ក្រុម​សហគមន៍​ការពារ​ព្រៃ​នៅ​ក្រចេះ​រក​ឃើញ​ឈើ​អារ​ប្រមាណ​១០​ម៉ែត្រ​គូប

ដោយ រដ្ឋា វិសាល
2014.07.08

អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​មិល នៅ​ខេត្ត​ក្រចេះ បាន​រក​ឃើញ​បទល្មើស​ធ្វើ​អាជីវកម្ម​ឈើ​មូល កំពុង​កើត​មាន​ក្នុង​ព្រៃ​សហគមន៍​ខុស​ច្បាប់។ ឈើ​មូល​រាប់​រយ​ដើម ត្រូវ​គេ​អារ​រំលំ ហើយ​ច្រៀក និង​ដឹក​ជញ្ជូន​ទៅ​លក់​ឲ្យ​ឈ្មួញ​នៅ​ទីផ្សារ។

ឈើ​អារ​ប្រភេទ​លេខ​១ និង​លេខ​២ ប្រមាណ ១០​ម៉ែត្រ​គូប ត្រូវ​បាន​ក្រុម​អ្នក​ការពារ​ព្រៃ​ឈើ​ភូមិ​ប៉ាក់កែ ឃុំ​រលួស ស្រុក​សណ្ដាន់ ខេត្ត​ក្រចេះ រក​ឃើញ​នៅ​ចំណុច​អូរកាតាញ់ បន្ទាប់​ពី​ក្រុម​ជនល្មើស​ប្រើប្រាស់​រទេះគោ​យន្ត ៦​គ្រឿង ដឹក​ជញ្ជូន​ចេញ​ពី​ព្រៃ​មក​ទម្លាក់​ចោល​នៅ​ទីនោះ ដោយសារ​ក្រុម​សហគមន៍​នាំ​គ្នា​ស្ទាក់​ចាប់។

ប្រធាន​ភូមិ​ប៉ាក់កែ លោក នាង យីម បញ្ជាក់​ថា ក្រុម​សហគមន៍​មាន​គ្នា ៨​នាក់ បាន​ប្រទះ​ឃើញ​កម្មករ​ស៊ី​ឈ្នួល​លួច​អារ​ឈើ​ក្នុង​ព្រៃ​សហគមន៍ កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ទើប​អ្នក​ភូមិ​នាំ​គ្នា​ស្ទាក់​ចាប់​រទេះ​ដឹក​ឈើ​របស់​ឈ្មួញ ហើយ​ផ្តល់​ព័ត៌មាន​មក​អាជ្ញាធរ​ជួយ​សហការ​ចាប់ ក៏ប៉ុន្តែ​ឈ្មួញ​បាន​ទម្លាក់​ឈើ​ចេញ​ពី​រទេះ ហើយ​បើក​រត់​គេច​ចេញ​មុន​ពេល​សមត្ថកិច្ច​ទៅ​ដល់។ លោក​បន្ត​ថា អ្នក​ភូមិ​បាន​ដឹង​ពី​មុខ​សញ្ញា​អ្នក​លួច​កាប់​ឈើ​មាន​ឈ្មោះ រុន គឺ​ជា​ឈ្មួញ​រស់នៅ​ខេត្ត​ក្រចេះ ហើយ​មក​ស្នាក់នៅ​ភូមិ​ប៉ាក់កែ ជា​បណ្ដោះអាសន្ន ដើម្បី​ចូល​ព្រៃ​កាប់​ឈើ៖ «ខ្ញុំ​ធ្វើ​សកម្មភាព​តាំង​ពី​ម្សិល គេ​ឈប់​អារ​រទេះ គេ​ដក​ចេញ ប៉ុន្តែ​ឈើ​គេ​ដឹក​មក​ដាក់​នៅ​ផ្លូវ​សហគមន៍។ ឈើ​នៅ​កាប់​ពី​ព្រៃ​ទៀត ខ្ញុំ​ឲ្យ​កម្លាំង​ទៅ​មើល​ព្រឹក​នេះ វា​នៅ​សល់​ប៉ុន្មាន​ទៀត»

ទាក់ទិន​បទល្មើស​ព្រៃ​ឈើ​នេះ មេ​ឃុំ​រលួស លោក អ៊ូ គឹមអៀ ទទួល​ស្គាល់​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​ចូលរួម​បង្ក្រាប​ជាមួយ​សហគមន៍​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​លទ្ធផល​បាន​តិចតួច ដោយសារ​តែ​អាជ្ញាធរ​ឃុំ​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ចាប់​ជនល្មើស​មក​ទទួល​ខុស​ត្រូវ​តាម​ច្បាប់។ លោក​កត់​សម្គាល់​ថា ព្រៃ​ឈើ​អភិរក្ស​រង​ការ​បំផ្លាញ​អស់​ច្រើន​នា​រយៈពេល​កន្លង​ទៅ​នេះ៖ «វា​ខ្វះ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​បញ្ហា​បទល្មើស​ឈើ​ព្រៃ។ អ៊ីចឹង​ទៅ​មាន​ការ​ចាត់​ចែង​តាំង​ពី​ម្សិល​មក​ហើយ ខាង​ប៉ុស្តិ៍​រដ្ឋបាល​បាន​ចូលរួម ខាង​ក្រុម​ប្រឹក្សា​ឃុំ​ក៏​បាន​ចូលរួម​បញ្ហា​ហ្នឹង។ ខ្ញុំ​ទាក់ទង​ទៅ​ខាង​រដ្ឋបាល​ព្រៃ​ឈើ​អូរគ្រៀង ឲ្យ​ជួយ​ទប់ស្កាត់​ដើម្បី​ឃាត់​ឈើ​ហ្នឹង​ទុក»

នៅ​ថ្ងៃ​អង្គារ ទី​៨ ខែ​កក្កដា សមាជិក​សហគមន៍ ១៣​នាក់ បាន​ជូន​ដំណើរ​មន្ត្រី​ព្រៃ​ឈើ និង​ប៉ូលិស​ប៉ុស្តិ៍ ទៅ​ដឹក​ជញ្ជូន​វត្ថុ​តាង​ឈើ​ទាំងអស់​មក​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​សណ្ដាន់។

នាយ​រង​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​សណ្ដាន់ លោក ផាន់ លួង មាន​ប្រសាសន៍​បញ្ជាក់​ថា សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​មុខ​សញ្ញា​ពាក់ព័ន្ធ​លួច​អារ​ឈើ​ខុស​ច្បាប់​នេះ​ហើយ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ៖ «ជាក់ស្តែង​យើង​អត់​ទាន់​បាន​វាស់វែង​ស្អី​ទេ ព្រោះ​វា​នៅ​ដាក់​រេល​ណា! ឥឡូវ​កំពុង​ស៊ើបសួរ​តាម​រយៈ​សហគមន៍​ពី​ណា​ពី​ណី យើង​នឹង​រៀបចំ​ឯកសារ​តាម​ហ្នឹង»

ពាក់ព័ន្ធ​បទល្មើស​ព្រៃ​ឈើ​នេះ​ដែរ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (adhoc) ខេត្ត​ក្រចេះ លោកស្រី ធីម ណារីម ថ្លែង​ថា ព្រៃ​ឈើ​ដែល​សហគមន៍​អភិរក្ស​សម្រាប់​អាស្រ័យ​ផល​ជា​លក្ខណៈ​ប្រពៃណី និង​ព្រៃ​ឈើ​រក្សា​ទុក​ជា​ព្រៃ​ការពារ​សហគមន៍ កំពុង​ឋិត​ក្នុង​ភាព​វិនាស​ហិនហោច ដោយសារ​អ្នក​មាន​ប្រាក់​មាន​អំណាច ចូល​កាប់​បំផ្លាញ​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ។ អ្នកស្រី​កត់​សម្គាល់​ថា កិច្ច​ការពារ​ព្រៃ​ឈើ​របស់​ក្រុម​សហគមន៍ មាន​លទ្ធភាព​តិចតួច​ណាស់ ដើម្បី​ប្រឆាំង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទាំងអស់​នោះ​បាន៖ «អនាគត​ទៅ​បើ​សិន​ជា​រដ្ឋាភិបាល​មិន​ជួយ​ទប់ស្កាត់​ទេ បើ​សិន​រំពឹង​លើ​កម្លាំង​សហគមន៍ គាត់​មិន​អាច​មាន​លទ្ធភាព​ទប់ស្កាត់​បាន ដោយសារ​ថា​អ្នក​ដែល​ចូល​មក​នេះ​ប្រើ​កម្លាំង​ប្រើ​រូបភាព​មាន​តួនាទី​ជា​សមត្ថកិច្ច ជា​ប៉េអិម ឬ​ជា​ទាហាន​អ៊ីចឹង»

សេចក្តី​រាយការណ៍​របស់​សហគមន៍​ភូមិ​ប៉ាក់កែ ឲ្យ​ដឹង​ថា ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ ឈើ​ប្រណិត​ក្នុង​ព្រៃ​អភិរក្ស ត្រូវ​គេ​កាប់​អនាធិបតេយ្យ​យក​ឈើ​មាន​តម្លៃ​អស់​គ្មាន​សល់ បន្ទាប់​មក​ឈើ​ប្រភេទ​លេខ​១ និង​លេខ​២ ក៏​ត្រូវ​ក្រុម​ជនល្មើស​ចូល​ព្រៃ​លួច​កាប់​ជា​បន្ត។ ចាប់​តាំង​ពី​ឆ្នាំ​២០១៣ រហូត​បច្ចុប្បន្ន ក្រុម​អ្នក​ភូមិ​ការពារ​ព្រៃ​ឈើ​រឹបអូស​ម៉ាស៊ីន​កាត់​ឈើ​បាន​ជាង ១០​គ្រឿង ក៏ប៉ុន្តែ​អ្នក​ភូមិ​មិន​មាន​លទ្ធភាព​ឃាត់​ខ្លួន​ជនល្មើស​បាន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។