រដ្ឋាភិបាល​សម្រេច​កាត់​ឆ្វៀល​ដី​ភ្នំ​តាម៉ៅ​ជិត ១​ពាន់​ហិកតារ ដោះដូរ​និង​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ឯកជន

ដោយ ម៉ៅ សុធានី
2022.05.06
Share on WhatsApp
Share on WhatsApp
រដ្ឋាភិបាល​សម្រេច​កាត់​ឆ្វៀល​ដី​ភ្នំ​តាម៉ៅ​ជិត ១​ពាន់​ហិកតារ ដោះដូរ​និង​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ឯកជន លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​កាត់​ឆ្វៀល​ដី​អភិរក្ស​សួនសត្វ​ភ្នំ​តាម៉ៅ ក្នុង​ខេត្ត​តាកែវ​ទំហំ ជិត ១​ពាន់​ហិកតារ (៨០០) ដើម្បី​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ឯកជន ធ្វើការ​អភិវឌ្ឍ និង​សង់​អគារ។ ក្រុម​យុវជន និង​អង្គការ​សង្គ្រោះ​សត្វព្រៃ បន្ត​អំពាវនាវ​ឱ្យ​លោក ហ៊ុន សែន ផ្លាស់ប្ដូរ​គំនិត​នេះ ព្រោះ​ប៉ះពាល់​សុវត្ថិភាព​សត្វព្រៃ និង​ទីកន្លែង​សង្គ្រោះ​សត្វព្រៃ​ដ៏​សំខាន់ នៅ​កម្ពុជា។

អង្គការ​សង្គ្រោះ​សត្វព្រៃ ក្រុម​យុវជន និង​មន្ត្រី​សង្គម​ស៊ីវិល ព្រួយបារម្ភ​ខ្លាចក្រែង បាត់បង់​ជម្រក​យ៉ាង​សំខាន់​របស់​សត្វព្រៃ និង​ប៉ះពាល់​ទីកន្លែង​សង្គ្រោះ​សត្វព្រៃ និង​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ ក្រោយពី​រដ្ឋាភិបាល​សម្រេច​កាត់​ឆ្វៀល​ដី​ទំហំ​ជិត ១ ពាន់​ហិកតារ (៨០០) វិនិយោគ និង​ដោះដូរ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ចំនួន​២ ដើម្បី​អភិវឌ្ឍន៍​វិស័យ​អចល​ទ្រព្យ និង​សង់​អគារ សម្រាប់​ចិញ្ចឹមសត្វ​គោ។

មន្ត្រី​ពង្រឹង​សិទ្ធិអំណាច​ពលរដ្ឋ​មូលដ្ឋាន នៃ​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍​សំណូមពរ​ដល់​រដ្ឋាភិបាល​គួរតែ​ថែរក្សា និង​ការពារ​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​តាម៉ៅ ដើម្បី​សុវត្ថិភាព​សត្វព្រៃ និង​ការ​រស់រាន​មានជីវិត​របស់​សត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ ដែល​គេ​យក​ទៅ​សង្គ្រោះ​នៅ​ទីនោះ​។ លោក​ថា គម្រោង​វិនិយោគ​នេះ នឹង​បង្ក​គ្រោះថ្នាក់​ដល់​សត្វព្រៃ ជម្រក​សត្វព្រៃ ជាពិសេស​គឺ ការ​ប្រែប្រួល​អាកាសធាតុ​កាន់តែ​ធ្ងន់ធ្ងរ ព្រោះ​ព្រៃឈើ​នៅ​តំបន់​នោះ នឹង​ប្រឈម​ការ​ឈូស​បំផ្លាញ​កម្ទេច​ចោល៖ «យើង​សូម​ទាមទារ​ឱ្យ​ទុកជា​តំបន់​ធម្មជាតិ ព្រោះ​មានការ​បាត់បង់​ច្រើន​ហើយ តំបន់​ព្រៃឈើ​ច្រើន​ហើយ បាត់បង់​ក្លាយជា​ចម្ការកៅស៊ូ និង ដំណាំ​ផ្សេងៗ​ដែល​មិន​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍»

កាលពី​ថ្ងៃទី​១៤ មករា កន្លង​ទៅ ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ខូយ ឃុនហ៊ួរ បាន​ចុះហត្ថលេខា អនុញ្ញាត​ឱ្យ​ដោះដូរ​ដី​ទំហំ ៣ រយ ហិកតារ (៣០០ ) កាត់​ឆ្វៀល​ចេញពី ឧទ្យាន​ជាតិ​ភ្នំ​តាម៉ៅ និង ដី ទំហំ ៥រយ ហិកតារ (៥០០)​ទៀត​ក្នុង​តំបន់​នោះ ក៏​កាត់​ឆ្វៀល​ចេញ​ដែរ ដើម្បី​វិនិយោគ​ឱ្យ​ក្រុមហ៊ុន «ខ្មែរ ហ្វ្រេស មីល ឯ.» ផ្អែក​តាម​ចំណារ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ខ្លឹមសារ​លិខិត​បន្ថែម​ថា ទំហំ​ដី​៣០០​ហិកតារ ដែល​កាត់​ឆ្វៀល​ចេញពី​សួនសត្វ​ភ្នំ​តា​ម៉ៅ ដើម្បី​ដោះដូរ ជា​ថ្នូរ​នឹង​ទទួល​បាន​ដី​មួយ​កន្លែង ទំហំ ៤០០​ហិកតារ ឋិត​នៅ​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ដោយ​មាន​អាគារ កន្លែង​ចិញ្ចឹម​គោ និង​ឃ្លាំង​ផ្តល់​ចំណី​សត្វ រួម​ទាំង​សម្ភារៈ​មួយចំនួន​ទៀត។

លិខិត​ដដែល ពុំ​បាន​បញ្ជាក់​លម្អិត​ថា តើ​ដី ៣០០​ហិកតារ ដែល​កាត់​ឆ្វៀល​ចេញពី​តំបន់​នោះ នឹង​ត្រូវ​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ណា​នោះ​ទេ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​សង្ស័យ​ថា នឹង​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា ដើម្បី​សង់​អគារ ឬ​ផ្ទះ​លក់​អចលនទ្រព្យ។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​រឿងនេះ ពី​ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី៥ ឧសភា។

រីឯ​ដី​ទំហំ ៥០០​ហិកតារ ដែល​កាត់​ឆ្វៀល​ពី​ឧទ្យាន​ជាតិ​សួនសត្វ​ភ្នំ​តាម៉ៅ ជា​ថ្នូរ​មក​វិញ នៅ​ទំហំ​ដី​ជាង ២​រយ​ហិកតារ (២៥០ ) ដើម្បី​បង្កើត​សួនសត្វ​មួយ​កន្លែង ឈ្មោះ សាឡែ​ន អង្គរ (Salan Angkor ) ឋិត​ក្នុងស្រុក​បន្ទាយស្រី និង​ស្រុក​ស្វាយលើ ខេត្ត​សៀមរាប។

វិទ្យុ​អាស៊ីសេរី​នៅ​មិនទាន់​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​អភិបាល​ខេត្តតាកែវ លោក អ៊ួច ភា បាន​នៅឡើយ​ទេ នៅ​ថ្ងៃ៥ ឧសភា ដោយ​ទូរ​សព្ទ​ហៅ​ចូល​ច្រើនដង តែ​គ្មាន​អ្នក​លើក។

ជុំវិញ​រឿង​នេះ ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ហេង គឹមហុង យល់​ថា ឧទ្យាន​ជាតិ​សួនសត្វ​ភ្នំ​តាម៉ៅ ជា​កន្លែង​ប្រមូល​ផ្តុំ​សត្វព្រៃ​ជាច្រើន​ប្រភេទ ពី​តំបន់​ផ្សេងៗ មក​រស់នៅ​ទីនោះ គេច​ផុត​ពី​ការ​បរបាញ់ ដែល​រដ្ឋាភិបាល​គួរតែ​ពង្រីក​ផ្ទៃដី​អភិរក្ស​បន្ថែម​ទៀត មិន​គួរ​កាត់​ឆ្វៀល វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ឯកជន​នោះ​ឡើយ៖ «មណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ ដើរ​តួនាទី​ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​ពលរដ្ឋ​ខ្មែរ ទាំងអស់គ្នា​ស្គាល់ ថា​ជា​អត្តសញ្ញាណ​មួយ​សង្គ្រោះ​សត្វព្រៃ​។ គួរតែ​ពង្រីក​ផ្ទៃដី​បន្ថែម​ទៀត ក្នុង​ការ​សង្គ្រោះ​សត្វព្រៃ ប្រសើរ​ជាង កាត់​ឆ្វៀល​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ឯកជន»

កាលពី​ថ្ងៃទី​២៦ មេសា កន្លង​ទៅ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (Wildlife Care) បាន​ផ្សាយ​វីឌីអូ​ឃ្លីប​ជាង ៤​នាទី បង្ហាញ​ពី​ក្ដី​បារម្ភ​ខ្លាច​បាត់បង់​សត្វព្រៃ ក្រោយពី​ទទួល​ព័ត៌មាន​ថា គេ​នឹង​មាន​គម្រោង​ឈូស​ឆាយ​ដី​ព្រៃ​នៅ​តំបន់​អភិរក្ស​ភ្នំ​តា​ម៉ៅ។

អ្នកជំនាញ​អភិរក្ស​សត្វព្រៃ​នៅ​អង្គការ​នេះ លោក នីច ម៉ាក (Nick Marx) បាន​ថ្លែង ក្នុង​វីដេអូ​ថា មូលហេតុ​ដែល​សួនសត្វ​ភ្នំ​តាម៉ៅ​ជា​ទីកន្លែង​សង្គ្រោះ​សត្វព្រៃ​ដ៏​ល្អ ជាង​តំបន់​ផ្សេង​ទៀត ដោយសារ​មាន​ព្រៃ​ធម្មជាតិ​ព័ទ្ធជុំវិញ​ជាង ២​ពាន់ ៣​រយ​ហិកតារ អំណោយ​ផល​សម្រាប់​សត្វ​ព្រៃ​រស់នៅ និង​ចិញ្ចឹម​ជីវិត។

លោក​ថា គម្រោង​ឈូស​ឆាយ​ភ្នំ​តាម៉ៅ នឹង​បំផ្លាញ​ជម្រក​សត្វព្រៃ​ដ៏​សំខាន់ ក្នុង​តំបន់​នោះ ដែល​មាន​សត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ រស់នៅ ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​ប្រជាជន​ខ្មែរ​ទៅ​កម្សាន្ត​នៅ​ទីនោះ​។ លោក​ស្នើ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ការពារ​ភ្នំ​តាម៉ៅ ដើម្បី​ទុកជា​ជម្រក​សុវត្ថិភាព​សត្វព្រៃ​៖ «មូលហេតុ​ដែល​ភ្នំ​តាម៉ៅ​ល្អ​ជាង​សួនសត្វ​ផ្សេង មកពី​មាន​ព្រៃ​ធម្មជាតិ​ព័ទ្ធជុំវិញ ប៉ុន្តែ​ឥលូវ​ខ្ញុំ​មាន​ព័ត៌មាន​អត់​ល្អ គេ​មាន​ផែនការ​ឈូស​ឆាយ​ភ្នំ​តាម៉ៅ ដី​ជាប់​គ្នា​ជាមួយ​ភ្នំ​តា​ម៉ៅ​គេ​ឈូស​ឆាយ​។ ផែនការ​នេះ​នឹង​បំផ្លាញ​ព្រៃ​កន្លែង​ល្អ មាន​សត្វព្រៃ​កម្រ​ច្រើន កន្លែង​ល្អ​សម្រាប់​ទេសចរណ៍​ប្រជាជន​ខ្មែរ ទៅលេង​ក្នុង​ព្រៃ​មើល​សត្វព្រៃ»

អ្នកឃ្លាំមើល​ព្រៃឈើ​សង្កេត​ឃើញ​ថា ព្រៃ​ធម្មជាតិ​សំខាន់ៗ​មួយចំនួន នៅ​ខេត្ត​ភាគ​ឦសាន បាន​បាត់បង់​ជម្រក​សត្វព្រៃ​អស់​ស្ទើរ​ទាំងស្រុង ដែល​ក្នុង​នោះ​សត្វព្រៃ​កម្រ​មួយចំនួន រួមមាន ស្វា ទោច​ម្កុដ ដំរី រមាំង និង ខ្ទីង​ជាដើម ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ នៅ​ឧទ្យាន​ជាតិ​សួនសត្វ​ភ្នំ​តាម៉ៅ​ជា​បន្តបន្ទាប់។

និស្សិត​សិក្សា​ផ្នែក​ច្បាប់ ដែល​ធ្លាប់​ទៅ​កម្សាន្ត​នៅ​សួនសត្វ​ភ្នំ​តាម៉ៅ គឺ​កញ្ញា វ៉ាន់នី ទេវី ផ្តល់​ទស្សនៈ​ថា បើ​រដ្ឋាភិបាល​ចង់​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព និង​ការ​អភិវឌ្ឍ​ទីក្រុង​ឆ្លាត​វៃ មិនមែន​សំដៅលើ​ការ​ធ្វើ​ផ្លូវ​បេតុង សង់​អគារ និង​កន្លែង​កម្សាន្ត​ទំនើបៗ​តែ​ម្យ៉ាង​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ​ត្រូវ​គិត​ពី​បរិស្ថាន​ធម្មជាតិ ព្រៃព្រឹក្សា សត្វព្រៃ និង​សោភ័ណភាព​ព្រៃ​ធម្មជាតិ ព័ទ្ធជុំវិញ​ឧទ្យាន​ជាតិ​សួនសត្វ​ភ្នំ​តាម៉ៅ ដែល​ជា​គន្លឹះ​សំខាន់ នៃ​ការអនុវត្ត​គោល​នយោបាយ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នៅ​ថ្ងៃ​អនាគត ប្រសិនបើ​ក្រុង​ភ្នំពេញ​បន្ត​រីក​ដល់​ទីនោះ៖ «ខ្ញុំ​ធ្លាប់​ទៅលេង​គឺ​មាន​ជម្រក​សត្វ​ជាច្រើន នៅ​ភ្នំ​តាម៉ៅ​ហ្នឹង វា​ប្រៀប​ដូច​ផ្ទះសម្បែង​ដែល​សត្វ​ទាំងនោះ​រស់នៅ​យូរ​មក​ហើយ​។ បើសិន​មានការ​ឈូស​ឆាយ​ប្រៀប​បាន​បំផ្លាញ​ផ្ទះ​សម្បែង​សត្វ និង​បាត់បង់​ជម្រក​សត្វ​មួយ ដ៏​ធំ​បំផុត​នៅ​កម្ពុជា។

ឧទ្យាន​ជាតិ​សួនសត្វ​ភ្នំ​តាម៉ៅ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ មាន​ផ្ទៃដី ២ ពាន់ ៣​រយ ហិកតារ (.៣០០) ត្រូវ​បាន​ចុះបញ្ជី​ជា​តំបន់​អភិរក្ស​ពី​ក្រសួង​កសិកម្ម កាល​ពី​ឆ្នាំ​១៩៩៥ ឋិត​ក្នុងស្រុក​បាទី ខេត្ត​តាកែវ។ តំបន់​អភិរក្ស​នេះ មាន​សត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ​កំពុង​រស់នៅ និង​បង្ក​កំណើត រួមមាន ខ្លាឃ្មុំ​ច្រើន​ជាងគេ​លើ​ពិភពលោក ដោយ​មាន​កម្មវិធី​បង្កាត់​កូន​ក្រពើ​ភ្នំ ឱ្យ​រស់នៅ​ក្នុង​ព្រៃ នៅ​តំបន់​នោះ ដែល​ជា​សត្វ​កម្រ​ជិត​ផុត​ពូជ។

អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ បាន​ចិញ្ចឹមសត្វ​ស្វា​ព្រៃ​ក្រវ៉ាត់ ដោយ​សង្គ្រោះ​ពី​ការ​ជួញដូរ​សត្វព្រៃ​ខុស​ច្បាប់ ហើយ​បាន​ដោះលែង​សត្វព្រៃ​ជាច្រើន​ប្រភេទ រួមមាន ទោច​ម្កុដ ស្វា​ព្រាហ្ម ខ្ទីង ប្រើស ឈ្លូស និង​ភេ ជាដើម ឱ្យ​រស់នៅ​ក្នុង​ព្រៃ​ជុំវិញ​ភ្នំ​តាម៉ៅ។ ក្រៅ​ពី​នេះ ព្រៃ​នៅ​ជុំវិញ​ភ្នំ​តាម៉ៅ មាន​ចំនួន​សត្វ រមាំង និង​ប្រើស ច្រើនជាង​កន្លែង​ផ្សេងទៀត​នៅ​កម្ពុជា ជាពិសេស​មាន​សត្វ​ស្លាប​កម្រ​ជាច្រើន​ប្រភេទ កំពុង​ធ្វើ​សំបុក និង​បង្ក​កំណើត នៅ​លើ​ដើមឈើ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។