ពលរដ្ឋ​នៅ​កោះ​ខ្យង​ព្រួយ​បារម្ភ​ពី​បទល្មើស​នេសាទ​គ្មាន​អាជ្ញាធរ​ទប់ស្កាត់

ដោយ ដែន អយុធ្យា
2015-07-25
Share
នេសាទ​សមុទ្រ​ខុស​ច្បាប់ ៦២០-១ សកម្មភាព​អនាធិបតេយ្យ ទូក​ភ្លើង​របស់​អ្នកនេសាទ​ជនជាតិ​វៀតណាម ប្រើ​ឧបករណ៍​ល្មើស​ច្បាប់ នៅ​ក្នុង​ដែន​សមុទ្រ ខេត្ត​ព្រះសីហនុ នៅថ្ងៃទី១៣ ខែ​តុលា ឆ្នាំ​២០១៤។
Photo/Provided

អាជ្ញាធរ និង​ប្រជាពលរដ្ឋ​មូលដ្ឋាន​តំបន់​កោះខ្យង ស្ថិត​ក្នុង​ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ​​​បង្ហាញ​ការ​ព្រួយ​បារម្ភ​ជុំវិញ​បទល្មើស​នេសាទ ពិសេស​បទល្មើស​កូន​គ្រែងឈាម នា​មូលដ្ឋាន​​​​នេះ អូស​បន្លាយ​ពេល​យូរ​ឆ្នាំ និង​គ្មាន​អាជ្ញាធរ​ពី​ស្ថាប័ន​ណា​មួយ​ចេញ​មុខ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​​ទេ។

​​ឆ្លើយ​តប​កង្វល់​នេះ មន្ត្រីរ​ជលផល​ខេត្ត​ព្រះសីហនុ អះអាង​ថា មន្ត្រី​ជំនាញ​ស្ថាប័ន​នេះ បាន​ដាក់​កម្លាំង​ចុះ​បង្ក្រាប​​​​​បទល្មើស​នេសាទ​ទទួល​បាន​លទ្ធផល​ជោគជ័យ​ជា​ច្រើន​ករណី និង​​បន្ត​បើក​យុទ្ធនា​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​សមុទ្រ​​ជា​បន្តបន្ទាប់។
​ពលរដ្ឋ​ចោទ​ថា ឈ្មួញ​នេសាទ​សមុទ្រ​ពី​ប្រទេស​ជិត​ខាង​អាច​ចេញ ឬ​ចូល​មក​នេសាទ​ក្នុង​ដែន​សមុទ្រ​កម្ពុជា ពិសេស​អ្នក​នេសាទ​ជនជាតិ​វៀតណាម ចូល​ទូក​មក​នេសាទ​ក្នុង​តំបន់​កោះ​ខ្យង ទាល់តែ​មាន​ការ​អនុញ្ញាត​ពី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ បើ​មិន​ដូច្នេះ​ទេ ឈ្មួញ​នេសាទ​ល្មើស​ទាំង​នោះ​មិន​អាច​ចូល​នេសាទ​តំបន់​នេះ​បាន​ទេ។

ទាក់ទិន​បញ្ហា​នេះ លោក យន់ ឆេង មេ​ឃុំ​អូរជ្រៅ ទទួល​ស្គាល់​ថា ពិត​ជា​មាន​បទល្មើស​នេសាទ​សមុទ្រ ពិសេស​បទល្មើស​នេសាទ​កូន​គ្រែង​ឈាម​កើត​មាន​យូរ​ឆ្នាំ និង​គ្មាន​អាជ្ញាធរ​ទប់ស្កាត់​ពិតមែន។

លោក​មេ​ឃុំ​អូរជ្រៅ បាន​សំណូម​ដល់​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់​ខេត្ត ពិសេស​ថ្នាក់​ជាតិ ជួយ​ពិចារណា​ទប់ស្កាត់​បទល្មើស​នេសាទ​សមុទ្រ កំពុង​ធ្វើ​សកម្មភាព​នៅ​តំបន់​កោះ​ខ្យង ស្រុក​ព្រៃនប់ ឲ្យ​បាន​ឆាប់ និង​មាន​ប្រសិទ្ធភាព៖ «បទល្មើស​​នេសាទ ឬ​បទល្មើស​នេសាទ​គ្រែងឈាម នា​មូលដ្ឋាន​កោះខ្យង ដែល​កើត​មាន​ជា​យូរ​មក​ហើយ​នោះ គឺ​នៅ​ពេល​មាន​កិច្ចប្រជុំ​ថ្នាក់​ស្រុក រហូត​ដល់​ថ្នាក់​ខេត្ត គឺ​ខ្ញុំ​បាន​រាយការណ៍​ដល់​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ឲ្យ​ជួយ​ទប់ស្កាត់។ ប៉ុន្តែ​បើ​មិន​អាច​ទប់​ស្កាត់​បទល្មើស​ទូក​នេសាទ​ជនជាតិ ប្រទេស​ជិត​ខាង​ចូល​មក​កម្ពុជា បាន​ទេ ស្នើ​ឲ្យ​អភិរក្ស​តំបន់​មាន​គ្រែងឈាម​ពង​កូន​នោះ​ទុក​នៅ​ថ្ងៃ​អនាគត»

ទាក់ទិន​បញ្ហា​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល ខេត្ត​ព្រះសីហនុ លោក នេន ចំរើន មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​ទេ ជុំវិញ​បទល្មើស​នេសាទ ពិសេស​គ្រែង​នេះ។ ទោះ​យ៉ាង​ណា លោក​ថា មន្ត្រី​ជំនាញ​ស្ថាប័ន​ខ្លួន​មិន​ព្រងើយ​កន្តើយ​ក្នុង​សកម្មភាព​ចុះ​បង្ក្រាប ឬ​ទប់​ស្កាត់​បទល្មើស​នេសាទ​សមុទ្រ​នៅ​មូលដ្ឋាន​តំបន់​កោះ​ខ្យង​នោះ​ទេ។ លោក​បន្ត​ថា ថ្មីៗ​នេះ កម្លាំង​ជំនាញ​របស់​លោក​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​តាម​តំបន់​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ ទទួល​បាន​លទ្ធផល​ជា​ច្រើន​ករណី។ ប៉ុន្តែ​លោក​បដិសេធ​មិន​ផ្ដល់​របាយការណ៍​លំអិត​នៃ​ចំនួន​តួលេខ​ដែល​មន្ត្រី​របស់​លោក​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​មាន​ប៉ុន្មាន​ករណី​ឲ្យ​ពិតប្រាកដ​ទេ៖ «យើង​បាន​អនុវត្ត​តាម​ច្បាប់​ជា​បន្តបន្ទាប់​ទៅ​លើ​បទល្មើស​នេសាទ ដែល​កើត​មាន​ក្នុង​មូលដ្ឋាន​នេះ»

​បញ្ហា​នេះ​ដែរ លោក ឃុន សាវឿន មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ (Licadho) ខេត្ត​ព្រះសីហនុ ដែល​បាន​ចុះ​ទៅ​ធ្វើ​ការងារ​តាម​មូលដ្ឋាន​ភូមិ​កោះ​ខ្យង ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ក៏​បាន​ដឹង​ឮ​លើ​ករណី​បទល្មើស​នេសាទ​សមុទ្រ ឬ​បទល្មើស​គ្រែង​ឈាម កើត​មាន​អនាធិបតេយ្យ​នា​មូលដ្ឋាន​នេះ​ដែរ។

លោក​រិះគន់​ថា អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ពិសេស​ស្ថាប័ន​ខណ្ឌ​រដ្ឋបាល​ជលផល មិន​គួរ​ទុក​ឲ្យ​មាន​បទល្មើស​នេសាទ​សមុទ្រ​បន្ត​ធ្វើ​សកម្មភាព​ក្នុង​មូលដ្ឋាន​នេះ ដោយ​គ្មាន​ការ​ទប់ស្កាត់​ទេ ព្រោះ​នាំ​ឲ្យ​រលាយ​ហិនហោច​ធនធាន​ជលផល​សមុទ្រ​នៅ​ថ្ងៃ​អនាគត។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​ចោទ​ថា បទល្មើស​នេសាទ​ដែល​ឈ្មួញ​ល្មើស​មក​ពី​​ប្រទេស​ជិត​ខាង​មាន​ប្រទេស​វៀតណាម ជាដើម អាច​ចូល​មក​នេសាទ​ក្នុង​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ ដោយ​គ្មាន​ការ​បង្ក្រាប ទាល់តែ​មាន​ការ​អនុញ្ញាត​ពី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ណា​មួយ។

ផ្ដើម​ពី​បញ្ហា​នេះ លោក ឃុន សាវឿន ស្នើ​ដល់​រដ្ឋាភិបាល ឬ​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់​ជាតិ ជួយ​មាន​វិធានការ​បង្ក្រាប​បទល្មើស​នេសាទ​សមុទ្រ ដែល​កំពុង​កើត​មាន​ក្នុង​ដែនសមុទ្រ​ខេត្ត​ព្រះសីហនុ ឲ្យ​បានជា​ស្ថាពរ។

ត្រង់​ចំណុច​នេះ លោក យន់ ឆេង មេ​ឃុំ​អូរជ្រៅ និង​ប្រជាពលរដ្ឋ​មូលដ្ឋាន​នេះ បាន​ឲ្យ​ដឹង​ថា លោក​ធ្លាប់​លើក​យក​បទល្មើស​នេសាទ​សមុទ្រ​អនាធិបតេយ្យ​នៅ​តំបន់​កោះ​ខ្យង ដាក់​ជូន​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់​ខេត្ត មាន​ស្ថាប័ន​ខណ្ឌ​រដ្ឋបាល​ជលផល ខេត្ត​ព្រះសីហនុ​ ជាដើម ដើម្បី​ជួយ​មាន​វិធានការ​ទប់ស្កាត់ ប៉ុន្តែ​មក​ដល់​ពេល​នេះ បទល្មើស​នេសាទ​នៅ​តែ​បន្ត​កើត​មាន​រាល់​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល