សកម្មជន​ព្រៃ​ឈើ​អះអាង​ថា​អាជីវកម្ម​ឈើ​នៅ​ខេត្ត​ក្រចេះ​កាន់​តែ​កើន​ឡើង

ដោយ សូត សុខប្រាថ្នា
2014.05.21
កាប់​ឈើ ក្រចេះ ៣០៥ សកម្មភាព​ប្រជា​សហគមន៍​ស្រុក​ស្នូល ខេត្ត​ក្រចេះ ដុត​បំផ្លាញ​ឈើ​ប្រណិត​របស់​ជនល្មើស ក្នុង​ដែន​ជម្រក​អភិរក្ស​សត្វ​ស្រុក​ស្នួល កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៣។
CCHR

សកម្មជន និង​អ្នក​ជំនាញ​ខាង​ធនធាន​ធម្មជាតិ​អះអាង​ថា សកម្មភាព​អាជីវកម្ម​ឈើ​ប្រណីត​នៅ​ក្នុង​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ កាន់​តែ​កើន​ឡើង។ ឈ្មួញ​ទាំង​នោះ​ភាគ​ច្រើន​បាន​ប្រមូល​ទិញ​ឈើ និង​កាប់​ឈើ​មិន​មែន​ប្រភេទ​ប្រណីត​លេខ​១ ដើម្បី​ដឹក​ចូល​ទៅ​កន្លែង​ស្តុក​ឈើ​ធំៗ​នៅ​ក្នុង​ស្រុក​ព្រែកប្រសប់។

អ្នក​ជំនាញ​ទាំង​នោះ​បញ្ជាក់​ថា ប្រសិន​បើ​សកម្មភាព​កាប់​ឈើ​មិន​មាន​ការ​បង្ក្រាប​ណា​មួយ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ទេ ព្រៃ​ឈើ​នៅ​កម្ពុជា នឹង​ត្រូវ​វិនាស​ក្នុង​ពេល​ខាង​មុខ​នេះ។

សកម្មជន​ព្រៃ​ឡង់​ដែល​តែង​តែ​ឃ្លាំ​មើល​ពី​សកម្មភាព​ធ្វើ​អាជីវកម្ម​ឈើ​យ៉ាង​អនាធិបតេយ្យ​នៅ​ក្នុង​ស្រុក​សំបូរ ខេត្ត​ក្រចេះ អះអាង​ថា សកម្មភាព​ធ្វើ​អាជីវកម្ម​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​កាន់​តែ​កើន​ឡើង។ ការ​កើន​ឡើង​នោះ ដោយសារ​តែ​មាន​ខាង​ក្រុម​អ្នក​មាន​លុយ បាន​នាំ​គ្នា​ទៅ​ប្រមូល​ទិញ​ឈើ និង​កាប់​ឈើ​ពី​តំបន់​ព្រៃ​ឡង់ មក​ស្តុក​ទុក​នៅ​ដេប៉ូ​ធំៗ​នៅ​ក្នុង​ស្រុក​ព្រែកប្រសប់។

សកម្មជន​ព្រៃ​ឡង់​ម្នាក់ ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ឱ្យ​ដឹង​ថា សកម្មភាព​ធ្វើ​អាជីវកម្ម​ឈើ​ប្រភេទ​ឈើ​លេខ​ពីរ បន្ទាប់​ពី​ប្រភេទ​ឈើ​ប្រណីត​លេខ​១ រួម​មាន ធ្នង់ ក្រញូង បេង នាងនួន ត្រូវ​បាន​គេ​កាប់​អស់​ទៅ​ហើយ​នៅ​តំបន់​ដែល​លោក​ឃ្លាំង​មើល​នោះ។ លោក​បន្ត​ថា ក្រុម​ឈ្មួញ​ទាំង​នោះ​បាន​ប្រមូល​កៀងគរ​ប្រជាពលរដ្ឋ​ដែល​មាន​រណា​យន្ត ដើម្បី​ឱ្យ​កាប់​ឈើ​មក​លក់​ឱ្យ​ខ្លួន ឬ​ក៏​ជួល​អ្នក​មាន​រណា​ទាំង​នោះ​មក​ធ្វើ​ការ​ឱ្យ​ខ្លួន ដោយ​ឈ្មួញ​ធានា​ខុស​ត្រូវ​ចំពោះ​ប្រជាពលរដ្ឋ​ទាំង​នោះ​ទៀត​ផង។

លោក​បន្ថែម​ទៀត​ថា ឈើ​ទាំង​នោះ​នឹង​ដឹក​ជញ្ជូន​ទៅ​ទុក​ក្នុង​ដេប៉ូ​ធំៗ នៅ​ក្នុង​ស្រុក​ព្រែកប្រសប់ ខេត្ត​ក្រចេះ ហើយ​ចែក​ចាយ​បន្ត​ក្នុង​ប្រទេស និង​ទៅ​ក្រៅ​ប្រទេស ចំណែក​អាជ្ញាធរ​វិញ​ហាក់​ធ្វើ​មិន​ដឹង​មិន​ឮ​ចំពោះ​សកម្មភាព​អាជីវកម្ម​ឈើ​ទាំង​នោះ​ឡើយ៖ «ដែល​ប្រមូល​ឈើ​ជា​ឈើ​ប្រណីត​គ្រឿង ៥​ដប់​៥ ដើម្បី​ស្តុក​នៅ​ដេប៉ូ​នៅ​ត្រពាំង​ត្រយឹង ហើយ​ដេប៉ូ​មួយ​ទៀត​នៅ​ទួល​ខ្លុង ហៅ​ថា​ផ្លូវ​ទៅ​ភ្នំ​ជី។ ហើយ​អ៊ីចឹង សកម្មភាព​នេះ​មិន​ថយ​ចុះ​ទេ ក្រោយ​ពេល​បំផ្លាញ​ឈើ​ធ្នង់​ដែល​ត្រូវ​ផុត​ពូជ​ហើយ បន្ត​យក​ឈើ​ហ្នឹង​បន្ត​ទៀត។ នេះ​ជា​គម្រោង​របស់​ឧកញ៉ា​នេះ ដែល​កំពុង​ធ្វើ​បន្ត​ដោយ​មាន​ការ​អះអាង​ពី​ថៅកែ​ចន ជា​អ្នក​ប្រមូល​ទិញ។ គេ​អះអាង​ថា មេ​ព្រៃ​ក៏​មិន​ហ៊ាន​ធ្វើ​អី នរណា​ក៏​មិន​ហ៊ាន​ធ្វើ​អី​ដែរ ដោយ​គេ​មាន​ច្បាប់​ធ្វើ​ឈើ​ទាំងអស់​ហ្នឹង»

លោក​បន្ថែម​ទៀត​ថា តំបន់​ដែល​ទទួល​រង​ការ​គំរាម​កំហែង​ពី​សំណាក់​ឈ្មួញ​ឈើ​ទាំង​នោះ គឺ​មាន​ទំហំ ៥​ម៉ឺន​ហិកតារ ស្ថិត​នៅ​ក្នុង​ឃុំ​ចំនួន​ពីរ គឺ​ឃុំ​កំពង់ចាម និង​ឃុំ​បឹងចារ ហើយ​ប្រសិន​បើ​តំបន់​នោះ​ត្រូវ​ហិនហោច កម្ពុជា នឹង​ត្រូវ​បាត់​បង់​គម្រប​ព្រៃ​ដ៏​ធំ​ជាក់​ជា​មិន​ខាន។ ប្រភេទ​ឈើ​លេខ​ពីរ​នោះ​រួម​មាន ឈើ​ទាល ផ្ដៀក ខ្លុង ត្រាច ខ្វាវ និង​គគីរ ជាដើម។

ទាក់ទង​បញ្ហា​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​នៅ​ខេត្ត​ក្រចេះ លោក សូយ សារិទ្ធិ មិន​មាន​ប្រសាសន៍​អ្វី​នោះ​ទេ នៅ​ថ្ងៃ​ទី​២១ ឧសភា ប៉ុន្តែ​កាល​ពី​ពេល​កន្លង​ទៅ លោក​ធ្លាប់​មាន​ប្រសាសន៍​បដិសេធ​ថា សកម្មភាព​ធ្វើ​អាជីវកម្ម​ឈើ​នៅ​ក្នុង​ខេត្ត​ក្រចេះ មិន​មាន​កើន​ឡើង​នោះ​ទេ។

នាយក​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈឹម សាវុធ មាន​ប្រសាសន៍​ថា មិន​មែន​មាន​តែ​ខេត្ត​ក្រចេះ មួយ​នោះ​ទេ ដែល​មាន​បទល្មើស​ព្រៃ​ឈើ​កើន​ឡើង​នោះ នៅ​ខេត្ត​ភូមិ​ភាគ​ឦសាន​ទាំងអស់​ក៏​មាន​ការ​ធ្វើ​អាជីវកម្ម​ឈើ​យ៉ាង​អនាធិបតេយ្យ​ដែរ។ លោក​បន្ត​ថា បើ​ទោះ​បី​ជា​ជម្លោះ​រវាង​ប្រទេស​ចិន និង​វៀតណាម កើត​ឡើង ហើយ​ឈើ​ស្រុក​ខ្មែរ​មួយ​ភាគ​ធំ​ត្រូវ​ឆ្លង​កាត់​ប្រទេស​វៀតណាម ក៏ដោយ ក៏​មិន​បាន​ធ្វើ​ឱ្យ​សកម្មភាព​ឈ្មួញ​ទុច្ចរិត​រក​ស៊ី​ឈើ​នៅ​ស្រុក​ខ្មែរ ត្រូវ​ថយ​ចុះ​នោះ​ឡើយ៖ «ការ​នាំ​ចេញ​របស់​ឈ្មួញ​ទុច្ចរិត​ខ្មែរ​នៅ​តែ​បន្ត​អ៊ីចឹង។ បើ​មិន​នាំ​ចេញ​តាម​ច្រក​វៀតណាម ទេ ឈ្មួញ​ទាំងអស់​ហ្នឹង​បែរ​ទិស​ទៅ​តាម​ច្រក​ឡាវ ឬ​ក៏​ច្រក​សមុទ្រ។ យើង​គិត​ថា អ្វី​ដែល​កំពុង​តែ​ធ្វើ​នេះ​លុះ​ណា​តែ​រដ្ឋាភិបាល​ខ្មែរ​យើង​មាន​ឆន្ទៈ​ពិត​ប្រាកដ ក្នុង​ការ​ទប់ស្កាត់​បញ្ចប់​បញ្ហា​បានៗ។ ហើយ​បើ​សិន​ជា​អត់​ទេ បើ​ទោះ​បី​ជា​មាន​បញ្ហា​រវាង​ប្រទេស​វៀតណាម និង​ប្រទេស​ចិន ក៏ដោយ ក៏​ខ្មែរ​យើង​ជន​ទុច្ចរិត​រក​ស៊ី​នាំ​ចេញ​ទៅ​កន្លែង​ផ្សេងៗ​ទៀត ព្រោះ​នៅ​លើ​ពិភពលោក ប្រទេស​ណា​ក៏​ត្រូវ​ការ​ឈើ​ដែរ​ឥឡូវ»

លោក​បន្ថែម​ទៀត​ថា ក្រៅ​ពី​យក​ឆន្ទៈ និង​ច្បាប់​មក​អនុវត្ត​ហើយ​នោះ រាជ​រដ្ឋាភិបាល​គប្បី​បញ្ឈប់​នូវ​គោល​នយោបាយ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ដល់​ក្រុមហ៊ុន​ត​ទៅ​ទៀត ហើយ​ពង្រឹង​កម្លាំង​ជំនាញ​ដើម្បី​អភិរក្ស​ព្រៃ និង​ឈើ​ប្រណីត​ដែល​សេសសល់​នោះ ទើប​អាច​ធានា​បាន​ថា ព្រៃ​ស្រុក​ខ្មែរ​នឹង​កើត​ឡើង​វិញ។

ចំណែក​ឯ​អ្នក​វិភាគ​បញ្ហា​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា សកម្មភាព​កាប់​បំផ្លាញ​ឈើ​ប្រណីត និង​ប្រភេទ​ឈើ​ផ្សេងៗ កាន់​តែ​កើន​ឡើង​ដោយសារ​តម្រូវ​ការ​ប្រើប្រាស់​ក្នុង​ស្រុក និង​ក្រៅ​ស្រុក មាន​កាន់​តែ​ច្រើន និង​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រាជ​រដ្ឋាភិបាល​ដ៏​ច្រើន​លើសលប់៖ «ចង់​ឬ​មិន​ចង់ គេ​ត្រូវ​តែ​បំផ្លាញ​ឈើ​ហ្នឹង ដើម្បី​យក​ដី​ធ្វើ​ជា​កសិឧស្សាហកម្ម។ ហើយ​បំផ្លាញ​ឈើ​ហ្នឹង បើ​ទោះ​បី​ជា​ឈើ​ហ្នឹង​នាំ​ចេញ​បាន ឬ​មិន​បាន​ក៏ដោយ ក៏​គាត់​ត្រូវ​តែ​បំផ្លាញ​ឈើ​ហ្នឹង ដើម្បី​យក​ដី​ប្រកប​អាជីវកម្ម។ អ៊ីចឹង​ខ្ញុំ​គិត​ថា មិន​ថយ​ទេ ព្រោះ​ខ្ញុំ​គិត​ថា ជា​តម្រូវ​ការ​ចាំបាច់។ វា​លែង​តែ​រដ្ឋាភិបាល​កែប្រែ​នូវ​គោល​នយោបាយ កែប្រែ​នូវ​វិធានការ​រឹត​បន្តឹង​នូវ​វិធានការ។ កែប្រែ​វិធានការ​ហ្នឹង​ស៊ី​ជម្រៅ​ណាស់ មាន​ការ​ចូលរួម​ពី​សហគមន៍​ព្រៃ​ឈើ»

លោក​បន្ត​ថា បច្ចុប្បន្ន​នេះ​ខេត្ត​ដែល​នៅ​មាន​ព្រៃ​ឈើ​នៅ​កម្ពុជា គឺ​មាន​មិន​ដល់ ១០​ខេត្ត​ផង ក្រៅ​ពី​នោះ​បាន​ហិនហោច​អស់​ទៅ​ហើយៗ ខេត្ត​ដែល​នៅ​សេសសល់​នោះ​កំពុង​តែ​រង​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ឡើងៗ​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។