បណ្ដាញ​យុវជន​កម្ពុជា​ស្នើ​សុំ​ក្រុមហ៊ុន​បំភ្លឺ​គម្រោង​សង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​អារ៉ែង

ដោយ ខែ សុណង
2014.05.08

បណ្ដាញ​យុវជន​កម្ពុជា បាន​ដាក់​សំណើ​ទៅ​ក្រុមហ៊ុន ស៊ីណូហាយត្រូ (Sinohydro) ឲ្យ​បំភ្លឺ​ជុំវិញ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​ស្ទឹង​អារ៉ែង ស្រុក​ថ្មបាំង ខេត្ត​កោះកុង។

ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា លោក ទឹម ម៉ាឡៃ ថ្លែង​នៅ​ថ្ងៃ​ទី​៨ ឧសភា ថា បណ្ដាញ​យុវជន និង​ចលនា​មាតា​ធម្មជាតិ ព្រម​ទាំង​ក្រុម​ការងារ​អភិរក្ស​ធនធាន​ធម្មជាតិ បាន​ជ្រើស​យក​ថ្ងៃ​ទី​១២ ខែ​ឧសភា ដើម្បី​ជួប​ពិភាក្សា​វែក​ញែក​អំពី​ផល​ប៉ះពាល់​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​ស្ទឹង​អារ៉ែង​នេះ។

លោក​ថា ក្រុមហ៊ុន​បាន​ទទួល​យក​លិខិត​របស់​ពួកគេ​ហើយ ប៉ុន្តែ​នៅ​ពុំ​ទាន់​ឆ្លើយតប​ចំពោះ​សំណើ​សុំ​ជួប​ពិភាក្សា​នេះ​នៅ​ឡើយ​ទេ៖ «មូលហេតុ​ចម្បង​ដែល​ត្រូវ​ដាក់​ទៅ​ក្រុមហ៊ុន បើ​សិន​ជា​ក្រុមហ៊ុន​ពិត​ជា​ក្រុមហ៊ុន​ស្មោះ​ត្រង់ ក្រុមហ៊ុន​មួយ​ដែល​គោរព​ច្បាប់​ប្រទេស​កម្ពុជា គោរព​នូវ​ច្បាប់​ទាក់ទង​នឹង​ការ​សាង​សង​ជាមុន​នោះ ត្រូវ​ចុះ​ពិគ្រោះ​យោបល់។ យើង​ចង់​សួរ​មតិ​យោបល់​ជាមួយ​គាត់ ព្រោះ​យើង​មាន​សំណួរ​ច្រើន​ពេល​ដែល​ប្រជុំ​ជាមួយ​ក្រសួង គាត់​អត់​បាន​ឆ្លើយ​ទេ គាត់​ចាត់​ទុក​ថា សំណួរ​របស់​យើង​ជា​សំណួរ​កូន​ក្មេង។ ចង់​ឲ្យ​ក្រុមហ៊ុន​គាត់​បំភ្លឺ​ឲ្យ​ច្បាស់​មើល​តើ គាត់​មាន​ជំហរ​បែប​ណា​ទៅ​លើ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​បន្ត​ឬ​ចុះ​សិក្សា​ហ្នឹង»

កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា ក្រសួង​រ៉ែ និង​ថាមពល តំណាង​ក្រុមហ៊ុន​ស៊ីណូហាយត្រូ ព្រម​ទាំង​បណ្ដាញ​យុវជន និង​ចលនា​មាតា​ធម្មជាតិ បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ព្រម​ទាំង​ក្រុម​ការងារ​អភិរក្ស​ធនធាន​ធម្មជាតិ បាន​ជួប​ពិភាក្សា​គ្នា​ម្ដង​រួច​មក​ហើយ ប៉ុន្តែ​បណ្ដាញ​យុវជន​បាន​រិះគន់​ថា ភាគី​ក្រុមហ៊ុន​មិន​ឆ្លើយ​សំណួរ​របស់​ពួកគេ ហើយ​ក្រសួង​ជា​អ្នក​ឆ្លើយ​ជំនួស​រហូត។ គម្រោង​សាងសង់​ទំនប់​នេះ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា រង​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​ជិត ៥០០​គ្រួសារ។ ប៉ុន្តែ​របាយការណ៍​ក្រសួង​រ៉ែ និង​ថាមពល ថា​ប៉ះពាល់​ពលរដ្ឋ​ជាង ៣០០​គ្រួសារ ក្នុង​ឃុំ​ចំនួន​៣ គឺ​ឃុំ​ប្រឡាយ ឃុំ​ជុំនាប់ និង​ឃុំ​ថ្មដូនពៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។