សហគមន៍​ថា ក្រុម​ទាហាន​កងពល​លេខ ៩ បើក​កន្លែង​អារ​ឈើ​ខ្នាត​ធំ​ជាប់​ដែន​ជម្រក​សត្វព្រៃ​ព្រះរកា

ដោយ មាន ឫទ្ធិ
2019-01-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឈើ​ធំៗ​ជាច្រើន​ប្រភេទ​ដែល​ត្រូវ​គេ​លួច​អារ​រំលំ​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ព្រៃ​ព្រះ​រកា ខេត្ត​ព្រះវិហារ។ រូបថត​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៧។ រូបថត​ផ្ដល់​ឲ្យ​ដោយ​​អង្គការ​ពន្លក​ខ្មែរ
ឈើ​ធំៗ​ជាច្រើន​ប្រភេទ​ដែល​ត្រូវ​គេ​លួច​អារ​រំលំ​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ព្រៃ​ព្រះ​រកា ខេត្ត​ព្រះវិហារ។ រូបថត​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៧។ រូបថត​ផ្ដល់​ឲ្យ​ដោយ​​អង្គការ​ពន្លក​ខ្មែរ
រូបថត​ផ្ដល់​ឲ្យ​ដោយ​​អង្គការ​ពន្លក​ខ្មែរ

សហគមន៍​ការពារ​ព្រៃឈើ​ព្រះ​រកា រស់នៅ​ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត​ខេត្ត​ព្រះវិហារ អំពាវនាវ​ជា​ថ្មី​ទៀត ឱ្យ​ក្រសួងបរិស្ថាន​ស៊ើបអង្កេត​អាជីវកម្ម​ឈើ​ខ្នាត​ធំ ដែល​ប្រព្រឹត្ត​ដោយ​មន្ត្រី​យោធា​កងពល​លេខ​៩ ដែល​ពួកគេ​មិន​ស្គាល់​អត្តសញ្ញាណ។ សហគមន៍​ថា អាជីវកម្ម​ឈើ​នៅ​ទីនោះ ពួកគេ​ប្រទះឃើញ ក្រុម​ឈ្មួញ​ដឹក​ចេញពី​ដែន​ជម្រក​សត្វព្រៃ​ព្រះរកា។

សហគមន៍​ការពារ​ព្រៃឈើ​ព្រះ​រកា រស់នៅ​ភូមិ​ចំនួន ៤ នៃ​ឃុំ​ទឹក​ក្រហម ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ឱ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៣០ ខែ​មករា ថា ការ​ដឹកជញ្ជូន​ឈើ​ចេញពី​ដែន​ជម្រក​សត្វព្រៃ​ព្រះរកា​នៅតែ​កើតមាន​ច្រើន ហើយ​ការ​បង្ក្រាប​មាន​តិច​តូច​នៅឡើយ។ ពួកគេ​សង្កេត​ឃើញ​ថា ដើមឈើ​ធំៗ និង​ឈើ​ដុត​យក​ជ័រទឹក ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា កំពុង​ទទួលរង​ការ​កាប់​រំលំ​ធ្វើ​អាជីវកម្ម​រៀងរាល់ថ្ងៃ ក្នុង​នោះ​មាន​មន្ត្រី​យោធា​ខ្លះ ជា​ឈ្មួញ​ជួញដូរ​ឈើ​ខុសច្បាប់​ទៀត​ផង។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ព្រះ​រកា រស់នៅ​ភូមិ​រុងរឿង​ពីរ ឃុំ​ទឹក​ក្រហម ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ ឱ្យ​ដឹង​ថា រ៉ៃ​អារ​ឈើ​ខ្នាត​ធំ​មួយ​កន្លែង ឋិត​នៅ​ភូមិ​រុងរឿង​ពីរ ក្បែរ​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា​កំពុង​ធ្វើ​អាជីវកម្ម​ឈើ​គគ្រឹក​គ្រេង ហើយ​ឈើ​ទាំងនោះ ត្រូវ​គេ​ដឹកជញ្ជូន​ពី​ព្រៃ​ព្រះ​រកា ឋិត​នៅ​ចំណុច​ត្រពាំង​ព្រះ​រកា។ លោក​ថា មន្ត្រី​យោធា​កងពលតូច​លេខ ៩ ដែល​ពួកគេ​មិន​ស្គាល់​ឈ្មោះ បាន​បើក​អាជីវកម្ម​ឈើ​នៅ​តំបន់​នោះ​ជា​យូរ​មក​ហើយ ដោយ​យក​លេស​ថា អភិវឌ្ឍន៍​គ្រួសារ​កងពលតូច​លេខ​៩៖ «រ៉ៃ​កន្លែង​ច្រៀក​ឈើ ចេញពី​ព្រៃធំ រ៉ៃ​របស់​ពួក​ទាហាន​កង លេខ​៩។ ដើម​ច្បោះ​បាត់បង់ ក្បែរ​ម៉ឺន​ដើម មួយ​ម្ចាស់​រាប់​រយ​ដើម»

បុរស​ដដែល​រិះគន់​ថា ប៉ូលិស ប៉េអិម និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ដែល​ប្រចាំការ​នៅ​តំបន់​នោះ តែងតែ​ឈរ​តាម​ដង​ផ្លូវ​មិន​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះ​ទេ គឺ​ចាំតែ​យក​លុយ​ពី​អ្នក​ដឹក​ឈើ ជា​ថ្នូរ​មិន​អនុវត្ត​ច្បាប់។ លោក​បារម្ភ​ថា ជនជាតិ​ដើម​ភាគតិច​រាប់​រយ​គ្រួសារ ដែល​មាន​ទម្លាប់​ដុត​យក​ជ័រទឹក ចិញ្ចឹមជីវិត​ត្អូញត្អែរ​បាត់បង់​ប្រាក់ចំណូល​ជា​បន្តបន្ទាប់ ដោយសារតែ​បាត់បង់​ព្រៃឈើ៖ «បរិស្ថាន​ទៅ​រាល់ថ្ងៃ មិន​ចាប់​ទេ វា​បង់លុយ​តាម​គោយន្ត​។ ពលរដ្ឋ​អស់​កន្លែង​រកស៊ី បន្ថយ​ប្រាក់ចំណូល​ពលរដ្ឋ»

ជនជាតិ​ដើម​ភាគតិច​កួយ​រស់នៅ​ភូមិ​របុញ ឃុំ​ទឹក​ក្រហម លោក ខិណ ខន ប្រាប់​អាស៊ីសេរី​ថា ក្រុម​ឈ្មួញ​បាន​ដើរ​ទិញ​ដើម​ច្បោះ​អ្នកស្រុក ធ្វើ​អាជីវកម្ម​កាន់តែ​ច្រើន​ឡើង និង​មាន​ឈ្មួញ​ខ្លះ​ទៀត​គំរាម​ពលរដ្ឋ​ឱ្យ​លក់​ដើម​ច្បោះ​ឱ្យ​ខ្លួន។ លោក​ថា ពលរដ្ឋ​ខ្លះ​បាន​បង្ខំចិត្ត​លក់​ដើម​ច្បោះ​ឱ្យ​ឈ្មួញ ព្រោះ​ពួកគេ​គ្មាន​សមត្ថភាព​ការពារ៖ «ពួក​ឈ្មួញ​កំពុង​ធ្វើ​សស្រាក់សស្រាំ​ណាស់ ទាំង​យប់ និង​ថ្ងៃ គេ​ប្រើ​គ្រប់​រូបភាព​ដើម្បី​ទិញ​ច្បោះ​ឱ្យ​បាន»

ព្រៃ​ព្រះរកា ដែល​មាន​ទំហំ​ជាង ៩៦.០០០​ហិកតារ នៅ​ចន្លោះ​ព្រំប្រទល់​ស្រុក​ចំនួន​៣ គឺ​ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ឆែប របស់​ខេត្ត​ព្រះវិហារ។

អាស៊ីសេរី​បាន​ទាក់ទង​ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​ព្រះវិហារ លោក អ៊ា សុខា តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នកទទួល​នៅ​ថ្ងៃទី៣០ មករា។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភ័ត្ត្រា មាន​ប្រសាសន៍​ថា ក្រសួង​នឹង​ទាក់ទង​ទៅ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ និង​មន្ត្រី​ដែល​ប្រចាំការ​នៅ​តំបន់​នោះ ឱ្យ​ចុះ​ពិនិត្យ​ករណី​នេះ ថា​តើ មានការ​កាប់​បំផ្លាញ​ឈើ ក្នុង​ព្រៃ​ព្រះ​រកា ឬ​យ៉ាងណា​? តែ​ប្រសិនជា​កើតមាន​មែន ក្រសួង​នឹង​ស៊ើបអង្កេត​បន្ថែម​ទៀត ដោយ​ប្រមូល​ភស្តុតាង ដើម្បី​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់៖ «សូម​អរគុណ​បងប្អូន​ពលរដ្ឋ​ដែល​បាន​ផ្ដល់​ព័ត៌មាន​ជា​បន្តបន្ទាប់ ពី​បញ្ហា​នេះ ហើយ កន្លង​ទៅ​នេះ​នៅ​ពេល​ដែរ​យើង​ទទួល​បាន​ព័ត៌មាន យើង​បញ្ជូន​មន្ត្រី​ឧទ្យានុរក្ស​យើង​ចុះទៅ​របស់​យើង ក៏ដូចជា​អ្នក​ទ​ទូល​ខុសត្រូវ​តាម​ខេត្ត​ចុះ​ពិនិត្យ និង​ចាត់វិធានការ​ជាក់ស្ដែង។ អ្វី​ដែល​​ក្រសួង​បរិស្ថាន​​យើង​​ប្រឹងប្រែង និង​ប្ដេជ្ញា​ចិត្ត​គឺ​ទប់ស្កាត់​ឱ្យ​បាន​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​ការ​បរបាញ់​​សត្វ​​ខុស​ច្បាប់»

នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ លោក អាង ជាតិឡោម យល់ថា មន្ត្រី​យោធា​មាន​ភារកិច្ច​ការពារ​ជាតិ ក៏ប៉ុន្តែ​បែរ​ជាយក​អំណាច​បង្កើត​មុខ​របប​អារឈើ​ទ្រង់ទ្រាយ​ធំ​បែបនេះ ដែល​លោក​ចាត់ទុកថា មិនបាន​បម្រើ​ជាតិ និង​ពលរដ្ឋ​ស្មោះត្រង់​នោះ​ទេ ផ្ទុយទៅវិញ​ធ្វើ​ឱ្យ​ព្រៃឈើ​រលាយ​ហិនហោច​។ លោក​បារម្ភ​ថា មន្ត្រី​តូចតាច​ថ្នាក់ក្រោម ហាក់​ខ្លាចរអា​មិន​ហ៊ាន​អនុវត្ត​ច្បាប់​ព្រៃឈើ​នោះ​ទេ ព្រោះ​បទ​ពិសោធន៍​កន្លងទៅ មន្ត្រី​ជំនាញ​ខ្លះ បាន​អនុវត្ត​ច្បាប់​ព្រៃឈើ ប៉ះចំ​អ្នក​មាន​អំណាច ធ្វើ​ឱ្យ​ពួកគេ​បាត់បង់​តំណែង​និង​តួនាទី៖ «រដ្ឋបាល​ព្រៃឈើ មេព្រៃ និង​បរិស្ថាន សុទ្ធតែ​ជា​មន្ត្រី​ដែល​មាន​ការ​ទទួលខុសត្រូវ​រឿង​ការពារ​ព្រៃឈើ តែ​យើង​មិន​បាន​ទទួល​ខុសត្រូវ បណ្ដោយ​ឱ្យ​ជនល្មើស​រកស៊ី​ដឹក​ឈើ​តាម​អំពើ​ចិត្ត។ ទោះជា​ឃើញ​មិន​​ហាម​ឃាត់​តាម​​តួនាទី។ មានការ​ចោទប្រកាន់​ខ្លះ​ថា មន្ត្រី​ទាំងនោះ​ពាក់ព័ន្ធ​បទល្មើស​ហ្នឹង​ដែរ​នៅ​ក្នុង​តំបន់​ដែល​គាត់​ទទួលខុសត្រូវ»

មន្ត្រី​សង្គម​ស៊ីវិល​រួប​នេះ យល់ថា ប្រសិនបើ​មាន​មន្ត្រី​យោធា​ប្រើ​អំណាច ធ្វើ​អាជីវកម្ម​ឈើ​នៅ​តំបន់​នោះ គឺជា​ទង្វើ​ល្មើសច្បាប់ ដែល​ជា​ដើមចម​ធ្វើ​ឱ្យ​ប៉ះពាល់​មុខ​របប​ចិញ្ចឹមជីវិត​អ្នកស្រុក​។ លោក​ថា ការទិញ​ដើម​ច្បោះ​ពលរដ្ឋ​ជា​ទង្វើ​ខុសច្បាប់​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល