បទល្មើស​ព្រៃឈើ​នៅ​ដែន​ជម្រក​សត្វព្រៃ​កែវសីមា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​គម្រោង​ឥណទាន​កាបូន

ដោយ ស្ងួន អមរា
2019-01-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ចំណុច​ពណ៌​បៃតង​បង្ហាញ​ពី​តំបន់​លក់​កាបូន​របស់​កម្ពុជា នៅ​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី។
ចំណុច​ពណ៌​បៃតង​បង្ហាញ​ពី​តំបន់​លក់​កាបូន​របស់​កម្ពុជា នៅ​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី។
Screenshot

ប្រជា​សហគមន៍​នៅ​ដែន​ជម្រក​សត្វព្រៃ​កែវសីមា​ឱ្យ​ដឹង​ថា មាន​ជនសង្ស័យ​មួយ​ក្រុម​លួច​ចូល​កាប់​ព្រៃ និង​មនុស្ស​ក្រុម​ទៀត​ចូល​កាប់​ទន្ទ្រាន ព្រៃ​យក​ដី​នៅ​ក្នុង​ដែន​ការពារ​ព្រៃឈើ​មួយ​នេះ​ស្ទើរ​រាល់ថ្ងៃ។ ពួកគេ​ព្រួយបារម្ភ​ថា បទល្មើស​ព្រៃឈើ​នឹង​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ឥណទាន​កាបូន​ដែល​គម្រោង​នេះ​កំពុង​ផ្តល់​ប្រយោជន៍​ដល់​ពលរដ្ឋ ព្រៃឈើ និង​សត្វព្រៃ។

សហគមន៍​ប្រចាំ​ដែន​ជម្រក​សត្វព្រៃ​កែវសីមា​ប្រាប់​ថា បទល្មើស​ព្រៃឈើ​ដែល​កំពុង​កើតមាន​នេះ​គឺ​ដោយសារ​ជន​ចំណូល​ថ្មី​ចូល​ទៅ​ក្នុង​តំបន់​ការពារ​ដើម្បី​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី ហើយ​អ្នក​ខ្លះ​ទៀត​លួច​កាប់​ឈើ​ដើម្បី​យកចេញ​ក្រៅ​លក់​ឱ្យ​ឈ្មួញ។ ប្រជា​សហគមន៍​ស្នើ​ឱ្យ​អ្នក​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​បន្ថែម​ព្រោះ​ពួកគេ​យល់ថា កម្លាំង​របស់​សហគមន៍​មិន​គ្រប់គ្រាន់​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ទាំងនេះ​ទេ។

ជនជាតិ​ដើម​ភាគតិច​ព្នង លោក ប៉ាត់ ឃ្វើត ឱ្យ​អាស៊ីសេរី​ដឹង​ថា បទល្មើស​ព្រៃឈើ​នៅ​តំបន់​លោក​រស់នៅ​កើតឡើង​ភាគច្រើន ដោយសារ​ពលរដ្ឋ​មកពី​តំបន់​ក្រៅ​ផ្សេងៗ​ចូល​កាប់​ទន្ទ្រានព្រៃ​ការពារ​យក​ធ្វើ​ចម្ការ។ លោក​ព្រួយបារម្ភ​ថា ករណី​នេះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជា​សហគមន៍​ក្នុង​ដែន​ជម្រក​កែវ​សីមា ហើយ​ជនជាតិ​ដើម​ភាគតិច​ស្ទើរតែ​ទាំងអស់​ដែល​រស់នៅ​ក្នុង​តំបន់​នេះ​គឺ​ពឹង​អាស្រ័យ​លើ​ព្រៃឈើ​ដើម្បី​ចិញ្ចឹមជីវិត៖ «គេ​ចាប់​យក​ធ្វើ​ចម្ការ​ហើយ​អ្នកខ្លះ​ទៀត​ក៏​មិន​ដឹង​ថា​គេ​ចាប់​យក​ធ្វើ​អី​ដែរ​? ខ្ញុំ​ព្រួយបារម្ភ​មែនទែន​ការបំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​នេះ»

ជនជាតិ​ដើម​ភាគតិច​ព្នង​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា ប្រជា​សហគមន៍​របស់​លោក​សព្វថ្ងៃ ថែរក្សា​ព្រៃ​ដើម្បី​ធ្វើជា​តំបន់​អេកូ​ទេសចរណ៍​ហើយ​ពលរដ្ឋ​បាន​កម្រៃ​ពី​ការ​ជូន​ភ្ញៀវ​ទេសចរណ៍​ចូល​មក កម្សាន្ត​ដើរ​មើល​ព្រៃឈើ និង​សត្វព្រៃ​ក្នុង​តំបន់​នេះ​។ លោក​ព្រួយបារម្ភ​ថា បើ​ករណី​កាប់​ព្រៃ ឈើ​នៅតែ​បន្ត​កើត​វា​នឹង​ធ្វើ​ឱ្យ​បាត់បង់​ព្រៃឈើ និង​សត្វព្រៃ ហើយ​ភ្ញៀវ​ទេសចរណ៍​ក៏​នឹង​ឈប់​មកលេង​កម្សាន្ត​នៅ​តំបន់​នេះ​ទៀត​ដែរ៖ «បារម្ភ​ខ្លាច​អស់​ព្រៃ​អត់​មាន​ផលប្រយោជន៍​ដល់​សហគមន៍​ហើយ​អត់​មាន​ភ្ញៀវ​ទេសចរ​បរទេស​ពលរដ្ឋ​ខ្មែរ​យើង​មកលេង​ទៀត​ចង់​ឱ្យ​កងកម្លាំង ឬ​អង្គការ​ណាមួយ​ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ»

បទល្មើស​ព្រៃឈើ​កំពុង​គំរាមកំហែង​ដល់​តំបន់​កែវសីមា និង​ដែន​ជម្រក​សត្វព្រៃ​ជាង ១០​កន្លែង​ផ្សេងទៀត​នៅ​ខេត្ត​ភាគ​ឦសាន​រួមមាន​៖ តំបន់​ឧទ្យាន​ជាតិវីរជ័យ ក្នុង​ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង​សុទ្ធ​សឹង​ទទួលរង​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​យ៉ាង​ខ្លាំងក្លា ក្នុង​នោះ​មាន​ព្រៃ​ការពារ​ខ្លះ​ត្រូវ​បាត់បង់​ឈើ​មាន​តម្លៃ​ទាំងស្រុង។

សកម្មជន​បរិស្ថាន​ថា បទល្មើស​ព្រៃឈើ​ទាំងនេះ​កើតឡើង​ព្រោះ​មាន​ក្រុម​ឈ្មួញ​ព្រៃឈើ​រហូត មាន​ងារ​ជា​ឧកញ៉ា​បាន​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ប្រមូល​ឈើ​ខុសច្បាប់​ធំៗ​ធ្វើ​អាជីវកម្ម​ជា​ទ្រង់ទ្រាយ​ធំ​ក្នុង​ព្រៃ​អភិរក្ស។

ពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា លោក ប៉េង ស៊ា ឱ្យ​ដឹង​ដែរ​ថា ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​កំពុង​កើតមាន​ក្នុង​ដែន​ជម្រក​កែវសីមា ក្រុម​ប្រជា​សហគមន៍​បាន​នាំគ្នា​ចេញ​ល្បាត​ព្រៃ​ទាំង​យប់​ទាំង​ថ្ងៃ និង​ប្ដូរ​វេន​គ្នា​ចូល​ល្បាត​ព្រៃ។ លោក​បន្ត​ថា ក្រៅពី​វិធានការ​ចុះ​ល្បាត​ការពារ​ព្រៃ​ក្រុម​សហគមន៍​ក៏​មានការ​រឹត​បន្តឹង​ចំពោះ​ជន​ចំណូល​ថ្មី​ដោយមាន​ការ សួរនាំ​យ៉ាង​ម៉ត់ចត់​និង​ហាមឃាត់​ជន​ណា​ដែល​គេ​សង្ស័យ​ថា មុខ​សញ្ញា​លួច​ចូល​កាប់​ព្រៃ​ក្នុង​តំបន់​ព្រៃ​ការពារ៖ «កាលណា​មាន​ប្រជាជន​ថ្មី មក​រស់នៅ​សួរ​គាត់​មក​រស់នៅ​គាត់​មក​ធ្វើ​អី រកស៊ី​អី ឱ្យ​ពិតប្រាកដ បើ​លក្ខណៈ​មក​រស់នៅ​ស៊ីឈ្នួល​កាប់​ព្រៃ​ពួក​ខ្ញុំ​មិន​អាច​ឱ្យ​រស់នៅ​បានទេ»

ដែន​ជម្រក​សត្វព្រៃ​កែវសីមា ជា​តំបន់​ការពារ​មួយ​ក្នុងចំណោម​ដែន​ជម្រក​ការពារ​ចំនួន ៤​ទៀត នៅ​ខេត្ត​មណ្ឌលគិរី ដែល​ជា​ដែន​ជម្រក​សត្វព្រៃ​ទទួលរង​ការ​កាប់​ឈើ​មាន​តម្លៃ​ជា​ប្រព័ន្ធ។ ពលរដ្ឋ​និង​សង្គម​ស៊ីវិល​មានការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជម្រក​កែសីមា ព្រោះ​ដែន​ជម្រក​នេះ​កំពុង​អនុវត្ត​ឥណទាន​កាបូន​ដែល​ធ្វើ​ឱ្យ​ដែន​ជម្រក​នេះ​ទទួល​បាន​ថវិកា ពី​ការ​លក់​កាបូន​ជិត​៣​លាន​ដុល្លារ ហើយ​ថវិកា​មួយ​ភាគ​ធំ​នៃ​ការ​លក់​កាបូន​នេះ​ដើម្បី​ទ្រទ្រង់ ក្នុង​ការ​ថែរក្សា​ព្រៃឈើ សត្វ និង​ជីវចម្រុះ​នៅ​ក្នុង​តំបន់​នេះ។

ដែន​ជម្រក​សត្វព្រៃ​កែវសីមា មាន​ផ្ទៃដី​ជិត ៣០​ម៉ឺន​ហិកតារ គ្របដណ្ដប់​ក្នុង​ឃុំ​ចំនួន​៤ នៃ​ស្រុក កែវសីមា ខេត្ត​មណ្ឌលគិរី​។ ដែន​ជម្រក​នេះ​សម្បូរ​ដោយ​ប្រភេទ​ព្រៃ​ផ្សេងៗ​រួមមាន​៖ ព្រៃស្រោង ពាក់​កណ្តាល​ស្រោង ព្រៃរបោះ និង​តំបន់​វាលស្មៅ។ លក្ខណៈ​ពិសេស​នៃ​ដែន​ជម្រក​នេះ​គឺ​មាន រុក្ខជាតិ​ជាង ៦០​ប្រភេទ ស្ថិត​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ដែល​ជា​រុក្ខជាតិ​រង​ការ​គំរាមកំហែង​ឈាន​ទៅ​រក​ការ​ផុត​ពូជ និង​ជា​កន្លែង​សម្រាប់​ការ​អភិរក្ស​សត្វ​ជាច្រើន​ប្រភេទ​ដូចជា​៖ ដំរី​អាស៊ី ខ្លារខិន ទន្សោង ខ្ទីង ត្រ​យ៉ង​យក្ស កង្កែប​អូ​រាំង ស្វា​កន្ទុយ​ស ទោច​ថ្ពាល់​លឿង ទទា​ទ្រូង លឿង និង​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​ផ្សេងទៀត។

កាលពី​ឆ្នាំ​២០១៦ កន្លងទៅ ក្រុមហ៊ុន ឌីសនី (Disney) របស់​សហរដ្ឋអាមេរិក​សម្រេច​ចុះ​ហត្ថលេខា​ទិញ​កាបូន រេដបូក (Carbon Redd+) នៅ​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា ក្នុង​ខេត្ត​មណ្ឌលគិរី ដែល​គិត​ជា​ទឹកប្រាក់​ចំនួន ២.៦​លាន​ដុល្លារ សម្រាប់​រយៈពេល​ពីរ​ឆ្នាំ​គឺ​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៩។

អ្នក​ជំនាញ​បរិស្ថាន​ពន្យល់​ថា ឥណទាន​កាបូន​នេះ​ជា​ការ​ព្រមព្រៀង​ផ្ដល់​ថវិកា​ពី​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​ខ្លាំង​មក​ឱ្យ​ប្រទេស​ដែល​មាន​ដែន​ការពារ​ព្រៃឈើ​ពោរពេញ​ដោយ​ជីវចម្រុះ ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​បរិស្ថាន​ពិភពលោក​ដែល​បង្កឡើង​ដោយ​ផ្សែង​ពុល។

អ្នក​ជំនាញ​គម្រោង​រេ​ដ​បូក​នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា (WCS) លោក យាង ដូណាល់ ដែល​ធ្វើ​ការងារ​ទាក់ទង​គម្រោង​ឥណទាន​កាបូន​និយាយ​ថា ក្នុង​ករណី​មាន​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​នេះ​គឺជា​ការ​គំរាមកំហែង​ទៅលើ​គម្រោង​ឥណទាន​កាបូន ឬ​គម្រោង​រេដបូក (Carbon Redd+)។ លោក​បន្ត​ថា ព្រៃឈើ​ជា​ប្រភព​សំខាន់​ចម្បង​ដែល​ធ្វើ​ឱ្យ​មាន​កាបូន៖ «យើង​សហការ ជាមួយ WCS គ្រាន់តែ​ជា​ដៃគូ​បច្ចេកទេស​ដើម្បី​ជួយ​គាំទ្រ​និង​ជួយ​សម្របសម្រួល​ការងារ​ទាំង​អស់ហ្នឹង ប៉ុន្តែ​ក៏​មាន​តែ​មាន​បញ្ហា​ករណី​បាត់បង់​ព្រៃឈើ»

អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​បំភ្លឺ ឬ​ការ​ឆ្លើយតប​ករណី​នេះ​ពី​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត ភក្ត្រា បានទេ​នៅ​ថ្ងៃ​ទី​២២ ខែ​មករា។ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី លោក កែវ សុភគ៌ ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា មូលហេតុ​ដែល​ពិបាក​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ដែន​ជម្រក​ការពារ​ដោយសារ​មន្ត្រី​ឧទ្យានុរក្ស​មាន​ចំនួន​មិន​គ្រប់គ្រាន់​ដើម្បី​ឆ្លើយតប​ទៅ​នឹង​បទល្មើស និង​ទំហំ​ដី​នៃ​ដែន​ជម្រក​ទាំងនោះ។

កាលពី​ខែ​តុលា ឆ្នាំ២០១៨ កន្លងទៅ ហ្វេសប៊ុក​ផេក​ផ្លូវការ​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា (WCS) ចុះផ្សាយ​ថា ក្រុម​ល្បាត​សហគមន៍ មន្ត្រី​ក្រសួង​បរិស្ថាន និង​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស បាន​ធ្វើ​ដំណើរ​ទៅកាន់​តំបន់​ព្រៃ​ជ្រៅ ដោយ​ស្នាក់នៅ​ក្នុង​ព្រៃ​រយៈពេល​ច្រើន​ថ្ងៃ ហើយ​បាន​រឹបអូស​វត្ថុ​តាង​រួមមាន​៖ រណារ​យន្ត​បាន ៨​គ្រឿង កាំបិតផ្គាក់ ៨​ផ្លែ ម៉ូតូ ៦​គ្រឿង អន្ទាក់​ឆក់​ខ្សែលួស​ដាក់​ចាប់​សត្វព្រៃ ៣​គីឡូក្រាម កាំភ្លើង​ឆ្នុក​កែច្នៃ​ស្រកីដូង​មួយ​ដើម។ ក្រុម​ល្បាត​ក៏បាន​ណែនាំ​ចំណែក​ជនសង្ស័យ​ដែល​ប៉ុនប៉ង​ចូល​កាប់​រាន​ដី​ព្រៃ ១៣​នាក់ និង​ចាប់​ខ្លួន​ជនសង្ស័យ​ប្រព្រឹត្ត​បទល្មើស​កាប់​រាន​ដី​ព្រៃ​ចំនួន ៦​នាក់​បញ្ជូន​មក​ទីសា្នក់ការ​ដែន​ជម្រក​សត្វព្រៃ​កែវសីមា ដើម្បី​អនុវត្ត​តាម​នីតិវិធី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល