សកម្មជន​បរិស្ថាន​ស្នើ​បង្ក្រាប​ការ​ជួញដូរ​ឈើ​ឆ្លងដែន​ក្រោយ​ពីឧកញ៉ា​​ធ្វើ​ផ្លូវ​សម្រាប់​នាំ​ឈើ​ទៅ​វៀតណាម

ដោយ យន់ សាមៀន
2019-02-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA
សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA
Photo courtesy of EIA

សកម្មជន​បរិស្ថាន និង​សហគមន៍​ការពារ​ព្រៃឈើ ខេត្ត​មណ្ឌលគិរី​អះអាង​ថា អ្នកមាន​លុយ​និង​មាន​អំណាច​ម្នាក់ ដែល​ល្បី​នាំ​ឈើ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស បាន​ឈូស​ឆាយ​ធ្វើ​ផ្លូវ ដើម្បី​នាំ​ឈើ​ចេញពី​ព្រៃ​អភិរក្ស ទៅ​លក់​នៅ​ប្រទេស​វៀតណាម។ ពួកគេ​ស្នើ​ឱ្យ​អាជ្ញាធរ​ជាតិ​ស៊ើបអង្កេត​ជំនួញ​ឈើ​ខុសច្បាប់​ខ្នាត​ធំ​នេះ។

ការ​ដឹក​ជញ្ជូន​ឈើ​ឆ្លងដែន​ទៅកាន់​ប្រទេស​វៀតណាម តាម​ម៉ូតូ និង​រថយន្ត​យី​ឌុប នៅតែ​កើតមាន​កើត​ឡើងជា​បន្តបន្ទាប់ តាម​ច្រក​របៀង​ត្រពាំង​ស្រែ ស្រុក​ស្នូល ខេត្ត​ក្រចេះ និង​ច្រក​របៀង​មួយ​ចំនួន​ទៀត។ ឈើ​ទាំងនោះ​ក្រុម​ឈ្មួញ​បាន​ប្រមូល​ពី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច ខេត្ត​មណ្ឌលគិរី និង​ព្រៃ​សហគមន៍​ផ្សេងទៀត​។ នេះ​បើ​តាម​ការ​អះអាង​របស់​សកម្មជន​បរិស្ថាន។

សកម្មជន​បរិស្ថាន​ដែល​ចុះ​តាមដាន​រឿង​នេះ លោក ហេង ស្រស់ ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី ០២ កុម្ភៈ​ថា អ្នក​មាន​អំណាច​ខ្លះ​ទៀត នៅតែ​ធ្វើ​សកម្មភាព​នាំ​ឈើ​ចេញទៅ​ប្រទេស​វៀតណាម គ្មាន​ស្ថាប័ន​ណាមួយ អនុវត្ត​ច្បាប់​តាម​បញ្ជា​ប្រមុខ​ដឹកនាំ​រដ្ឋ​នោះ​ទេ។ លោក​ថា អ្នកមាន​ប្រាក់​ម្នាក់ បាន​ឈូស​ឆាយ​ផ្លូវ​នាំ​ឈើ​ចេញ​ដោយ​ខ្លួនឯង ឋិត​ក្នុងស្រុក​ស្នូល​ខេត្ត​ក្រចេះ និង​បាន​ប្រើ​អំណាច​កាង​ឈើ​ឱ្យ​ឈ្មួញ​ផ្សេងៗ​ទៀត៖ «តាំង​ពី​ដើម​អើយ​ថា ឧកញ៉ា គង់ ក្រឹង គឺជា​មេខ្លោង​មួយ និង​ជា​អ្នក​កាង​ឈើ ចេញពី​កម្ពុជា ទៅ​ប្រទេស​វៀតណាម។ ការ​អំពាវនាវ​របស់​ខ្ញុំ គឺ​ឱ្យ​ធ្វើ​ទៅតាម​អ្វី​មាត់​គាត់​បាន​និយាយ គាត់​ថា ទោះបី​មន្ត្រី​សក្ដិ​ប៉ុណ្ណា​ក៏ដោយ ត្រូវតែ​ដក​ដំណែង និង​ត្រូវតែ​ដាក់​ពិន័យ ត្រូវតែ​ផ្ដន្ទាទោស​ទៅ​គាត់​។ ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន គួរតែ​ដាក់ទោស​មន្ត្រី​របស់​ខ្លួន ដែល​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋកម្ម​ព្រៃឈើ»

សកម្មជន​បរិស្ថាន​រូប​នេះ​រក​ឃើញ​ថា ក្រុម​ឧកញ៉ា និង​អ្នក​មានអំណាច​ខ្លះ​ទៀត បាន​ឈូស​ឆាយ​ផ្លូវ​ចំនួន ៣​ខ្សែ ដើម្បី​ងាយស្រួល​ដឹកជញ្ជូន​ឈើ​ពី​កម្ពុជា ទៅ​ប្រទេស​វៀតណាម ហើយ​ផ្លូវ​ដែល​សកម្ម​នាំ​ឈើ​ចេញ​ច្រើន​ជាងគេ​ឋិត​ក្នុង​ស្នូល​ខេត្ត​ក្រចេះ។ លោក​ថា អ្នក​ដឹក​ឈើ​តាម​ម៉ូតូ​ទៅ​លក់​នៅ​ច្រក​ព្រំដែន​កម្ពុជា​-​វៀតណាម ត្រូវ​បង់លុយ​ឱ្យ​ឧកញ៉ា​ម្នាក់​ដែល​ធ្វើ​ផ្លូវ ដោយ​ក្នុង​មួយ​ម៉ូតូ ៥​ម៉ឺន​រៀល​។ ចំណែក​រថយន្ត​យីឌុប​មួយ​គ្រឿង ត្រូវ​បង់​ប្រាក់​រាប់ពាន់​ដុល្លារ៖ «យើង​ទទួល​បាន​ព័ត៌មាន​ចំពោះ​ឡាន ដែល​ដឹក​ឈើ​ពី​កម្ពុជា​ទៅកាន់​ប្រទេស​វៀតណាម ឆ្លងកាត់​ផ្លូវ​គាត់​ឈូស​ឆាយ​ចេញពី​កម្ពុជា​វៀតណាម ក្នុង​មួយ​ឡាន​មួយ​ម៉ែត្រ​គូប ត្រូវតែ​បង់​ប្រាក់​ឱ្យ​គាត់ ៥០​ដុល្លារ»

កន្លងទៅ លោក ហ៊ុន សែន ធ្លាប់​ព្រមាន​អភិបាលខែត្រ​ត្បូងឃ្មុំ និង​អភិបាលខែត្រ​មួយ​ចំនួន​ទៀត រឿង​បទល្មើស​ព្រៃឈើ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម។ ក្រោយពី​ការព្រមាន​រួច ការ​នាំ​ឈើ​ទៅ​ក្រៅ​ប្រទេស​បាន​ស្ងប់ស្ងាត់​មួយ​រយៈ​ខ្លី និង​កម្រើក​ឡើងវិញ​ជាច្រើន​ខែ​មក​ហើយ មិន​ឃើញ​លោក ហ៊ុន សែន បញ្ជា​ឱ្យ​មន្ត្រី​ខ្លួន​ទប់ស្កាត់​ទៀត​ទេ។

សេចក្ដី​រាយការណ៍​របស់​សហគមន៍​ការពារ​ព្រៃឈើ ឱ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ មាន​ម៉ូតូ ចាប់ពី ៣ រយ ទៅ ៤ រយ​គ្រឿង ដឹក​ឈើ​លក់​ឱ្យ​ឈ្មួញ​ក្នុងស្រុក។ ចំណែក​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​នៅ​ទីនោះ មិន​ហ៊ាន​ចេញមុខ​អនុវត្ត​ច្បាប់​ព្រៃឈើ​នោះ​ទេ ព្រោះ​ខ្លាច​បាត់បង់​តំណែង និង​តួនាទី​។ អាជ្ញាធរ​នៃ​របប​លោក ហ៊ុន សែន អះអាង​ថា នឹង​ចាត់វិធានការ​បញ្ហា​នេះ។

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី មាន​ប្រសាសន៍ថា ស្ថាប័ន​ពាក់ព័ន្ធ ដឹកនាំ​ដោយ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នឹង​បើក​កិច្ចប្រជុំ​មួយ នៅ​ពេល​ឆាប់ៗ​នេះ ដើម្បី​ជំរុញ​បង្ក្រាប​បទល្មើស​ព្រៃឈើ ផ្អែក​តាម​អនុសាសន៍​ប្រមុខ​ដឹកនាំ។ ចំពោះ​សំនួរ​របស់ អាស៊ីសេរី​ថា តើ​គណៈកម្មការ​នេះ នឹង​ស៊ើបអង្កេត​ឧកញ៉ា​ម្នាក់ ដែល​ល្បី​ខាង​ជួញដូរ​ឈើ​ទៅ​ប្រទេស​វៀតណាម​ដែរ​ឬទេ​? អ្នកនាំពាក្យ​រូប​នេះ​ឆ្លើយ​ថា ការស៊ើបអង្កេត​មិន​អាច​ប្រាប់​នរណា​បាន​នោះ​ទេ។ លោក​បញ្ជាក់​ថា គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ នឹង​អនុវត្ត​ការងារ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព បន្ទាប់ពី​ប្រជុំ​រួច​នៅ​ថ្ងៃទី៤ ខែ​កុម្ភៈ​ខាងមុខនេះ៖ «នាយ​ឧត្ដមសេនីយ៍ សៅ សុខា និង​ដឹកនាំ​មេ​បញ្ជាការ​រង​៣ រូប​កាន់​តាម​ទិស។ យើង​នឹង​ធ្វើ​កិច្ច​ការងារ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព។ កោះ​អញ្ជើញ​អភិបាលខេត្ត​ទាំង ២៥​នាក់ និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ចូលរួម ដើម្បី​ពង្រឹង​សេចក្ដី​សម្រេច​នេះ​បន្ត​ទៀត»

សហគមន៍​ការពារ​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី លោក ក្រើង តុលា ឱ្យ​ដឹង​ថា ឈើ​ដែល​ឈ្មួញ​ដឹក​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​ភាគច្រើន នាំ​ចេញពី​ដែន​ជម្រក​សត្វព្រៃ​ភ្នំព្រេច ដែន​ជម្រក​សត្វព្រៃ​លំផាត់ និង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា ខេត្ត​មណ្ឌលគិរី។ លោក​ថា ឈ្មួញ​បាន​ឈូស​ឆាយ​ផ្លូវ​ខ្វាត់ខ្វែង បំណង​ងាយស្រួល​នាំ​ឈើ​ទៅ​ប្រទេស​វៀតណាម​នៅ​តាម​ច្រក​របៀង​តូចៗ​។ លោក​បារម្ភ​ថា កម្លាំង​សហគមន៍​មិន​អាច​ទប់ទល់​ឈ្នះ ក្រុម​ឧកញ៉ា​ជួញដូរ​ឈើ ទាំងនោះ​បានទេ ហើយ​បច្ចុប្បន្ន​ការ​កាប់ និង​ដឹកជញ្ជូន​នៅតែ​កើតមាន​ឥត​ឈប់ឈរ៖ «គឺ​គោរព​តាម​បញ្ជា​ទេ បេសកកម្ម បើ​ចប់​បេសកកម្ម​គឺ​គ្មាន​ពី​ណា​គោរព​ច្បាប់។ បេសកកម្ម​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ គេ​មាន​លុយ​របស់​គេ​។ នេះ​ជា​ចំណុច​ដែល​ខ្ញុំ​ឃើញ​កន្លងមក»

សកម្មជន​ការពារ​ព្រៃឈើ សង្កេត​ឃើញ​ថា ឧកញ៉ា​ម្នាក់ បាន​បើក​ការដ្ឋាន​ប្រមូល​ទិញ​ឈើ និង​កាង​ឈើ​ធ្វើ​អាជីវកម្ម​នៅ​តំបន់​នោះ​រួច នាំ​ចេញទៅ​លក់​ឱ្យ​ឈ្មួញ​វៀតណាម តាម​ច្រក​ព្រំដែន​លេខ ៧៣ ។ ឈ្មួញ​ឈើ តែង​ដឹក​ឈើ​ចេញពី​ឃ្លាំង​នៅ​ខាងក្រោយ​ផ្ទះ​របស់​ខ្លួន យក​ទៅ​ស្តុក​ក្នុង​ឃ្លាំង​វៀតណាម ចំណុច​ច្រក​ទ្វា​វ៉ាលឺ ជាប់​ច្រក​ទ្វា​អន្តរជាតិ​ស្រុក​ស្នូល ខេត្ត​ក្រចេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Max Thomi

តើវាជាយុទ្ធសាស្ត្រអ្វី បើប្រៀបធៀបជាមួយស្ថានភាពកាលពីនៅអំឡុងឆ្នាំ ១៩៨០!!!! ហើយសួរថា បើកាន់តែស្រែក ហើយកាន់តែកាប់នោះ តើឈើនោះចេញទៅណា​? ប្រទេសណាបានផលប្រយោជន៍ ពីឈើកាប់នោះ!? តើមានប្រយោជនីផ្សេងទៀតទេតើក្រៅពីផលឈើកាប់ សំរាប់ប្រទេសនោះ!? សូមចូលពិចារណាប្រកបដោយឧត្តមគតិថ្លៃថ្នូរ!

Feb 03, 2019 05:05 AM

គេហទំព័រ​ទាំងមូល