តំណាងសហគមន៍ការពារព្រៃឈើភ្នំដងរែកសម្រែកព្រៃស្រស់ នៅក្នុងភូមិឈើស្លាប់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល កំពុងស្វះស្វែងរកដាក់ពាក្យប្ដឹងប្រឆាំងនឹងអ្នកមានអំណាចមួយចំនួន ដែលចូលរុករានយកដីព្រៃដោយមានប៉ូលិស និងទាហានខ្លះនៅពីក្រោយខ្នង រហូតដល់ហ៊ានគំរាមសម្លាប់សកម្មជនការពារព្រៃឈើទៀតផង។
សកម្មភាពគំរាមកំហែងនេះ បានកើតឡើងក្នុងពេលដែលអ្នកមានលុយម្នាក់មកពីក្រុងសំរោង បាននាំកម្លាំងប៉ូលិស និងទាហាន ទៅបណ្ដេញប្រជាពលរដ្ឋ ៣គ្រួសារ ហើយប្រើគ្រឿងចក្រទៅឈូសឆាយយកដី ក៏ប៉ុន្តែត្រូវបានកម្លាំងសហគមន៍ការពារព្រៃឈើ ចុះទៅហាមឃាត់កាលពីថ្ងៃទី១៨ ខែមិថុនា។
ប្រធាន និងគណៈកម្មការសហគមន៍ព្រៃឈើភ្នំដងរែកសម្រែកព្រៃស្រស់ ចំនួន ៣រូប បានចោទប្រកាន់មន្ត្រីក្រុមប្រឹក្សាសង្កាត់បន្សាយរាក់ នៃក្រុងសំរោង ម្នាក់ ថាបាននាំកម្លាំងប៉ូលិស រួមទាំងទាហានផង ទៅគំរាមសម្លាប់ពួកគេ។
ការចោទប្រកាន់នេះ បន្ទាប់ពីអ្នកមានលុយម្នាក់មកពីក្រុងសំរោង នៃខេត្តឧត្តរមានជ័យ ដែលមានកម្លាំងប៉ូលិស និងទាហានតាមកាងផង បានទៅបណ្ដេញប្រជាពលរដ្ឋ ៣គ្រួសារ ឲ្យចេញពីតំបន់ព្រៃសហគមន៍ ហើយគេយកគ្រឿងចក្រទៅឈូសឆាយយកដីទាំងនោះ ប៉ុន្តែត្រូវសហគមន៍ចេញមុខហាមឃាត់មិនឲ្យឈូសឆាយ។
ប្រធានសហគមន៍ការពារព្រៃឈើភ្នំដងរែកសម្រែកព្រៃស្រស់ នៅភូមិឈើស្លាប់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល គឺលោក ត្រេន ត្រៃ។ លោកអះអាងនៅរសៀលថ្ងៃច័ន្ទ ទី២០ ខែមិថុនា ថា កាលពីថ្ងៃទី១៨ ខែមិថុនា កន្លងទៅ អ្នកមានម្នាក់មកពីក្រុងសំរោង ដោយមានមន្ត្រីក្រុមប្រឹក្សាសង្កាត់បន្សាយរាក់ ម្នាក់ឈ្មោះ ពី រ៉ាពីន ព្រមទាំងប៉ូលិស និងទាហាន ២-៣នាក់តាមការពារផង បានទៅសម្លុតប្រជាពលរដ្ឋ ៣គ្រួសារដែលរស់នៅក្នុងព្រៃសហគមន៍របស់លោក ឲ្យចាកចេញ រួចហើយក្រុមនោះក៏យកគ្រឿងចក្រទៅឈូសឆាយយកដី។ លោក ត្រេន ត្រៃ បញ្ជាក់ទៀតថា នៅពេលនោះ រូបលោក និងអនុប្រធាន ព្រមទាំងគណៈកម្មការសហគមន៍ការពារព្រៃឈើ ក៏បានទៅមើលគ្រឿងចក្រឈូសឆាយនោះ ស្រាប់តែមន្ត្រីក្រុមប្រឹក្សាសង្កាត់បន្សាយរាក់ ឈ្មោះ ពី រ៉ាពីន គំរាមសម្លាប់រូបលោក ព្រមទាំងគណៈកម្មការរបស់លោកផង៖ « ក្រុមប្រឹក្សាឃុំ ពី រ៉ាពីន ហើយកងកម្លាំងប៉ូលិស ២ - ៣នាក់ ព្រមទាំង ទាហានផង គាត់គំរាមចង់ សម្លាប់ខ្ញុំ ព្រមទាំងអនុប្រធានរបស់ខ្ញុំ ផង »។
ទោះបីជាយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចស្វែងរកការទាក់ទងឈ្មោះ ពី រ៉ាពីន ដើម្បីសុំប្រតិកម្មឆ្លើយតបនឹងការចោទប្រកាន់នេះបានថាយ៉ាងណានៅឡើយ នៅថ្ងៃទី២០ ខែមិថុនា។
ចំណែកចៅសង្កាត់បន្សាយរាក់ លោក ហែម សេដា បដិសេធថា ឈ្មោះ ពី រ៉ាពីន នេះមិនមែនជាមន្ត្រីក្រុមប្រឹក្សាសង្កាត់បន្សាយរាក់ ទេ គឺជាពេទ្យនៅមណ្ឌលសុខភាព។ លោកចៅសង្កាត់បញ្ជាក់ថា លោកនៅមិនទាន់ដឹងពីរឿងគំរាមសម្លាប់សហគមន៍ការពារព្រៃឈើនោះទេ៖ « គំរាមឯណា ? ខ្ញុំមិនទាន់ដឹងទេ ពីព្រោះមិនមានអ្នកណារាយការណ៍ឲ្យខ្ញុំទេ។ ខ្ញុំរវល់ទៅប្រជុំនៅខេត្តសៀមរាប ២ - ៣ថ្ងៃ មកហើយ »។
សហគមន៍ព្រៃឈើភ្នំដងរែកសម្រែកព្រៃស្រស់ បានទទួលការពារព្រៃឈើលើផ្ទៃដីទំហំជាង ១.៦០០ហិកតារនៅក្នុងភូមិឈើស្លាប់ ចាប់តាំងពីឆ្នាំ២០០៤ មក ក៏ប៉ុន្តែបច្ចុប្បន្ន ដីព្រៃឈើដែលពួកគេការពារ ចេះតែបាត់បង់ជាបន្តបន្ទាប់ ដោយសារតែអ្នកមានអំណាចទៅគំរាមកំហែងយក។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន ឲ្យដឹងថា សហគមន៍ព្រៃឈើបានប្រាប់លោកអំពីករណីគំរាមកំហែងនេះ ហើយលោករង់ចាំឲ្យសហគមន៍មកដាក់ពាក្យបណ្ដឹងជាមុនសិន រួចនឹងចុះស៊ើបអង្កេតជាផ្លូវការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។