បទល្មើស​ព្រៃ​ឈើ​កំពុង​កើត​មាន​នៅ​តំបន់​ទំនប់​វារីអគ្គិសនី​ខេត្ត​កោះកុង

ដោយ ប្រាជ្ញ ចេវ
2015-08-23
Share
ទំនប់​វារីអគ្គិសនី​ឫស្សីជ្រំ​ក្រោម កោះកុង ៦២០ អាង​ស្តុក​ទឹក​ទំនប់​វារីអគ្គិសនី​ឫស្សីជ្រំ​ក្រោម ស្ថិត​ក្នុង​ឃុំ​បាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង។ រូបថត​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៥
RFA/Brach Chev

បទល្មើស​ព្រៃ​ឈើ​កំពុង​កើត​មាន​នៅ​ក្នុង​តំបន់​ទំនប់​វារីអគ្គិសនី​ឫស្សីជ្រំ​ក្រោម ក្នុង​ខេត្ត​កោះកុង ដែល​ជា​តំបន់​ពោរពេញ​ដោយ​ព្រៃ​ធម្មជាតិ និង​ឈើ​ប្រណិត។ ចំណែក​អាជ្ញាធរ​ខេត្ត​អះអាង​ថា មិន​ទាន់​ដឹង​រឿង​នេះ​នៅ​ឡើយ​ទេ និង​ថា​នឹង​ចុះ​ពិនិត្យ​មើល​នៅ​ទីតាំង​នោះ។

បទល្មើស​ព្រៃ​ឈើ​កំពុង​បង្ក​ការ​បារម្ភ​ដល់​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​ឫស្សីជ្រំ​ក្រោម ដែល​នឹង​ប៉ះពាល់​ដល់​ដំណើរ​ការ​ផលិត​អគ្គិសនី​របស់​ក្រុមហ៊ុន​មួយ​នេះ។ វារីអគ្គិសនី កំពុង​ដំណើរ​ការ​តាម​ផែនការ​សកម្មភាព ក្នុង​គោលដៅ​ផ្គត់ផ្គង់​ភ្លើង​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន និង​រាជធានី​ភ្នំពេញ។

អគ្គនាយក​រង​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​ឫស្សីជ្រំ​ក្រោម លោក ហ៊ី យ៉ៅហ្វេង (He Yao Feng) ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ថា សព្វថ្ងៃ​នេះ​ជនល្មើស​ព្រៃ​ឈើ​កំពុង​ចូល​កាប់​ឈើ​តំបន់​វារីអគ្គិសនី ប៉ុន្តែ​លោក​មិន​ដឹង​ថា អ្នក​កាប់​ឈើ​ទាំង​នោះ​ជា​អ្នក​ណា​នោះ​ទេ។ លោក​បន្ត​ថា ការ​ព្រួយ​បារម្ភ​របស់​ក្រុមហ៊ុន​នេះ គឺ​ខ្លាច​អស់​ព្រៃ ពុំ​មាន​ទឹក​ភ្លៀង ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​វារីអគ្គិសនី៖ «ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់ ព្រោះ​ក្រុមហ៊ុន​វារីអគ្គិសនី​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍ គឺ​គ្មាន​សិទ្ធិ​ណា​មួយ​ទៅ​ហាម​ឃាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​បាន​ទេ»

ទីតាំង​ទំនប់​វារីអគ្គិសនី​ឫស្សីជ្រំ​ក្រោម ដែល​ស្ថិត​ក្នុង​ឃុំ​បាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង ជា​ជំរំ​ព្រៃ​យ៉ាង​ក្រាស់​សម្បូរ​ដោយ​ឈើ​ប្រណិត និង​ជា​ជម្រក​របស់​សត្វ​ដំរី និង​សត្វ​ដទៃ​ទៀត។ ឈើ​តំបន់​នេះ​រង​ការ​កាប់​បំផ្លាញ​យ៉ាង​ខ្លាំង​កាល​ពី​ឆ្នាំ​២០១០ ក្នុង​ការ​បើក​ការដ្ឋាន​សាងសង់​ទំនប់​វារីអគ្គិសនី និង​សម្អាត​បាត​អាង​សម្រាប់​ស្តុក​ទឹក។ តំបន់​ទំនប់​នោះ​នៅ​តាម​ច្រក​ចូល​នីមួយៗ​មាន​កង​កម្លាំង​ទាហាន​ប្រដាប់​ដោយ​អាវុធ​នៅ​ឈរ​យាម​ផ្លូវ។

ទាក់ទង​ករណី​នេះ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អ៊ិន គង់ជិត ឲ្យ​ដឹង​ថា អ្នក​ដែល​កាប់​ឈើ​តំបន់​នេះ​បាន គឺ​ជា​មនុស្ស​មាន​អំណាច ឬ​ក៏​ជា​មន្ត្រី​មាន​សមត្ថកិច្ច​នៅ​ទីនោះ​តែ​ម្តង។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ស្នើ​ឲ្យ​អាជ្ញាធរ​ថ្នាក់​លើ ពេល​ចុះ​អន្តរាគមន៍​ម្តងៗ មិន​បាច់​ផ្តល់​ដំណឹង​ទៅ​មន្ត្រី​ទីនោះ​ឲ្យ​ដឹង​មុន​នោះ​ទេ៖ «វិធានការ​មាន​តែ​ថ្នាក់​អគ្គនាយក​រដ្ឋបាល​ព្រៃ​ឈើ ឬ​ក្រសួង​កសិកម្ម ចុះ​ធ្វើ​អធិការកិច្ច​កុំ​ឲ្យ​ថ្នាក់​ក្រោម​ដឹង»

កម្មករ​ធ្វើ​ការ​នៅ​ការដ្ឋាន​ទំនប់​វារីអគ្គិសនី​ឫស្សីជ្រំ​ក្រោម ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា សកម្មភាព​កាប់​ឈើ​នៅ​តំបន់​នេះ​មាន​ដឹក​ចេញ​ទាំង​ឡានៗ​ធំៗ​ស្ទើរ​រាល់​ថ្ងៃ ទាំង​ពេល​ថ្ងៃ និង​ពេល​យប់ ខណៈ​ដែល​ផ្លូវ​ចេញ​ចូល​ការដ្ឋាន មាន​ទាហាន​យាម​គ្រប់​ច្រក។ កាល​ពី​ឆ្នាំ​២០១២ លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ត្រូវ​គេ​បាញ់​សម្លាប់ បន្ទាប់​ពី​ចូល​ថត​គំនរ​ឈើ​ដែល​ជា​របស់​ក្រុមហ៊ុន ធីមប៊ឺ ហ្គ្រីន (Timber Green) ដែល​ទទួល​បាន​សិទ្ធិ​ពី​រដ្ឋាភិបាល​ក្នុង​ការ​ស្ដារ​បាត​អាង ដើម្បី​ធ្វើ​វារីអគ្គិសនី​ក្នុង​ស្រុក​ថ្មបាំង។

អភិបាល​ខេត្ត​កោះកុង លោក ប៊ុន លើត ថា​លោក​មិន​ទាន់​បាន​ដឹង​ពី​ករណី​បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​នេះ​នៅ​ឡើយ​ទេ។ លោក​អភិបាល​ខេត្ត​បន្ត​ទៀត​ថា ជំហាន​ដំបូង អាជ្ញាធរ​ខេត្ត​នឹង​ត្រួត​ពិនិត្យ​ជា​មុន បន្ទាប់​មក​ទៀត​ទើប​អន្តរាគមន៍​បន្ត៖ «បទល្មើស​ព្រៃ​ឈើ​រដ្ឋាភិបាល​ឲ្យ​បង្ក្រាប ចំពោះ​រឿង​កាប់​ឈើ​នៅ​តំបន់​វារីអគ្គិសនី យើង​នឹង​ចុះ​ត្រួត​ពិនិត្យ»

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អ៊ិន គង់ជិត ថា​តំបន់​នេះ​ក្រៅ​ពី​មាន​កម្លាំង​របស់​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី ក៏​មាន​កង​កម្លាំង​ប្រដាប់​អាវុធ​ទូទាំង​ប្រទេស​នៅ​យាម​កាម​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល