អាកាសធាតុក្ដៅខ្លាំង និងខ្យល់ព្យុះ ធ្វើឱ្យត្រីនៅតំបន់អភិរក្សជលផលទន្លេឆ្មាពុលងាប់ជាង ២០តោន
2019.04.30
កម្តៅឡើងខ្លាំង និងមានខ្យល់ព្យុះ បណ្តាលឱ្យត្រីជាងម្ភៃតោន (២៥.៥) ងាប់ នៅខេត្តកំពង់ធំ។
នាយរដ្ឋបាលជលផលខេត្តកំពង់ធំ លោក ប៉ែន វណ្ណរិទ្ធ ឱ្យអាស៊ីសេរីដឹងថា ដោយសារតែបញ្ហាអាកាសធាតុនាពេលបច្ចុប្បន្នឡើងកម្តៅខ្លាំង បានធ្វើឱ្យទឹកបឹងទន្លេឆ្មាចាប់ផ្តើមរាក់ បង្កឱ្យមានភក់ច្រើន ទើបធ្វើឱ្យត្រីក្នុងតំបន់អាភិរក្សនេះ ពុលងាប់ជាបន្តបន្ទាប់ នៅគ្រាដែលមានខ្យល់ព្យុះ។ លោកបន្ថែមថា ខាងរដ្ឋបាលជលផល បានដោះស្រាយបញ្ហាដែលកំពុងកើតឡើងនេះរួចហើយ ប៉ុន្តែលោកថា វាបានត្រឹមទំហំតិចតួចនៅឡើយ បើប្រៀបធៀបជាមួយនឹងផ្ទៃបឹងទាំងស្រុង៖ «យើងបានកែ យើងបានធ្វើការជួយ សង្គ្រោះខ្លះ បូមភក់ឱ្យវាជ្រៅ ហើយយើងបានអូសកំប្លោកទៅដាក់កន្លែងហ្នឹង។ អ៊ីចឹងកន្លែងហ្នឹងទឹកជ្រៅជាងកន្លែងដទៃ។ អ៊ីចឹងត្រីវាអាចទៅនៅកន្លែងហ្នឹងបាន»។
លោក ប៉ែន វណ្ណរិទ្ធ ឱ្យដឹងបន្ថែមថា ប្រសិនបើអាកាសធាតុនៅតែបន្តក្តៅ ហើយមានខ្យល់ព្យុះបែបនេះទៀត គឺអាចនឹងធ្វើឱ្យពូជត្រីនៅក្នុងបឹងនេះ ងាប់ជាបន្តទៀត។ លោកថា រយៈពេលជាងពីរឆ្នាំមកហើយ បឹងទន្លេឆ្មាមិនធ្លាប់រីងរាក់ច្រើន ដល់ភក់ និងធ្វើឱ្យត្រីពុលងាប់បែបនេះទេ រហូតមកដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ក៏មានខ្យល់ព្យុះជិតបីម៉ោង ទើបបណ្តាលឱ្យត្រីពុលស្លាប់ច្រើនបែបនេះទៅ។
របាយការណ៍របស់ក្រសួងបរិស្ថាន ចេញផ្សាយកាលពីឆ្នាំ២០១៦ បង្ហាញថា ដោយសារកត្តាអាកាសធាតុប្រែក្តៅខ្លាំង ក៏បានធ្វើពូជត្រីជាច្រើននៅបឹងទន្លេឆ្មានេះងាប់អស់ជាច្រើនតោនដែរ។ របាយការណ៍ដដែលក៏បានធ្វើការសន្និដ្ឋានដែរថា កត្តាត្រីពុលងាប់នេះភាគច្រើន គឺកើតឡើងនៅក្នុងខែមេសា និងខែឧសភា។
ជាមួយគ្នានេះដែរ ត្រីមេពូជរបស់សហគមន៍នេសាទសាមគ្គីអភិវឌ្ឍស្ពានគ្រង នៅក្នុងឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ក៏បានងាប់អស់មួយចំនួនផងដែរ ដោយសារតែកត្តាអាកាសធាតុធ្វើឱ្យទឹករីងរាក់ ប៉ុន្តែបញ្ហានេះ ត្រូវបានមន្ត្រីរដ្ឋបាលជលផលខេត្តកំពង់ធំ ដោះស្រាយរួចរាល់ហើយ។
នាយរដ្ឋបាលជលផលខេត្តកំពង់ធំ លោក ប៉ែន វណ្ណរិទ្ធ ឱ្យដឹងថា ពូជត្រីដែលងាប់ច្រើននៅគ្រានេះ គឺជាប្រភេទត្រីដែលងាយរងគ្រោះ ដូចជា ត្រីស្រកាស មានដូចជា ត្រីរៀល ត្រីឆ្ពិន ត្រីឆ្លាំង ត្រីក្រពាត់ ត្រីសណ្តាយ និងត្រីច្រកែង ជាដើម៕