ពលរដ្ឋ​ចោទ​ទាហាន​កង​វរៈ​៥០២​ នៅ​ខេត្ត​បាត់ដំបង​ទន្ទ្រានព្រៃ​តំបន់​ការពារ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ

ដោយ យន់ សាមៀន
2019-05-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទីតាំង​ព្រៃ​អភិរក្ស​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ដែល​គេ​លួច​ទន្ទ្រាន​យក​ដី​នៅ​ភូមិ​ឆករកា ឃុំ​សំឡូត ស្រុក​សំឡូត ខេត្ត​បាត់ដំបង កាល​ពី​ខែ​មេសា ឆ្នាំ​២០១៩។
ទីតាំង​ព្រៃ​អភិរក្ស​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ដែល​គេ​លួច​ទន្ទ្រាន​យក​ដី​នៅ​ភូមិ​ឆករកា ឃុំ​សំឡូត ស្រុក​សំឡូត ខេត្ត​បាត់ដំបង កាល​ពី​ខែ​មេសា ឆ្នាំ​២០១៩។
Photo Provided

ប្រជាពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង​អះអាង​ថា មេបញ្ជាការ​ទាហាន​វរៈ​៥០២ ​ប្រចាំ​នៅ​ព្រំដែន​ស្រុក​សំឡូត​បញ្ជា​ឱ្យ​កូនចៅ​របស់​ខ្លួន​កាប់​ទន្ទ្រានព្រៃ​តំបន់​អភិរក្ស​ក្នុងស្រុក​សំឡូត បណ្ដាល​ឱ្យ​ហិនហោច​ព្រៃ​រាប់រយ​ហិកតារ ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។ ប៉ុន្តែ​លោក​មេ​បញ្ជា​ទាហាន​វរៈ​៥០២ បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​នេះ។

ប្រជាពលរដ្ឋ​រស់​នៅ​ស្រុក​សំឡូត សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ និង​សំឡេង ដើម្បី​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ឧសភា​ថា យ៉ាងហោចណាស់​ដី​ព្រៃ​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត ក្នុង​ខេត្ត​បាត់ដំបង ជិត​២០០​ហិកតារ​ត្រូវ​បាន​ទាហាន​វរៈ​៥០២ កាប់​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​នោះ​។​ពលរដ្ឋ​រូប​នេះ​បន្ត​ទៀត​ថា ទីតាំង​ព្រៃ​ដែល​កាប់​ទន្ទ្រាន ស្ថិតនៅ​ចំណុច​អូរ​ត្របែកជូរ ក្នុង​ភូមិ​ឆក​រកា​ឃុំ​សំឡូត ក្នុង​នោះ​មាន​ទាំង​ការទន្ទ្រាន​ដោយ​ការ​កាប់​ឈើ និង​ដុត​ព្រៃ​យក​ដី។

ចំណែក​មេភូមិ​ឆករកា លោក សំរិទ្ធ ម៉ៅ ប្រាប់​អាស៊ីសេរី​ថា លោក​បាន​ចុះទៅ​ដល់​ទីតាំង​នោះ​ដែរ គឺ​មាន​ការ​លួច​កាប់​ទន្ទ្រានព្រៃ​តំបន់​ការពារ​ប្រាកដ​មែន ប៉ុន្តែ​មិន​ដឹង​អស់​ព្រៃឈើ​ប៉ុន្មាន​ហិកតារ​នោះ​ទេ ព្រោះ​ថ្ងៃ​ដែល​លោក​ចុះទៅ​មើល​មិន​បាន​ដើរ​ពិនិត្យមើល​គ្រប់​ទីកន្លែង​នោះ​ទេ។ លោក​បន្ត​ថា ទាំង​លោក​និង​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​របស់​លោក​សម្ដែង​ការ​សោកស្ដាយ​ព្រៃ ដែល​គេ​លួច​កាប់​បំផ្លាញ​នេះ ហើយ​ព្រួយបារម្ភ​ខ្លាច​ហិនហោច​ព្រៃ​ក្លាយទៅជា​ទីវាល ហើយ​ធ្វើ​ឱ្យ​អាកាសធាតុ​ប្រែប្រួល​ខុស​ប្រក្រតី និង​ធ្វើ​ឱ្យ​មិន​មាន​ព្រៃឈើ​សម្រាប់​ការពារ​ខ្យល់ព្យុះ​ជាដើម៖ «ប៉ិន​តែ​គាត់​បាន​បដិសេធ​ថា​គាត់​មិន​បាន​កាប់​មិនបាន​អី។ ខ្ញុំ​ទៅ​ថ្ងៃមុន​មិនបាន​ទៅដល់​ទេ ទៅដល់​ត្រឹម​កន្លែង​ទីតាំង​ឈរ​របស់​ទាហាន ហើយ​មន្ត្រី​អភិរក្ស​គាត់​ប្រាប់​ថា​ទៅ​មុខ​ទៀត​ គឺ​មាន​កាប់​ឈើ​ល្វឹងល្វើយ ហើយ​ខ្ញុំ​ទៅ​អត់​ដល់​ទេ ដោយសារ​ដើរ​ទៅ​បាន​បន្តិច​ទាហាន​ប្រចាំ​នៅ​ទីនោះ​គាត់​និយាយ​ថា មិន​អាច​ជូន​យើង​ទៅ​ពិនិត្យ​បាន​ទៀត ហើយ​កាលណា​យើង​ទៅ​ត្រូវ​ប្រឈម​មុខ​ទទួលខុសត្រូវ​បញ្ហា​គ្រោះថ្នាក់​ដោយ​ខ្លួន​ឯង​​ហើយក៏​នាំគ្នា​ត្រឡប់​មក​វិញ»

ឆ្លើយតប​នឹង​បញ្ហា​នេះ មេបញ្ជាការ​ទាហាន​កង​វរៈ​លេខ​៥០២ ប្រចាំ​នៅ​ព្រំដែន​ស្រុក​សំឡូត លោក ហុក ប៊ុនហ៊ត ប្រាប់​អាស៊ីសេរី​យ៉ាង​ខ្លី​ថា ទាហាន​នៅ​ក្រោម​បង្គាប់​របស់​លោក​មិន​បាន​ទៅ​ទន្ទ្រាន​ដី​ព្រៃ​ដូច​ការ​ចោទប្រកាន់​នោះ​ឡើយ៖ «បាទ​!​ខ្ញុំ​អត់​ដឹង​ផង ខ្ញុំ​អត់​ដឹង ហើយ​ឥឡូវ​ខ្ញុំ​ជាប់​រវល់​បាទ!»

ទោះជា​យ៉ាងណា​ក្ដី ​ប្រជាពលរដ្ឋ​ និង​មេភូមិ​ឆក​រកា លើកឡើង​ថា ព្រៃ​ដែល​គេ​លួច​ទន្ទ្រាន​នោះ ​មាន​ទាហាន​យាម​ការពារ​យ៉ាង​តឹងតែង ដោយ​មិន​ឱ្យ​ពលរដ្ឋ ឬ​មេភូមិ​ចូល​ទៅ​ពិនិត្យមើល​ដោយ​ងាយស្រួល​នោះ​ទេ ក្រោម​ហេតុ​ថា ទីនោះ​ជា​តំបន់​គ្រោះថ្នាក់ ដោយសារ​មាន​គ្រាប់មីន ​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ច្រើន​នៅ​រាយប៉ាយ​ពេញ​ព្រៃ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត។ ប៉ុន្តែ​ប្រជាពលរដ្ឋ​អះអាង​ថា កាល​ពី​ព្រៃ​ពុំ​ទាន់​មាន​ការ​រុករាន គឺជា​តំបន់​សំបូរ​ដើមឈើ​ច្រើន និង​មាន​សត្វព្រៃ​រស់នៅ​ជាច្រើន​ប្រភេទ​ទៀត​ផង តែ​សព្វថ្ងៃ​មិន​មាន​សត្វព្រៃ​នោះ​ទេ ព្រោះ​បាន​ប្រែក្លាយ​ជា​ទៅ​វាល​ស្រឡះ និង​មាន​ទាហាន​សង់​រោង​ស្នាក់នៅ​ទីនោះ​ទៀត​ផង។

កាលពី​ថ្ងៃ​ទី​៨ និង​ទី​៩ ឧសភា កន្លង​ទៅ គឺ​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចុះទៅ​ពិនិត្យមើល​ដល់​ទីតាំង​ព្រៃ​ដែល​គេ​ទន្ទ្រាន​នោះ​ម្ដង​រួចហើយ ប៉ុន្តែ​មិនទាន់​ចាត់​វិធានការណ៍​ទៅ​ជន​ប្រព្រឹត្ត​នៅឡើយ​ទេ។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាត់ដំបង​លោក កត បូរ៉ាន ប្រាប់​អាស៊ីសេរី​ថា មូលហេតុ​ដែល​មិនទាន់​ចាត់​វិធានការណ៍​ទៅលើ​ជន​ប្រព្រឹត្ត​ដោយសារ​លោក​មិនទាន់​បូកសរុប​ផ្ទៃដី​ ដែល​លួច​កាប់​ទន្ទ្រាន​រួចរាល់​នៅ​ឡើយ។ លោក​អះអាង​ទៀត​ថា ក្រោយ​ពី​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​ទី​កន្លែង គឺ​សន្និដ្ឋាន​ថា ជនល្មើស​អាច​ទន្ទ្រាន​យក​ដី​អស់​ប្រមាណ​ជា ​៦០​ហិកតារ គឺ​មិន​ដល់ ២០០​ហិកតារ​ដូច​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​នោះ​ទេ៖ «បាទ​ក្រោយពី​បូកសរុប​ហើយ​នឹង​មាន​វិធានការ​ផ្លូវច្បាប់​ទៅលើ​អ្នក​ដែល​​រុករាន​ខុសច្បាប់ គឺ មិន​អាច​អធ្យាស្រ័យ​បានទេ ហើយ​រដូវ​កាល​នេះ​ជា​រដូវ​ដែល​យើង​ធ្វើ​យុទ្ធនាការ​ព្រោះ​យើង​ព្រួយបារម្ភ ព្រោះ​ប៉ុន្មាន​ថ្ងៃ​ដែល​ធ្វើ​ផ្លូវ ហើយ​ការ​កាប់​ទន្ទ្រាន​គឺ វា​មាន​ការ​ហាម​មិន​ឱ្យ​ចូល ដល់ពេល​យើង​ស្នើសុំ​ចូល​គេ​ចេះតែ​មូលហេតុ​​ផ្សេង​យក​មក​អាង​ប្រាប់​យើង ហើយ​ភ្លើង​ព្រៃ​វា​ចេះតែ​បន្ត​ឆេះ ដល់​ឥឡូវ​យើង​បាន​សម្របសម្រួល​ជាមួយ​កងទ័ព​ឱ្យ​ប្រុង​ប្រយ័ត​ភ្លើង​ឆេះ​ព្រៃ ព្រោះ​កាល​ចុះទៅ​យើង​ឃើញ​មាន​ទាំង​ការ​រាន​ព្រៃ និង​មាន​កន្លែង​ខ្លះ​មាន​ភ្លើង​ឆេះ​ព្រៃ​ផង»

ទីតាំង​ព្រៃ​អភិរក្ស​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ដែល​គេ​លួច​ទន្ទ្រាន​យក​ដី​នៅ​ភូមិ​ឆករកា ឃុំ​សំឡូត ស្រុក​សំឡូត ខេត្ត​បាត់ដំបង កាល​ពី​ខែ​មេសា ឆ្នាំ​២០១៩។
ទីតាំង​ព្រៃ​អភិរក្ស​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ដែល​គេ​លួច​ទន្ទ្រាន​យក​ដី​នៅ​ភូមិ​ឆករកា ឃុំ​សំឡូត ស្រុក​សំឡូត ខេត្ត​បាត់ដំបង កាល​ពី​ខែ​មេសា ឆ្នាំ​២០១៩។ Photo Provided

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី លើកឡើង​ថា បើ​ទោះ​បី​ជា​ទន្ទ្រានព្រៃ​តិច​ឬ​ច្រើន​ក៏ដោយ គឺជា​អំពើ​ខុសច្បាប់ ព្រោះ​ព្រៃ​ការពារ​ជា​របស់​រដ្ឋ ដោយ​មិន​អាច​ជនណា​ម្នាក់​ទៅ​រំលោភ​យក​ដី​ធ្វើជា​កម្មសិទ្ធិ​បាន​ឡើយ។ លោក​បន្ត​ថា កន្លង​មក​នៅ​ខេត្ត​បាត់ដំបង​ជនល្មើស​ដែល​មាន​ទាំង​ប្រជាពលរដ្ឋ និង​អ្នកមាន​លុយ​និង​មាន​អំណាច​ទន្ទ្រាន​យក​ដី​ជា​រៀងរាល់​ឆ្នាំ ហើយ​កម្រ​ឃើញ​ចាប់​ជនល្មើស​ផ្ដន្ទាទោស​តាមច្បាប់​ណាស់ ដូច្នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ជនល្មើស ហើយ​បាន​នាំ​គ្នា​លួច​ទន្ទ្រានព្រៃ​យក​ដី​ជា​បន្តបន្ទាប់៖ «ដូច្នេះ​ចំពោះ​ការ​អ្នក​ដែល​លួច​ទន្ទ្រាន​ដី​ព្រៃ​យើង​មិន​ពិបាក​រក​មុន​ទេ ដោយ​គ្រាន់តែ​ដឹង​ថា តើ​អ្នកណា​បាន​ដាំ​ដុះ​នៅ​លើ​ដី​នោះ នៅ​ពេល​ក្រោយ​យើង​នឹង​រក​ឃើញ គឺ​អ្នក​ដែល​ដាំ​ដុះ​គឺជា​ជនល្មើស​ដែល​កាប់​បំផ្លាញ​ព្រៃ​នោះ​ហើយ អ៊ីចឹង​យើង​អាច​ចាប់​ជន​នោះ​យក​ទៅ​ផ្ដន្ទាទោស​តាមច្បាប់ ដោយ​យក​សាក្សី​ក្បែរ​ទីនោះ​ដាក់​បន្ទុក​បាន​ហើយ ឱ្យ​តែ​អាជ្ញាធរ​បាន​ឆន្ទៈ​ក្នុង​ថែរក្សា​ព្រៃ»

ព្រៃឈើ​នៅ​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត ស្ថិត​ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន ហើយ​ព្រៃ​មួយ​នេះ​កាលពី​ដើមឡើយ​មាន​ផ្ទៃដី​ប្រមាណ​ ៦​ម៉ឺន​ហិកតារ (៦០.០០០) ដោយមាន​តារា​ឯកភាព​យន្ត​ហូលីវូដ (Holly Wood) អាមេរិក ដ៏​ល្បីឈ្មោះ អ្នកស្រី អែនជេលីណា ចូលី (Angelina Jolie) បាន​បង្កើត​អង្គការ​មួយ​ឈ្មោះ អ៊ឹម ជី ភី (M.J.P) អភិរក្ស​ព្រៃ​នេះ​ ដើម្បី​ជា​ប្រយោជន៍​រួម​របស់​ពលរដ្ឋ។ ប៉ុន្តែ​របាយការណ៍​របស់​ក្រុម​អ្នកការពារ​ព្រៃឈើ​នៅ​ស្រុក​សំឡូត​ឱ្យ​ដឹង​ថា សព្វថ្ងៃ​ព្រៃ​មួយ​នេះ មាន​ព្រៃឈើ​មិន​ដល់ ៤​ម៉ឺន​ហិកតារ (៣៩.០០០) នោះ​ទេ ដោយសារ​ជនល្មើស​លួច​កាប់​ទន្ទ្រាន​យក​ដី​បន្តបន្ទាប់។ ពលរដ្ឋ​ព្រួយបារម្ភ​ថា ព្រៃ​នេះ​អាច​នឹង​ហិនហោច​ទៅ​ទី​វាយ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ ប្រសិនបើ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅតែ​បណ្ដោយ​ឱ្យ​ជនល្មើស​លួច​ទន្ទ្រានព្រៃ​តាម​អំពើ​ចិត្ត​ដូច​សព្វ​ថ្ងៃ ដោយ​មិន​ចាត់​វិធានការ​ឱ្យ​បាន​តឹងរ៉ឹង​តាម​ច្បាប់​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល