បទល្មើស​នេសាទ​នៅ​ខេត្ត​កំពង់ឆ្នាំង​នៅ​តែ​បន្ត​កើត​មាន

ដោយ ជិន ជេដ្ឋា
2017.02.03
បទល្មើស​នេសាទ កំពង់ឆ្នាំង ៦២០ របាំង​សាច់​អួន​ក្រឡា​ញឹក​ដែល​ក្រុម​ឈ្មួញ និង​ពលរដ្ឋ​មាន​ធនធាន​ដាក់​នៅ​ក្នុង​ទឹក​ដី​ឃុំ​ពោធិ៍ និង​ឃុំ​កំពង់ហាវ ស្រុក​កំពង់លែង ខេត្ត​កំពង់​ឆ្នាំង។ រូបថត​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៤
RFA/Chin Chetha

អាជ្ញាធរ​អះអាង​ថា បទល្មើស​នេសាទ​នៅ​ក្នុង​បឹង​ទន្លេ​សាប នៃ​ខេត្ត​កំពង់ឆ្នាំង នឹង​ត្រូវ​បោស​សម្អាត​អស់​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ទៀត ហើយ​សមត្ថកិច្ច​ជំនាញ​នឹង​ជិះ​ទូក​ល្បាត​តាម​ទីតាំង​ដែល​ធ្លាប់​មាន​បទល្មើស​ក្រែង​កើត​ឡើង​វិញ។ តំណាង​សហគមន៍​នេសាទ​ទទួល​ស្គាល់​ថា បទល្មើស​ផ្សេងៗ ពិត​ជា​មាន​ការ​ថយ​ចុះ ប៉ុន្តែ​បទល្មើស​ដាក់​សម្រាស់​បន្ត​កើត​មាន​ច្រើន​គួរ​ឲ្យ​បារម្ភ។

ទន្ទឹម​នឹង​ការ​ស្វាគមន៍​របស់​ពលរដ្ឋ និង​តំណាង​សហគមន៍​នេសាទ លើ​វិធានការ​ម៉ឺងម៉ាត់​របស់​មន្ត្រី​មាន​សមត្ថកិច្ច​ដែល​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។ ក្រុម​ពលរដ្ឋ​ស្នើ​ឲ្យ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន បង្កើត​យន្តការ​អប់រំ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលាយ​ស្ដី​ពី​ទោស​ទណ្ឌ ឬ​ការ​អភិរក្ស​ធនធាន​មច្ឆាជាតិ​ដល់​ពលរដ្ឋ ជា​ពិសេស​អ្នក​ភូមិ​ដែល​រស់​នៅ​តាម​មាត់​បឹងទន្លេសាប។

អនុ​ប្រធាន​សហព័ន្ធ​នេសាទ​ប្រចាំ​តំបន់​១៤ ឬ​អតីត​ឡូត៍​នេសាទ​១៤ ក្នុង​ស្រុក​ជលគីរី ខេត្ត​កំពង់ឆ្នាំង លោក ឌុល ប៊ុនថា ថ្លែង​នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ថា ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន ពលរដ្ឋ​ក៏​រងគ្រោះ ចំណែក​ធនធាន​មច្ឆាជាតិ​ក៏​ហិនហោច​ស្ទើរ​អស់ ខណៈ​អ្នក​ស្រុក​ជា​ច្រើន​នៅ​បន្ត​នាំ​គ្នា​កាប់​ព្រៃ​លិចទឹក​ទៅ​ធ្វើ​សម្រាស់​ដាក់​យក​ត្រី​ក្នុង​ទន្លេ ដោយ​ពុំ​មាន​ការ​ទប់ស្កាត់ ឬ​អប់រំ​ពលរដ្ឋ​ឲ្យ​មាន​ការ​យល់​ដឹង៖ «មាន​តែ​កម្លាំង​សមត្ថកិច្ច​អី​ចុះ​មក​ព្រោងព្រាត ប៉ុន្តែ​ពលរដ្ឋ​មួយ​ចំនួន​នៅ​តាម​មូលដ្ឋាន​ខ្ញុំ​អត់​ទាន់​បាន​យល់​ដឹង​ទេ។ ខ្ញុំ​សូម​ឲ្យ​មុន​នឹង​យើង​ធ្វើ​អី​កុំ​ឲ្យ​ប្រជា​ជន​យើង​ខាត​បង់​ខ្ញុំ​ចង់​បាន​អ៊ីចឹង ថា​ឥឡូវ​គេ​មិន​ឲ្យ​ដាក់​សម្រាស់​ទៀត​ទេ គួរ​តែ​មាន​ការ​ផ្សព្វផ្សាយ​ជា​ទូលំទូលាយ អត់​ចង់​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​អី​ទេ យើង​ចង់​ឲ្យ​មាន​ការ​ជួប​ប្រជុំ​ជាមួយ​សហគមន៍​តាម​មូលដ្ឋាន​តែ​ម្ដង»

ច្បាប់​ស្ដីពី​ជលផល​មាត្រា​២០ ចំណុច​ទី​៣ បាន​ហាមឃាត់​ដាច់​ខាត​ចំពោះ​ការ​នេសាទ​ដោយ​ដាក់​សម្រាស់ ឬ​មធ្យោបាយ​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​ត្រី ឬ​វារី​សត្វ​កុំ។ ចំពោះ​ទោស​បញ្ញត្តិ​នៃ​អំពើ​ល្មើស​នេះ​នៅ​ក្នុង​មាត្រា​១០០ នៃ​ច្បាប់​ជលផល​ចែង​ថា ត្រូវ​ផ្ដន្ទាទោស​ក្រោម​បទល្មើស​ជលផល​ថ្នាក់​ទី​២ ដែល​ត្រូវ​ដាក់​ពន្ធនាគារ​ពី​មួយ​ឆ្នាំ​ទៅ​បី​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ប្រាំ​លាន​រៀល ទៅ​ហាសិប​លាន​រៀល។

ខេត្ត​កំពង់ឆ្នាំង និង​កំពង់ធំ គឺ​ជា​ពីរ​ក្នុង​ចំណោម​៥ ដែល​ជាប់​បឹង​ទន្លេ​សាប ហើយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ពិនិត្យ​ឃើញ​ថា នៅ​សេសសល់​បទល្មើស​នេសាទ​ច្រើន​ជាង​ខេត្ត​ផ្សេងៗ​ដែល​ជាប់​បឹង​ទន្លេសាប។ លោក ស ខេង បាន​ជិះ​អេលីកុបទែរ​ពិនិត្យ​មើល​បទល្មើស បន្ទាប់​ពី​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ទប់​ស្កាត់ និង​បង្ក្រាប​បទល្មើស​លើ​ផ្ទៃ​បឹង​ទន្លេសាប កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦។

ចំពោះ​បទល្មើស​ដាក់​សម្រាស់​នៅ​ក្នុង​ទន្លេ​ដែល​តំណាង​សហគមន៍​អះអាង​ថា នៅ​បន្ត​កើត​មាន​ព្រោងព្រាត​នោះ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង លោក ងិន ហ៊ុន បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជំនាញ កំពុង​រៀបចំ​គម្រោង​ចុះ​ទប់ស្កាត់ និង​អប់រំ​ផ្សព្វផ្សាយ​ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​ថ្នាំងថ្នាក់​ចិត្ត​នឹង​អាជ្ញាធរ​ចំពោះ​បញ្ហា​នេះ ខណៈ​បទល្មើស​ផ្សេងៗ​បង្ក្រាប​បាន​ស្ទើរ​ទាំង​ស្រុង​ហើយ៖ «បើ​គាត់​មក​តវ៉ា ឬ​តតាំង យើង​គ្រាន់​តែ​ពិន័យ​ជា​ប្រាក់​ទេ ប៉ុន្តែ​ក្រោយ​ពី​សមត្ថកិច្ច​យើង​រើរុះ​អស់​ទៅ​អត់​មាន​ម្ចាស់​របាំង​ណា​មក​តវ៉ា​អី​ទេ អ៊ីចឹង​យើង​រឹប​អូស​វត្ថុតាង​ហ្នឹង​មក​ដុត​កម្ទេច​ចោល។ ដោយ​ឡែក​សម្រាស់​ឯកឧត្ដម​អភិបាល​ខេត្ត កំពុង​រៀបចំ​យន្តការ​មួយ​ធ្វើ​ការ​សម្អាត​សម្រាស់​ហ្នឹង​ឲ្យ​វា​ស្អាត ប៉ុន្ដែ​កុំ​ឲ្យ​មាន​ជម្លោះ​ជាមួយ​ប្រជាពលរដ្ឋ»

លោក ងិន ហ៊ុន បន្ថែម​ថា រយៈ​ពេល​បួន​ថ្ងៃ​ចុង​ក្រោយ​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​បង្ក្រាប​បទ​ល្មើស​ដាក់​លូ​ស្បែ​មុង និង​របាំង​សាច់​អួន​នៅ​តាម​ទីតាំង​ធ្លាប់​មាន​បទល្មើស​ច្រើន​នៅ​ស្រុក​កំពង់លែង បរិបូរណ៍ និង​ស្រុក​ជលគីរី បាន​ចំនួន ១៤៧​កន្លែង ស្មើ​នឹង​របាំង​សាច់​អួន​ជិត ៣​ម៉ឺន​ម៉ែត្រ។ លោក​ថា ក្នុង​ប្រតិបត្តិការ​នេះ​ពុំ​បាន​ចាប់​ពលរដ្ឋ​ល្មើស​ច្បាប់​ណា​ម្នាក់​ដាក់​គុក ឬ​បញ្ជូន​ទៅ​តុលាការ​នោះ​ទេ។

ប្រធាន​មន្ទីរ​រូប​នេះ​អះអាង​ថា ក្រុម​ការងារ​ថ្នាក់​ខេត្ត​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​បាន​ជាង ៨០% ហើយ​មុន​នឹង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ថ្នាក់​ជាតិ​ចុះ​មក​បង្ក្រាប​បន្ថែម។ ការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​នេះ អាច​នឹង​សម្អាត​បទល្មើស​សំខាន់ៗ អស់​ពី​ផ្ទៃ​បឹង​ទន្លេសាប ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ខាង​មុខ​ទៀត ហើយ​ក្រុម​ការងារ​ថ្នាក់​ខេត្ត នឹង​ចុះ​ឃ្លាំមើល​តាម​ទីតាំង​ចាស់ៗ​ដែល​បង្ក្រាប​រួច​ក្រែង​កើត​មាន​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។