អាជ្ញាធរខេត្តឧត្តរមានជ័យ បានបញ្ជាឱ្យបិទកំណាត់ផ្លូវដែលចេញពីទីរួមស្រុកអន្លង់វែង ឆ្ពោះទៅកាន់ច្រកទ្វារព្រំដែនខ្មែរ-ថៃ ជាំសាង៉ាំ មិនឱ្យឡានដឹកទំនិញធំៗ ព្រមទាំងម៉ូតូឆ្លងកាត់ជាបណ្ដោះអាសន្ន រយៈពេលជាង ២០ម៉ោងមកហើយ គិតមកដល់ពេលនេះ។
ការបញ្ជាឱ្យបិទកំណាត់ផ្លូវនេះ បានធ្វើឡើងបន្ទាប់ទឹកភ្លៀងដែលហូរចុះពីខ្នងភ្នំដងរែក យ៉ាងច្រើន បណ្ដាលឱ្យកើតជាជំនន់ហូរលើស្ពានឆ្លងរបស់បឹងតាម៉ុក ដែលគួរឱ្យព្រួយបារម្ភចំពោះសុវត្ថិភាពសាធារណៈ។
អាជ្ញាធរខេត្តឧត្តរមានជ័យ ដែលសហការជាមួយកម្លាំងទាហាន កងរាជអាវុធហត្ថ ព្រមទាំងប៉ូលិសប្រដាប់ដោយទូក កាណូត និងថ្នាំពេទ្យ សម្រាប់សង្គ្រោះបន្ទាន់ផង កំពុងត្រៀមខ្លួនជាស្រេចចាំជួយសង្គ្រោះប្រជាពលរដ្ឋនៅស្រុកអន្លង់វែង ប្រសិនបើគ្រោះទឹកជំនន់អាចកើតឡើងភ្លាមៗនៅពេលណាមួយនោះ។
ជាមួយគ្នានឹងការត្រៀមខ្លួនជួយសង្គ្រោះពលរដ្ឋនេះ កាលពីព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញា អាជ្ញាធរស្រុកអន្លង់វែង ក៏បានចេញសេចក្ដីប្រកាសឱ្យប្រជាពលរដ្ឋដែលរស់នៅតាមដងអូរនៃតំបន់ទំនាបត្រូវប្រុងប្រយ័ត្នចំពោះគ្រោះទឹកជំនន់ដែរ។
អភិបាលស្រុកអន្លង់វែង គឺលោក ហោ ជិនវិរៈយុទ្ធ។ លោកមានប្រសាសន៍នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែសីហា ថារយៈពេល ២ថ្ងៃមកហើយ ទឹកភ្លៀងដែលហូរចុះខ្លាំងពីលើខ្នងភ្នំដងរែក និងហូរចាក់មកពីស្រុកត្រពាំងប្រាសាទ កំពុងតែគំរាមកំហែងតំបន់ខ្លះក្នុងទីរួមស្រុកអន្លង់វែង។ ចាប់តាំងតែពីរសៀលថ្ងៃទី១២ ខែសីហា រហូតមកដល់ពេលនេះ ទឹកភ្លៀងបានហូរមកចាល់ខ្លាំងនៅបឹងតាម៉ុក ក្នុងទីរួមស្រុកអន្លង់វែង ដោយហូរលើស្ពានបណ្ដាលឱ្យអាជ្ញាធរបង្ខំចិត្តបិទកំណាត់ផ្លូវនោះមិនឲ្យរថយន្តធំៗ ព្រមទាំងកង់ម៉ូតូឆ្លងកាត់ជាច្រើនម៉ោងមកហើយ។
លោក ហោ ជិនវិរៈយុទ្ធ បញ្ជាក់ទៀតថា កម្រិតទឹកភ្លៀងដែលហូរចុះពីខ្នងភ្នំដងរែកនេះ ប្រសិនបើមានភ្លៀងធ្លាក់មកបន្ថែមទៀត វាអាចបង្កឱ្យក្លាយទៅជាទឹកជំនន់គំរាមកំហែងប្រជាពលរដ្ឋ ព្រមទាំងស្រែចំការមិនខាន៖ «មកដល់ម៉ោងនេះ ទឹកបន្តឡើងកម្ពស់ដល់កម្រិតប្រកាសឱ្យមានការប្រុងប្រយ័ត្នហើយនៅផ្នែកខាងក្រោម ហើយយើងក៏បានកំណត់រកទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋ និងសត្វពាហនៈទុករួចជាស្រេចដែរ»។
ប្រភពព័ត៌មានឱ្យដឹងថា ចាប់តាំងតែពីម៉ោងជាង ១២ថ្ងៃត្រង់ រហូតដល់ម៉ោង ៣រសៀលថ្ងៃអង្គារ ភ្លៀងនៅតែបន្តធ្លាក់ខ្លាំងនៅស្រុកអន្លង់វែង ដែលទំនងជាមិនអាចគេចផុតពីគ្រោះទឹកជំនន់បានឡើយ។
អភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី ឱ្យដឹងថា អាជ្ញាធរខេត្តបានប្រមូលកម្លាំងទាហានកងរាជអាវុធហត្ថ និងប៉ូលិសជាច្រើនប្រដាប់ដោយសម្ភារៈសង្គ្រោះជាច្រើនមកត្រៀមជាស្រេចហើយ ដើម្បីចាំជួយសង្គ្រោះប្រជាពលរដ្ឋ ប្រសិនបើគ្រោះទឹកជំនន់អាចកើតឡើង។
លោក ស ថាវី បានចេញបញ្ជាឱ្យអាជ្ញាធរបិទកំណាត់ផ្លូវស្ពានតាម៉ុក មិនឱ្យរថយន្តឆ្លងកាត់ជាបណ្ដោះអាសន្ន បន្ទាប់ពីកម្ពស់ទឹកបានហូរលើស្ពានកម្ពស់ប្រហែលកន្លះម៉ែត្រទៅហើយ៖ «ខ្ញុំណែនាំកុំឱ្យមានការខូចផ្លូវបន្ថែម ពីព្រោះលើស្ពានកាលណាវាស្រុតទៅវាខ្លាចមានគ្រោះថ្នាក់ឡានធំៗ ដឹកដែក ដឹកស៊ីម៉ងត៍ អីមិនអនុញ្ញាតឱ្យឆ្លងកាត់ទេ»។
កាលពីថ្ងៃទី១១ ខែកញ្ញា ទឹកភ្លៀងដែលហូរចុះពីខ្នងភ្នំដងរែកខ្លាំង បណ្ដាលឱ្យលិចលង់តំបន់ខ្លះនៃស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលជាប់ព្រំប្រទល់គ្នានឹងស្រុកជាំក្សាន្ត របស់ខេត្តព្រះវិហារ។
បើទោះបីទឹកជំនន់បានលិចនៅតាមតំបន់ខ្លះរបស់ស្រុកត្រពាំងប្រាសាទ និងកំពុងជន់នៅស្រុកអន្លង់វែង ក៏ដោយ ក៏អាជ្ញាធរអះអាងថា រហូតមកដល់ពេលនេះមិនទាន់មានដំណាំខូចខាត ព្រមទាំងពលរដ្ឋណាម្នាក់បានរងគ្រោះថ្នាក់ដល់ជីវិតនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។