សហគមន៍​ព្រៃឡង់​ថា មាន​បទល្មើស​ព្រៃ​ឡង់​ច្រើន ទើប​មន្ត្រី​បរិស្ថាន​រារាំង​សហគមន៍​មិន​ឱ្យ​ចុះ​ល្បាត

ដោយ សេក បណ្ឌិត
2020.02.16
កាប់ ព្រៃឡង់ ៦២២ ២០២០ ដើមឈើផលិតជ័រទឹក ក្នុងតំបន់ព្រៃឡង់ ត្រូវគេកាប់បំផ្លាញ។ រូប​ថ្ងៃ​ទី ១២ កុម្ភៈ ២០២០។
រូប​សហគមន៍​

សហគមន៍​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ នៅ​មិនទាន់​ស្ងប់​អារម្មណ៍​នៅឡើយ ករណី​មន្ត្រី​បរិស្ថាន​ខេត្ត​កំពង់ធំ បាន​រារាំង និង​គំរាម​ចាប់ខ្លួន​ពួកគេ មិន​ឱ្យ​ចុះ​ល្បាត​ព្រៃ​ឡង់ ស្រប​ពេល​ដែល​ព្រៃ​ឡង់​កំពុង​ទទួលរង​ការ​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ទាំង​យប់​/​ថ្ងៃ​។ សហគមន៍​ថា នាយក​ដែន​ជម្រក​សត្វព្រៃ​ឡង់​ខេត្ត​កំពង់ធំ លោក លី ស្រេង បាន​ហាម​ពួកគេ​មិន​ឱ្យ​ចុះ​ល្បាត​ព្រៃ​ជាង ១០​ថ្ងៃ​មក​ហើយ។

សហគមន៍​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ ចោទ​នាយក​ដែន​ជម្រក​សត្វព្រៃ​ឡង់​ខេត្ត​កំពង់ធំ លោក លី ស្រេង ថា មាន​ចេតនា​រារាំង និង​គំរាម​ពួកគេ​មិន​ឱ្យ​ចុះ​ល្បាត​ព្រៃ ក្នុង​បំណង​ផ្តល់​ឱកាស​ឱ្យ​ក្រុម​ជនល្មើស លួច​អារ​ឈើ និង​ដឹកជញ្ជូន​ឈើ​ធ្វើ​អាជីវកម្ម​ក្នុង​តំបន់​ព្រៃ​ឡង់ បែប​អនាធិបតេយ្យ​។ ពួកគេ​អះអាង​ថា មន្ត្រី​នគរបាល​យុត្តិធម៌​រូប​នេះ គ្មាន​ភាព​ស្មោះត្រង់​ការពារ​ព្រៃ​ឡង់​ស្របតាម​ច្បាប់​នោះ​ទេ ផ្ទុយទៅវិញ​បែរជា​ប្រើ​អំណាច រឹតត្បិត​ពួកគេ​មិន​ឱ្យ​ចុះ​ល្បាត​ព្រៃ​ឡង់។

កាល​ពី​ថ្ងៃ​ទី១១ កុម្ភៈ សហគមន៍​ព្រៃ​ឡង់ និង ក្រុម​និស្សិត​មកពី​រាជធានី​ភ្នំពេញ បាន​រួម​គ្នា​ចុះ​ល្បាត​ព្រៃ​ឡង់ បំណង​ស្វែងយល់​ពី​ស្ថានភាព​ព្រៃ​ឡង់ និង​កត់ត្រា​ក្នុង​ឯកសារ​ស្រាវជ្រាវ ក៏ប៉ុន្តែ​ត្រូវ​បាន​មន្ត្រី​ឧទ្យានុរក្ស ទីស្នាក់ការ​អូរងាវ ស្រុក​សណ្ដាន់​ខេត្ត​កំពង់ធំ ហាមឃាត់ ដោយ​លើក​ហេតុផល​ថា ជា​បញ្ជា​ពី​ថ្នាក់​លើ។

សហគមន៍ព្រៃឡង់ខេត្តកំពង់ធំ និងក្រុមនិស្សិតចុះល្បាតព្រៃ កាលពីថ្ងៃទី ១២ កុម្ភៈ ២០២០។
សហគមន៍ព្រៃឡង់ខេត្តកំពង់ធំ និងក្រុមនិស្សិតចុះល្បាតព្រៃ កាលពីថ្ងៃទី ១២ កុម្ភៈ ២០២០។
រូប​សហគមន៍​

ចំណែក​សហគមន៍ និង​ក្រុម​និស្សិត នៅតែ​បន្ត​ចូល​ព្រៃ​ឡង់ តាម​ផ្លូវ​វៀង​ផ្សេងទៀត​នៅ​ថ្ងៃ​ដដែល​នោះ​។ នៅ​ពេល​ដែល​ពួកគេ​ចូល​ក្នុង​ព្រៃឡង់ បាន​ប្រទះឃើញ​គល់ឈើ​រាប់​រយ​ដើម នៅ​ចំណុច​វាល​ពពេល និង​ចំណុច​អូរ​ជាំរៀម ត្រូវ​គេ​កាប់​បំផ្លាញ​ធ្វើ​អាជីវកម្ម​នៅ​ពេល​ថ្មីៗ​។ ទីតាំង​ដែល​ក្រុម​ជនល្មើស​កាប់​ឈើ​នោះ ជា​តំបន់​ស្នូល​ក្នុង​ព្រៃ​អភិរក្ស​មួយ​នេះ ដែល​នៅសល់​ឈើ​ធំៗ​ច្រើន​ជាងគេ ជាពិសេស​ដើមឈើ​ដែល​អ្នកស្រុក​ដុត​យក​ជ័រទឹក​លក់។

ក្រុម​ស្នូល​ព្រៃឡង់ ខេត្ត​កំពង់ធំ លោក ម៉ិញ នី ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៦ កុម្ភៈ​ថា មូល​ហេតុ​ដែល​មន្ត្រី​បរិស្ថាន ហាម​ពួកគេ​មិន​ឱ្យ​ចុះ​ល្បាត ព្រោះ​ខ្លាច​ប៉ះពាល់​សកម្មភាព​អារ​ឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ក្រុម​ជនល្មើស​។ លោក​ថា ក្រុម​ល្បាត​របស់​សហគមន៍ ឮ​សំឡេង​រណា​យន្ត​អារ​ឈើ​ទ្រហឹង​ពេញ​ព្រៃ និង​មាន​ជំរំ​របស់​ក្រុម​ជនល្មើស ដែល​សង់ ដើម្បី​អារ​ឈើ​លក់​។ លើស​ពី​នេះ ពួកគេ​ប្រទះឃើញ​កាំភ្លើង​កែច្នៃ​មួយ​គ្រឿង ម៉ាស៊ីន​ឆក់​មួយ​គ្រឿង សាំង​ពីរ​កាន និង​អន្ទាក់​សត្វ​មួយ​ចំនួន​ទៀត​ក្នុង​ជំរំ​នោះ និង​បាន​ដុត​បំផ្លាញ​ចោល​នៅ​ហ្នឹង​កន្លែង​។ លោក​បារម្ភ​ថា មន្ត្រី​បរិស្ថាន​ដែល​ឈរជើង​នៅ​តំបន់​នោះ គ្មាន​ភាព​ស្មោះត្រង់​ការពារ​ព្រៃឈើ​នោះ​ទេ ព្រោះ​ក្រុម​ជនល្មើស​អាច​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ឡង់​បាន ត្រូវ​ឆ្លងកាត់​ទីស្នាក់ការ​មន្ត្រី​បរិស្ថាន​៖ «យើង​ទៅដល់​កណ្ដាល​ព្រៃ​ម៉ាស៊ីន​អារ​ឈើ លាន់​ពេញ​ហ្នឹង​។ យើង​អ្នក​ការពារ​គេ​មិន​ឱ្យ​ចូល ប៉ុន្តែ​ក្នុង​ព្រៃ​យើង​ជួបប្រទះ​មនុស្ស គោយន្ត បរ​ចេញ ហើយ​នៅ​ខាងក្រៅ​គេច​រាច​របរ​ចូល គេ​អត់​ឃាត់​។ គេ​ឃាត់​តែ​ពួក​ខ្ញុំ»

សហគមន៍​ព្រៃ​ឡង់ រូប​នេះ​បន្ថែម​ថា ស្ទើរ​ជា​រៀងរាល់ថ្ងៃ មាន​គោយន្ត​រាប់​សិប​គ្រឿង និង​ម៉ាស៊ីន​ត្រង់សឺន័រ​ជា​ច្រើន​គ្រឿង សម្រុក​អារ​ចោះ​យក​ឈើ​ធំៗ ធ្វើ​អាជីវកម្ម ពាសពេញ​ព្រៃ​ឡង់​ស្ទើរ​គ្រប់​តំបន់​។ លោក​សង្កត់ធ្ងន់​ថា ក្រុម​អ្នក​កាប់​ឈើ បាន​បង់លុយ​ឱ្យ​មន្ត្រី​បរិស្ថាន​ទាំងនោះ ទើប​អាច​ដឹក​ឈើ​តាម​គោយន្ត​ចេញ​ក្រៅ​បាន​៖ «ខ្ញុំ​យល់​ឃើញ​ថា សភាពការណ៍​របៀប​នេះ​ខ្ញុំ​ថា វាសនា​ព្រៃ​ឡង់​មិន​នៅ​ទេ ដូច​ព្រៃ​បឹងពែរ​ទៀតហើយ ដាក់​ក្រសួងបរិស្ថាន​។ គេ​បិទ​មិន​ឱ្យ​សហគមន៍​ព្រៃ​ឡង់​ចូល​ដូច​ថា ជិះ​សេះ​លែងដៃ គ្មាន​អ្នកណា​រាយការណ៍ គ្មាន​អ្នកណា​ដឹង គេ​តាម​ចិត្ត​ហើយ លោកគ្រូ ហើយ​ឈើ​ដឹក​ចេញ​រាល់ថ្ងៃ កាប់​ចេញ​រាល់ថ្ងៃ គ្មាន​អី​នៅ យូរ​ឆ្នាំទៅ​វា​នឹង​ក្លាយ​រលាយ​ដូច​ព្រៃ​បឹងពែរ»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង នាយក​ដែន​ជម្រក​សត្វព្រៃ​ឡង់​ខេត្ត​កំពង់ធំ លោក លី ស្រេង ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន​នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ។

ចំណែក​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា បកស្រាយ​ថា ក្រសួងបរិស្ថាន​ផ្ដល់​កិច្ចសហការ​ទាំងអស់​ជាមួយ​សហគមន៍ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ទទួលស្គាល់​ដោយ​ច្បាប់​ត្រឹមត្រូវ មានការ​ចុះឈ្មោះ​នៅ​ក្រសួងមហាផ្ទៃ ឬ​ក្រសួង​ពាក់ព័ន្ធ​។ ចំពោះ​សំណួរ​ថា បើ​សហគមន៍​ព្រៃ​ឡង់ ដែល​មិនទាន់​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ តើ​ពួកគាត់​មាន​សិទ្ធិ​ចុះ​ល្បាត​ព្រៃ​ឡង់​ឬទេ​? អ្នកនាំពាក្យ​រូប​នេះ​ឆ្លើយ​ថា ក្រសួងបរិស្ថាន​បាន​ទទួល​ស្គាល់​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ចំនួន ១៩ កន្លែង​កាលពី​ឆ្នាំ​២០១៩ មាន​សិទ្ធិ​ចូលរួម​អភិរក្ស​ធនធានធម្មជាតិ​។ លោក​បញ្ជាក់​ថា សហគមន៍​ទាំង ១៩​នោះ កំពុង​សហការ​ជាមួយ​ក្រសួង​បរិស្ថាន ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​តំបន់​ព្រៃ​ឡង់។

ជំរំរបស់ក្រុមជនល្មើស ដែលគេសង់ដើម្បីស្នាក់នៅ កាប់ឈើក្នុងព្រៃឡង់។
ជំរំរបស់ក្រុមជនល្មើស ដែលគេសង់ដើម្បីស្នាក់នៅ កាប់ឈើក្នុងព្រៃឡង់។
រូប​សហគមន៍​

ប្រធាន​សហគមន៍​ព្រៃឡង់ ខេត្ត​ព្រះវិហារ លោក ស្រី ថី បង្ហាញ​ការ​សោកស្តាយ​យ៉ាង​ខ្លាំង ដែល​ក្រសួង​បរិស្ថាន​បណ្ដែតបណ្ដោយ​ឱ្យ​មាន​បទល្មើស​ទ្រង់ទ្រាយ​ធំ កើតមាន​ក្នុង​តំបន់​ព្រៃ​ឡង់ ធ្វើ​ឱ្យ​ព្រៃ​ការពារ​មួយ​នេះ មិន​សល់​ដើមឈើ​ធំៗ​ទៀត​ទេ​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ​។ លោក​ថា ក្រុម​ល្បាត​សហគមន៍​បាន​ប្រទះឃើញ គល់ឈើ​ធំៗ​រាប់​រយ​ដើម ជា​ឈើ​ដែល​អ្នកស្រុក​ដុត​យក​ជ័រទឹក​លក់​ចិញ្ចឹមជីវិត ត្រូវ​បាន​គេ​កាប់​យក​ដើម​ដឹក​ទៅ​បាត់​៖ «ការ​សំណូក​សូកប៉ាន់​តាម​ច្រក អ្នក​ដែល​នៅ​តាម​ច្រក​ទ្វារ​តាម​មន្ត្រី​ហ្នឹង វា​ឱ្យ​លុយ​តាម​ហ្នឹង​ឯង។ ការ​ដើរ​ល្បាត​គ្រាន់តែ​គម្រប់​កិច្ច​ទេ ប៉ុន្តែ​តាមពិត​គេ​នៅ​យក​លុយ​ស្រួល​បំផុត​ហើយ​។ គេ​យក​មួយ​គោយន្ត ១០​ម៉ឺន និង ៥​ម៉ឺន តាម​តិច​តាម​ច្រើន»

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ចាត់​ទុក​ការ​ហាមឃាត់ សហគមន៍​មិន​ឱ្យ​ចុះ​ល្បាត​ព្រៃ ពី​សំណាក់​មន្ត្រី​បរិស្ថាន ខេត្ត​កំពង់ធំ​ជា​ទង្វើ​ល្មើសច្បាប់​ដែល​មាន​ចែង​ក្នុង​មាត្រា ៥២៨ នៃ​ក្រមព្រហ្មទណ្ឌ​។ លោក​ជំរុញ​ឱ្យ​សហគមន៍​ប្ដឹង​បរិហារ មន្ត្រី​បរិស្ថាន​ទាំងនោះ ទៅ​តុលាការ ព្រោះ​ការ​ហាមឃាត់ និង​ការ​រឹតត្បិត​នេះ ជា​រូបភាព​នៃ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​៖ «លោក​មិន​ចាត់ការ ថែមទាំង​ទប់ស្កាត់ សកម្មភាព​ស្រប​ច្បាប់​របស់​សហគមន៍​ទៀត​។ នេះ​ហើយ នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ​និយាយ​ថា មិន​បង្ក្រាប​បទល្មើស​ឬក៏​គេ​និយាយ​ពាក្យ​ផ្លូវច្បាប់ មិន​ប្ដឹង​បរិហារ​។ អ៊ីចឹង​ប្រសិន​ជា​មាន​សកម្មភាព​ហ្នឹង​កើតឡើង​ហើយ វា​ជា​សកម្មភាព​ល្មើស​ហើយ​។ នៅ​ពេល​ដែល​លាក់លៀម មិន​បង្ក្រាប មិន​ប្ដឹង​បរិហារ​។ មានន័យថា មន្ត្រី​ទាំងអស់​ហ្នឹង ក្នុង​ក្រមព្រហ្មទណ្ឌ​មាត្រា ៥២៨ ល្មើស​នឹង​អា​ហ្នឹងហើយ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ពន្យល់​ថា ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​ពេញលេញ ចុះ​ល្បាត​ព្រៃ និង​ការពារ​ធនធានធម្មជាតិ​ស្របតាម​តាម​រដ្ឋធម្មនុញ្ញ ប្រសិនជា​មានការ​រាំង​ដោយ​ទម្រង់​ណាមួយ​នោះ ជា​ទង្វើ​ល្មើសច្បាប់ និង​រួមចំណែក​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ។

ក្រមព្រហ្មទណ្ឌ​មាត្រា ៥២៨ ចែងថា អាជ្ញាធរ​ដែល​មិន​ប្ដឹង​បរិហារ នៅ​ពេល​ដឹង​ថា មាន​បទល្មើស​ឧក្រិដ្ឋ ឬ​មជ្ឈិម​នោះ នឹង​ត្រូវ​ទទួល​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ដល់ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល​ដល់ ៦​លាន​រៀល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។