សកម្មជន​បរិស្ថាន​រក​ក្រុមហ៊ុន​ស្ករអំពៅ​ចិន ហេង ហ្វូ បាន​ផ្ដល់​ទីតាំង​ឱ្យ​ក្រុមហ៊ុន​ផ្សេង​ទៀត​ធ្វើ​អាជីវកម្ម​ឈើ​ខ្នាត​ធំ​នៅ​ខេត្ត​ព្រះវិហារ​

ដោយ ហេង រស្មី
2019-04-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រថយន្ត​ច្នៃ​ដឹក​ឈើ​ចេញ​ពី​ព្រៃ​ព្រះ​រកា កាល​ពី​ពាក់​កណ្តាល​ខែ​កុម្ភៈ ២០១៩។
រថយន្ត​ច្នៃ​ដឹក​ឈើ​ចេញ​ពី​ព្រៃ​ព្រះ​រកា កាល​ពី​ពាក់​កណ្តាល​ខែ​កុម្ភៈ ២០១៩។
រូបភាព សហគមន៍

សកម្មជន​បរិស្ថាន​និង​ សហគមន៍​ការពារ​ព្រៃឈើ​ខេត្ត​ព្រះវិហារ​អះអាង​ថា​ ក្រុមហ៊ុន​ស្ករអំពៅ​ចិន​ ហេង​ហ្វូ​ (HengFu) បាន​ផ្ដល់​ទីតាំង​ឱ្យ​ក្រុមហ៊ុន សំអឿន សុវណ្ណ​ និង​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ទៀត ​ដែល​ពួក​គេ​មិន​ស្គាល់​ឈ្មោះ​បើក​ដេប៉ូ​ធ្វើអាជីវកម្ម​ឈើ​។ អាជីវកម្ម​ឈើ​ខ្នាត​ធំ​នេះ​ក្រុមហ៊ុន​បាន​ កៀរ​គរ​ពលរដ្ឋ​នៅ​មូលដ្ឋាន ​និង​ពលរដ្ឋ​ចំណាកស្រុក​ឱ្យ​កាប់​ឈើ​ធំៗ​ ក្នុង​ព្រៃ​ព្រះ​រកា​និង​ព្រៃ​ឡង់​លក់​ឱ្យ​ខ្លួន។

ការ​លើកឡើង​នេះ​ បន្ទាប់ពី​ពួកគេ​បាន​ចុះ​ស្រាវជ្រាវ​ពី​ស្ថានភាព​ព្រៃឈើ​នៅ​តំបន់​នោះ​កាលពី​ពេល​ថ្មី​ៗ នេះ។

សកម្មជន​បរិស្ថាន​ និង​សហគមន៍​ការពារ​ព្រៃឈើ​ខេត្ត​ព្រះវិហារ​ ឱ្យ​ដឹង​នៅ​ថ្ងៃច័ន្ទ​ទី២២ ខែ​មេសា​ថា​ ស្ទើរ​ជា​រៀងរាល់ថ្ងៃ​ រថ​យន្ត​ប៉ាកុង​គោយន្ត និង​ រថយន្ត​សាំងយ៉ុង (SsangYong) រាប់​សិប​គ្រឿង​ បាន​ដឹកជញ្ជូន​ឈើ​មូល និង​ឈើ​ជ្រុង​ចូល​ការដ្ឋាន​ក្រុមហ៊ុន​ សំ​អឿន សុវណ្ណ និង​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ទៀត ដែល​បាន​បើក​ទីតាំង​ប្រមូល​ទិញ​ឈើ​ក្នុង​ផ្ទៃដី​របស់​ក្រុមហ៊ុន​ស្ករអំពៅ​ ចិន​ ហេង​ ហ្វូ។ ពួកគេ​អះអាង​ថា​អាជ្ញាធរ​មូលដ្ឋាន​ និង​សមត្ថកិច្ច​ ដែល​ប្រចាំការ​នៅ​តំបន់​នោះ​មិន​ត្រឹមតែ​មិន​អនុវត្ត​ច្បាប់​ព្រៃ​ឈើ​ទេ បែរ​ជា​ចេញ​មុខ​កាង​ការពារ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់។

សកម្មជន​បរិស្ថាន​ដែល​ចុះ​ស៊ើបអង្កេត​រឿង​នេះ​លោក​ ហេង​ ស្រស់​ ប្រាប់​អាស៊ី​សេរី​ថា ​ក្រុមហ៊ុន​ទាំង​នេះ​បាន​ផ្ដើម​ដំណើរ​ការ​កាល​ពី​ចុង​ឆ្នាំ២០១៨​ រហូត​មកទល់​ពេលនេះ​នៅ​មិនទាន់​មាន​ស្ថាប័ន​ណា​មួយ​ស៊ើបអង្កេត​នៅ​ឡើយ​ទេ។ លោក​ថា​ ក្រុមហ៊ុន​បាន​ជួល​ឱ្យ​ពលរដ្ឋ​នៅ​មូលដ្ឋាន​ដែល​ស្គាល់​ភូមិសាស្ត្រ​ព្រៃ​ឡង់ និង​ព្រៃ​ព្រះ​រកា​ច្បាស់​ឱ្យ​នាំ​ពួក​គេ​ទៅ​មើល​ដើម​ឈើ​ធំៗ ​ក្នុង​ព្រៃ​ការពារ​ធម្មជាតិ​មួយ​នេះ​បន្សល់​ចុង​ក្រោយ ដើម្បី​កាប់​រំលំ​ធ្វើ​អាជីវកម្ម។ លោក​បញ្ជាក់​ថា​ ក្រោយ​ពី​ប្រមូល​ឈើ​គ្រប់​ចំនួន​ចូល​ក្នុង​ការដ្ឋាន​ក្រុមហ៊ុន​រួច​គេ​ ដឹកជញ្ជូន​បន្ត​តាម​រថ​យន្ត​ធំៗ ចេញ​ក្រៅ​ ទំនង​ទៅ​លក់​នៅ​ប្រទេស​វៀតណាម៖ «ឡាន​ប៉ាកុង ឡាន​កន្រៃ និង​ឡាន​កូរ៉េ​មួយ​តោន​កន្លះ ដឹក​ឈើ​ចូល​ក្រុមហ៊ុន​មាន​ទាំង​រថយន្ត​សាំងយ៉ុង​ថែម​ទៀត ក្នុង​មួយ​យប់​មាន​រថយន្ត ៣០ ទៅ ៤០ សាំងយ៉ុង ហើយ​រថយន្ត​ប៉ាកុង​មាន ២០ ទៅ ៣០គ្រឿង ដឹក​ចូល​ក្នុង​ក្រុមហ៊ុន​នៅ​កណ្ដាល​ចម្ការ​អំពៅ​តែ​ម្ដង»

សកម្មជន​បរិស្ថាន​រូប​នេះ​បន្ថែម​ថា ក្រុមការងារ​លោក​បាន​អង្គុយ​តាម​ដង​ផ្លូវ​ជាតិ​ក្នុង​ស្រុក​ឆែប​ប្រទះ​ឃើញ​រថយន្ត​ជា​ច្រើន​គ្រឿង​ដឹកជញ្ជូន​ឈើ​គគ្រឹកគគ្រេង​នៅ​ពេល​យប់ កាល​ពី​ពេល​ថ្មីៗ នេះ។ រី​ឯ​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​បើក​ដៃ​ឱ្យ​ឈ្មួញ​ដឹក​ឈើ​ចូល​ក្រុមហ៊ុន​ដោយ​សុវត្ថិភាព។ លើស​ពី​នេះ​ មាន​សមត្ថកិច្ច​ខ្លះ​បាន​ឃ្លាំមើល និង​តាម​ដាន​សកម្មជន​បរិស្ថាន ដែល​ចុះ​ស៊ើបអង្កេត​រឿង​នេះ៖ «ដឹក​ចូល គឺ​គគ្រឹកគគ្រេង​តែ​ម្ដង នៅ​ស្រុក​ឆែប គឺ​នៅ​កន្លែង​កែង​បត់​ឡាន​ទៅ​សាលាស្រុក​ឆែប ឡើង​ទៅ​ស្ទឹងត្រែង គឺ​នៅ​អង្គុយ​ចាំ​ស្ដាប់ ឮ​សូរ​សំឡេង​ឡាន​ដឹក​ឈើ​ដែរ។ គេ​ជួល​ពលរដ្ឋ​ដែល​ចេះ​ព្រៃ​ឡង់ ធ្វើ​ម៉េច​ជូន​ឲ្យ​គេ​ស្គាល់​ក្នុង​តំបន់​ព្រៃ​ឡង់​ឲ្យ​អស់ ក្នុង​តំបន់​ណា ដែល​មាន​ឈើ​ធំៗ អាច​កាប់​ដឹក​មក​ក្រុមហ៊ុន​ហ្នឹង​បាន»

សហគមន៍​ការពារ​ព្រៃឈើ​រស់នៅ​ឃុំ​ម្លូ​ព្រៃ​ពីរ ស្រុក​ឆែប ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​អះអាង​ដូច​គ្នា​ដែរ​ថា ក្រុមហ៊ុន​ស្ករ​អំពៅ​ចិន​ ហេង​ហ្វូ​ បាន​ផ្ដល់​ទីតាំង​ឱ្យ​ក្រុមហ៊ុន​ទាំង​នេះ​ប្រមូល​ទិញ​ឈើ​ ធ្វើ​អាជីវកម្ម​ឈើ​ដោយ​គ្មាន​អាជ្ញាធរ​ណា​អើពើ​ឡើយ រី​ឯ​សហគមន៍ និង​ពលរដ្ឋ​មូលដ្ឋាន​ខ្លះ​ក៏​មិន​ហ៊ាន​ចេញ​មុខ​ទប់ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ដែរ។ លោក​បារម្ភ​ថា​ ដើម​ឈើ​ធំៗ បន្សល់​ចុង​ក្រោយ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា និង​ព្រៃ​ឡង់​ នឹង​រលាយ​ហិនហោច​បើ​អាជ្ញាធរ​នៅ​តែ​បិទ​ភ្នែក​ឱ្យ​ក្រុមហ៊ុន​ទាំង​នេះ​ដំណើរ​ការ​ទៀត៖ «ចិន​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច វា​ធ្វើ​តែ​មួយ​កន្លែង​ទេ តែ​វា​ទិញ​ឈើ​ពី ស្រុក​ឆែប​ក៏​ដឹក​ចូល ស្រុក​ជ័យសែន​ក៏​ដឹក​ចូល។ ភ័យ​ព្រួយ​រឿង​បាត់បង់​ព្រៃ​ឈើ តែ​មិន​ដឹង​ធ្វើ​យ៉ាង​ណា? បើ​សមត្ថកិច្ច​គេ​មិន​អើពើ ពលរដ្ឋ​មិន​ដឹង​ធ្វើ​ម៉េច បើ​ហាម​ឃាត់​គេ គេ​គំរាម»

អាស៊ី​សេរី​នៅ​មិនទាន់​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ស្ករអំពៅ​ចិន ហេង ហ្វូ ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​បាន​ថា​ នៅ​ថ្ងៃ​ទី២២ មេសា។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​លោក​ ស្រី​ វុឌ្ឍី​ ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ ​ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​គ្មាន​អ្នក​ទទួល។

រី​ឯ​អភិបាលខេត្ត​ព្រះវិហារ​លោក អ៊ុន ចាន់​ដា បដិសេធ​មិន​ផ្ដល់​បទ​សម្ភាសន៍​ដល់​អាស៊ី​សេរី៖ «ករណី​នេះ ខ្ញុំ​មិន​សម្ភាសន៍​ជាមួយ​អាស៊ី​សេរី​ទេ សូម​ប៉ុណ្ណឹង​ចុះ»

ចំណែក​អ្នក​នាំ​ពាក្យ​គណៈកម្មការ​ជាតិ​ទប់​ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​លោក អេង ហ៊ី ក៏​បដិសេធ​មិន​អធិប្បាយ​រឿង​នេះ​ដែរ ដោយ​លោក​ថា ទូរស័ព្ទ​ស្តាប់​មិន​ឮ និង​ឈប់​ទទួល​ទូរស័ព្ទ៖ «ស្ដាប់​អត់​បាន​ទេ បាទ! ស្ដាប់​អត់​បាន​ទេ!»

ទោះ​យ៉ាង​ណា​មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​នៃ​សមាគម អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ យល់​ថា ឧក្រិដ្ឋ​កម្ម​ព្រៃ​ឈើ​ទ្រង់ទ្រាយ​ធំ​នេះ​ទាល់​តែ​មាន​ការ​សម្រេច​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទើប​មាន​សង្ឃឹម​ថា នឹង​បញ្ឈប់​ក្រុមហ៊ុន​ទាំង​នោះ​បាន។ លោក​បញ្ជាក់​ថា អំណាច​ប្រមូល​ផ្តុំ​តែ​មេ​ដឹក​នាំ​ម្នាក់ លោក​គ្មាន​ជំនឿ​ថា ដំណោះ​ស្រាយ​វិបត្តិ​ព្រៃ​ឈើ និង​ការ​អនុវត្ត​គោល​នយោបាយ​ការពារ​ធនធាន​ធម្មជាតិ​មាន​ប្រសិទ្ធភាព​នោះ​ទេ៖ «បាន​ជា​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ ចេញ​តែ​បន្តៗ មក យើង​ឃើញ​ថា ក្រៅ​ពី​សម្ដេច​តេជោ​សម្រេច​ទៅ​គ្មាន​ពី​ណា​ហ៊ាន។ អីចឹង​នៅ​ថ្នាក់​ក្រោម គឺ​ឈ្មួញ បរទេស​ចូល​មក ហាក់​ដូច​ជា​មិន​ញញើត និង​សមត្ថកិច្ច​ថ្នាក់​ខេត្ត​អី​ទេ។ យើង​ពិបាក​ថា តើ​នណា​មួយ​នៅ​ពី​ក្រោយ​បទ​ល្មើស​ព្រៃ​ឈើ​ទាំង​អស់​ហ្នឹង»

សកម្មជន​បរិស្ថាន​បន្ថែម​ថា ​ដើម​ឈើ​ធំៗ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា ​និង​ព្រៃ​ឡង់​ ត្រូវ​បាន​គេ​កាប់​ចោះ​យក​ដើម​ឈើ​ធំៗ ​ធ្វើ​អាជីវកម្ម​ និង​លក់​ឱ្យ​ក្រុមហ៊ុន​ សូម្បី​តែ​ដើម​ឈើ​ទាល​ និង​ត្រាច​ជា​ប្រភេទ​ឈើ​ផលិត​ជ័រ​ទឹក ​ដែល​ជា​ឆ្នាំង​បាយ​របស់​ពលរដ្ឋ​ក៏​រលាយ​ជិត​អស់​ដែរ។ ពួក​គេ​សង្កេត​ឃើញ​ថា ពលរដ្ឋ​មួយ​ចំនួន ដែល​មាន​ឆន្ទៈ​ការពារ​ព្រៃ​ឈើ​បាន​ក្លាយ​ជា​ជនល្មើស​កាប់​ឈើ​លក់​ឱ្យ​ឈ្មួញ​និង​ក្រុមហ៊ុន​ទៅ​វិញ ដើម្បី​ក្រពះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល