ក្រសួងបរិស្ថាន និងអង្គការដៃគូ បន្តរៀបចំ យុទ្ធនាការអន្ទាក់សូន្យ នៅខេត្តព្រះវិហារ

ដោយ សន ចាន់រដ្ឋា
2022.05.16
Share on WhatsApp
Share on WhatsApp
ក្រសួងបរិស្ថាន និងអង្គការដៃគូ បន្តរៀបចំ យុទ្ធនាការអន្ទាក់សូន្យ នៅខេត្តព្រះវិហារ ក្រសួង​បរិស្ថាន​ សហការ​ជា​មួយ​អង្គការ​ជាតិ​ និង​អន្តរជាតិ នៅ​ថ្ងៃទី ១៦ ខែ​ឧសភា បាន​បន្ត​រៀប​ចំ​​យុទ្ធនាការ « អន្ទាក់សូន្យ» នៅ​សហគមន៍​តំបន់​ទេសចរណ៍​ធម្មជាតិ​ត្មាត​ប៉ើយ​
រូប៖ ក្រសួងបរិស្ថាន

ក្រសួង​បរិស្ថាន​ សហការ​ជា​មួយ​អង្គការ​ជាតិ​ និង​អន្តរជាតិ នៅ​ថ្ងៃទី ១៦ ខែ​ឧសភា បាន​បន្ត​រៀប​ចំ​​យុទ្ធនាការ « អន្ទាក់សូន្យ» នៅ​សហគមន៍​តំបន់​ទេសចរណ៍​ធម្មជាតិ​ត្មាត​ប៉ើយ​ ស្ថិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន-ព្រហ្ម​ទេព ខេត្ត​ព្រះវិហារ ស្រប​ពេល​ដែល​​ក្រសួង​បរិស្ថាន​មើល​ឃើញ​ថា អន្ទាក់​គឺ​ជា​កត្តា​គម្រាម​កំហែង​ខ្លាំង​ដល់​ជីវិត​សត្វព្រៃ។ ក្រសួង​បរិស្ថាន និង​អង្គការ​ដៃគូ សង្ឃឹម​ថា​ យុទ្ធនាការ​នេះ​ អាច​លុប​បំបាត់​ការ​ដាក់​អន្ទាក់​គ្រប់​ប្រភេទ​ ក្នុង​តំបន់​ការពារ​ទាំង​អស់​ នៅ​ក្នុង​ប្រទេស​កម្ពុជា។

រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ លោក នេត្រ ភក្ត្រា ថ្លែង​ថា​ព្រានព្រៃ​បាន​ប្រើ​អន្ទាក់​គ្រប់​ប្រភេទ​ និង​ប្រើ​កាំភ្លើង​កែច្នៃ​សម្លាប់​សត្វព្រៃ​ជា​រៀងរាល់​ថ្ងៃ ដើម្បី​ធ្វើ​ជា​ម្ហូប​អាហារ​ និង​លក់​លើ​ទីផ្សារ​សម្រាប់​ អ្នក​ដែល​ចូលចិត្ត​បរិភោគ​សាច់​សត្វព្រៃ។

​លោក នេត្រ ភក្ត្រា ធ្លាប់​ឲ្យ​ដឹងកាលពីថ្ងៃទី ៣ ខែមីនាថា អន្ទាក់​សត្វ​បាន​សម្លាប់​សត្វ​ព្រៃ​ជាច្រើន​ រួមមាន​អណ្ដើក​ សត្វដំរី​ ស្វា​ សត្វ​ស្លាប ជាដើម។ លោកថា អន្ទាក់​សត្វ​ គឺ​ជា​កត្តា​ដែល​រួម​ចំណែក​ធ្វើ​អោយ សត្វ​ខ្លា​ធំ​ផុតពូជ​ពី​កម្ពុជា និង​ធ្វើ​ឲ្យ​ចំនួន​សត្វ​ខ្លា​រខិន​បាត់បង់​ច្រើន​ដែរ​។ បន្ថែម​ពី​នេះ​ លោក​ថា អន្ទាក់​សត្វ ក៏​កំពុង​បង្ក​គ្រោះថ្នាក់​ដល់​ពពួក​សត្វ​ខ្ទីង​ ទន្សោង ប្រើស និង​សត្វ​ក្រចក​ជើងជំពាម​ផ្សេង​ទៀត និង​ធ្វើ​ឲ្យ​ពពួក​សត្វ​ទាំង​នេះ ឈាន​ទៅ​ផុត​ពូជ​ផង​ដែរ។

កាល​ពី​ឆ្នាំ២០២១ក្រសួងនិងអង្គការដៃគូបានដកអន្ទាក់សរុបជាងប្រាំមួយម៉ឺនអន្ទាក់ (៦១,៦១១) ចេញ​ពី​តំបន់​ការពារ​ចំនួន ៧២ និង​ច្រក​របៀង​ជីវចម្រុះ​ផ្សេងៗ ដែល​ចំនួន​នេះ​ច្រើន​ជាង​ កាល​ពី​ឆ្នាំ​២០២២ ជាង​ម្ភៃភាគរយ។

រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា ស្នើ​ដល់​ពលរដ្ឋ​ទាំង​អស់​អោយ​ឈប់​បរិភោគ​​សាច់​សត្វព្រៃ និង​ទិញ​ផលិតផល​សត្វព្រៃ​ផ្សេង​ទៀត​ជា​ដាច់​ខាត។

ម្ចាស់​ភោជនីយដ្ឋាន​មួយ​ចំនួន​នៅ​ខេត្ត​ព្រះវិហារ​ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី យុទ្ធនាការ​អន្ទាក់​សូន្យ​ នៅ​ខេត្ត​ព្រះវិហារ​ បាន​សន្យា​ថា នឹង​ឈប់​លក់ដូរ​សាច់​សត្វព្រៃ​គ្រប់​ប្រភេទ។

យុទ្ធនាការ​អន្ទាក់​សូន្យ ដែល​ធ្វើ​ឡើង​នៅ​ខេត្ត​ព្រះវិហារ​នេះ គឺ​ជា​យុទ្ធនាការ​លើក​ទី ៣ ហើយ​ បន្ទាប់​ពី​យុទ្ធនាការ​នេះ ​បាន​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ខែ​មីនា និង​ខេត្ត​ស្ទឹងត្រែង​ កាល​ពី​ដើម​ខែ​មេសា កន្លងទៅ។

យុទ្ធនាការ​« អន្ទាក់សូន្យ» នេះ​ក៏​នឹង​បន្ត​ទៅ​ខេត្ត​ផ្សេង​ទៀត​ រួមមាន​ខេត្ត​ក្រចេះ​ ខេត្ត​មណ្ឌលគិរី​ ខេត្ត​កំពង់ធំ ខេត្ត​រតនគិរី​ និង​ចុងក្រោយ​ គឺ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល