មន្ត្រី​របប​ភ្នំពេញ​ថា ដែន​ជម្រក​សត្វព្រៃ​ឡង់ មិន​អនុញ្ញាត​ឱ្យ​មាន​អាជីវកម្ម​ឈើ​នោះ​ទេ

ដោយ យន់ សាមៀន
2019.12.07
ផៃ ស៊ីផាន ២០១៤ ៦២២ អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៤។
RFA

មន្ត្រី​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ អះអាង​ថា ដែន​ជម្រក​សត្វព្រៃ​ឡង់ មិន​អនុញ្ញាត​ឱ្យ​មាន​អាជីវកម្ម​ឈើ ឬ​សកម្មភាព​ណាមួយ​បំផ្លាញ​ព្រៃឈើ​នោះ​ទេ។ ការ​អះអាង​បែបនេះ​គឺ ក្រោយ​ពី​សកម្មជន​បរិស្ថាន និង​សហគមន៍​ព្រៃឡង់ ចោទ​រដ្ឋាភិបាល​ថា មាន​ចេតនា​បណ្ដោយ​ឱ្យ​មាន​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​កើត​មាន ក្នុង​ព្រៃ​ឡង់ គ្មាន​ការ​ទប់ស្កាត់។

សកម្មជន​ការពារ​ព្រៃឡង់ ចាត់​ទុក​ការ​លើក​ឡើង របស់​លោក ផៃ ស៊ីផាន ថា គ្រាន់តែ​ល្អមើល​ប៉ុណ្ណោះ ព្រោះ​លោក​ថា ធាតុ​ពិត ព្រៃ​ឡង់ នៅតែ​ទទួលរង​ការ​កាប់​បំផ្លាញ​ដើមឈើ​ធំៗ ដោយ​គ្មាន​ការ​ទទួលខុសត្រូវ​។ លោក​ថា សូម្បីតែ​មន្ត្រី​ឧទ្យានុរក្ស របស់​ក្រសួង​បរិស្ថាន​ក៏​ទទួល​ស្គាល់​ថា មាន​ការ​កាប់​រំលំ​ឈើ​ខុសច្បាប់ ដែរ ក៏ប៉ុន្តែ​នៅតែ​គ្មាន​វិធានការ​ផ្នែក​ច្បាប់​ណាមួយ​ច្បាស់លាស់ អនុវត្ត​លើ​ក្រុមហ៊ុន​ស៊ីងបាយអូថេក និង​ក្រុមហ៊ុន​អង្គរ​ប្លាយវូដ​នោះ​ទេ។ លោក​ថា ថ្មីៗ​នេះ ពលរដ្ឋ​មួយ​ចំនួន បាន​បង្ខំចិត្ត​លក់​ដើម​ច្បោះ​ជ័រទឹក ប្រមាណ ១​ពាន់​ដើម ឱ្យ​ក្រុមហ៊ុន​ដោយ​ខុសច្បាប់ បន្ទាប់ពី​កម្មករ​ក្រុមហ៊ុន​ញុះញង់ និង​គំរាម​កាប់​បំផ្លាញ​ដើម​ច្បោះ​របស់​ពួកគាត់៖ «សម្រាប់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​និយាយ នៅ​ខាងលើ អ្វី​ដែល​គាត់​ទទួល​បាន​ព័ត៌មាន​គាត់ តាមរយៈ​មន្ត្រី​របស់​គាត់ ហើយ​រឿង​រាវ​ជាក់ស្ដែង គឺ​ស៊ីងបាយអូថេក បាន​រំលោភ​ចូល​ដែន​ជម្រក​សត្វព្រៃ​ឡង់ ពិតប្រាកដ​។ មន្ត្រី​ឧទ្យានុរក្ស​ខេត្ត​ស្ទឹងត្រែង គាត់​បាន​ចុះ​មើល បន្ទាប់​ពី​មាន​ព័ត៌មាន​ចុះផ្សាយ ក៏​បាន​ឃើញ​ថា មាន​ការ​រំលោភ​ចូល​ដែន​ជម្រក​សត្វព្រៃឡង់​ដែរ»

សកម្មជន​បរិស្ថាន និង​សហគមន៍​កាលពី​សប្ដាហ៍​មុន ចោទ​ប្រកាន់​ថា ក្រុមហ៊ុន ស៊ីងបាយអូថេក (Think Biotech Cambodia) និង​ក្រុមហ៊ុន​អង្គរ ប្លាយវូដ (Angkor Plywood) កំពុង​ធ្វើ​សកម្មភាព​កាប់​រំលំ​ឈើ​មូល​ធំៗ ក្នុង​ព្រៃ​ឡង់ និង​ព្រៃ​សហគមន៍​ប្រាសាទ​តាខ្មៅ យ៉ាង​ពេញទំហឹង​ដោយ​គ្មាន​ការ​អនុវត្ត​ច្បាប់ អស់​រយៈពេល​ជិត ១​ខែ​មក​ហើយ។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់​អាស៊ីសេរី​ថា ដែន​ជម្រក​សត្វព្រៃ​ឡង់ ត្រូវ​បាន​រដ្ឋាភិបាល​ដាក់បញ្ចូល​ជា​ព្រៃ​អភិរក្ស​កាលពី​ឆ្នាំ ២០១៦ ឋិត​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន ហើយ​ប្រសិនបើ​មាន​បទល្មើស​ព្រៃឈើ ក្នុង​តំបន់​អភិរក្ស​មួយ​នេះ គឺ​មាន​ក្រសួងកសិកម្ម និង​ក្រសួង​បរិស្ថាន ជា​អ្នក​ដោះស្រាយ និង​អនុវត្ត​ច្បាប់។ លោក​បញ្ជាក់​ថា ព្រៃ​ឡង់​មាន​ផែនទី​ភូមិ​សាស្ដ្រ និង​ព្រំដែន​ច្បាស់លាស់ ដែល​ត្រូវ​កំណត់​ជា​តំបន់​អភិរក្ស ហើយ​ប្រសិនបើ​មាន​សកម្មភាព​កាប់​ឈើ​ណាមួយ ក្នុង​ព្រៃ​ការពារ​ធម្មជាតិ​មួយ​នេះ គឺជា ទង្វើ​ល្មើសច្បាប់ ហើយ​អ្នក​ពាក់ព័ន្ធ នឹង​ត្រូវ​ទទួល​ទោស​តាមច្បាប់៖ «យើង​មាន​ផែនទី​ពិតប្រាកដ យើង​មាន​ផែនទី​ភូមិសាស្ត្រ​ពិតប្រាកដ តើ​ព្រៃឡង់​ពី​ជ្រុង​ណា​ដល់​ជ្រុង​ណា ចំណុច​ណា​ដល់​ចំណុច​ណា? ដែល​ត្រូវ​អភិរក្ស ដែល​គ្មាន​អនុញ្ញាត​ឱ្យ​សកម្មភាព​ណា ធ្វើការ​បំផ្លាញ​នៅ​ហ្នឹង​ទេ។ នេះ​ជា​គោលការណ៍ ក៏ប៉ុន្តែ​បើ​ធ្វើ​សកម្មភាព​បំផ្លាញ (​ព្រៃឈើ​) គឺ​ប្រឆាំង​នឹង​ច្បាប់​ហើយ​អ្នក​ហ្នឹង​ត្រូវ​មាន​ទោស»

លោក ផៃ ស៊ីផាន ថ្លែង​ទៀត​ថា ប្រសិនបើ​រក​ឃើញ​មន្ត្រី​បរិស្ថាន និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ មាន​ជាប់​ពាក់ព័ន្ធ​ការអនុញ្ញាត​ឱ្យ​មាន​អាជីវកម្ម​ឈើ​ខុសច្បាប់ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន នោះ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជា​អ្នកមាន​ភារកិច្ច​ដោះស្រាយ​រឿង​នេះ៖ «ការប្រព្រឹត្ត​សកម្មភាព​ដែល​ប្រឆាំង​និង​ការ​អភិរក្ស​ហ្នឹង នៅ​ក្នុង​តំបន់​អភិរក្ស នៅ​មន្ទីរ​ដែន​សមត្ថកិច្ច​របស់​ក្រសួង​បរិស្ថាន ត្រូវតែ​ក្រសួង​បរិស្ថាន​ហ្នឹង​ដែល​មាន​កម្លាំង​ខ្លួនឯង​ហ្នឹង ត្រូវ​ធ្វើ​ការគ្រប់គ្រង ប្រឆាំង​ចាប់ ឬក៏​យ៉ាងម៉េច​ត​ទៀត​។ អាហ្នឹង​ក្រសួង​បរិស្ថាន»

ទាក់ទង​នឹង​ការ​លើកឡើង​របស់ លោក ផៃ ស៊ីផាន នេះ សកម្មជន​បរិស្ថាន លោក ហេង ស្រស់ យល់ថា សំដី​លោក ផៃ ស៊ីផាន គ្រាន់​ជា​ការ​បកស្រាយ​ផ្អែក​តាម​ឯកសារ និង​របាយការណ៍​ភូតភរ​របស់​មន្ត្រី​ថ្នាក់ក្រោម​ប៉ុណ្ណោះ តែ​ធាតុ​ពិត​ព្រៃ​ឡង់​កំពុង​ទទួល​រង​ការ​កាប់​ចោះ​យក​ឈើ​ធំៗ យ៉ាង​ពេញ​ទំហឹង។ លោក​ថា សកម្មភាព​កាប់​ឈើ របស់​ក្រុមហ៊ុន បាន​ដំណើរការ​ជិត ១​ខែ​ទៅ​ហើយ នៅ​មិន​ទាន់​ឃើញ​គណៈកម្មការ​ជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​អនុវត្ត​ច្បាប់​នៅ​ឡើយ​ទេ។ លោក​សង្ស័យ​ថា គណៈកម្មការ​ជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ អាច​ឃុបឃិត​គ្នា ទទួល​ប្រយោជន៍​ណាមួយ​ពី​បទ​ល្មើស​នេះ ទើប​បានជា​មិន​ហ៊ាន​អនុវត្ត​ច្បាប់​លើ​ក្រុមហ៊ុន​ទាំងនេះ៖ «ខ្ញុំ​គិត​ថា បើ​រដ្ឋាភិបាល​មាន​គាត់​ឆន្ទៈ​ពិតប្រាកដ គាត់​នឹង​ចុះ​បង្ក្រាប​មិន​ឱ្យ​មានការ​កាប់​បំផ្លាញ​ព្រៃឈើ​ទេ ក៏ប៉ុន្តែ​ជាក់ស្ដែង​មាន​មន្ត្រី​មួយ​ចំនួន​ជាប់​ពាក់ព័ន្ធ​មន្ត្រី​មួយ​ចំនួន ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ យក​លុយ​កាក់​របស់​គេ ដែល​គេ​សូក​បំបិទ​មាត់ មិន​ឱ្យ​មានការ​ចាប់ចង​លើ​ក្បូន​រថយន្ត​គេ​ហ្នឹងហើយ បានជា​មិន​មាន​ឃើញ មានការ​បង្ក្រាប»

សកម្មជន​បរិស្ថាន ដែល​ទទួល​ពានរង្វាន់​វីរជន​ការពារ​ព្រៃឈើ លោក អ៊ូច ឡេង ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃទី៤ ខែ​ធ្នូ ថា រដ្ឋាភិបាល​នៅតែ​បណ្ដោយ​ឱ្យ​ក្រុមហ៊ុន កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​យ៉ាង​គឃ្លើន ទោះជា​រក​ឃើញ​កំហុស​របស់​ក្រុមហ៊ុន​ទាំងពីរ​ក្ដី។ លោក​ទាមទារ​ឱ្យ​ម្ចាស់​ជំនួយ​អភិរក្ស​ព្រៃ​ឡង់​រួមមាន ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​កិច្ចការ​អភិវឌ្ឍ​អន្តរជាតិ (USAID) និង សហភាព​អឺរ៉ុប (EU) ធ្វើ​ការងារ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ច្បាស់លាស់ ជាពិសេស​រឿង​ការអនុវត្ត​ច្បាប់​ព្រៃឈើ៖ «ខ្ញុំ​ដឹង​ថា ម្ចាស់​ជំនួយ​ខ្លះ​ក៏​អត់​ហ៊ាន​និយាយ​ដែរ ទោះបី​ខ្លួន​បាន​ដាក់​របាយការណ៍ ហើយ​ក្រសួង​បាន​ឆ្លើយ​ថា ចេះ​ចុះ​មិន​ចាត់វិធានការ​ផ្នែក​ច្បាប់ ក៏​ម្ចាស់​ជំនួយ​គាត់ ធ្វើ​យ៉ាងម៉េច​ទៀត ជា​តួនាទី​របស់​គាត់​។ ប៉ុន្តែ​អ្វី​ដែល​យើង​ចង់បាន ត្រូវ​ឱ្យ​មាន​លក្ខណៈ ហ្មត់ចត់​ក្នុង​ការ​អនុវត្ត​ច្បាប់ ដូចជា ក្រុមហ៊ុន​ផ្សេងៗ​ទៀត ឧកញ៉ា សឹង្ហ សំអុល និង​គង់ ក្រឹ​ង យើង​បាន​ចាត់វិធានការ​ផ្នែក​ច្បាប់​ហើយ យើង​ធ្វើការ​តាមដាន​ទៀត​។ ចំពោះ​ក្រុមហ៊ុន​ហ្នឹង​យើង​រក​ឃើញ កំហុស​ដែល​ម៉េច​បានជា​រដ្ឋាភិបាល​មិន​ចាត់​វិធានការ បែរ​ជា​បណ្ដោយ​ឱ្យ​ក្រុមហ៊ុន​ហ្នឹង​នៅតែ​បន្ត​យ៉ាង​គឃ្លើន ក្នុង​ការ​កាប់​ព្រៃឈើ​ពី​ព្រៃ​ឡង់ និង​ព្រៃ​សហគមន៍​នានា​? នេះ​យើង​អាក់​អន់​ស្រពោន​ចិត្ត ហើយ​យើង​មិន​ខក​បំណង ជាមួយ​វិធានការ​ផ្នែក​ច្បាប់​ជាមួយ​ម្ចាស់​ជំនួយ​ធំៗ ដូចជា USAID និង សហគមន៍​អឺរ៉ុប​ជាដើម»

អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង មន្ត្រី​ក្រុមហ៊ុន ស៊ីង បាយអូថេក និង​ក្រុមហ៊ុន​អង្គរ ប្លាយវូដ (Angkor Plywood) ដើម្បី​បកស្រាយ​ករណី សកម្មជន​បរិស្ថាន​រក​ឃើញ​ក្រុមហ៊ុន​ទាំងពីរ កំពុង​ធ្វើ​សកម្មភាព​កាប​ឈើ​ខុសច្បាប់។

កាលពី​សប្ដាហ៍​មុន សកម្មជន​បរិស្ថាន និង​សហគមន៍​ព្រៃ​ឡង់ បាន​ចុះ​ស៊ើបអង្កេត​ដល់​ទី​តាំង​ក្រុមហ៊ុន ប្រទះឃើញ​ឈើ​មូល​ធំៗ ត្រូវ​បាន​ដឹកជញ្ជូន​ចូល​រោងចក្រ​អារ​ឈើ របស់​ក្រុមហ៊ុន​ស៊ីងបាយ អូថេក និង​ក្រុមហ៊ុន អង្គរ ប្លាយវូដ ដែល​មាន​កម្មករ​ជាច្រើន​ក្រុម​បាន​ធ្វើ​សកម្មភាព​អារ​ច្រៀក​ឈើ និង​ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់​។ ពួកគេ​បាន​ថតរូប​ភាព និង​វីដេអូ ជា​ភស្តុតាង ស្នើ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​អន្តរាគមន៍ តែ​មក​ទល់​ពេល​នេះ នៅតែ​គ្មាន​លទ្ធផល​នៅឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។