាច លោក ឈាង វុន ថ្លែង​ថា អង្គការ​ឃ្លាំ​មើល​ពិភពលោក នេះ ជា​អង្គការ​មួយ​មិន​ដែល​សរសេរ​របាយការណ៍​ល្អ​អំពី​កម្ពុជា នោះ​ឡើយ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ទទួល​ស្គាល់​ការងារ​ដ៏​មាន​វិជ្ជាជីវៈ​ខ្ពស់​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក ហើយ​ថា ក្រុម​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​បរិស្ថាន​ក្នុង​ប្រទេស​ខ្លួន​ដែល​កំពុង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ។

មន្ត្រី​អង្គការ​ឃ្លាំ​មើល​ធនធាន​ធម្មជាតិ​លើ​ពិភពលោក អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស បញ្ជាក់​ថា ពលរដ្ឋ​ខេត្ត​រតនគិរី បាន​បាត់​បង់​ដី​ស្រែ​ចម្ការ​ជាច្រើន​ហិកតារ បាត់​បង់​ព្រៃ​សហគមន៍ និង​ផ្ទះ​សម្បែង ដោយសារ​ការ​បំពាន​របស់​ក្រុមហ៊ុន​វៀតណាម ដែល​មាន​ការ​ការពារ​រឹងមាំ​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។