ពលរដ្ឋ​ស្ទឹងត្រែង និង​ក្រចេះ​អស់សង្ឃឹម​រឿង​មន្ត្រី​បរិស្ថាន​មិន​អើពើ​អភិរក្ស​ដើម​ច្បោះ​អ្នក​ស្រុក

សេក បណ្ឌិត
2018.09.09
កាប់​ឈើ​ព្រៃ​ឡង់ ក្រចេះ ៦២២ ឈើ​កកោះ​ត្រូវ​បាន​គេ​កាប់​ឋិត​ក្នុង​តំបន់​ព្រៃ​ឡង់ ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៦។
RFA

សកម្មភាព​កាប់​រំលំ​ដើមឈើ​ដុត​យក​ជ័រទឹក​ធ្វើ​អាជីវកម្ម​ខុសច្បាប់ នៅ​តំបន់​ព្រៃឡង់ ខេត្ត​ក្រចេះ និង ស្ទឹងត្រែង នៅតែ​កើតមាន​យ៉ាង​ខ្លាំង ក្នុង​រយៈពេល ៣​ខែ​ចុង​ក្រោយនេះ។

សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល ព្រួយចិត្ត​ជា​ខ្លាំង ប្រសិនបើ​ក្រសួង​បរិស្ថាន និង​មន្ត្រី​នគរបាល​យុត្តិធម៌ នៅតែ​ព្រងើយកន្តើយ មិន​អនុវត្ត​ច្បាប់​រឹងមាំ​ទេ ដើមឈើ​ផលិត​ជ័រទឹក ដែល​ជា​ជម្រក​ប្រាក់​ចំណូល​របស់​ពលរដ្ឋ នៅ​តំបន់​នោះ នឹង​បាត់បង់​ក្នុង​រយៈពេល​ខ្លី​ខាងមុខ។

ពលរដ្ឋ​រស់នៅ​ជាប់​តំបន់​ព្រៃ​ឡង់ ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង និង​អង្គការ​សង្គម​ស៊ីវិល អស់​សង្ឃឹម​លើ​ប្រសិទ្ធភាព​ការងារ​របស់​ក្រសួងបរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ច្រើន​ផ្នែក កំពុង​មើល​រំលង​មិន​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ក្នុង​តំបន់​ព្រៃ​ឡង់ ដែល​ក្រុម​ជនល្មើស​សម្រុក​កាប់​ដើមឈើ​ផលិត​ជ័រទឹក​របស់​អ្នកស្រុក​ឥត​ឈប់ឈរ បណ្ដាល​ឲ្យ​ដើមឈើ​ផលិត​ជ័រទឹក​កាន់តែ​ថយ​ចុះ​ជា​បន្តបន្ទាប់។

ពលរដ្ឋ​រស់នៅ​ឃុំ​កាំងចាម ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹង​ត្រែង ថ្លែង​សុំ​លាក់​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ៨ កញ្ញា​ថា ពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ​ឃុំ​កាំងចាម ពឹង​ផ្អែកលើ​ការ​ដង​ជ័រទឹក​លក់ ដើម្បី​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ តែ​បើ​ដើម​ច្បោះ​ត្រូវ​បាត់បង់​ទាំងស្រុង​មែន​នោះ​នឹង​បង្ក​ឲ្យ​អ្នកភូមិ​ធ្លាក់​ចុះ​ប្រាក់ចំណូល។

លោកស្រី​ថា គ្រួសារ​លោកស្រី និង​អ្នកភូមិ​ភាគច្រើន បាន​ខ្ចី​បុល​ពី​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ច្រើន​លាន​រៀល ដើម្បី​ទិញ​គោយន្ត និង​ម៉ូតូ​ជាដើម ដែល​រំពឹង​ថា ការ​ដង​ជ័រទឹក អា​មាន​លទ្ធភាព​រក​ប្រាក់​សង​ម្ចាស់បំណុល​វិញ។ លោកស្រី​បន្ថែម​ថា ក្នុង​មួយ​សប្ដាហ៍ គ្រួសារ​លោកស្រី​អាច​ដង​ជ័រទឹក ចាប់ពី ២ ខាន ដល់ ៤ ខាន ហើយ​ក្នុង​មួយ​កាន​មានតម្លៃ​ពី ១០ ម៉ឺន​រៀល ទៅ ១៥ ម៉ឺន​រៀល៖ «មានការ​ភ័យ​ព្រួយ​ខ្លាំង​មែនទែន ខ្ញុំ​ផ្ទាល់ និង​បងប្អូន​ខ្ចី​បុល​ធនាគារ​ដោយ មាន​ការ​អាស្រ័យ​លើ​ហ្នឹង​ដែរ ដែល​អាស្រ័យ​ផល​ហ្នឹង។ មិន​សូវ​មាន​កម្លាំង​កៀប​សង្កត់​អ្នក​បំផ្លាញ​តឹងរ៉ឹង​អី​សោះ»

ពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ឃុំ​អាជេន ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា រយៈពេល ៣​ខែ ចុង​ក្រោយនេះ ពលរដ្ឋ​ជាង ១០​គ្រួសារ បាន​បាត់បង់​ដើម​ច្បោះ​ជិត ២ ពាន់​ដើម ហើយ​បច្ចុប្បន្ន​កំពុង​ទទួលរង​ការ​កាប់​រំលំ​ធ្វើ​អាជីវកម្ម​ឥត​ឈប់ឈរ។

លោក​ថា ថ្មីៗ​នេះ ក្រុម​ជនល្មើស​បាន​សម្រុក​អារ​រំលំ ដើម​ច្បោះ​អស់​រាប់​រយ​ដើម នៅ​ចំណុច​អូរ​ជាំ និង​អូរ​ជះ ហើយ​អារ​ច្រៀក​និង​ដឹកជញ្ជូន​ចេញ​ក្រៅ​នៅ​ពេល​យប់។

រីឯ​ឆ្មាំ​អភិរក្ស​របស់​ក្រសួងបរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​បាន​ស៊ើបអង្កេត​រក​ជនល្មើស​ដាក់​ទណ្ឌកម្ម​ច្បាប់​នោះ​ទេ បើ​ទោះ​បី​ជា​អ្នកភូមិ​បាន​ផ្ដល់​ដំណឹង និង​បង្ហាញ​ភស្តុតាង​យ៉ាង​ណា​ក្តី​។ លោក​បន្ថែម​ថា អ្នកភូមិ​ជា​ម្ចាស់​ដើម​ច្បោះ​រន្ធត់ចិត្ត​ជា​ខ្លាំង ដោយសារតែ​ឃើញ​ដើម​ច្បោះ​ធំៗ​ជាច្រើន​ដើម​នៅ​សល់​តែ​គល់ រីឯ​ដើម​ត្រូវ​គេ​អារ​ច្រៀក​ដឹកជញ្ជូន​យក​ទៅ​បាត់៖ «នៅតែ​កាប់​រាល់ថ្ងៃ ម៉ាស៊ីន​នៅ​ពេញ​ព្រៃ​។ កាប់​រំលំ​ពេញ​ព្រៃ អស់​ឈើ​ហើយ វា​លួច​កាប់​ពេលយប់។ អ្នក​ជំពាក់​អនាគារ​ទាំងអស់ ទាំង​គេ​ទាំង​ខ្ញុំ បើ​កាប់​ជ័រ​អស់​បាន​អី​បង់»

មេឃុំ​កំពង់ចាម លោក ឈិន លៀង ទទួលស្គាល់​ថា មាន​ការ​កាប់​បំផ្លាញ​ដើមឈើ​ផលិត​ជ័រទឹក​ខ្លាំងក្លា ដោយសារតែ​អ្នកភូមិ​ធ្លាប់​មក​សុំ​ឲ្យ​អាជ្ញាធរ​ឃុំ​ជួយ​អន្តរាគមន៍​រឿង​នេះ​ដែរ​ថ្មីៗ​នេះ ក៏ប៉ុន្តែ​លោក​ថា ដើមឈើ​ផលិត​ជ័រទឹក​របស់​ពលរដ្ឋ​ភាគច្រើន​ឋិត​នៅ​ក្នុង​ឃុំ​បឹងចារ គឺ​ហួស​ពី​សមត្ថកិច្ច​របស់​អាជ្ញាធរ​ឃុំ​កំពង់ចាម៖ «ដែន​សមត្ថកិច្ច​គ្រប់គ្រង​ទឹកដី​ក្នុង​ឃុំ​បឹងចារ យើង​អត់​ហាន​ចាត់ចែង​ទេ ពលរដ្ឋ​រក​អនុផល​ព្រៃឈើ​ពេញ​ព្រៃ»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង មេឃុំ​បឹង​ចារ លោក ហុល សឿង តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង គ្មាន​អ្នក​ទទួល។

ចំណែក​ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​ក្រចេះ លោក ដួង ឆាយសាវុធ និង​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក សៅ សុភាព ក៏​មិន​អាច​ទាក់ទង​បាន​ដែរ ព្រោះ​ទូរស័ព្ទ​ហៅ​ចូល គ្មាន​មនុស្ស​ទទួល​នៅ​ថ្ងៃ​ទី ០៨ កញ្ញា។

អ្នកភូមិ​ថា ការ​កាប់​បំផ្លាញ​ដើមឈើ​ផលិត​ជ័រទឹក នឹង​ធ្វើ​ឲ្យ​សត្វ​ស្វា​ព្រៃ​ជាច្រើន​ក្បាល​បាត់បង់​ទីជម្រក ព្រោះ​ស្វា​ព្រៃ​ច្រើន​ហ្វូង​បាន​រត់​ពូន​សម្ងំ​លើ​ដើម​ច្បោះ​ជ័រ​របស់​អ្នកស្រុក ដើម្បី​គេច​ពី​ព្រានព្រៃ។ លើស​ពី​នេះ អ្នកភូមិ​ដែល​ប្រទះឃើញ​ហ្វូង​ស្វា​ព្រៃ​ទាំងនោះ បាន​ផ្ដល់​ដំណឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​ឆ្មាំ​អភិរក្ស ឲ្យ​រក​មធ្យោបាយ​ថែរក្សា តែ​គ្មាន​ប្រសិទ្ធភាព ស្រប​ពេល​ដែល​ក្រុម​អ្នកប្រមាញ់​សត្វព្រៃ​ជាច្រើន​ក្រុម បាន​អារ​រំលំ​ដើម​ច្បោះ​អ្នក​ភូមិ ដើម្បី​ចាប់​សត្វ​ស្វា​ព្រៃ​លក់​ខុសច្បាប់ គ្មាន​ការ​បង្ក្រាប។ សកម្មភាព​កាប់​រំលំ​ដើម​ច្បោះ​នោះ បង្ក​គ្រោះថ្នាក់​ដល់​ដើម​ច្បោះ​រាប់ពាន់​ដើម​ផ្សេងទៀត​មិនទាន់​គ្រប់​អាយុ​ដង​ជ័រទឹក។

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍ នៃ​សមាគម​អាដហុក ( ADHOC ) លោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់​ថា ក្រសួងបរិស្ថាន និង​មន្ត្រី​នគរបាល​យុត្តិធម៌ ត្រូវតែ​ទទួលខុសត្រូវ​រាល់​វិនាសកម្ម​ព្រៃឈើ និង​ការ​បាត់បង់​ដើមឈើ​ផលិត​ជ័រទឹក​របស់​ពលរដ្ឋ​នៅ​តំបន់​ព្រៃ​ឡង់។ លោក​ថា ក្រមព្រហ្មទណ្ឌ មាត្រា ៥២៨ បាន​ចែង​ពី​ការទទួលខុសត្រូវ​របស់​មន្ត្រី​នគរបាល​យុត្តិធម៌ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដែល​អនុគ្រោះ​ឲ្យ​កើតមាន​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន៖ «ក្រសួង​គ្មាន​ការ​ទទួលខុសត្រូវ ផ្លូវច្បាប់​ត្រូវ​ទទួលខុសត្រូវ។ ប្រមុខ​រដ្ឋាភិបាល ធ្លាប់​ចាត់តាំង​គាត់ ទទួលខុសត្រូវ ប៉ុន្តែ​យើង​ឃើញ​ថា​វប្បធម៌​និទ្ទណ្ឌភាព ធ្វើ​ឲ្យ​មន្ត្រី​លែង​គោរព​តួនាទី​របស់​គាត់»

សហគមន៍​ព្រៃ​ឡង់​ឲ្យ​ដឹង​ថា ដើមឈើ​ផលិត​ជ័រទឹក គឺជា​ប្រភេទ​ឈើ​ដែល​អ្នកភូមិ​ដុត​យក​ជ័រទឹក បម្រើ​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​រស់នៅ​តំបន់​ព្រៃ​ឡង់​រាប់ពាន់​គ្រួសារ តែ​បើ​ដើម​ច្បោះ​របស់​ពួកគាត់​បាត់បង់​មែន​នោះ នឹង​ធ្វើ​ឲ្យ​ជីវភាព​អ្នកស្រុក​កាន់តែ​ផុងខ្លួន​និង​បំណុល​ធនាគារ​វ័ណ្ឌក ដោយសារ​គ្មាន​ចំណូល​ដើម្បី​បង្វិល​សង​ម្ចាស់បំណុល​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។