សហគមន៍​ការពារ​ព្រៃ​ឈើ​ព្រះរកា​ថា បទល្មើស​ព្រៃឈើ​នៅ​ក្នុង​តំបន់​នេះ​មិន​មាន​ការ​ថយ​ចុះ

ដោយ វ៉ែន សុមេធ
2019-02-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រថយន្ត​ច្នៃ​ដឹក​ឈើ​ចេញ​ពី​ព្រៃ​ព្រះ​រកា កាល​ពី​ពាក់​កណ្តាល​ខែ​កុម្ភៈ ២០១៩។
រថយន្ត​ច្នៃ​ដឹក​ឈើ​ចេញ​ពី​ព្រៃ​ព្រះ​រកា កាល​ពី​ពាក់​កណ្តាល​ខែ​កុម្ភៈ ២០១៩។
រូបភាព សហគមន៍

សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា​នៃ​ខេត្ត​ព្រះវិហារ នៅតែ​កើតមាន​ពេញបន្ទុក​រីឯ​ការ​បង្ក្រាប​មាន​តិចតួច។ សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា​អះអាង​ថា ឆ្មាំ​អភិរក្ស​របស់​ក្រសួងបរិស្ថាន​សមត្ថកិច្ច និង​មន្ត្រី​អាវុធហត្ថ​នៅតែ​ទទួល​សំណូក​ពី​ក្រុម​ជនល្មើស​ជា​ថ្នូរ​មិន​អនុវត្ត​ច្បាប់​ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​ព្រៃ​ការពារ​មួយ​នេះ​វិនាស​មហន្តរាយ។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​ឱ្យ​ដឹង​នៅ​ថ្ងៃទី២៧ កុម្ភៈ​ថា បទល្មើស​ព្រៃឈើ​ក្នុង​ព្រៃ​ព្រះរកា​ជា​​ព្រៃ​អភិរក្ស​នៅតែ​កើតមាន​ច្រើន​ក្នុងស្រុក​ចំនួន ៣ គឺ​ស្រុក​ជាំ​ក្សាន្ត ស្រុក​ឆែប និង​ស្រុក​ត្បែងមានជ័យ។ អាជីវកម្ម​ឈើ​ខុសច្បាប់​ទាំងនោះ​ក្រុម​ឈ្មួញ​ខ្លះ បាន​ចុះ​ទិញ​ឈើ​ដល់​មូលដ្ឋាន។ជនជាតិ​ដើម​ភាគតិច​កួយ​រស់នៅ​ភូមិ​ពោធិ៍ ឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​សង្កេត​ឃើញ​ថា ដើមឈើ​ធំៗ​ឋិត​ក្នុង​ព្រៃ​ព្រះ​រកា​ដែល​នៅ​សេសសល់​ច្រើន​ជាងគេ នៅ​ចំណុច​អូរស្កាច ក្នុង​ភូមិ​ទឹកខ្មៅ​ចាស់ ឃុំ​ព្រីងធំ កំពុង​ទទួលរង​ការ​កាប់​រំលំ​ធ្វើ​អាជីវកម្ម​បែប​អនាធិបតេយ្យ​គ្មាន​ការ​បង្ក្រាប។ លោក​ថា ប្រសិនបើ​អាជ្ញាធរ និង​សមត្ថកិច្ច​ពិត​ជា​មាន​ឆន្ទៈ​អនុវត្ត​ច្បាប់​ព្រៃឈើ​មែន នោះ​ក្រុម​អ្នក​ជួញដូរ​ឈើ និង​អ្នក​កាប់​ឈើ​មិន​អាច​គេច​ពី​កណ្ដាប់​ដៃ​របស់​សមត្ថកិច្ច​បាន​ទេ៖ «ដឹក​ឈើ​នៅ​ម្ដុំ​ពោធិ៍​ប្រមេរ​ហ្នឹង ដឹក​ឈើ​ទាំង​យប់ ទាំង​ថ្ងៃជា​ពិសេស​ខ្លាំង​យប់​ហ្មឹង។ ពួក​ប៉ូលិស បរិស្ថាន អ្នកកាសែត និង​ប៉េអិម អង្គុយ​ចាំ​យក​តែ​លុយ​។ គេ​ថា កាត់បន្ថយ​អំពើពុករលួយ​គេ​វេរ​តាម​វីង»

ជនជាតិ​ដើម​ភាគតិច​កួយ​រស់នៅ​ឃុំ​ព្រីងធំ ស្រុក​ជាំក្សាន្ត ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឱ្យ​ដឹង​ថា​អំពើពុករលួយ​រឿង​បទល្មើស​ព្រៃឈើ​នៅតែ​កើតមាន​ដដែល​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ ដែល​លោក​ចាត់ទុកថា គឺជា​មូលហេតុ​ធ្វើ​ឱ្យ​ព្រៃ​អភិរក្ស​មួយ​នេះ​រលាយ​ហិនហោច។ លោក​ឆ្ងល់​ថា​តើ​ក្រសួង​បរិស្ថាន​បាន​តាមដាន​ការងារ​របស់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ និង​ឆ្មាំ​អភិរក្ស​របស់​ខ្លួន​ឬទេ ទាក់ទិន​នឹង​ការ​ទទួល​ប្រយោជន៍​ពី​ជនល្មើស​ជា​ថ្នូរ​មិន​អនុវត្ត​ច្បាប់។ លោក​សង្កេត​ឃើញ​ថា ជា​រៀងរាល់​យប់​មាន​ការ​ដឹកជញ្ជូន​ឈើ​មូល​ធំៗ និង​ឈើ​ជា​បន្ទះ​ក្ដារ​ចេញពី​ព្រៃ​ព្រះ​រកា​ស្ទើរតែ​គ្រប់​តំបន់​ក្នុង​ព្រៃ​ការពារ​ធម្មជាតិ​មួយ​នេះ៖ «ព្រួយបារម្ភ​ធនធានធម្មជាតិ​អស់​គ្មាន​សល់​ទាំង​តូច​ទាំង​ធំ​។ ប្រសិនបើ​មិន​ទប់ស្កាត់​ទេ ត្រូវ​រលាយ​ប្រាំង​ហ្នឹងឯង​គ្មាន​សល់​ទេ​ព្រៃ​ព្រះ​រកា»

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​លោក នេត្រ ភ័ត្ត្រា មិន​អាច​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី​បានទេ​នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ ព្រោះ​លោក​កំពុង​ជាប់​ប្រជុំ។

ចំណែក​មេឃុំ​ព្រីងធំ លោក ហេង ស្រូច ទទួល​ស្គាល់​ថា មានការ​ដឹកជញ្ជូន​ឈើ​និង​កាប់​ឈើ​ចេញពី​ព្រៃ​ព្រះ​រកា ហើយ​លោក​បាន​ផ្ដល់​ដំណឹង​នេះ​ទៅ​មន្ត្រី​បរិស្ថាន​នៅ​តំបន់​នោះ​ជាច្រើន​សារ​មក​ហើយ។ លោក​ថា បទល្មើស​ព្រៃឈើ​គឺជា​ក្តី​បារម្ភ​របស់​អាជ្ញាធរ​ឃុំ និង​ពលរដ្ឋ ក៏ប៉ុន្តែ​មិន​ដឹង​ថា​នឹង​មាន​យន្តការ​ឱ្យ​ប្រសើរ​ណាមួយ​បញ្ឈប់​សកម្មភាព​នេះ​បានទេ ព្រោះ​ជា​ភារកិច្ច​របស់​ឆ្មាំ​អភិរក្ស សមត្ថកិច្ច​ពាក់ព័ន្ធ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​។ លោក​ថា អាជ្ញាធរ​ឃុំ​បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​មូលមតិ​គ្នា​ចងក្រង​ជា​សហគមន៍ ទប់ស្កាត់​បទល្មើស​ព្រៃឈើ​និង​រួមគ្នា​ថែរក្សា​ដើមឈើ​ផលិត​ជ័រទឹក​ឱ្យ​គង់វង្ស​៖ «ខ្ញុំ​បាន​ទាក់ទង​ទៅ​បរិស្ថាន​រួចហើយ ខ្ញុំ​បាន​រាយការណ៍​ឱ្យ​ជួយ​ទប់ទល់​។ សូម្បីតែ​ខ្ញុំ​ជា​មេឃុំ ក៏​មិន​ដឹង​ធ្វើ​យ៉ាង​ណា​ដែរ ខ្ញុំ​ទាក់ទង​ទៅ​បរិស្ថាន បើ​បរិស្ថាន​គេ​មិន​អើពើ គឺ​ខ្ញុំ​បាន​រាយការណ៍​ទៅ​អស់ហើយ​តើ»

មន្ត្រី​ផ្នែក​តស៊ូ​មតិ​នៃ​អង្គការ​ពន្លក​ខ្មែរ​លោក ប៉ិក សោភ័ណ សង្កេត​ឃើញ​ថា បើទោះបីជា​អាជ្ញាធរ​ជាតិ​ប្ដេជ្ញា​ចិត្ត​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​បែប​ណា​ក្តី តែ​ធាតុ​ពិត​ការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ព្រៃ​ព្រះ​រកា​មិន​ថយ​ចុះ​ទេ។ រីឯ​វិធានការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​ធ្វើឡើង​តែ​តាម​ដង​ផ្លូវ​ដោយ​មិនបាន​ចុះ​ទប់ស្កាត់​ដល់​ទី​តាំង​កាប់​ឈើ​ជាក់ស្ដែង​នោះ​ទេ​៖ «កុំ​ឱ្យ​មក​បង្ក្រាប​ឈើ ដែល​គេ​ដឹក​ចេញពី​ព្រៃ​ហើយ គឺ​សំអាត ជនល្មើស​ពី​ក្នុង​ព្រៃ​។ សំអាត​ជនល្មើស​នៅ​តាម​សិប្បកម្ម​អាហ្នឹង​បាន​ស្អាត ហើយ​អានេះ​វា​មិន​អ៊ីចឹង វា​ទៅជា ចាំ​សំអាត​បទល្មើស​ក្រៅ​ព្រៃ​តាម​ភូមិ និង​ខេត្ត អាហ្នឹង​ឈរ​ចាំ​យក​លុយ​ទៅវិញ​ទេ»

សហគមន៍​ការពារ​ព្រៃឈើ​បន្ថែម​ថា ព្រៃ​ព្រះ​រកា​ភាគច្រើន នៅ​សល់​តែ​ដើមឈើ​ធំៗ ប្រភេទ​ឈើទាល និង​ត្រាច ដែល​ជា​ឈើ​អាច​ដុត​យក​ជ័រទឹក ខណៈ​ដែល​ឈើ​ប្រណិត ដូចជា​បេង នាងនួន និង​ធ្នង់​ជាដើម ត្រូវ​គេ​កាប់​អស់ទាំង​ស្រុង​ហើយ​។ ចំណែក​ប្រភេទ​ឈើ​កកោះ ត្រាច ប៉ាឌៀក និង​ផ្ចឹក​ខ្លះ ត្រូវ​គេ​អារ​ច្រៀក​ជា​បន្ទះ​ក្ដារ​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​ការទប់ស្កាត់​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល