"អាជ្ញាធរ​មិន​សហការ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ក្នុង​តំបន់​រ៉ាំសា​ខែត្រ​ស្ទឹងត្រែង"

ដោយ ហេង សកល
2018-02-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រជា​នេសាទ​នៅ​ខែត្រ​ស្ទឹងត្រែង កំពុង​នេសាទ​ត្រី​នៅ​ទន្លេ​មេគង្គ ក្បែរ​ស្ពាន​មេគង្គ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៧។
ប្រជា​នេសាទ​នៅ​ខែត្រ​ស្ទឹងត្រែង កំពុង​នេសាទ​ត្រី​នៅ​ទន្លេ​មេគង្គ ក្បែរ​ស្ពាន​មេគង្គ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៧។
RFA/Men Sothyr

តំបន់​រ៉ាំសា ឬ​ហៅថា តំបន់​ដី​សើម​នៅ​តាម​ដង​ទន្លេ​មេគង្គ ក្នុងស្រុក​ថាឡាបរិវ៉ាត់ និង​ក្រុង​ស្ទឹងត្រែង នៃ​ខែត្រ​ស្ទឹងត្រែង កំពុង​ទទួលរង​ឥទ្ធិពល​អវិជ្ជមាន​ធ្ងន់ធ្ងរ ដោយ​ក្រុម​ជនល្មើស​ជាច្រើន​ក្រុម​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់ ចាប់​ត្រី​មេ​ពូជ​នៅ​តំបន់​នោះ​យ៉ាង​ពេញទំហឹង។ សហគមន៍​ថា កិច្ចសហការ​ទប់ស្កាត់​បទល្មើស​នេសាទ​រវាង​សមត្ថកិច្ច ឆ្មាំ​អភិរក្ស និង​សហគមន៍​នៅ​មាន​រអាក់រអួល​នៅឡើយ បង្ក​ឲ្យ​ជនល្មើស​នៅ​តែ​មាន​ឱកាស​លួច​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់ នៅ​ទីតាំង​ជម្រក​ត្រី​កម្រ​រស់នៅ និង​ពង​កូន។

សហគមន៍​នេសាទ​រស់នៅ​ស្រុក​ថាឡាបរិវ៉ាត់ និង​សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ឲ្យ​ដឹង​នៅ​ថ្ងៃទី១២ កុម្ភៈ ថា បទល្មើស​នេសាទ​នៅ​តំបន់​រ៉ាំសា​នោះ ពុំ​ថយ​ចុះ​ទេ បើ​ទោះ​បី​ជា​ក្រសួង​បរិស្ថាន បាន​បញ្ជូន​ឆ្មាំ​អភិរក្ស ១៥​នាក់ ចុះ​ល្បាត​នៅ​តំបន់​អភិរក្ស​ជីវចម្រុះ ក្នុង​មួយ​ខែ ១០​ថ្ងៃ​យ៉ាង​ណា​ក្តី។ ពួកគាត់​អះអាង​ទៀត​ថា ក្រុម​ជនល្មើស​នៅតែ​លួច​ឆក់​ត្រី​នៅ​តំបន់​សំខាន់ៗ ដែល​ត្រី​មេ​ពូជ​ឆ្លងកាត់ និង​ពង​កូន។

ប្រធាន​អន្លង់​អភិរក្ស​បង្គោល​លេខ​៤១ ទន្លេ​មេគង្គ សង្កាត់​សាមគ្គី លោក ផែន សុជាតិ ឲ្យ​ដឹង​ថា ឆ្មាំ​អភិរក្ស​របស់​មន្ទីរ​បរិស្ថាន មិន​បាន​សហការ​បង្ក្រាប​បទល្មើស​នេសាទ​ជាមួយ​សហគមន៍​នោះ​ទេ បណ្ដាល​ឲ្យ​បទល្មើស​ទ្រង់ទ្រាយ​ធំ នៅតែ​កើត​មាន​គគ្រឹកគគ្រេង ដ្បិត​តំបន់​ការពារ​ធម្មជាតិ​នោះ ធំធេង​មាន​ផ្ទៃដី​រាប់​ម៉ឺន​ហិកតារ រហូតដល់​ព្រំប្រទល់​ប្រទេស​ឡាវ។ លោក​ថា ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន អាច​នឹង​មិន​ស្គាល់​ទីតាំង​សំខាន់ៗ ដែល​ជនល្មើស​លួច​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់ ខណៈ​សហគមន៍​នេសាទ បាន​កំណត់​ទីតាំង​មួយ​ចំនួន ដែល​សំបូរ​ត្រី​មេ​ពូជ​រស់នៅ និង​ពង​កូន ដែល​ជនល្មើស​តែងតែ​ធ្វើ​សកម្មភាព​ឆក់​ក្ដៅ និង​ត្រជាក់​នៅ​ពេល​យប់៖ «ឧបករណ៍​ឆក់​ត្រជាក់ និង​ឆក់​ក្ដៅ ឥឡូវ​មាន​បច្ចេកទេស​ទំនើប ចម្ងាយ ៥០​ម៉ែត្រ​បួន​ជ្រុង​មក​ចាប់​បាន​ទៀត។ ឥឡូវ​ចង់​ដាច់​ហើយ ក្រ​ទៅ​ក្រ​ទៅ ពី​ដើម​យើង​ដាក់មង​មុខ​ផ្ទះ​បាន ៤ ទៅ ៥​គីឡូក្រាម ហូប​ដែរ។ បើ​យើង​មិន​ចូលរួម​ឈឺចាប់​ទាំងអស់​គ្នា​ទេ បទល្មើស​មិន​ថយ​ទេ វា​អាច​បាត់បង់​សូន្យ​ពូជ​ទាំងអស់»

បុរស​ដដែល​បន្ថែម​ថា ឧបករណ៍​នេសាទ ដែល​ក្រុម​ជនល្មើស​ប្រើ អាច​មាន​លទ្ធភាព​ចាប់​ត្រី​ក្នុង​ទន្លេ​បាន​រាប់​រយ​គីឡូ​ក្នុង​មួយ​យប់ៗ បង្ក​ឲ្យ​បាត់បង់​ត្រី​មេ​ពូជ និង​ត្រី​កម្រ​ក្នុង​តំបន់ ខណៈ​តំបន់​នោះ សំបូរ​ដោយ​ព្រៃ​លិច​ទឹក ដែល​ជា​ជម្រក​ត្រី​ពង​កូន ក្នុង​ទន្លេ​មេគង្គ​ទាំងមូល​រស់នៅ និង​បង្ក​កំណើត។ លោក​សង្កេត​ឃើញ​ថា ធនធាន​ជលផល​កាន់តែ​ថយ​ចុះ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ រីឯ​ត្រី​កម្រ​មួយ​ចំនួន ក៏​គេ​ពុំ​ឃើញ​អ្នក​នេសាទ​ចាប់​វា​បាន​ដែរ​នៅ​ឆ្នាំនេះ៖ «កម្លាំង​ឧទ្យានុរក្ស​គាត់​ធ្វើ​ការ​មិន​ធ្វើ​ការ​សហការ​ជាមួយ​សហគមន៍​ទេ។ គ្នា​គាត់ ៤ ទៅ ៥​នាក់ មិន​អាច​គ្រប់គ្រង​តំបន់​អភិរក្ស​នេះ​បានទេ ព្រោះ​ទីតាំង​វា​ធំ រាប់​ម៉ឺន​ហិកតារ​ដែរ»

មេភូមិ​ខាំផាន់ សង្កាត់​សាមគ្គី លោក អន ជួន ទទួលស្គាល់​ថា បទល្មើស​នេសាទ​នៅ​តំបន់​រ៉ាំសា​កើត​មាន​ច្រើន ក៏ប៉ុន្តែ​អាជ្ញាធរ​កំពុង​សហការ​ជាមួយ​អង្គការ​សេប៉ា ដែល​មាន​គម្រោង​អភិរក្ស​ជីវចម្រុះ​ជាមួយ​សហគមន៍​មូលដ្ឋាន​ផ្ទាល់។ លោក​ថា កិច្ចសហការ​បង្ក្រាប​បទ​ល្មើស​នេសាទ នៅ​មាន​ចន្លោះ​ប្រហោង​ច្រើន ខណៈ​សហគមន៍ ឆ្មាំ​អភិរក្ស និង​សមត្ថកិច្ច​មិនបាន​សហការ​ល្អ​នោះ​ទេ ហេតុនេះ​អាជ្ញាធរ​មូលដ្ឋាន​កំពុង​រក​មធ្យោបាយ​ពិភាក្សា​បញ្ហា​នេះ ប្រយោជន៍​ទប់ស្កាត់​បទល្មើស​នេសាទ​ឲ្យ​មាន​ប្រសិទ្ធភាព៖ «ទាល់តែ​សហការ​គ្នា ដូច​ជា​រដ្ឋបាល​ជលផល បរិស្ថាន និង​សមត្ថកិច្ច តែ​ឥឡូវ​វា​ពិបាក​ក្នុង​ការ​សហការ​គ្នា។ សហគមន៍​ក៏​មិនបាន​ទាក់ទង​ស្អិត​ដែរ»

តំបន់​រ៉ាំសា ឬ​ហៅថា​តំបន់​ដី​សើម សម្បូរ​ដោយ​កោះ​ច្រើន និង​មាន​រុក្ខជាតិ​ដុះ​ចេញពី​ផ្ទៃ​ទឹក ព្រមទាំង​មាន​ព្រៃ​លិច​ទឹក​ផង ដែល​ជា​ទីជម្រក​របស់​ត្រី​រស់នៅ និង​ពង​កូន សត្វ​ស្វា​ព្រៃ និង​បក្សី​ទឹកជា​ដើម។ សហគមន៍​រស់នៅ​ក្បែរ​នោះ បាន​នាំគ្នា​អភិវឌ្ឍន៍​តំបន់​នោះ​មួយ​ផ្នែក ឲ្យ​ក្លាយ​ជា​តំបន់​ទេសចរ​ធម្មជាតិ បំណង​អភិរក្ស​ជីវចម្រុះ និង បង្កើត​ប្រាក់ចំណូល​ដល់​សហគមន៍។

ប្រធាន​មន្ទីរ​បរិស្ថាន ខែត្រ​ស្ទឹងត្រែង លោក អេង ភីរុង ធ្លាប់​ប្រាប់​ថា មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន ជាពិសេស​ឆ្មាំ​អភិរក្ស​បាន​ចុះ​ល្បាត​ជាប្រចាំ និង​បាន​សហការ​ជាមួយ​សមត្ថកិច្ច និង​សហគមន៍​នេសាទ​ទប់ស្កាត់​នេសាទ​គ្រប់​ប្រភេទ និង​អប់រំ​ណែនាំ​សហគមន៍​ឲ្យ​ទាញ​ប្រយោជន៍​ពី​ទន្លេ​ឲ្យ​បាន​ត្រឹមត្រូវ។

មន្ត្រី​សម្របសម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក សាង ប៊ុនលាភ បារម្ភ​ថា បទល្មើស​នេសាទ​កើតមាន​ច្រើន នឹង​បណ្ដាល​ឲ្យ​ទិន្នផល​ត្រី​ថយ​ចុះ​ខ្លាំង ប៉ះពាល់​ជីវភាព​ពលរដ្ឋ និង សន្តិសុខ​ស្បៀង។ លោក​ថា សហគមន៍​គួរតែ​សហការ​ឲ្យ​ជិតស្និទ្ធ​ជាមួយ​មន្ទីរ​បរិស្ថាន ព្រោះ​កិច្ច​ការងារ​មួយ​ចំនួន ពាក់ព័ន្ធ​ប្រព័ន្ធ​រដ្ឋបាល ចាំបាច់​ធ្វើ​ទៅតាម​លក្ខខណ្ឌ​បច្ចេកទេស ជៀសវាង​បាតុភាព​នានា​កើតឡើង​ជាយថាហេតុ។ ចំណែក​មន្ទីរ​បរិស្ថាន​ខែត្រ​ក៏​ចាំបាច់​ត្រូវ​សហការ​ល្អជា​មួយ​សហគមន៍​ដែរ ដើម្បី​បង្ក្រាប​បទល្មើស​នេសាទ​ឲ្យ​បាន​ទាន់​ពេល៖ «យើង​ពីរ និង​៣ អាជ្ញាធរ​ផង និង​មន្ត្រី​ជំនាញ​ផង សហការ​រួម​បាន​ទាន់​ពេល​វេលា ហើយ​យើង​តម្កល់​ថវិកា​ពី​សហគមន៍​ក្ដី និង​ពី​សាលា​ខែត្រ​ក្ដី យើង​ជួយ​ទៅ​ហ្នឹង​យើង​ធ្វើ​បាន​ទាន់​ពេល​វេលា»

តំបន់​រាំសា ឬ​ហៅថា​តំបន់​ដី​សើម ឋិត​នៅ​តំបន់​ទន្លេ​មេគង្គ មាន​ផ្ទៃដី​ជាង ៤​ម៉ឺន ៤​ពាន់​ហិកតារ​(៤៤.៦០០) ឋិត​នៅ​ស្រុក​ថាឡាបរិវ៉ាត់ និង​សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ត្រូវ​បាន​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ ឡាយ​ព្រះហស្តលេខា កាល​ពី​ឆ្នាំ ១៩៩៣ ដាក់​ឋិត​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួងបរិស្ថាន មាន​ភារកិច្ច​គាំពារ​អភិរក្ស​ជីវចម្រុះ និង​ទប់ស្កាត់​បទល្មើស​នេសាទ​គ្រប់​ប្រភេទ ហើយ​បច្ចុប្បន្ន​ក្រសួង​បញ្ជូន​ឆ្មាំ​អភិរក្ស ១៥​នាក់ ចុះ​អភិរក្ស​ផ្ទាល់​នៅ​តំបន់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល