របបក្រុងភ្នំពេញសម្រេចបង្កើតវារីអគ្គិសនីនៅពោធិ៍សាត់បន្ទាប់ពីមិនជួលនាវាអគ្គិសនីពីតួកគី
2019.04.05
របបក្រុងភ្នំពេញ សម្រេចមិនជួលនាវាអគ្គិសនីពីប្រទេសតួកគី ដោយសារមានចំណុចមួយចំនួនមិនត្រូវរ៉ូវគ្នា។ ដើម្បីដោះស្រាយបញ្ហាកង្វះខាតអគ្គិសនីប្រើប្រាស់ របបក្រុងភ្នំពេញសម្រេចអនុម័ត ឱ្យក្រុមហ៊ុនចំនួន២ វិនិយោគគម្រោងសាងសង់វារីអគ្គិសនី និងស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យបន្ថែមទៀត នៅខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។ សកម្មជនការពារបរិស្ថាន សាទរការបង្កើតឱ្យមានស្ថានីយអគ្គិសនីដោយពន្លឺព្រះអាទិត្យ ប៉ុន្តែទាមទារឱ្យរបបក្រុងភ្នំពេញ បង្ហាញប្រាប់ពលរដ្ឋរបស់ខ្លួនឱ្យបានច្បាស់ អំពីពីផលចំណេញនិងការខាតបង់ ដែលកើតចេញពីគម្រោងវារីអគ្គិសនីនៅខេត្តពោធិ៍សាត់។
លោក ហ៊ុន សែន សម្រេចលុបចោលកិច្ចចរចាជាមួយប្រទេសតួកគី ស្ដីពីការជួលនាវាអគ្គិសនីទំហំ ២០០មេហ្គាវ៉ាត់ រយៈពេល៣ឆ្នាំ ពីប្រទេសទួរគី។ ការសម្រេចនេះ គឺធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៥ មេសា ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់អាស៊ីសេរីថា មូលហេតុដែលរដ្ឋាភិបាលសម្រេចមិនជួលនាវាអគ្គិសនី ដោយសារនាវានោះមិនអាចមកដល់ប្រទេសកម្ពុជាតាមតម្រូវការទាន់ពេលវេលា ហើយនឹងមានការផ្លាស់ប្ដូរលក្ខខ័ណ្ឌជាច្រើនទៀត ៖ «ទី១ នាវាហ្នឹងវាមិនអាចមកកាន់កម្ពុជា នៅពេលដែលយើងខ្វះខាត។ ដូច្នេះវាមកយឺត យើងអត់ត្រូវការយឺតទេ។ យើងក៏បានចរចាភ្លាមៗជាមួយប្រទេសជិតខាងដូចជាថៃ វៀតណាម និងឡាវ។ ដូច្នេះថាមពលមួយចំនួន វាស្ទើរតែជាងពាក់កណ្ដាលទៅហើយដែលយើងទទួលបាន។ បញ្ហាទី២ គឺភ្លៀង ទឹកធ្លាក់មកទៀតហើយ ហើយការខ្វះខាតរបស់យើងមិនមែនរយៈពេលវែង គឺរយៈពេលខ្លីបំផុត។ អ្វីដែលយើងកល់ស្ទឹងទុក ទឹកនៅក្នុងអាង ហើយថាមពលក៏ចេញមកបាន។ ហើយថាមពលអគ្គិសនីយើងមួយចំនួនក៏បានបញ្ចេញបន្ថែមទៀត ក៏ដូចជាថាមពលព្រះអាទិត្យនេះឯង»។
បញ្ហាដែលធ្វើឱ្យកម្ពុជាខ្វះអគ្គិសនីប្រើប្រាស់នៅឆ្នាំ២០១៩នេះ លោក ហ៊ុន សែន ធ្លាប់បានលើកឡើងថា ដោយសារវិស័យសំណង់មានការកើនយ៉ាងគំហុក។ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងផ្គត់ផ្គង់អគ្គិសនីនេះ គណៈរដ្ឋមន្ត្រីរបស់ លោក ហ៊ុន សែន សម្រេចអនុម័តឱ្យក្រុមហ៊ុន SPHP (Cambodia) Co., Ltd. វិនិយោគលើគម្រោងវារីអគ្គិសនីពោធិ៍សាត់ ដែលមានទំហំ ៨០មេហ្គាវ៉ាត់ និងក្រុមហ៊ុន Schnei Tec Co., Ltd. វិនិយោគលើគម្រោងស្ថានីយផលិតអគ្គិសនីដោយពន្លឺព្រះអាទិត្យនៅកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ដែលមានទំហំសរុប ១២០មេហ្គាវ៉ាត់។
គម្រោងវិនិយោគសាងសង់ស្ថានីយវារីអគ្គិសនីស្ទឹងពោធិ៍សាត់ នឹងត្រូវចំណាយទុនវិនិយោគ អស់ជាង២៣០លានដុល្លារអាមេរិក សម្រាប់រយៈពេលសម្បទាន ៣៩ឆ្នាំ។ ចំណែកគម្រោងវិនិយោគស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនៅស្រុកក្រគរខេត្តពោធិ៍សាត់ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នឹងត្រូវចំណាយថវិកា អស់ជាង១០០លានដុល្លារអាមេរិក សម្រាប់រយៈពេលវិនិយោគ២០ឆ្នាំ។ បន្ថែមលើសនេះ លោក ហ៊ុន សែន ក៏សម្រេចឱ្យក្រុមហ៊ុន Schnei Tec Co., Ltd. បង្កើនថាមពលអគ្គិសនី ២០មេហ្គាវ៉ាត់បន្ថែមទៀត ទៅលើការផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យដែលមានស្រាប់ ៦០មេហ្គាវ៉ាត់ នៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។
របបក្រុងភ្នំពេញអះអាងថា គម្រោងសាងសង់ស្ថានីយអគ្គិសនីទាំងអស់នេះ នឹងផ្ដល់ការងារដល់ប្រជាពលរដ្ឋរាប់ពាន់នាក់ ក្នុងអំឡុងពេលសាងសង់ បង្កើនគុណតម្លៃអេកូទេសចរណ៍ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន។ របបក្រុងភ្នំពេញបន្តអះអាងទៀតថា នឹងអាចរកចំណូលពន្ធពីស្ថានីយអគ្គិសនីនេះ នូវទឹកប្រាក់ជិត៣លានដុល្លារអាមេរិកក្នុងឆ្នាំៗ ដោយមិនគិតដល់ពន្ធដទៃទៀត និងពន្ធលើអ្នកចែកចាយអគ្គិសនីលក់បន្ត។
ទាក់ទងនឹងការបង្កើតវារីអគ្គិសនីថ្មីមួយកន្លែងទៀតនេះ សកម្មជនការពារបរិស្ថានជនជាតិអេស្ប៉ាញ លោក អាឡិច (Alejandro Gonzalez Davidson) យល់ថា ព្រៃឈើនៅខេត្តពោធិ៍សាត់ អាចនឹងត្រូវបាត់បង់ដូចនៅខេត្តកោះកុង និងខេត្តស្ទឹងត្រែង ក្រោមហេតុផលថា កាប់ឈើដើម្បីស្ដារបាតអាង។ សកម្មជនការពារបរិស្ថានរូបនេះ ទាមទារឱ្យមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បង្ហាញប្រាប់ពលរដ្ឋខ្មែរ ឱ្យបានច្បាស់ អំពីផលចំណេញនិងការខាតបង់ ដែលកើតចេញពីគម្រោងវារីអគ្គិសនីនោះ ៖ «អ្វីដែលរបបលោក ហ៊ុន សែន ត្រូវប្រាប់ហ្នឹង គឺប៉ុន្មានគីឡូវ៉ាត់ម៉ោងនៅក្នុងមួយឆ្នាំ ប៉ុន្មានសែន ប៉ុន្មានលានក្នុងមួយឆ្នាំដែលវារីអគ្គិសនីនៅពោធិ៍សាត់ និងកំពង់ឆ្នាំង ដែលក្រុមហ៊ុនផលិតអគ្គិសនីក្នុងតម្លៃប៉ុន្មាន ហើយលក់ឱ្យEDC មានឈ្មួញកណ្ដាលអត់។ ហើយបើឈ្មួញ កណ្ដាលគឺជាអ្នកណា ហើយឈ្មួញកណ្ដាលទទួលពីវារីអគ្គិសនី លក់បន្តហ្នឹងចំណេញប៉ុន្មាន។ ប៉ុន្មានកន្លងមកអត់មានតម្លាភាពទាល់តែសោះទៅរឿងហ្នឹងទេ។ គ្រាន់តែនិយាយប៉ុន្មានមេហ្គាវ៉ាត់ទៅ ចំណាយលុយទៅ ហើយក្រៅពីហ្នឹងអត់ប្រាប់អីទាំងអស់»។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១៨ របស់អាជ្ញាធរអគ្គិសនីកម្ពុជា (EDC) ប្រទេសកម្ពុជាគ្រោងបង្កើនការផ្គត់ផ្គង់ថាមពលអគ្គិសនីដល់ទៅជាង ២ពាន់ ៨រយមេហ្គាវ៉ាត់ នៅឆ្នាំ២០២០ ដែលចំនួននេះកើនឡើងជាង២០០មេហ្គាវ៉ាត់នៅឆ្នាំ២០១៩។
ប៉ុន្មានថ្ងៃមុនការប្រកាសគម្រោងបង្កើតទំនប់វារីអគ្គិសនីថ្មីទៀតនេះ លោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់របស់លោក បានវាយប្រហារដោយពាក្យសម្ដីធ្ងន់ៗទៅលើអ្នករិះគន់ដែលថា របបក្រុងភ្នំពេញយកលេសដាច់ភ្លើង ដើម្បីបង្កើតទំនប់វារីអគ្គិសនីបន្ថែមទៀត។
របបក្រុងភ្នំពេញ ក៏រងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ករណីគ្មានអគ្គិសនីគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ។ ប៉ុន្តែការរិះគន់ទាំងនោះ ត្រូវលោក ហ៊ុន សែន ថ្លែងព្រមានបកវិញ ដោយបញ្ជាឱ្យមន្ត្រីក្រោមឱវាទរបស់លោក ទៅផ្ដាច់ចរន្តអគ្គិសនីផ្ទះអ្នកវិភាគណាដែលនិយាយថា ការខ្វះខាតអគ្គិសនីប្រើប្រាស់ ដោយសារតែរបបក្រុងភ្នំពេញចង់បង្កើតទំនប់វារីអគ្គិសនីថ្មីទៀត៕