សកម្មភាព​ជីក​រែង​យក​រ៉ែ​មាស​ខុស​ច្បាប់​កើន​ឡើង​នៅ​ខេត្ត​ព្រះវិហារ

ធនធាន​រ៉ែ​មាស​ជាច្រើន​កន្លែង​នៅ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ បាន​ទទួល​រង​ការ​ជីក​កកាយ​យក​ដោយ​ខុស​ច្បាប់​ជាច្រើន​ឆ្នាំ​មក​ហើយ។ អ្នក​ប្រព្រឹត្តិ​ទាំង​នោះ ច្រើន​តែ​ជា​ជន​បរទេស​មាន​វៀតណាម និង​ក្រុមហ៊ុន​ចិន ដែល​អ្នក​មាន​អំណាច​នៅ​ពី​ក្រោយ​ខ្នង​ជាដើម។
ដោយ ហង្ស សាវយុត
2013.08.31
រ៉ែ​មាស ព្រះវិហារ ៦១០ ជនជាតិ​វៀតណាម កំពុង​ជីក​រូង​ដី​នៅ​ក្រោម​ភ្នំលុង នៃ​ឃុំ​រមណី ស្រុក​រវៀង ខេត្ត​ព្រះវិហារ ដើម្បី​យក​រ៉ែ​មាស កាល​ពី​ថ្ងៃ​ទី១២ ខែ​កក្កដា ឆ្នាំ​២០១៣។
RFA/Hang Savyouth

បច្ចុប្បន្ន សកម្មភាព​រែង​យក​រ៉ែ​មាស​ខុស​ច្បាប់​ទាំង​នោះ កំពុង​កើន​ឡើង ស្រប​ពេល​ដែល​រដ្ឋាភិបាល​ចាស់​បាន​ផុត​អាណត្តិ ហើយ​កំពុង​រង់ចាំ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី ក៏ប៉ុន្តែ ស្ថានការណ៍​នយោបាយ​កំពុង​ជាប់​គាំង​នៅ​ឡើយ។

ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​រមណី ស្រុក​រវៀង បាន​ឱ្យ​ដឹង​ថា ការ​ជីក​លុង​ភ្នំ ដើម្បី​យក​រ៉ែ​មាស​នៅ​ក្រោម​ដី ដោយ​ប្រើ​ម៉ាស៊ីន កំពុង​កើត​មាន​ជាច្រើន​កន្លែង​រយៈពេល​ជាច្រើន​ខែ​មក​ហើយ នៅ​ក្នុង​ភូមិសាស្ត្រ​នៃ​ឃុំ​រមទម្យ។

អ្នក​ភូមិ​បាន​អះអាង​ថា បើ​ទោះ​បី​ជា​សកម្មភាព​ជីក​រូង​ក្រោម​ដី​យក​រ៉ែ​មាស​ជាច្រើន​កន្លែង​ក៏ដោយ ក៏​គេ​មិន​ទាន់​ឃើញ​អាជ្ញាធរ ឬ​ក៏​សមត្ថកិច្ច​មូលដ្ឋាន​ណា​មួយ ចេញ​មុខ​បង្ក្រាប​ទេ។

បុរស​ម្នាក់​ជា​អ្នក​ភូមិ​ភ្នំដែក នៃ​ឃុំ​រមណី គាត់​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី៣១ ខែ​សីហា ថា ជនជាតិ​វៀតណាម មួយ​ចំនួន បាន​នាំ​គ្នា​ចូល​ទៅ​ធ្វើ​សកម្មភាព​ជីក​រូង​ក្រោម​ដី ដើម្បី​រែង​យក​រ៉ែ​មាស។ បច្ចុប្បន្ន​នេះ ពួក​គេ​កំពុង​ប្រើ​គ្រឿង​ម៉ាស៊ីន​ជីក​យក​រ៉ែ​មាស​ជាច្រើន​កន្លែង នៅ​ភូមិ​រំដេង និង​តំបន់​ភ្នំលុង៖ «យួន អត់​ចេះ​ខ្មែរ​ផង មក​ពី​ភ្នំពេញ មក​ពី​ស្រុក​វា​មក​ទំនាក់​ទំនង​ជាមួយ​អាជ្ញាធរ​ដែន​ដី វា​ជីក​កកាយ​ទៅ។ មាន​ម៉ាស៊ីន​ពាក់​កណ្ដាល​ស្វ័យ​ប្រវត្តិ វា​បញ្ឆេះ​ម៉ាស៊ីន​ភ្លើង​បាន វា​លុង​ភ្នំ ត​ភ្លើង​ចូល​ក្នុង​រណ្ដៅ​វា​តែ​ម្ដង។ វា​ធ្វើ​ជិត​ភ្នំលុង អា​ហ្នឹង​យួន ដែរ ហើយ​មួយ​ទៀត​នៅ​ភូមិ​រំដេង។ វា​ជីក​ច្រើន​ណាស់ ១​ថ្ងៃ​បាន​ប្រហែល ៣០​តម្លឹង។ មួយ​ទៀត គេ​ហៅ​ឧកញ៉ា ថន ហ្នឹង​ក៏​ធ្វើ​ដែរ។ ដី​ត្រង់​ណា​ក៏​ជា​របស់​ឧកញ៉ា​ដែរ ឱ្យ​តែ​ប្រជាជន​រាវ​ឃើញ​មាស»

ក្រុម​ប្រជាពលរដ្ឋ​បាន​រិះគន់​ថា សកម្មភាព​ជីក​យក​រ៉ែ​មាស​ខុស​ច្បាប់​ទាំង​នោះ គឺ​ជនជាតិ​វៀតណាម ជនជាតិ​ចិន និង​អ្នក​មាន​អំណាច ចេះ​តែ​ធ្វើ​ទៅ​បាន តែ​បើ​ប្រជាពលរដ្ឋ​វិញ គ្រាន់​តែ​ទៅ​កើប​យក​អាចម៍​ដី​ដែល​គេ​ជីក​ចោល​មក​រែង ក៏​គេ​គំរាម​កំហែង​ដែរ។

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​ស្រុក​រវៀង ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​យ៉ាង​ណា​នៅ​ឡើយ។

ចំណែក​ប្រធាន​មន្ទីរ​ឧស្សាហកម្ម រ៉ែ និង​ថាមពល ខេត្ត​ព្រះវិហារ លោក គង់ មករា បាន​មាន​ប្រសាសន៍​ថា ជា​រៀង​រាល់​ឆ្នាំ​នៅ​រដូវ​វស្សា​ដែល​មាន​ទឹក​ដក់​គ្រប់​ទី​កន្លែង គឺ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ជិត​តំបន់​រ៉ែ​មាស​នោះ តែង​តែ​នាំ​គ្នា​លួច​រែង បើ​ទោះ​បី​ជា​អាជ្ញាធរ​ចុះ​បង្ក្រាប​ជា​ញឹកញាប់​មក​ហើយ​ក៏ដោយ។ ក៏ប៉ុន្តែ លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ដែល​ថា មាន​ជនជាតិ​វៀតណាម បាន​មក​ជីក​យក​រ៉ែ​មាស​នៅ​តំបន់​នោះ​នៅ​ឡើយ​ទេ៖ «រឿង​ថា​ជនជាតិ​វៀតណាម យ៉ាង​ណា​នោះ ខ្ញុំ​អត់​ទាន់​បាន​ដឹង​ផង ចាំ​មើល​ថ្ងៃ​ច័ន្ទ អី ខ្ញុំ​ចូល​ធ្វើ​ការ​វិញ ខ្ញុំ​នឹង​ចុះ​ទៅ​មើល ក្រែងលោ​បាន​ដឹង។ ប៉ុន្តែ អត់​ឃើញ​ខាង​សមត្ថកិច្ច ប៉ូលិស អី គាត់​នៅ​ទី​នោះ​រាយការណ៍​មក​ខ្ញុំ​ផង»

ទោះ​យ៉ាង​ណា លោក គង់ មករា បាន​ទទួល​ស្គាល់​ថា កន្លង​មក​ពិត​ជា​មាន​ជនជាតិ​វៀតណាម មួយ​ចំនួន​ធ្លាប់​ចូល​ទៅ​លួច​ជីក​យក​រ៉ែ​មាស​ខុស​ច្បាប់​នៅ​តំបន់​នោះ​មែន។ កាល​ពី​អំឡុង​ខែ​កុម្ភៈ កន្លង​ទៅ អាជ្ញាធរ​ធ្លាប់​ចាប់​ខ្លួន​ជនជាតិ​វៀតណាម ជាង ១០​នាក់ ដែល​បាន​ចូល​ទៅ​ជីក​យក​រ៉ែ​មាស​ខុស​ច្បាប់​នៅ​តំបន់​នោះ។

ជាច្រើន​ឆ្នាំ​កន្លង​ទៅ រហូត​មក​ដល់​ពេល​នេះ មាន​ក្រុមហ៊ុន​ចិន និង​ក្រុម​ឈ្មួញ​ដែល​ការពារ​ដោយ​អ្នក​មាន​អំណាច​ខ្លះ នៅ​តែ​បន្ត​ជីក​យក​រ៉ែ​មាស​នៅ​ក្នុង​ស្រុក​រវៀង ចម្ងាយ​ជាង ៤០​គីឡូម៉ែត្រ​ភាគ​ខាង​កើត​ឆៀង​ខាង​ត្បូង​ពី​ទី​រួម​ខេត្ត​ព្រះវិហារ។

កាល​ពី​ខែ​ឧសភា កន្លង​ទៅ ដោយសារ​តែ​ការ​ជីក​រូង​ភ្នំ ដើម្បី​យក​រ៉ែ​មាស គឺ​មាន​ប្រជាពលរដ្ឋ​ម្នាក់​បាន​ស្លាប់​ដោយសារ​តែ​បាក់​ដី​សង្កត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។