សហគមន៍​ព្រៃ​ឡង់​ខេត្ត​ព្រះវិហារ​ថា គោយន្ត​មិន​ក្រោម ៣០​គ្រឿង​ទេ​ដឹក​ឈើ​ចេញពី​ព្រៃ​ឡង់​ក្នុង​មួយ​ថ្ងៃៗ

ដោយ វ៉ែន សុមេធ
2020.02.05
ដឹក​ឈើ ចេញ​ពី​ព្រៃឡង់ ៦២២ សកម្មភាព​ដឹក​ជញ្ជូន​ឈើ​មូល​ចេញ​ពី​ដែន​ជម្រក​សត្វព្រៃ​ឡង់ ក្នុង​ឃុំ​សៀមបូក ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង ចូល​ការដ្ឋាន​ក្រុមហ៊ុន​ស៊ីបាយអូថេក កាល​ពី​ថ្ងៃទី៤ ខែ​មករា ឆ្នាំ​២០១៩។
Photo Provided

សហគមន៍​ព្រៃ​ឡង់​ខេត្ត​ព្រះវិហារ អះអាង​ថា ក្នុង​មួយ​ថ្ងៃៗ​មាន​គោយន្ត​មិន​ក្រោម ៣០​គ្រឿង​ទេ ដឹកជញ្ជូន​ឈើ​ចេញពី​ដែន​ជម្រក​សត្វព្រៃ​ឡង់ ក្នុង​ខេត្ត​ព្រះវិហារ​មក​លក់​ឱ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​នៅ​ក្បែរ​នោះ​។ អ្នកភូមិ​ថា ឈើ​មូល​ធំៗ​បន្សល់​ចុងក្រោយ​ដូចជា កកោះ គគីរ ដួងចែម ប៉ាដៀក និង​ឈើ​ពពាល​ជាដើម ក្រុម​ជនល្មើស​ជាច្រើន​ក្រុម កំពុង​សម្រុក​អារ​រំលំ រួច​អារ​ច្រៀក​ជា​បន្ទះ​ក្តារ និង​ឈើ​ជ្រុង​ក្នុង​ព្រៃ ដើម្បី​ដឹក​ចេញ​ក្រៅ​នៅ​ពេល​យប់។

សហគមន៍​ព្រៃ​ឡង់​ខេត្ត​ព្រះវិហារ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៤ កុម្ភៈ​ថា ក្រុម​ជនល្មើស​ជាច្រើន​ក្រុម មាន​គ្នា​ជាង ៣០​នាក់ ប្រដាប់​ដោយ​ម៉ាស៊ីន​អារ​ឈើ ឬ​ត្រង់​សឺន័រ​ជាង ២០ គ្រឿង កំពុង​ធ្វើ​សកម្មភាព​អារ​រំលំ​ឈើ​មូល​ធំៗ សល់​ចុងក្រោយ នៅ​ចំណុច​ជាំ​រៀម ចំណុច​ក្បាល​អូរ​តួ​ក និង​ចំណុច​វាល​ពពេល ដើម្បី​ដឹក​លក់​ឱ្យ​ថៅកែ​ដែល​ចាំ​ទទួល​ទិញ ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច ធី​ង៉ា អភិវឌ្ឍន៍ និង​វិនិយោគ​(THY NGA CO., LTD. DEVELOPMENT AND INVESTMENT ) នៅ​ជាប់​តំបន់​ព្រៃឡង់។

ប្រធាន​សហគមន៍​ព្រៃឡង់ ខេត្ត​ព្រះវិហារ លោក ស្រី ថី ថ្លែង​ថា ឈើ​មូល​ធំៗ​មានមុខ​កាត់ ៥​តឹក​ឡើង​ទៅ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ឡង់ កំពុង​ទទួលរង​ការ​កាប់​បំផ្លាញ​យ៉ាង​ពេញទំហឹង ជាង​មួយ​ខែ​មក​ហើយ ដោយ​គ្មាន​ការអនុវត្ត​ច្បាប់។ លោក​បន្ត​អះអាង​ថា ក្រុម​ជនល្មើស ប្រដាប់​ដោយ​វិទ្យុ​ទាក់ទង​គ្រប់​ដៃ ម៉ាស៊ីន​អារ​ឈើ និង​អាវុធ​កែច្នៃ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​សហគមន៍​ព្រៃ​ឡង់​បារម្ភ​ពី​សុវត្ថិភាព នៅ​គ្រា​ចុះ​ល្បាត​ព្រៃ​ម្តងៗ​។ លោក​បន្ថែម​ថា ព្រៃ​ដែល​ក្រុម​ជនល្មើស​កំពុង​សម្រុក​កាប់​ធ្វើ​អាជីវកម្ម ជា​តំបន់​សំបូរ​ព្រៃស្រោង​ច្រើន​ជាងគេ ដែល​សហគមន៍​ព្រៃ​ឡង់​ទាំង ៤​ខែត្រ តែងតែ​រួមគ្នា​ធ្វើបុណ្យ​ព្រៃ​ឡង់​ស្ទើរ​ជាង​រៀងរាល់​ឆ្នាំ​៖ «កាប់​វាយ​ល្ហល្ហេវ កាប់​ដង្ហែ​គ្នា​តែម្ដង​ឈើ​ហ្នឹង កាប់​ហើយ​គេ​អត់​ដឹង​មូល​ទេ គេ​អារ​ច្រៀក​គ្នៀប​ជា​ក្តារ ជា​គ្រៀប ជា​ក្តា​រដឹក​ចេញ​បណ្ដោយ​។ បទល្មើស​មាន​វិទ្យុ​ទាក់ទង​គ្រប់​ដៃ ពិបាក​ធ្វើការ​ណាស់​កន្លែង​ហ្នឹង មួយថ្ងៃ​មិន​ក្រោម​ពី ៣០​គ្រឿង​ទេ​។ ឈើ​ក្នុង​ព្រៃ​ឡង់ ចាប់​ពីមុខ ៥០ មុខ​៦០​ឡើង ក្នុង​មួយ​ដើម យ៉ាង​តិច​ណាស់​ក៏ ៣​ម៉ែត្រ​គូប​ដែរ មួយ​ដើម»

សហគមន៍​ព្រៃ​ឡង់​រូប​នេះ​បន្ថែម​ថា ក្រុម​ជនល្មើស​បាន​ដឹក​ជញ្ជូន​ឈើ​ចូល​បរិវេណ​ក្រុមហ៊ុន សម្បទាន​សេដ្ឋកិច្ច ធី​ង៉ា អភិវឌ្ឍន៍ និង​វិនិយោគ ដែល​មាន​មូលដ្ឋាន​ក្នុង​ឃុំ រៀបរយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ​។ លោក​ថា ក្រោយ​ពី​មាន​វត្តមាន​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ធ្វើ​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ ជាប់​ព្រៃ​ឡង់​ជា​ថ្មី​ទៀត​នេះ ដើមឈើ​ធំៗ ក្នុង​ព្រៃ​ឡង់​ទទួលរង​ការ​កាប់​បំផ្លាញ​ឥត​ស្រាកស្រាន្ត​។ រីឯ​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន ដែល​ឈរជើង​ការពារ​ព្រៃ នៅ​តំបន់​នោះ​មិនបាន​បំពេញ​តួនាទី អនុវត្ត​ច្បាប់​ព្រៃឈើ​ឱ្យ​ពេញលេញ​នោះ​ទេ ហើយ​អំពើពុករលួយ​រឿង​បទល្មើស​ព្រៃឈើ​នៅតែ​ជា​បញ្ហា​ដដែលៗ​គ្មាន​យន្តការ​លុបបំបាត់​៖ «វា​ទៅ​អែបអប​និង​ក្រុមហ៊ុន ធី​ង៉ា​ហ្នឹងឯង ដើម្បី​យក​ផ្លូវ​ដឹកជញ្ជូន​ជាមួយគ្នា​។ ព្រៃ​ហ្នឹង​បើសិនជា​យើង​មិន​ទប់ស្កាត់ អាជ្ញាធរ​មិន​អនុវត្ត​ច្បាប់​មិន​អាច​នៅ​បាន​ទេ ព្រៃ​ច្បោះ​ហ្នឹង​ដឹង​តែ​អស់ហើយ​។ អាវុធ​កែច្នៃ​បាញ់​ពេញ​ព្រៃ យប់​និង​ថ្ងៃ​បាញ់​ពេញ​តែ​ព្រៃ​ហ្នឹងហើយ កាំភ្លើង»

ឆ្លើយតប​រឿង​នេះ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា មិន​អធិប្បាយ​លើ​របាយការណ៍​របស់ សហគមន៍​ព្រៃ​ឡង់​នេះ​ទេ ដោយ​លោក​ចាត់ទុកថា ជា​បណ្ដាញ​ក្រៅច្បាប់​មិន​មាន​ឈ្មោះ​ទទួលស្គាល់​ពី​ក្រសួង​មហាផ្ទៃ​។ លោក​ចោទ​ថា សកម្មភាព​បណ្ដាញ​ព្រៃ​ឡង់​បង្កប់​ដោយ​របៀបវារៈ​នយោបាយ ដោយ​ប្រើប្រាស់​ព័ត៌មាន​មិន​ពិត ដើម្បី​ស្វែងរក​ជំនួយ​គាំទ្រ​ហិរញ្ញវត្ថុ​។ ទោះជា​យ៉ាងណា លោក នេត្រ ភត្ត្រា មិនបាន​បង្ហាញ​ភស្តុតាង​នៃ​ការ​ចោទ​ប្រការ​នេះ​ទេ​។ លោក​បន្ត​ថា ក្រសួង​បរិស្ថាន បំពេញ​ការងារ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ​ក្នុង​តំបន់​ព្រៃឡង់។

កាលពី​ថ្ងៃ​ទី​០២ កុម្ភៈ ឆ្នាំ​២០២០ សហគមន៍​ព្រៃ​ឡង់​ខេត្តព្រះវិហារ​ជិត ១០​នាក់ បាន​ចុះ​ល្បាត​ព្រៃ​ឡង់ ប្រទះ​ឃើញ​ជនល្មើស​មួយ​ក្រុម​កំពុង​អារ​រំលំ​ឈើ ក្នុង​ព្រៃ​ឡង់​ចំណុច​វាល​ពពេល ហើយ​បាន​រឹបអូស​ម៉ាស៊ីន​អារ​ឈើ ៥​គ្រឿង និង​សម្ភារៈ​មួយ​ចំនួន​ទៀត ពី​ក្រុម​ជនល្មើស​ទាំងនោះ​។ រីឯ​ជនល្មើស​បាន​រត់​គេច​ខ្លួន​បាត់​។ សហគមន៍​ប្រទះឃើញ ឈើ​មូល​ធំៗ រាប់​សិប​ដើម ត្រូវ​បាន​គេ​អារ​រំលំ​យក​ឈើ​ទៅ​បាត់ នៅ​សល់​តែ​គល់។

សកម្មជន​បរិស្ថាន លោក ហេង ស្រស់ ថ្លែង​ថា ក្រុមហ៊ុន ធីង៉ា អភិវឌ្ឍន៍ និង​វិនិយោគ គឺជា​សាខា​របស់​ក្រុមហ៊ុន អង្គរប្លាយវូដ (Angkor Playwood) ធ្លាប់​មាន​រឿងអាស្រូវ​កាប់​ឈើ ក្នុង​តំបន់​ព្រៃ​ឡង់ ធ្វើ​អាជីវកម្ម​ខ្នាត​ធំ។ លោក​ទាមទារ ឱ្យ​ម្ចាស់​ជំនួយ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​កិច្ច​អភិវឌ្ឍ​អន្តរជាតិ ហៅ​កាត់​ថា USAID ពិនិត្យមើល​ពី​ប្រសិទ្ធភាព​ការងារ​របស់​ក្រសួងបរិស្ថាន​ឡើងវិញ ព្រោះ​ស្ថាប័ន​សាមី​មួយ​នេះ​គ្មាន​វិធានការ​ម៉ឺងម៉ាត់ ការពារ​ព្រៃ​ឡង់​ឱ្យ​គង់វង្ស​ទេ ផ្ទុយទៅវិញ​ក្រុម​ជនល្មើស​នៅតែ​បន្ត កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាងសកម្ម​៖ «តើ​នរណា​ខ្លះ​ដែល​ទទួល​ខុសត្រូវ ចំពោះ​ការ​អភិវឌ្ឍ និង​ការពារ​តំបន់​ព្រៃ​ឡង់។ ទី​១ ម្ចាស់​ជំនួយ​គាត់​ឱ្យ​លុយ​ច្រើន​ណាស់ ឱ្យ​ទៅលើ​អង្គការ​ដែល​គាត់​ធ្វើការ ខាង​ការ​ការពារ​តំបន់​ព្រៃ​ឡង់​កុំ​ឱ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ ប៉ុន្តែ​ចុងក្រោយ​បែរជា​មាន​រូប មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​ទៅ​វិញ​។ អ៊ីចឹង​ហើយ ម្ចាស់​ជំនួយ​ត្រូវតែ​ចេញមុខ​ទទួលខុសត្រូវ និង​ត្រូវតែ​ចេញ​មុខ​អន្តរាគមន៍​ទៅលើ​ករណី​ហ្នឹង​ទាំងអស់»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក(Adhoc) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ សង្កេត​ឃើញ​ថា ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ពាក់ព័ន្ធ នៅតែ​ធ្វេសប្រហែស មិន​អនុវត្ត​ច្បាប់​ព្រៃឈើ ឱ្យ​គ្រប់​ជ្រុងជ្រោយ​អនុលោម​តាមច្បាប់​នោះ​ទេ​។ លោក​ថា អំពើពុករលួយ​រឿង​បទល្មើស​ព្រៃឈើ នៅតែ​ជា​ប្រធានបទ​ដដែល មិន​ទាន់​មាន​យន្ត​លុបបំបាត់​នៅ​ឡើយ​ទេ បណ្ដាល​ឱ្យ​ព្រៃ​ការពារ​ធម្មជាតិ​គ្រប់​តំបន់​ទទួលរង​ការ​កាប់​បំផ្លាញ​ឥត​ឈប់ឈរ។

សហគមន៍​ព្រៃ​ឡង់​រកឃើញ​ថា ក្រុម​ជន​ជាតិដើម​ភាគតិច​ជាង ២៥​ម៉ឺន​នាក់ (២៥០.០០០​នាក់​) ដែល​រស់នៅ​ក្នុង​ភូមិ​ចំនួន ៣៤០​ភូមិ ជាប់​តំបន់​ព្រៃឡង់​ទាំង ៤​ខេត្ត នឹង​ប្រឈម​ផល​ប៉ះពាល់​ជីវភាព​ដោយ​ផ្ទាល់ និង​ប្រយោល ជាពិសេស មុខរបរ​ចិញ្ចឹមជីវិត​របស់​ពួកគេ ដែល​អាស្រ័យ​ផល និង​រក​អនុផល​ព្រៃឈើ ប្រសិនបើ​ព្រៃឡង់​វិនាស​ហិនហោច​នៅ​ថ្ងៃ​ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។