ជនជាតិ​​ភាគតិច​ទំពួន​ថា មេភូមិ​ឃុបឃិត​ជាមួយ​ឈ្មួញ​កាប់​ព្រៃ​អភិរក្ស​ដែន​ជម្រក​សត្វព្រៃ​លំផាត់

មួង ណារ៉េត
2018.08.25
កាប់​ឈើ ដែន​ជម្រក​សត្វ​ព្រៃ លំផាត់ ៦២២ ២០១៧ សហគមន៍​ភូមិ​សមុទ្រក្រោម ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ចុះ​ពិនិត្យ​កន្លែង​កាប់​រាន​ព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៧។
Photo: RFA

ជនជាតិ​ដើម​ភាគតិច​ទំពួន រស់នៅ​ភូមិ​កែងសាន់ ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី បារម្ភ​ជា​ថ្មី​ទៀត ពី​ជោគវាសនា​ព្រៃ​ការពារ ដែល​នៅ​សេសសល់​ចុងក្រោយ​ប្រមាណ ១​ពាន់​ហិកតារ កំពុង​ទទួលរង​ការ​កាប់​ទន្ទ្រាន​យក​ដី ធ្វើ​អាជីវកម្ម​ទ្រង់ទ្រាយ​ធំ ពី​សំណាក់​មេភូមិ និង​ឈ្មួញ គ្មាន​ការ​បង្ក្រាប។ អ្នកភូមិ​ថា មេភូមិ​កែងសាន់ បាន​ដើរ​កៀរគរ​ពលរដ្ឋ​ឲ្យ​ចូល​ព្រៃ​អភិរក្ស កាប់​ទន្ទ្រានព្រៃ​យក​ដី ដោយ​ត្រូវ​បង់​ប្រាក់​ឲ្យ​ខ្លួន​ក្នុង​មួយ​គ្រួសារ ៧​រយ​ដុល្លារ។

ជនជាតិ​ដើម​ភាគតិច​ទំពួន ឲ្យ​ដឹង​នៅ​ថ្ងៃទី២៤ សីហា ថា មេភូមិ​កែងសាន់ លោក ញ៉ួត កួត បាន​ប្រកាស​ឲ្យ​អ្នកភូមិ​នៅ​មូលដ្ឋាន​ចូល​ព្រៃ​អភិរក្ស កាប់​ទន្ទ្រានព្រៃ​យក​ដី​ធ្វើ​អាជីវកម្ម ហើយ​លោក​នឹង​ធ្វើ​ពាក្យ​ស្នើ​សុំ​កាន់កាប់​ដីធ្លី​ឲ្យ​ពលរដ្ឋ​ទាំងនោះ តែ​ត្រូវ​បង់​ប្រាក់​ឲ្យ​លោក​ក្នុង​មួយ​គ្រួសារ​ជាង ២​លាន​រៀល ឬ​ស្មើ ៧​រយ​ដុល្លារ។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ ភូមិ​កែងសាន់ លោក ហាន ឆាន ព្រួយ​ចិត្ត​ជា​ថ្មី​ទៀត ពី​វិនាសកម្ម​ព្រៃឈើ ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ទទួល​រង​ការ​កាប់​ទន្ទ្រាន​យក​ដី​ឥត​ឈប់ឈរ គ្មាន​ការ​អនុវត្ត​ច្បាប់។ សកម្មភាព​កាប់​ទន្ទ្រាន​នោះ ក្រុម​កម្មករ​បាន​ប្រើ​ម៉ាស៊ីន​អារ​​ឈើ​ជាច្រើន​គ្រឿង អារ​រំលំ​ឈើ​ទាំង​យប់​ថ្ងៃ នៅ​ចំណុច​អូរព្នៀង និង​អូរក្រែង ទល់​បឹងណាំជា អស់​ជាច្រើន។ លោក​អង្កេត​ឃើញ​ថា ពលរដ្ឋ​ដែល​ឈឺឆ្អាល​រឿង​បទល្មើស​ព្រៃឈើ ព្យាយាម​គ្រប់​មធ្យោបាយ ក្នុង​បំណង​លប់​បំបាត់​បទល្មើស​ព្រៃឈើ​រួមមាន បាន​ផ្តល់​ដំណឹង​ទៅ​អាជ្ញាធរ​ដែនដី សមត្ថកិច្ច និង​មន្ត្រី​បរិស្ថាន តែ​គ្មាន​ប្រសិទ្ធភាព។ លើស​ពី​នេះ ពួកគេ​បាន​ដាក់​ពាក្យ​ប្ដឹង​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ​សរុប ១០​នាក់​ទៅ​តុលាការ ពី​បទ​អនុគ្រោះ នាំ​ឲ្យ​កើត​មាន​បទល្មើស​ព្រៃឈើ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន តែ​រហូត​មក​ទល់​ពេលនេះ​ពុំ​ឃើញ​មាន ចំណាត់​ការ​ផ្លូវច្បាប់​ណាមួយ ពី​តុលាការ​នៅឡើយ​ទេ។ «»

ពលរដ្ឋ​ម្នាក់ទៀត​លោក ខាំ និន ថា មេភូមិ​កែងសាន់ លោក ញ៉ួត កួត គឺ​ជា​មេខ្លោង​លក់​ដី​ព្រៃ​អភិរក្ស ឲ្យ​ឈ្មួញ​កាប់​ទន្ទ្រាន​យក​ដី​ធ្វើ​អាជីវកម្ម​ខុសច្បាប់ ធ្វើ​ឲ្យ​ព្រៃ​សហគមន៍​ភូមិ​កែងសាន់ ដែល​ជា​ជង្រុក​អនុផល​ព្រៃឈើ​បាត់បង់​ជា​បន្តបន្ទាប់។ លោក​ថា កម្មករ​ច្រើន​ក្រុម​ប្រដាប់​ដោយ​ម៉ាស៊ីន​អារ​ឈើ​ជាង ១០​គ្រឿង បាន​អារ​រំលំ​ឈើ​អស់ ប្រមាណ ៨០ ហិកតារ​ជា​ថ្មី​ទៀត ដែល​មាន​ប្រជា​ការពារ​ភូមិ និង​មេ​សហគមន៍​អង្គុយ​ចាំ​យាម​ផ្លូវ។ «»

លោក ខាំ និន បន្ថែម​ថា បទល្មើស​ព្រៃឈើ ពុំ​មែន​កើតឡើង​តែ​ភូមិ​កែងសាន់​នោះ​ទេ នៅ​ភូមិ​សមុទ្រ​ក្រោម ក្នុង​តំបន់​ភ្នំ​អាត ក៏​ទទួលរង​ការ​កាប់​ទន្ទ្រាន​យក​ដី​លក់​ហ៊ុមព័ទ្ធ​ភ្នំ បង្ក​បាត់បង់​ទីតាំង​ជ្រក​សត្វព្រៃ​រស់នៅ។ លោក​ថា ព្រៃ​សហគមន៍​ភូមិ​កែងសាន់ មាន​ផ្ទៃដី​ជាង ៤​ពាន់​ហិកតារ ត្រូវ​គេ​កាប់​ធ្វើ​អាជីវកម្ម​អស់​ប្រមាណ ៣​ពាន់​ហិកតារ​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​មក​ទល់​ពេល​នេះ​នៅ​សេស​សល់ តែ ១​ពាន់​ហិកតារ កំពុង​រង​ការ​កាប់​ទន្ទ្រាន​យ៉ាង​ខ្លាំង។ «»

មេភូមិ​កែងសាន់ លោក ញ៉ួត កួត បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី២៤ សីហា។ រីឯ​មេឃុំ​សេដា លោក អង់ ប៊ុនធៀង ក៏​មិន​អាច​ទាក់ទង​បាន​ដែរ។ តែ​លោក​ធ្លាប់​ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​១៩ សីហា​ថា អាជ្ញាធរ​មូលដ្ឋាន​មិន​ជាប់​ពាក់ព័ន្ធ​កាប់​ទន្ទ្រានព្រៃ​ធ្វើ​អាជីវកម្ម​នេះ​ទេ ហើយ​កន្លងទៅ មន្ត្រី​បរិស្ថាន​បាន​កំណត់​ដី​តំបន់​ព្រៃ​នៅ​តំបន់​នោះ ជា​ដែន​ជម្រក​សត្វព្រៃ និង​ធ្វើការ​ផ្សព្វផ្សាយ​ហាមឃាត់​មិន​ឲ្យ​កាប់​ទន្ទ្រាន។

មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ នៃ​សមាគម​អាដហុក (Adhoc) ខេត្ត​រតនគិរី លោក ឌិន ខន្នី អង្កេត​ឃើញ​ថា ជនជាតិ​ដើម​ភាគតិច​ទំពួន​ហាក់​ឆ្អែត​ចិត្ត​រឿង អាជ្ញាធរ​មិន​អើពើ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ បើ​ទោះ​បី​ជា អ្នកភូមិ​ធ្លាប់​លើក​គ្នា​តវ៉ា និង​ដាក់ពាក្យ​បណ្ដឹង​ក្ដី ក៏​គ្មាន​វិធានការ​ផ្លូវច្បាប់​ណាមួយ ស្វែងរក​ជនល្មើស​ឲ្យ​មក​ទទួលខុសត្រូវ​នោះ​ឡើយ។ «»

ព្រៃ​សហគមន៍​ភូមិ​កែងសាន់ គឺជា​ផ្នែក​មួយ​នៃ​ដែន​ជម្រក​សត្វព្រៃ​លំផាត់ មាន​ផ្ទៃដី​ជាង ៤​ពាន់​ហិកតារ គឺជា​ព្រៃ​នៅសល់​ចុងក្រោយ​ធំ​ជាង​គេ ក្នុង​ចំណោម​ទំហំ​ព្រៃឈើ​ទាំងមូល​ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់​រាប់​ម៉ឺន​ហិកតារ​ក្នុង​ខេត្ត​រតនគិរី។ អ្នកភូមិ​បារម្ភ​ថា ដើម​អាណត្តិ​ទី​៦ អំឡុង​ឆ្នាំ​២០១៨​នេះ គឺជា​ឆ្នាំ​ចុងក្រោយ នៃ​វិនាសកម្ម​ព្រៃ​សហគមន៍​ភូមិ​កែងសាន់ នឹង​ត្រូវ​បាត់បង់​ទាំងស្រុង បើ​អាជ្ញាធរ​នៅតែ​ជិះ​សេះ​បែរខ្នង ធ្វើ​មិន​ដឹង​មិន​ឮ បង្ក​ឲ្យ​ពួកគេ​គ្មាន​វាលស្មៅ​ចិញ្ចឹម​គោក្របី បាត់បង់​ព្រៃឈើ បឹង និង​អូរ​ធម្មជាតិ​ជាដើម។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នកទទួល​នៅ​ថ្ងៃ​ទី២៤ សីហា។

ទោះបីជា​របប​លោក ហ៊ុន សែន អះអាង​ថា បាន​បង្កើត​ក្រុម​កិច្ចការ​ពិសេស​របស់​ស្ថាប័ន កងរាជអាវុធហត្ថ ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ នៅ​ទូទាំង​ប្រទេស ក៏​ប៉ុន្តែ តាម​របាយការណ៍​របស់​អង្គការ​អន្តរជាតិ ស្ដីពី​បរិស្ថាន រក​ឃើញ​ថា នៅ​តែ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។