សកម្មភាព​ជី​កកាយ​រុករក​រ៉ែ​ត្បូង​អនាធិបតេយ្យ​នៅ​រតនគិរី​បន្ត​កើន​ឡើង

ដោយ រដ្ឋា វិសាល
2014-07-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​អ្នក​ជីក​រក​ត្បូង​នៅ​ចំការ​កៅស៊ូ​រដ្ឋ​ឃុំ​ឡាមិញ ស្រុក​បរកែវ ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​៥ កក្កដា ២០១៤។
សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​អ្នក​ជីក​រក​ត្បូង​នៅ​ចំការ​កៅស៊ូ​រដ្ឋ​ឃុំ​ឡាមិញ ស្រុក​បរកែវ ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​៥ កក្កដា ២០១៤។
Adhoc Photo

សកម្មភាព​ជីក​កកាយ​រុករក​រ៉ែ​ត្បូង​អនាធិបតេយ្យ​ក្នុង​ដី​ចម្ការ​កៅស៊ូ​រដ្ឋ នៅ​ខេត្ត​រតនគិរី នៅ​តែ​បន្ត​កើត​មាន បើ​ទោះ​បី​ក្រុម​សមត្ថកិច្ច​ចុះ​បង្ក្រាប និង​រឹប​អូស​គ្រឿង​សម្ភារៈ​ពី​អ្នក​ប្រព្រឹត្តិ​ល្មើស​ក៏ដោយ។ ក្រុម​ប្រជាពលរដ្ឋ​ជា​អតីត​ក្រុម​សាមគ្គី និង​តំណាង​ក្រុមហ៊ុន​វិនិយោគ​ចម្ការ​កៅស៊ូ​តំបន់​នោះ រិះគន់​ចំណាត់​ការ​បង្ក្រាប​របស់​ក្រុម​សមត្ថកិច្ច។

អ្នក​រុករក​រ៉ែ​អនាធិបតេយ្យ​ជា​ក្រុមៗ​ប្រមាណ ២០ ទៅ ៣០​នាក់ បាន​នាំ​គ្នា​ទៅ​ជីក​កកាយ​រក​ត្បូង​ជា​ថ្មី​ទៀត បន្ទាប់​ពី​ក្រុម​សមត្ថកិច្ច​ស្រុក​បរកែវ បាន​បណ្ដេញ​កម្មករ​ប្រមាណ​ជាង ១០០​នាក់ កាល​ពី​ដើម​សប្ដាហ៍។

សកម្មភាព​ជីក​រក​ត្បូង​នៅ​ពេល​នេះ គឺ​ក្រុម​អ្នក​ជីក​ត្បូង​បាន​លួច​ចូល​ទៅ​តំបន់​ជីក​ត្បូង​ជា​ក្រុម​តូចៗ និង​ជីក​កកាយ​ដី​ក្នុង​សភាព​លួច​លាក់ ហើយ​ពេល​ខ្លះ​ពួក​គេ​ជីក​ត្បូង​នៅ​វេលា​យប់។

ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ បាន​ហៅ​សកម្មភាព​ជីក​រ៉ែ​ត្បូង​អនាធិបតេយ្យ​នេះ ថា​កំពុង​បន្ត​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន​ដី​ចម្ការ​កៅស៊ូ និង​ដើម​កៅស៊ូ ជាពិសេស​បន្សល់​ចោល​នូវ​រណ្ដៅ​ជ្រៅៗ ដូច​អណ្ដូង​នៅ​ក្នុង​បរិវេណ​ដី​ចម្ការ​កៅស៊ូ ដែល​អតីត​សមាជិក​ក្រុម​សាមគ្គី​ចម្ការ​កៅស៊ូ​កំពុង​ប្ដឹង​តវ៉ា​តាម​ផ្លូវ​តុលាការ ទាមទារ​ចម្ការ​កៅស៊ូ​នោះ​កាត់​ចេញ​ពី​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន ស្វីហ្វ រ៉ាប់បឺរ ផ្លិនតេសិន (Swift Rubber Plantation)។

ប្រជាពលរដ្ឋ​ដដែល​កត់​សម្គាល់​ថា សមត្ថកិច្ច​ប៉ូលិស​នៅ​តំបន់​នោះ មិន​បាន​យក​ចិត្ត​ទុក​ដាក់​បង្ក្រាប​ដើម្បី​ថែរក្សា​ផ្នែក​បរិស្ថាន និង​ធនធាន​រ៉ែ​មាន​តម្លៃ​នៅ​តំបន់​នោះ​ឡើយ៖ «យប់​ក៏​មាន​ចូល​ដែរ គ្រាន់​តែ​ចុះ​ទៅ​ចាំងៗ​មើល កាយៗ​មើល​ក្នុង​រណ្ដៅ​ហ្នឹង​ណា។ ពេល​ថ្ងៃ​ម្សិលមិញ​ច្រើន​នៅ​ពេញ​ព្រៃ​យើង​ពិបាក​ស្មាន ហើយ​នៅ​តែ​ទៅ​រាល់​ថ្ងៃ​គ្រាន់​តែ​ច្រើន​ឬ​តិច»

កាល​ពី​សប្ដាហ៍​មុន សមាជិក​ក្រុម​សាមគ្គី​ទី​៧ មាន​ទីតាំង​នៅ​ភូមិ​ត្រំ ឃុំ​ឡាមិញ លោក ស៊ិន ប៊ុនថែន បាន​ចោទ​ប្រកាន់​មេការ​ក្រុមហ៊ុន ស្វីហ្វ រ៉ាប់បឺរ ផ្លិនតេសិន ពីរ​នាក់​មាន​ឈ្មោះ ផា និង វុធ បាន​ឃុបឃិត​ជាមួយ​ដង្ខៅ​ត្បូង​ម្នាក់​ឈ្មោះ ផល រស់នៅ​ភូមិ​ត្រំ គឺ​ជា​អ្នក​ចលនា​ឲ្យ​កម្មករ​ទៅ​ជីក​ត្បូង។ ដង្ខៅ​ត្បូង​នោះ ក៏​ជា​អ្នក​ផ្គត់ផ្គង់​សម្ភារៈ​រក​ត្បូង​ទៅ​ឲ្យ​កម្មករ ហើយ​ពួក​គេ​ចាំ​ប្រមូល​ទិញ​ត្បូង​នោះ​វិញ ក៏ប៉ុន្តែ​តំណាង​ក្រុមហ៊ុន និង​មន្ត្រី​ប៉ូលិស បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់។ ក្រុមហ៊ុន​អះអាង​ថា កំពុង​ប្រឈម​ទៅ​នឹង​ការ​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​រុករក​ត្បូង​នោះ​ដែរ។ ចំណែក​អធិការ​ប៉ូលិស​ស្រុក​អះអាង​ដែរ​ថា ប្រជាពលរដ្ឋ​នៅ​ភូមិ​ចំនួន​បី​ក្បែរ​ដី​ចម្ការ​កៅស៊ូ គឺ​ជា​អ្នក​រុករក​ត្បូង​ជា​លក្ខណៈ​គ្រួសារ។

ប្រធាន​រដ្ឋបាល​ក្រុមហ៊ុន ស្វីហ្វ រ៉ាប់បឺរ លោក និន បូរិន ទទួល​ស្គាល់​ថា ការ​បង្ក្រាប​សកម្មភាព​ជីក​ត្បូង​អនាធិបតេយ្យ​នៅ​តំបន់​នោះ ធ្វើ​ឡើង​ដូច​វែក​ចក​អ៊ីចឹង។ លោក​បន្ត​ថា ក្រុមហ៊ុន​បាន​ធ្វើ​របាយការណ៍​សុំ​អន្តរាគមន៍​ទប់ស្កាត់​ករណី​នេះ​ពី​អាជ្ញាធរ​ខេត្ត ក៏ប៉ុន្តែ​ចំណាត់​ការ​បង្ក្រាប​មិន​មាន​ប្រសិទ្ធភាព៖ «យើង​គ្រាន់​តែ​បាន​ដេញៗ​អ៊ីចឹង ប៉ុន្តែ​គេ​ចេះ​តែ​មក​ដដែលៗ​ដូច​លេង​បិទ​ពួន​អ៊ីចឹង។ អាជ្ញាធរ​ខេត្ត​គាត់​គ្មាន​វិធានការ​អ្វី​មួយ​ទប់ស្កាត់​សោះ ព្រោះ​យើង​រាយការណ៍​ទៅ​អស់​ហើយ»

កាល​ពី​ថ្ងៃ​ទី​៥ ខែ​កក្កដា ក្រុម​សមត្ថកិច្ច​ប៉ូលិស និង​អាវុធហត្ថ​ស្រុក​បរកែវ បាន​ចុះ​ដក​ហូត​គ្រឿង​សម្ភារៈ​ជីក​ត្បូង​ប្រមាណ ១០​កន្លែង​ក្នុង​ចំណោម​កម្មករ​ជាង ១០០​នាក់ កំពុង​ជីក​រណ្ដៅ​ត្បូង​ច្រើន​កន្លែង​ផ្សេង​ទៀត ក៏ប៉ុន្តែ​មិន​ឃើញ​មាន​ចាប់​ខ្លួន​ជន​ណា​ម្នាក់​ឡើយ។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (adhoc) ខេត្ត​រតនគិរី លោក ឆាយ ធី បញ្ជាក់​ដែរ​ថា លោក​បាន​ផ្តល់​របាយការណ៍​ពី​សកម្មភាព​កម្មករ​ចូល​ទៅ​ជីក​ត្បូង​ថ្មី​នេះ ជូន​អាជ្ញាធរ​ខេត្ត​រួច​ហើយ។ លោក​ថ្លែង​ថា អាជ្ញាធរ​ខេត្ត​គួរ​ប្រញាប់​ចាត់​វិធានការ​ទប់ស្កាត់ កុំ​ឲ្យ​ករណី​នេះ​រាល​ដាល​ច្រើន​ថែម​ទៀត៖ «បាន​សាកសួរ​កម្មករ​ជាច្រើន គេ​ថា​គេ​ជីក​មាន​មេ​របស់​គេ​ឲ្យ​ជីក។ អាជ្ញាធរ​សមត្ថកិច្ច​កន្លង​មក​ចុះ​បង្ក្រាប​ទៅ​ដេញ​ឲ្យ​ចេញ​ទេ មិន​មាន​ចេតនា​ចាប់​កម្មករ​ណា​ម្នាក់​សួរ​រក​មេខ្លោង​ឲ្យ​បាន​ច្បាស់​លាស់​ទេ»

ទាក់ទង​ករណី​នេះ​ដែរ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​រតនគិរី លោក ហ៊ុន ប៊ុនថាន ចាត់​ទុក​សកម្មភាព​រុករក​រ៉ែ​អនាធិបតេយ្យ​នេះ គឺ​ជា​សកម្មភាព​ខុស​ច្បាប់។ លោក​អំពាវនាវ​សុំ​ឲ្យ​រួម​គ្នា​ថែរក្សា​ធនធាន​ធម្មជាតិ ទ្រព្យ​សម្បត្តិ​ជាតិ ជាពិសេស​អាជ្ញាធរ​ត្រូវ​ទប់ស្កាត់​សកម្មភាព​អនាធិបតេយ្យ​នេះ៖ «ឥឡូវ​ហ្នឹង​យើង​ដឹង​ហើយ យើង​ស្រាវជ្រាវ​ទៅ​ដូច​អាស៊ីសេរី ផ្សាយ​ពី​មុន​ដែរ ប៉ុន្តែ​វា​មិន​ដល់​ប៉ុណ្ណឹង​ទេ វា​គ្រាន់​តែ​ម្ភៃ​សាមសិប​នាក់​តែ​ប៉ុណ្ណឹង​ឯង»

ដី​ចម្ការ​កៅស៊ូ​រដ្ឋ​នៅ​ភូមិ​ត្រំ ៣០​ហិកតារ ត្រូវ​គេ​សន្និដ្ឋាន​ថា​ជា​តំបន់​មាន​ត្បូង។ បច្ចុប្បន្ន ដី​ពីរ​ហិកតារ ត្រូវ​គេ​ជីក​កកាយ​រក​ត្បូង បន្សល់​រណ្ដៅ​ជ្រៅៗ​បង្ក​គ្រោះថ្នាក់​ពាស​ពេញ​ដី​ចម្ការ​កៅស៊ូ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល