ជនជាតិ​ដើម​ភាគតិច​ខេត្ត​រតនគិរី​បារម្ភ​ថា រថយន្ត​យី​ឌុប​ដឹក​ឈើ​ពី​ព្រៃ​អភិរក្ស​នៅតែ​កើតមាន​ច្រើន

ដោយ ថន ថារ៉ូ
2019-01-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA
សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA
Photo courtesy of EIA

ជនជាតិ​ដើម​ភាគតិច​ទំពួន រស់នៅ​ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី អះអាង​ថា ជំនួញ​ឈើ​តាម​រថយន្ត​យី​ឌុប​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម នៅតែ​កើតមាន​ឥត​ឈប់ឈរ​ដោយ​គ្មាន​ការ​ទប់ស្កាត់។ សហគមន៍​ថា ក្រុម​ឈ្មួញ​បាន​ប្រើ​គ្រប់​មធ្យោបាយ ប្រមូល​ឈើ​ខុសច្បាប់​ធំៗ ចេញពី​ដែន​ជម្រក​សត្វព្រៃ​លំផាត់ មក​ស្តុក​ទុក​ក្នុង​ដេប៉ូ​ឈើ​ក្នុង​ភូមិ​សមុទ្រ​ក្រោម រួច​ដឹក​បន្ត​តាម​រថយន្ត​យីឌុប ទៅ​ក្រៅ​ប្រទេស តាម​ច្រក​ព្រំដែន​កម្ពុជា​-​វៀតណាម នៃ​ស្រុក​អូរយ៉ាដាវ។

ជនជាតិ​ដើម​ភាគតិច​ទំពួន​ព្រួយចិត្ត​ជា​ថ្មី​ទៀត ពី​អនាគត​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ជា​ព្រៃ​ការពារ​ធម្មជាតិ​នឹង​រលាយ​ហិនហោច ប្រសិនបើ​ក្រសួង​បរិស្ថាន នៅតែ​មិន​អនុវត្ត​ច្បាប់​ព្រៃឈើ​ឲ្យ​គ្រប់​ជ្រុងជ្រោយ និង​មាន​ប្រសិទ្ធភាព​នោះ​ទេ។ ក្តី​បារម្ភ​នេះ​ធ្វើឡើង ក្រោយពី​ពួកគេ​សង្កេត​ឃើញ​ថា ការ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​យីឌុប​ធំៗ ទៅ​លក់​នៅ​ប្រទេស​វៀតណាម​នៅតែ​កើតមាន​ច្រើន គ្មាន​ការ​អនុវត្ត​ច្បាប់ បើ​ទោះ​បី​ជា​ក្រសួងបរិស្ថាន​បាន​បញ្ជូន​មន្ត្រី​ឧទ្យានុរក្ស​ប្រចាំការ​តំបន់​នោះ​ក្ដី។

ជនជាតិ​ដើម​ភាគតិច​ទំពួន​រស់នៅ​ភូមិ​សមុទ្រក្រោម ឃុំ​សេដា លោក ឆន ផល្លា ឲ្យ​ដឹង​នៅ​ថ្ងៃទី១២ មករា ថា ស្ទើរតែ​ជា​រៀងរាល់​យប់ ពួកគេ​ប្រទះឃើញ​រថយន្ត​យីឌុប​ធំៗ​ចាប់ពី ១​គ្រឿង ដល់ ៣គ្រឿង ដឹកជញ្ជូន​ឈើ​ចេញពី​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ដោយ​ក្នុង​មួយ​គ្រឿង​អាច​ផ្ទុក​ឈើ​ចាប់ពី ៣០ ម៉ែត្រ​គួប ដល់ ៥០​ម៉ែត្រ​គួប។ លោក​ថា ឈើ​ដែល​គេ​ដឹកជញ្ជូន​នោះ មាន​មុខ​កាត់​ចាប់ពី ៣​តឹក​ឡើង​ទៅ ប្រវែង​ពី ៣​ម៉ែត្រ ដល់ ៥​ម៉ែត្រ៖ «ដឹក​ឈើ​រាល់ថ្ងៃ​ចាប់ពី​ខែ១២ (​ឆ្នាំ​២០១៨) មកដល់​រាល់ថ្ងៃ​ហ្នឹង​មិនទាន់​ឈប់​ទេ គឺ​ឡាន​ដឹក​យក​ទៅ​ទម្លាក់​នៅ​ដេប៉ូ​ឈើ ក្រោយ​ប៉ុស្តិ៍​ប៉ូលិស មាន​រថយន្ត​យី​ឌុប​ចាំ​ស្ទូច​ដាក់​យក​ទៅ​ប្រទេស​វៀតណាម»

លោក ឆន ផល្លា បន្ថែម​ថា អ្នកភូមិ​ដែល​ប្រទះឃើញ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នេះ បាន​ថតរូប​ភាព និង​ផ្តល់​ព័ត៌មាន​ទៅ​មន្ត្រី​ឧទ្យានុរក្ស និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ដែល​ប្រចាំការ​នៅ​តំបន់​នោះ តែ​គ្មាន​លទ្ធផល។ លោក​បារម្ភ​ថា បើ​ក្រសួងបរិស្ថាន នៅតែ​អនុញ្ញាត​ឲ្យ​អាជីវកម្ម​ឈើ​ខុសច្បាប់​ទាំងនេះ​នៅតែ​កើតមាន មិន​យូរ​ទេ ដែន​ជម្រក​សត្វព្រៃ​លំផាត់ ដែល​ជា​កន្លែង​ប្រមូល​អនុផល​ព្រៃឈើ​របស់​ជនជាតិ​ដើម​ភាគតិច នឹង​វិនាស​ហិនហោច ប៉ះពាល់​ជីវភាព​រស់នៅ​របស់​សហគមន៍ និង​ការប្រែប្រួល​អាកាសធាតុ​ជាដើម៖ «ខ្ញុំ​ព្រួយបារម្ភ ព្រោះ​វា​បាត់បង់​សម្បត្តិ​ធម្មជាតិ​ដែល​ខ្ញុំ​ស្រឡាញ់។ ខ្ញុំ​នឹង​ប្រឹង​ការពារ ទោះ​ខ្ញុំ​អស់​ជីវិត​ក៏​ខ្ញុំ​នៅតែ​ការពារ​ព្រៃឈើ តែ​បទល្មើស​នៅតែ​កើតឡើង​កក្រើក គឺ​វិនាស​ហិនហោច​អស់ហើយ ទាំង​ដែន​ជម្រក​សត្វព្រៃ និង​ព្រៃ​សហគមន៍»

ដែន​ជម្រក​សត្វព្រៃ​លំផាត់​ស្ថិត​ក្នុង​ស្រុក​លំផាត់ ខេត្ត​រតនគិរី និង​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី មាន​ផ្ទៃដី​ជាង ២៥​ម៉ឺន​ហិកតារ ត្រូវ​បាន​កំណត់​ជា​តំបន់​អភិរក្ស ដោយ​អនុក្រឹត្យ​ថ្ងៃទី៥ មករា ២០១៧។

ប្រធាន​ការិយាល័យ​ដែន​ជម្រក​សត្វព្រៃ​លំផាត់ លោក សាន សានី អះអាង​ថា ក្រុម​ការងារ​លោក​កំពុង​ចុះ​បំពេញ​បេសកកម្ម​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់៖ «ឥឡូវ​កំពុង​នៅ​ក្នុង​ព្រៃ​លំផាត់ មិនទាន់​ចេញពី​ព្រៃ​ទេ។ កំពុង​ជិះ​ម៉ូតូ​ពេញ​ព្រៃ។ ខ្ញុំ​ចុះ​ពី​ទៅ ៣​ថ្ងៃ​ហើយ»

អាស៊ីសេរី​មិន​អាច​ទាក់ទង អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភត្ត្រា បានទេ​កាលពី​ថ្ងៃ​ទី​១២ មករា។

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​នៃ​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ ចាត់​ទុក​បទល្មើស​ព្រៃឈើ​ទាំងនោះ គឺជា​ប្រភេទ​បទល្មើស​ជាក់ស្ដែង ដែល​លោក​សង្ស័យ​ថា អាជ្ញាធរ​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឃុបឃិត​គ្នា បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ក្រៅ​ប្រទេស។ លោក​គិត​ថា អាជ្ញាធរ​ខេត្ត​រតនគិរី និង​មន្ត្រី​ជំនាញ​ខេត្ត​នេះ ត្រូវ​ទទួលខុស​ត្រូវ​ចំពោះ​មុខ​ប្រវត្តិសាស្ត្រ ពី​វិនាសកម្ម​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់៖ «កាប់​ដើមឈើ​ដឹក​ឆ្លង​កាត់​ផ្លូវជាតិ ជាពិសេស​ជនជាតិ​ដើម​ភាគតិច​សោកស្ដាយ​បាត់បង់​ព្រៃឈើ​យ៉ាង​គំហុក​មកដល់ពេលនេះ​ហើយ មាន​ការ​ចោល​ដឹក​ពី​រថយន្ត​យី​ឌុប​ធំៗ​ជា​រៀងរាល់ថ្ងៃ។ យើង​ឃើញ​ថា មន្ត្រី​ពាក់ព័ន្ធ​កំពុង​ប្រឆាំង​ច្បាប់​ព្រៃឈើ ក្រមព្រហ្មទណ្ឌ និង​ការ​ខិតខំ​របស់​ប្រមុខ​រដ្ឋាភិបាល»

កន្លងទៅ​តំណាង​ពលរដ្ឋ​រស់នៅ​ឃុំ​សេដា និង​មន្ត្រី​អាដហុក​ធ្លាប់​បាន​ដាក់​ពាក្យ​បណ្ដឹង​បរិហារ​មន្ត្រី​ជំនាញ អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ខេត្ត​រតនគិរី ចំនួន ៧​រូប ពី​បទ​អនុគ្រោះ​នាំ​ឲ្យ​កើតមាន​បទល្មើស​ព្រៃឈើ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន តែ​មក​ទល់​ពេល​នេះ តុលាការ​ខេត្ត​រតនគិរី តម្កល់​រឿង​ឥត​ចាត់ការ ហើយ​ពួកគេ​បាន​ប្ដឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍​បន្ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល