ពលរដ្ឋ​ថា​បទល្មើស​នេសាទ​នៅ​តំបន់​បឹង​ខ្សាច់​ស​ខេត្ត​ព្រៃវែង​មិន​ថមថយ​ឡើយ

ដោយ ថា កិត្យា
2017-01-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សៃយ៉ឺន ឬ​ស្បៃ​មុង​ក្រឡា​ញឹក​រាប់​រយ​ម៉ែត្រ ត្រូវ​បាន​គេ​ដាក់​ពង្រាយ​លើ​ផ្ទៃ​បឹង​នៅ​ចំណុច​បឹង​ខ្សាច់​ស ឬ​បឹង​ស្នេហ៍​ប៉ែក​ខាង​ត្បូង ចន្លោះ​ភូមិ​ទីតាង៉ើយ ក្នុង​ឃុំ​រោងដំរី និង​ភូមិ​ខ្សាច់ស ឃុំ​រក្សជ័យ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង។ រូបថត​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៧។ RFA/Tha Kitya
សៃយ៉ឺន ឬ​ស្បៃ​មុង​ក្រឡា​ញឹក​រាប់​រយ​ម៉ែត្រ ត្រូវ​បាន​គេ​ដាក់​ពង្រាយ​លើ​ផ្ទៃ​បឹង​នៅ​ចំណុច​បឹង​ខ្សាច់​ស ឬ​បឹង​ស្នេហ៍​ប៉ែក​ខាង​ត្បូង ចន្លោះ​ភូមិ​ទីតាង៉ើយ ក្នុង​ឃុំ​រោងដំរី និង​ភូមិ​ខ្សាច់ស ឃុំ​រក្សជ័យ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង។ រូបថត​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៧។ RFA/Tha Kitya
RFA/Tha Kitya

ប្រជាពលរដ្ឋ​រាយការណ៍​ថា បទល្មើស​នេសាទ​នៅ​តំបន់​បឹង​ខ្សាច់​ស ឬ​បឹង​ស្នេហ៍​ប៉ែក​ខាង​ត្បូង ស្ថិត​ក្នុង​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង នៅ​តែ​កើត​មាន​ពេញ​បន្ទុក​ដដែល ពោល​គឺ​គ្មាន​ការ​បង្ក្រាប​នោះ​ទេ។ ការ​អះអាង​នេះ បន្ទាប់​ពី​អាជ្ញាធរ​ជលផល​ខេត្ត​ព្រៃវែង អះអាង​ថា បទល្មើស​នេសាទ​នៅ​តំបន់​ខ្សាច់​ស​នោះ ត្រូវ​បាន​បង្ក្រាប​រួច​ហើយ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា។

ប្រជាពលរដ្ឋ​មូលដ្ឋាន​រាយការណ៍​ថា សៃយ៉ឺន ឬ​ស្បៃ​មុង​ក្រឡា​ល្អិត​រាប់​រយ​ម៉ែត្រ ដែល​ជា​ឧបករណ៍​នេសាទ​ខុស​ច្បាប់ នៅ​តែ​ត្រូវ​បាន​គេ​រាយ​បណ្ដាក់​គ្នា​ជា​ជួរ​កាត់​មុខ​ទឹក​នៅ​លើ​ផ្ទៃ​បឹង​ចំណុច​បឹង​ខ្សាច់​ស ឬ​បឹង​ស្នេហ៍​ប៉ែក​ខាង​ត្បូង ចន្លោះ​ភូមិ​ទីតាង៉ើយ ក្នុង​ឃុំ​រោងដំរី និង​ភូមិ​ខ្សាច់ស ឃុំ​រក្សជ័យ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង។

ការ​អះអាង​នេះ បន្ទាប់​ពី​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ចុះ​ទៅ​ពិនិត្យ​ដល់​ទីតាំង​នោះ​ផ្ទាល់ នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ដើម្បី​ឲ្យ​អស់​ចិត្ត នៅ​បន្ទាប់​ពី​ពួក​គាត់​ឮ​ថា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ព្រៃវែង បាន​បញ្ជូន​កម្លាំង​ទៅ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ទីនោះ ក្រោយ​ទទួល​ព័ត៌មាន​ផ្សព្វផ្សាយ​អំពី​បទល្មើស​នេសាទ​នេះ។

ពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា បទល្មើស​នេសាទ​នៅ​តែ​រក្សា​ទ្រង់ទ្រាយ​ធំ​ដដែល ឬ​អាច​និយាយ​បាន​ថា ធ្ងន់ធ្ងរ​លើស​មុន​ទៀត​ផង ព្រោះ​មិន​ត្រឹម​តែ​បទល្មើស​នេសាទ​ស្បៃ​មុង​នោះ​ទេ អ្នក​ខ្លះ​ទៀត​បាន​ប្រើ​ឧបករណ៍​ឆក់​ត្រី​ជា​ក្រុម​ធំៗ​គួរ​ឲ្យ​ព្រួយ​បារម្ភ៖ «បទល្មើស​នៅ​តែ​ដដែល ហើយ​ស្បៃ​នៅ​តែ​ច្រើន ហើយ​បើ​ពេល​ល្ងាច​អី​គេ​មក​ឆក់​ជា​ក្រុមៗ​តែ​ម្តង»

សេចក្តី​រាយការណ៍​របស់​ប្រជាពលរដ្ឋ​នេះ គឺ​ផ្ទុយ​ពី​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ព្រៃវែង លោក អូន ស៊ីណាត ដែល​បាន​ថ្លែង​ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា ថា បទល្មើស​នេសាទ​នៅ​ទីនោះ គឺ​លោក​បាន​បញ្ជូន​កម្លាំង​ទៅ​បង្ក្រាប​អស់​រួច​ហើយ។ លោក​បញ្ជាក់​ថា អាជ្ញាធរ​នឹង​មិន​បណ្តោយ​ឲ្យ​បទល្មើស​នេះ​នៅ​តែ​កើត​មាន​នោះ​ទេ ហើយ​លោក​នៅ​តែ​រង់ចាំ​សេចក្តី​រាយការណ៍​ពី​ខាង​សហគមន៍ ដើម្បី​ចាត់​វិធានការ​បន្ត៖ «យើង​ធ្វើ​មាន​ពីរ​ករណី ហើយ​ឧបករណ៍​ឡូ​ស្បៃ​មុង ដូចជា ៣៥​មាត់ ហើយ​ល្បាំង​ប្រមាណ​ពាន់​ម៉ែត្រ​ទេ ព្រោះ​ខ្ញុំ​មិន​បាន​ចាំ​ដែរ។ ប៉ុន្តែ​យើង​ធ្វើ​បន្ត​រហូត ហើយ​វា​អស់​ម្តង​ទៀត​ហើយ ឥឡូវ​នេះ​យើង​ឲ្យ​សហគមន៍​តាមដាន​មើល បើ​មាន​ក៏​រាយការណ៍​មក»

ថ្វីត្បិតតែ​អាជ្ញាធរ​លើក​ឡើង​បែប​នេះ​ក្តី តែ​ប្រជាពលរដ្ឋ​នៅ​តែ​មើល​ឃើញ​ថា បទល្មើស​នេសាទ​មិន​ថមថយ​ឡើយ។ ពួក​គាត់​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ជំនាញ​ចុះ​បង្ក្រាប​ផ្ទាល់ ជា​ជាង​បាន​តែ​និយាយ​ដើម្បី​ស្ដារ​ធនធាន​មច្ឆជាតិ​នៅ​ក្នុង​បឹង​ខ្សាច់​ស ឬ​បឹង​ស្នេហ៍​ប៉ែក​ខាង​ត្បូង​នោះ​ឲ្យ​សម្បូរ​ឡើង​វិញ និង​អាច​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ដែល​ច្បាប់​ជលផល​អនុញ្ញាត​ឲ្យ​រក​មួយ​ភាគ​បី​នៃ​ផ្ទៃ​ទឹក៖ «ខ្ញុំ​ចុះ​មក​មើល​ផ្ទះ​ចឹង ខ្ញុំ​ថា​អ្នក​លើ​អត់​ទាន់​មាន​សមត្ថភាព​ធ្វើ​ការ​ទេ ព្រោះ​ឃើញ​នៅ​ស្បៃ​ច្រើន ឃើញ​ស្បៃ​នៅ​ពេញ​ទន្លេ ហើយ​ចេះ​តែថា​បំបាត់អស់​ហើយ​បំបាត់​អស់»

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦ រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​លើ​ផ្ទៃ​បឹង​ទន្លេសាប ដោយ​មាន​ការ​ចូលរួម​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រួម​ទាំង​អាជ្ញាធរ​ខេត្ត​ដែល​នៅ​ជាប់​បឹង​ទន្លេសាប​ផង។

ទន្ទឹម​គ្នា​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ធ្លាប់​ថ្លែង​ព្រមាន​ថ្នាក់​ដឹកនាំ​ខេត្ត​ជាប់​បឹង​ទន្លេសាប ឲ្យ​ជៀស​ឆ្ងាយ​ពី​ការ​ពាក់ព័ន្ធ​ក្នុង​បទល្មើស​នេសាទ បើ​មិន​ដូច្នេះ​ទេ លោក​ថា​នឹង​ដក​តំណែង​ពួក​គេ​មិន​ខាន​ឡើយ។ លោក ស ខេង ថែម​ទាំង​ថ្លែង​ថា លោក​នឹង​ធ្វើ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ​យ៉ាង​ហោច​ណាស់​ក៏​ម្តង​ដែរ​ក្នុង​មួយ​ខែ ដើម្បី​ពិនិត្យ​មើល​បទល្មើស​លើ​ផ្ទៃ​បឹង​ទន្លេសាប។

ស្រប​គ្នា​នេះ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រៃវែង ក៏​អំពាវនាវ​ឲ្យ​គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​លើ​ផ្ទៃ​បឹង​ទន្លេសាប ត្រូវ​ពង្រីក​វិធានការ​ស្រដៀង​គ្នា​នឹង​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​លើ​បឹង​ទន្លេសាប​សព្វថ្ងៃ​ទៅ​កាន់​តំបន់​ផ្សេងៗ​ទៀត ដូចជា​នៅ​ខេត្ត​ព្រៃវែង ជាដើម ព្រោះ​ពួក​គេ​ជឿ​ថា នឹង​មាន​ប្រសិទ្ធភាព បន្ទាប់​ពី​អស់​ជំនឿ​លើ​អាជ្ញាធរ​ជំនាញ​មូលដ្ឋាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល