សហគមន៍​ខេត្ត​ក្រចេះ​ចោទ​អាជ្ញាធរ​ថា​មិន​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​មុន​ពេល​បោះឆ្នោត

ដោយ ម៉ែន សុធីរ
2017.05.25
កាប់​ឈើ​សហគមន៍​ប្រាសាទ​តាខ្មៅ ក្រចេះ ២០១៧ ១៤៤០ ជន​ល្មើស​អារ​ឈើ​សុក្រំ​ក្នុង​ព្រៃ​សហគមន៍​ប្រាសាទ​តាខ្មៅ ឋិត​នៅ​ឃុំ​កំពង់ចាម ខែត្រ​ក្រចេះ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៧។ រូបថត​ដោយ​សហគមន៍​ប្រាសាទ​តាខ្មៅ
រូបថត​ដោយ​សហគមន៍​ប្រាសាទ​តាខ្មៅ

សហគមន៍​ការពារ​ព្រៃ​ឈើ​ប្រាសាទ​តាខ្មៅ ខែត្រ​ក្រចេះ អះអាង​ថា មេ​ឃុំ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា មិន​សូវ​អើពើ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​អំឡុង​ឃោសនា​បោះឆ្នោត ដោយ​ខ្លាច​បាត់បង់​ការ​គាំទ្រ។ ការ​លើក​ឡើង​នេះ ក្រោយ​ពី​សហគមន៍​ប្រាសាទ​តាខ្មៅ ប្រទះ​ឃើញ​ជន​ល្មើស​លួច​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍ និង​បម្រុង​អនុវត្ត​ច្បាប់ ប៉ុន្តែ​ត្រូវ​បាន​មេ​ឃុំ​ហាមឃាត់ ដោយ​រង់ចាំ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​រួច​រាល់​សិន។

ប្រជា​សហគមន៍​ការពារ​ព្រៃ​ឈើ​រស់នៅ​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខែត្រ​ក្រចេះ រក​ឃើញ​ថា អាជ្ញាធរ​មូលដ្ឋាន​ពុំ​សូវ​សហការ​បង្ក្រាប​ក្រុម​ជន​ល្មើស​លួច​កាប់​ឈើ​មាន​តម្លៃ​ក្នុង​ព្រៃ​សហគមន៍​ប្រាសាទ​តាខ្មៅ អំឡុង​ពេល​ឃោសនា​បោះឆ្នោត។ ចំណែក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វិញ ច្រើន​តែ​សម្របសម្រួល​ជាមួយ​ជន​ល្មើស ឬ​ពិន័យ​ជា​ទឹកប្រាក់ ជា​ថ្នូរ​នឹង​ការ​ដោះលែង។

សមាជិក​គណៈកម្មការ​សហគមន៍​ប្រាសាទ​តាខ្មៅ លោក វ៉ន ត្រៃ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ឧសភា ថា ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៦ រហូត​មក​ទល់​ពេល​នេះ ភាគច្រើន​ពលរដ្ឋ​នៅ​មូលដ្ឋាន​លួច​កាប់​ឈើ​មាន​តម្លៃ​ក្នុង​ព្រៃ​សហគមន៍ ដោយ​ពុំ​សូវ​មាន​ការ​ទប់ស្កាត់ ដោយសារ​មេ​ឃុំ​កំពង់ចាម បាន​ប្រាប់​សហគមន៍​ថា មិន​ឲ្យ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នៅ​មុន​ពេល​បោះឆ្នោត ដោយ​គ្រាន់​តែ​ធ្វើ​កិច្ចសន្យា​បញ្ឈប់។ ដោយឡែក​វត្ថុ​តាង​ដែល​បង្ក្រាប​បាន ត្រូវ​ប្រគល់​ឲ្យ​ជន​ល្មើស រួម​ទាំង​ឈើ​ផង។ បញ្ហា​នេះ បណ្ដាល​ឲ្យ​ជន​ល្មើស​មិន​រាងចាល និង​ជា​ផ្នែក​មួយ​បំផ្លាញ​ធនធាន​ធម្មជាតិ។

បុរស​ដដែល​បន្ត​ថា កាល​ពី​ថ្ងៃ​ទី​១០ ឧសភា សហគមន៍​ប្រទះ​ឃើញ​ជន​ល្មើស​មាន​គ្នា​ពីរ​ក្រុម ប្រើ​ម៉ាស៊ីន​អារ​ឈើ​ពីរ​គ្រឿង និង​គោយន្ត ៤​គ្រឿង កាប់​ឈើ​សុក្រំ​នៅ​ព្រៃ​សហគមន៍​ប្រាសាទ​តាខ្មៅ ចំណុច​ខាង​លិច​ស្រែ​ត្មាយ ប៉ុន្តែ​អាជ្ញាធរ​ឃុំ​បាន​រារាំង​សហគមន៍​មិន​ឲ្យ​អនុវត្ត​ច្បាប់ ដោយ​គ្រាន់​តែ​ធ្វើ​កិច្ចសន្យា។ ចំណែក​គោយន្ត ម៉ាស៊ីន​អារ​ឈើ និង​ឈើ អាជ្ញាធរ​បាន​ប្រគល់​ជូន​ជន​ល្មើស​វិញ៖ «ពួក​បទល្មើស​ហ្នឹង​វា​អត់​ខ្លាច​សហគមន៍ អត់​ខ្លាច​អាជ្ញាធរ​ទេ ព្រោះ​អី​គាត់​ថា ហើយ​សហគមន៍​បើ​ធ្វើ​ខ្លាំង មេ​ឃុំ​គាត់​ថា​កុំ​ឲ្យ​ធ្វើ​វា ព្រោះ​អី​ចាំ​បោះឆ្នោត​ហើយ។ ចឹង​បាន​ថា សព្វថ្ងៃ​នេះ​ខ្ញុំ​សោកស្ដាយ​ណាស់! សោកស្ដាយ​នឹង​ព្រៃ​ឈើ​ដែល​យើង​ខំ​ប្រឹង​រក្សា​តាំង​ពី​ដើម​មក ដល់​ដំណាក់កាល​នេះ​ហើយ វា​ត្រូវ​បាត់បង់​អស់​ជាច្រើន​ចឹង»

ព្រៃ​សហគមន៍​ប្រាសាទ​តាខ្មៅ មាន​ផ្ទៃដី ៥.៦៦៥​ហិកតារ ជាប់​ដែន​ជម្រក​សត្វ​ព្រៃឡង់ ឋិត​នៅ​ឃុំ​កំពង់ចាម ខែត្រ​ក្រចេះ ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​កសិកម្ម តាំង​ពី​ឆ្នាំ​២០០២ ដែល​មាន​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ជា​អ្នក​គ្រប់គ្រង​ផ្ទាល់ និង​ផ្តល់​ការ​សហការ​ជាមួយ​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​គ្រប់​ប្រភេទ​នៅ​តំបន់​នោះ ក៏ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ឈើ​មាន​តម្លៃ ត្រូវ​បាន​គេ​លួច​កាប់​ស្ទើរ​ទាំងស្រុង នៅ​សេសសល់​តែ​ឈើ​ធ្វើ​លំនៅឋាន ដូចជា សុក្រំ កកោះ និង​ឈើទាល ជាដើម។

ឆ្លើយតប​ការ​លើក​ឡើង​នេះ មេ​ឃុំ​កំពង់ចាម លោក ឈិត លាង បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​សហគមន៍ ដោយ​លើក​ហេតុផល​ថា អាជ្ញាធរ​ឃុំ​ពុំ​បាន​ហាមឃាត់​សហគមន៍​មិន​ឲ្យ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នោះ​ទេ ប្រសិន​មាន​ការ​ឯកភាព​ពី​អាជ្ញាធរ​មូលដ្ឋាន។ លោក​ថា អាជ្ញាធរ​ឃុំ​បាន​ហាម​មិន​ឲ្យ​មាន​ការ​យក​លុយ​ពី​ជន​ល្មើស ហើយ​ករណី​ចុះ​បង្ក្រាប​អាច​ធ្វើ​ទៅ​បាន ផ្អែក​តាម​លក្ខន្តិកៈ​របស់​សហគមន៍​ដែរ៖ «ខ្ញុំ​មិន​ហាម​ទេ ប៉ុន្តែ​ឲ្យ​តែ​មាន​ការ​ឯកភាព​ពី​អាជ្ញាធរ មិន​ធ្វើ​អី​តាម​ចិត្ត​នឹក​ឃើញ​ទេ។ ជួនកាល​ដើរ​យក​លុយ​កាក់​គេ​ពេញ​ព្រៃ​ក៏​មាន ខ្ញុំ​មិន​ហាម​ទេ គ្រាន់​តែ​ហាម​ចឹង»

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​ផ្នែក​ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់​ថា ការ​បណ្តោយ​ឲ្យ​មាន​បទល្មើស​ព្រៃ​ឈើ​កើត​ឡើង​ពុំ​មាន​ការ​ទប់ស្កាត់​របស់​អាជ្ញាធរ​ឃុំ គឺ​ជា​សញ្ញា​បង្ហាញ​ពី​ភាព​អសកម្ម​របស់​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​អភិរក្ស​ព្រៃ​ឈើ​របស់​រាជ​រដ្ឋាភិបាល បណ្ដាល​ឲ្យ​ពលរដ្ឋ​កាន់​តែ​អស់​ជំនឿ​ចិត្ត។ លោក​ថា អាជ្ញាធរ​ឃុំ ប្រសិន​ចង់​ឲ្យ​ពលរដ្ឋ​គាំទ្រ គួរ​តែ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ព្រៃ​ឈើ​ឲ្យ​បាន​ពេញលេញ និង​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ឲ្យ​មាន​ប្រសិទ្ធភាព៖ «ចឹង​ហើយ​គួ​តែ​យក​ចិត្តទុក​ដាក់​ឲ្យ​ខ្លាំង​មែនទែន ដើម្បី​ប់ស្កាត់ ឲ្យ​ពលរដ្ឋ​គាត់​បាន​យល់​ថា ការ​បោះឆ្នោត​មិន​បណ្តោយ​ឲ្យ​មាន​ភាព​អនាធិបតេយ្យ​ណា​ពាក់ព័ន្ធ​បទល្មើស​ដែល​បំផ្លាញ​ធនធាន​ធម្មជាតិ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ដឹកនាំ​របស់​រាជ​រដ្ឋាភិបាល»

សហគមន៍​ការពារ​ព្រៃ​ឈើ​ប្រាសាទ​តាខ្មៅ អំពាវនាវ​សុំ​ឲ្យ​ក្រសួង​កសិកម្ម ជាពិសេស​រាជ​រដ្ឋាភិបាល ចាត់​វិធានការ​តឹងរ៉ឹង​បញ្ឈប់​សកម្មភាព​កាប់​យក​ឈើ​ដោយ​ខុស​ច្បាប់​ក្នុង​ព្រៃ​អភិរក្ស​នេះ​តទៅទៀត និង​ផ្តល់​សិទ្ធិ​អំណាច​ឲ្យ​សហគមន៍​អនុវត្ត​ច្បាប់​ព្រៃ​ឈើ​ឲ្យ​ទូលំទូលាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។