ពលរដ្ឋ​ខេត្ត​រតនគិរី​ភ្ញាក់ផ្អើល​ឃើញ​អាជ្ញាធរ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​បាន​ល្អ​មុន​ការ​បោះឆ្នោត

ដោយ ជី វិតា
2018.07.05
កាប់​ឈើ ឃុំ​សេដា ស្រុក​លំផាត់ ៦២២ ព្រៃ​សហគមន៍​កែងសាន់ ឋិត​ក្នុង​ភូមិ​កែងសាន់ ឃុំ​សេដា ស្រុក​លំផាត់ ខែត្រ​រតនគិរី ដែល​ត្រូវ​ឈ្មួញ​យក​គ្រឿង​ចក្រ​ឈូស​ឆាយ។
Photo provided

ជនជាតិ​ដើម​ភាគតិច​ទំពួន​រស់នៅ​ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី អះអាង​ថា អាជ្ញាធរ​ហាក់​ដូចជា​ចាប់ផ្ដើម​ជា​យកចិត្តទុកដាក់​ការពារ​ព្រៃឈើ នៅ​គ្រា​ដែល​បោះឆ្នោត​ជាតិ​កាន់តែ​កៀក​ជិត​មកដល់។ អ្នកភូមិ​ថា អាជ្ញាធរ បាន​បញ្ជូន​នគរបាល មន្ត្រី​បរិស្ថាន និង​ប្រជា​ការពារ​ភូមិ ឲ្យ​ឈរជើង​ប្រចាំការ​នៅ​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ប្រមាណ ២​សប្ដាហ៍​មក​ហើយ។

ជនជាតិ​ដើម​ភាគតិច​ទំពួន រស់នៅ​ភូមិ​កែងសាន់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៤ កក្កដា​ថា នគរបាល មន្ត្រី​បរិស្ថាន និង​ប្រជា​ការពារ​ភូមិ​មួយ​ក្រុម ហាក់​បង្ហាញ​ជំហរ​សកម្ម​ចុះ​ការពារ​ព្រៃឈើ ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​លំផាត់​នៅ​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ ធ្វើ​ឲ្យ​អ្នកភូមិ​ភ្ញាក់ផ្អើល។ អ្នកភូមិ​ថា វត្តមាន​មន្ត្រី​ទាំងនោះ ធ្វើ​ឲ្យ​បទល្មើស​គ្រប់​ប្រភេទ​ថយ​ចុះ​ខ្លាំង តែ​ពួកគេ​មាន​មន្ទិល​ថា វិនាសកម្ម​ព្រៃឈើ​ដែន​ជម្រក​សត្វព្រៃ​លំផាត់​បាន​បាត់បង់​ស្ទើរ​ទាំងស្រុង ទើបតែ​ប្រទះឃើញ​អាជ្ញាធរ​យកចិត្ត នៅ​មុន​ពេល​បោះឆ្នោត​ជាតិ។

ជនជាតិ​ដើម​ភាគតិច​ទំពូន លោក ខាំ និន ប្រាប់​ថា ព្រៃ​សហគមន៍​ភូមិ​កែងសាន់ ដែល​ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ត្រូវ​គេ​កាប់​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ អស់​៤​ពាន់​ហិកតារ។ រីឯ​ឈើ​មានតម្លៃ និង ឈើ​ប្រណិត​ត្រូវ​បាន​គេ​កាប់​លក់​ធ្វើ​អាជីវកម្ម និង​ដឹកជញ្ជូន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​អស់ទាំង​ស្រុង។ លោក​ថា មន្ត្រី​ទាំងនោះ​បាន​ប្រាប់​អ្នកភូមិ​ឲ្យ​ផ្តល់​ដំណឹង​ទៅ​ពួកគេ ប្រសិន​ប្រទះឃើញ​បទល្មើស​ព្រៃឈើ៖ «ទោះបីជា​គាត់​ចុះ​មក​ទប់ស្កាត់​ចង់​ហួស​ពេល វា​បាត់បង់​អស់ហើយ។ អ៊ីចឹង​បាន​ថា ដើមឈើ​ចង់​អស់ហើយ ព្រៃឈើ​បាត់បង់​ហើយ តែ​នៅសល់​ដែរ ១​ពាន់​ហិកតារ។ គាត់​ចុះ​មក​បង្ក្រាប​មុន​ពេល​បោះឆ្នោត គាត់​មក​បង្ក្រាប»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​មេឃុំ​សេដា លោក អង់ ប៊ុនធឿង តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង ពុំ​មាន​អ្នកទទួល​នៅ​ថ្ងៃទី៤ កក្កដា។ ចំណែក​មេភូមិ​កែងសាន់ លោក ញ៉ូង គួត បាន​ផ្ដាច់​ទូរស័ព្ទ​នៅ​ពេល​អាស៊ីសេរី​ទូរស័ព្ទ​ចូល។

ព្រៃ​សហគមន៍​ភូមិ​កែងសាន់ គឺជា​ផ្នែក​មួយ​នៃ​ដែន​ជម្រក​សត្វព្រៃ​លំផាត់ មាន​ផ្ទៃដី​ជាង ៤​ពាន់​ហិកតារ បាន​ទទួលរង​ការ​កាប់​បំផ្លាញ​យក​ឈើ និង​កាប់​ព្រៃ​រាន​ព្រៃ​យក​ដី​អស់​ជាង​ពាក់​កណ្តាល។ ចំណែក​ឈើ​មូល​ធំៗ ដូចជា គគីរ ផ្ចឹក និង​សុក្រំ​ជាដើម ត្រូវ​គេ​កាប់​លក់​ឲ្យ​ឈ្មួញ​ដឹក​ទៅ​វៀតណាម​អស់ទាំង​ស្រុង។ សហគមន៍​ថា អ្នកភូមិ​អស់​ជំនឿ​លើ​ប្រសិទ្ធភាព​ការពារ​មន្ត្រី​របប លោក ហ៊ុន សែន រឿង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ហើយ​កន្លង​ទៅ ជនជាតិ​ដើម​ភាគតិច​បាន​ដាក់​ពាក្យ​ប្ដឹង​អាជ្ញាធរ ៧​នាក់ ទៅ​តុលាការ ពី​បទ​អនុគ្រោះ​កើតមាន​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឌិន ខន្នី អង្កេត​ឃើញ​ថា បើ​ទោះ​បី​ជា​ទំហំ​បទល្មើស​ព្រៃឈើ​កើត​មានឡើង​ទ្រង់ទ្រាយ​ធំ​ជា​យូរ​មក​ហើយ​ក្តី ពុំ​ឃើញ​មាន​អាជ្ញាធរ​ណា ឃាត់ខ្លួន​ជនល្មើស​ដាក់ទណ្ឌកម្ម​ច្បាប់​នោះ​ទេ​។ តែ​យ៉ាងណា​លោក​គិត​ថា ជា​រឿង​ល្អ បើ​សមត្ថកិច្ច​ពាក់ព័ន្ធ​មាន​ឆន្ទៈ​ការពារ​ព្រៃឈើ ក៏ប៉ុន្តែ​ហាក់​ដូច​ជា​យឺត​ពេល ព្រោះ​ដែន​ជម្រក​សត្វព្រៃ​លំផាត់ បាន​វិនាស​ហិនហោច​ស្ទើរ​ទាំងស្រុង។ លោក​ថា ការ​យក​កងកម្លាំង​សមត្ថកិច្ច​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ នៅ​មុន​ពេល​បោះឆ្នោត ហាក់​ដូចជា​គំរាមកំហែង​ដល់​ការសម្រេចចិត្ត​ទៅ​បោះឆ្នោត​របស់​ពលរដ្ឋ៖ «ខ្ញុំ​យល់​ឃើញ​ថា ហាក់​ដូច​ជា​ការ​សម្ដែង ដោយសារតែ​កន្លង​ទៅ​ហើយ កាប់​ឈើ​គគ្រឹកគគ្រេង ពុំ​ទាន់​ឃើញ​ជនល្មើស​ណាមួយ​ចាប់ខ្លួន ទើបតែ​ខំប្រឹង។ ជិត​បោះឆ្នោត យក​កម្លាំង​សមត្ថកិច្ច​បែបនេះ ជូន​កាល​អាច​ជះ​ផល​មិនល្អ​ដល់​ការបោះឆ្នោត»

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍ នៃ​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ គិត​ថា ការ​បញ្ជូន​កម្លាំង​ការពារ​ព្រៃ មុន​ពេល​បោះឆ្នោត ទំនងជា​ការ​យកចិត្ត​ប្រជាពលរដ្ឋ និង​ទប់ស្កាត់​កុំ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ចុះផ្សាយ​ពី​បទ​ល្មើស​ឧក្រិដ្ឋ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់។ លោក​ថា ដែន​ជម្រក​សត្វព្រៃ​លំផាត់​ត្រូវ​បាន​គេ​ពុះ​ចែក​គ្នា​លក់ ធ្វើជា​កម្មសិទ្ធិឯកជន​ខុសច្បាប់​យ៉ាង​ពេញទំហឹង ទើបតែ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​ការពារ​មុន​ពេល​បោះឆ្នោត នាំ​ឲ្យ​អ្នកភូមិ​មាន​មន្ទិល។ លោក​ពន្យល់​ថា ព្រៃ​អភិរក្ស​ជា​ប្រភេទ​ដី​សាធារណៈ​របស់​រដ្ឋ ហើយ​ការ​លក់ដូរ​ណាមួយ ដោយ​ពុំ​ទាន់​ធ្វើ​អនុប្រយោគ​ឬ​បម្លែង​នោះ​ទេ គឺជា​ទង្វើ​ល្មើសច្បាប់ ហើយ​តុលាការ​មាន​សិទ្ធិ​មោឃភាព​ដី​ទាំងនោះ​មក​ជា​សម្បត្តិ​សាធារណៈ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។