អ្នក​រង​ផល​ប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី​នៅ​ស្ទឹងត្រែង​ទាមទារ​ព័ត៌មាន​ជាក់​លាក់​ពី​សំណង

ប្រជា​សហគមន៍​ក្នុង​តំបន់​គម្រោង​អាង​ស្តុក​ទឹក​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ខេត្ត​ស្ទឹងត្រែង បាន​ទាមទារ​ឱ្យ​អាជ្ញាធរ​ផ្តល់​ព័ត៌មាន​ជាក់​លាក់​ពី​សំណង​នៃ​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ មុន​នឹង​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ទៅ​រស់​នៅ​ទីតាំង​ថ្មី។
លោក រដ្ឋា វិលាល
2013-12-10
Share
ទន្លេ​សេសាន​៣០៥ ៩-កុម្ភៈ-២០១០: អ្នក​ភូមិ​រស់​នៅ​តាម​ដង​ទន្លេ​សេសាន​ក្នុង​ខេត្ត​ស្ទឹងត្រែង ប្រើប្រាស់​ទឹក​ទន្លេ​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ។
Photo: RFA

ប្រជា​សហគមន៍​រស់​នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន នៅ​ថ្ងៃ​អង្គារ ទី​១០ ខែ​ធ្នូ សម្ដែង​ការ​ព្រួយ​បារម្ភ​ជា​ថ្មី ទៅ​នឹង​គម្រោង​ជម្លៀស​ពួក​គាត់​ពី​ភូមិ​ចេញ​ទៅ​តាំង​ទី​លំនៅ​ថ្មី ទាក់ទិន​នឹង​គម្រោង​សាងសង់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។

ការ​ព្រួយ​បារម្ភ​នេះ កើត​មាន​ឡើង​បន្ទាប់​ពី​ក្រុម​មន្ត្រី​អាជ្ញាធរ បាន​ធ្វើ​ការ​សិក្សា​ជា​ថ្មី កាល​ពី​ដើម​សប្ដាហ៍​នេះ ពី​ទីតាំង​ដែល​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​តាំង​ទី​លំនៅ​ថ្មី។

ប្រជា​សហគមន៍​រស់​នៅ​ភូមិ​ស្រែគរ លោក សុទ្ធ យើន បាន​ថ្លែង​ថា កន្លង​ទៅ​ក្រុម​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​ផ្តល់​ព័ត៌មាន​ជាក់​លាក់​ស្ដីពី​សំណង​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​នៅ​ឡើយ។ ហេតុ​នេះ ប្រជាពលរដ្ឋ​បដិសេធ​មិន​ទទួល​យក​គោលការណ៍​ប្ដូរ​ទី​លំនៅ​ទៅ​ទីតាំង​ផ្សេង​ឡើយ។ លោក​អះអាង​ថា កន្លង​ទៅ​នេះ​សហគមន៍​បាន​ស្នើ​ច្រើន​លើក ឲ្យ​អាជ្ញាធរ​ផ្តល់​ព័ត៌មាន​ជាក់​លាក់​ស្ដីពី​សំណង​ផល​ប៉ះពាល់ ប៉ុន្តែ​មិន​ឃើញ​មាន​ការ​ឆ្លើយ​តប៖ «តម្លៃ​ថ្លៃថ្នូរ​ផ្ទះ​សម្បែង​អី គ្រាន់​ថា មិន​ទាន់​សិក្សា​ឱ្យ​ជាក់​លាក់​នៅ​ឡើយ​ចេញ​មក ស្រាប់​តែ​ដូរ​ទីតាំង​ថ្មី! ខ្ញុំ​ឆ្ងល់​ណាស់?»

កាល​ពី​ខែ​វិច្ឆិកា ប្រជាពលរដ្ឋ ៨០​គ្រួសារ នៅ​ភូមិ​ស្រែគរ បាន​ស្នើសុំ​ឲ្យ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទើប​ជាប់​ឆ្នោត លោក ស៊ុន ឆ័យ ជួយ​ជំរុញ​ឲ្យ​រាជ​រដ្ឋាភិបាល​បញ្ឈប់​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ វិញ ដែល​បង្ក​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ។

ដូច​គ្នា​នេះ​ដែរ មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​គាំទ្រ​សំណើ​ពលរដ្ឋ។ ហេតុ​នេះ អាជ្ញាធរ ឬ​តំណាង​ក្រុមហ៊ុន​គួរ​តែ​ផ្តល់​ព័ត៌មាន​ជាក់​លាក់​ជូន​ប្រជាពលរដ្ឋ ដើម្បី​ធានា​ពិត​ប្រាកដ​ថា សំណង​ប៉ះពាល់​ពិត​ជា​ត្រូវ​បាន​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ត្រឹមត្រូវ៖ «ឃុំ​ស្រែគរ អា​លើក​ពី​ហេតុផល អា​លើក​ពី​សំណង​ជាក់​លាក់​មុន​សិន តើ​ប្រជាពលរដ្ឋ​ព្រម​ទទួល​យក​សំណង? តើ​ប្រជាពលរដ្ឋ​យល់​ព្រម​ហើយ​នៅ បាន​យើង​ទៅ​រក​ទីតាំង​ថ្មី​នោះ»

ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​រង​ខេត្ត​ស្ទឹងត្រែង លោក យ៊ូ បាសិទ្ធិ សម្ដែង​សុទិដ្ឋិនិយម​ថា ប្រជាពលរដ្ឋ​នឹង​ទទួល​បាន​សំណង​ផល​ប៉ះពាល់​ត្រឹមត្រូវ តាម​គោលការណ៍​សំណង​ដែល​បាន​កំណត់​ថា ផល​ប៉ះពាល់​ត្រូវ​បាន​សង​ស្មើ​ឬ​លើស។ លោក​បន្ត​ថា អាជ្ញាធរ​ពាក់ព័ន្ធ និង​ក្រុមហ៊ុន នឹង​ធ្វើ​ការ​ដោះស្រាយ​ជាក់​ស្ដែង​ជាមួយ​ពលរដ្ឋ ពាក់ព័ន្ធ​សំណង​ផល​ប៉ះពាល់​នេះ៖ «ជា​ការ​បារម្ភ​របស់​បង​ប្អូន អាជ្ញាធរ​ខេត្ត គឺ​ថា ទទួល​យក ហើយ​នឹង​ទទួល​ដឹង និង​កំពុង​តែ​ដោះស្រាយ​ហ្នឹង​ឯង គណៈកម្មការ​ខេត្ត​បង្កើត​ឆាប់ៗ​ហ្នឹង​ហើយ កំពុង​ព្រាង​ឆ្លង​ឯកឧត្តម​អភិបាល​ខេត្ត ទទួល​ដោះស្រាយ និង​ចូល​រួម​សម្រប​សម្រួល​រឿង​ហ្នឹង​យ៉ាង​ពេញ​សមត្ថភាព»

ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ មន្ត្រី​សម្រប​សម្រួល​អង្គការ​ទន្លេ​បី លោក មាច មៀន មាន​ប្រសាសន៍​បញ្ជាក់​ថា បទ​ពិសោធន៍​កន្លង​ទៅ ប្រជាពលរដ្ឋ​អ្នក​រង​ផល​ប៉ះពាល់​ស្ដីពី​ការ​វិនិយោគ​មួយ​ចំនួន​របស់​ក្រុមហ៊ុន មិន​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​គោលការណ៍​ផ្តល់​សំណង​នោះ​ឡើយ។ លោក​កត់​សម្គាល់​ថា រដ្ឋាភិបាល និង​ក្រុមហ៊ុន​វិនិយោគ គួរ​សិក្សា​កាត់​ផល​ប៉ះពាល់​បន្ថែម​ទៀត​ពី​គម្រោង​អភិវឌ្ឍន៍​ទំនប់​សេសាន​ក្រោម​ពីរ​នេះ ជាពិសេស​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា ផល​ប៉ះពាល់​ពិត​ជា​ត្រូវ​បាន​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន​ត្រឹមត្រូវ៖ «ទោះ​បី​ជា​មេ​ឃុំ ឬ​ក៏​សហគមន៍​ដែល​នៅ​ក្នុង​តំបន់​ហ្នឹង គាត់​អត់​ទាន់​ដឹង​ទទួល​ច្បាស់​ពី​គោលការណ៍​សំណង​ស្អី​ច្បាស់​លាស់ អ៊ីចឹង​វា​ធ្វើ​ឱ្យ​គាត់​មន្ទិល​តែ​រហូត អ៊ីចឹង! តែ​មិន​ដឹង​ថា នរណា​ទទួល​ខុស​ត្រូវ​នូវ​ការ​ដោះស្រាយ​ច្បាស់​លាស់?»

តាម​ការ​គ្រោង​ទុក នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ តំណាង​សហគមន៍​អ្នក​រង​ផល​ប៉ះពាល់​ស្ដីពី​គម្រោង​សាងសង់​ទំនប់​សេសាន​ក្រោម​ពីរ នឹង​នាំ​យក​ញត្តិ​ដាក់​ជូន​មន្ត្រី​ស្ថានទូត​ចិន ប្រចាំ​កម្ពុជា សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ដក​ក្រុមហ៊ុន​ចិន វិនិយោគ​ទំនប់​សេសាន​ក្រោម​ពីរ និង​បញ្ឈប់​គម្រោង​សាងសង់​ទំនប់​ស្រែពក​៣ និង​សេសាន​ក្រោម​បី នៅ​ខេត្ត​រតនគិរី និង​សុំ​ជួប​ផ្ទាល់​ជាមួយ​មន្ត្រី​ស្ថានទូត​ចិន ដើម្បី​បញ្ជាក់​ពី​មូលហេតុ​នៃ​សំណើ​សុំ​របស់​សហគមន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។