សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​កើន​ឡើង​នៅ​ព្រះវិហារ

បច្ចុប្បន្ន ការ​កាប់​ឈើ​ដើម្បី​ជួញ​ដូរ​ខុស​ច្បាប់ កំពុង​កើត​មាន​ច្រើន​ឡើងៗ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ។ កំណើន​នៃ​បទ​ល្មើស​ទាំង​នេះ បាន​ឆ្លៀត​ឱកាស​ស្រប​ពេល​ដែល​កម្ពុជា កំពុង​រង់ចាំ​ការ​បង្កើត​រដ្ឋាភិបាល​ស្រប​ច្បាប់​ថ្មី​មួយ ដើម្បី​ដឹក​នាំ​អំណាច​បន្ត ក៏ប៉ុន្តែ វិបត្តិ​នយោបាយ​កំពុង​ជាប់​គាំង ដោយសារ​តែ​ភាព​ចម្រូង​ចម្រាស​ទៅ​លើ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នៅ​ឡើយ​នោះ។
ដោយ ហង្ស សាវយុត
2013.08.21

ប្រភព​ពី​ប្រជាពលរដ្ឋ​សហគមន៍​ការពារ​ព្រៃ​ឈើ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន បាន​អះអាង​ថា ពួក​ឈ្មួញ និង​ក្រុមហ៊ុន​មួយ​ចំនួន កំពុង​សម្រុក​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ចេញ​ពី​តាម​តំបន់​ជាច្រើន​នៃ​ខេត្ត​ព្រះវិហារ។

ការ​កើន​ឡើង​នៃ​សកម្មភាព​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់ គឺ​ចាប់​តាំង​តែ​ពី​គណបក្ស​នយោបាយ​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត កាល​ពី​ចុង​ខែ​មិថុនា កន្លង​ទៅ ហើយ​សកម្មភាព​បំផ្លាញ​ព្រៃ​ឈើ​នៅ​តែ​បន្ត​នៅ​ក្នុង​ចន្លោះ​ពេល​អន្តរកាល ដែល​រដ្ឋាភិបាល​ថ្មី​មួយ​មិន​ទាន់​កើត​ចេញ​ជា​រូប​រាង ដើម្បី​ដឹក​នាំ​បន្ត​ពី​រដ្ឋាភិបាល​ចាស់​នៅ​ឡើយ។

បុរស​ម្នាក់​ជា​ប្រជាពលរដ្ឋ​រស់​នៅ​ស្រុក​សង្គមថ្មី ខេត្ត​ព្រះវិហារ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ។ គាត់​បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន ពួក​ឈ្មួញ​កំពុង​បង្កើន​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ចេញ​ពី​តំបន់​គាត់​រស់​នៅ​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ។ បុរស​ដដែល​បញ្ជាក់​ថា គាត់​បាន​ឃើញ​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ទាំង​នោះ៖ «ដឹក​តាម​ភូមិ​មក​កាត់​ឃុំ​ស្ដៅ។ សាន់យ៉ុង ២ (Sangyong) ហើយ​ឡាន​នីសាន់ (NISSAN) 2-3​គ្រឿង​ដែរ។ អា​ហ្នឹង​ប្រភេទ​ឈើ​នាង​នួន។ រាល់​ថ្ងៃ​ដែរ​ហ្នឹង ពួក​ហ្នឹង​ដឹក​ហែៗ​ដែរ។ ឃើញ​មាន​ដូច​មន្ត្រី​ខ្លះ​ដែរ​ជួញ​ឈើ​ដឹក​ទី​នេះ។ ឈើ​គេ​កាប់​តាម​ព្រៃ​នៅ​លើ​ភ្នំ​ត្បែង ឃុំ​ល្អាង អី​ហ្នឹង តាំង​ពី​បោះ​ឆ្នោត​មក​កើន​ឡើង។ ព្រួយ​បារម្ភ​ដែរ អស់​ហើយ ខ្ទេចខ្ទី​អស់​ហើយ»

បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឡង់ លោក ស្វាយ ភឿន បាន​មាន​ប្រសាសន៍​ថា ពេល​បច្ចុប្បន្ន ក្រុមហ៊ុន ទ្រី ភាព គឺ​ជា​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​ដឹក​ជញ្ជូន​ឈើ​ធ្វើ​អាជីវកម្ម​ចេញ​ពី​តំបន់​ជាច្រើន​នៅ​ក្នុង​ខេត្ត​ព្រះវិហារ។ លោក ស្វាយ ភឿន បាន​បញ្ជាក់​ទៀត​ថា ឈើ​ប្រណីត​ប្រភេទ​បេង និង​ធ្នង់ កំពុង​បាត់​បង់​យ៉ាង​ធ្ងន់ធ្ងរ​ពី​ទឹក​ដី​ខេត្ត​ព្រះវិហារ ដោយសារ​តែ​ពួក​ឈ្មួញ និង​ក្រុមហ៊ុន​កាប់​ដឹក​ជញ្ជូន​យក​ទៅ​លក់​ដូរ ហើយ​សមត្ថកិច្ច​បង្ក្រាប​មាន​ប្រសិទ្ធភាព​តិចតួច។

លោក ស្វាយ ភឿន៖ «ខ្ញុំ​ឃើញ​ច្បាស់​មែន​ទែន! ប្រជាជន​ក៏​គេ​ឃើញ​ច្បាស់​ដែរ​នៅ​ខេត្ត​ព្រះវិហារ ហ្នឹង ប្រភេទ​ឈើ​បេង ឈើ​ធ្នង់​អី​ហ្នឹង​អត់​មាន​ទេ។ ដូច​ជា​តំបន់​បឹង​ពែរ អត់​មាន​ឈើ​ប្រណីត អីចឹង​ក្រុមហ៊ុន ទ្រី ភាព ហ្នឹង គេ​នាំ​ចេញ​ឈើ​ពី​ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ (CRCK) ពី​តំបន់​ព្រៃ​ឡង់ ហ្នឹង។ ខ្ញុំ​ប្រាប់​ឱ្យ​ត្រង់​តែ​ម្ដង ឡាន​សុទ្ធតែ ឡិចស៊ិស (LEXUS) សុទ្ធតែ​ឡាន​ធំៗ​កង់ ១០ គឺ​ថា​មន្ត្រី​ក្រោម​ឱវាទ ថ្នាក់​ជាតិ អត់​មាន​បង្ក្រាប​ទេ ដូច​ថា​តួនាទី គឺ​រដ្ឋបាល​ព្រៃ​ឈើ បើ​រដ្ឋបាល​ព្រៃ​ឈើ​គេ​ដឹក​កាត់​មុខ​អីចឹង​ហើយ គាត់​មិន​ធ្វើ​អ្វី​ទាំងអស់ សួរ​ថា​អ្នក​ណា​ជា​អ្នក​ធ្វើ?»

លោក ស្វាយ ភឿន បាន​ឱ្យ​ដឹង​ថា នៅ​ស្រុក​រៀង ជាប់​ព្រំ​ប្រទល់​ជាមួយ​តំបន់​ព្រៃ​ឡង់ គឺ​ព្រៃ​ឈើ​ជាច្រើន​កន្លែង កំពុង​ទទួល​រង​ការ​កាប់ និង​ដឹក​ជញ្ជូន​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់។

ចំណែក​ប្រភព​ព័ត៌មាន​ពី​ស្រុក​ឆែប ខេត្ត​ព្រះវិហារ វិញ ក៏​មាន​សេចក្តី​រាយការណ៍​ថា ក្រុមហ៊ុន ទ្រី ភាព កំពុង​ប្រមូល​ទិញ និង​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ដូច​គ្នា​ដែរ។

បុរស​ម្នាក់​រស់​នៅ​ឃុំ​ឆែប​១ បាន​ប្រាប់​ថា បច្ចុប្បន្ន​នេះ ក្រុមហ៊ុន ទ្រី ភាព កំពុង​ប្រមូល​ទិញ​ឈើ​យ៉ាង​គគ្រឹកគគ្រេង​ចេញ​ពី​ស្រុក​ឆែប ហើយ​ដឹក​ជញ្ជូន​ចេញ​តាម​រថយន្ត​តូច​ធំ ឆ្ពោះ​ទៅ​កាន់​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ទំនង​ជា​បន្ត​ឆ្លង​ទៅ​ប្រទេស​វៀតណាម។

បុរស​ដដែល​បាន​បញ្ជាក់​ទៀត​ថា ដោយសារ​តែ​ក្រុមហ៊ុន​ប្រមូល​ទិញ​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ គឺ​រៀង​រាល់​ព្រឹក មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​នាំ​គ្នា​កាន់​រណា​ម៉ាស៊ីន ដើម្បី​ចូល​ព្រៃ​កាប់​ឈើ។ សកម្មភាព​បែប​នេះ បើ​គ្មាន​ការ​ទប់ស្កាត់​ពី​សមត្ថកិច្ច​ទេ គឺ​គេ​ព្រួយ​បារម្ភ​ចំពោះ​ការ​បាត់​បង់​ព្រៃ​ទី​នោះ​យ៉ាង​ឆាប់​រហ័ស៖ «នៅ​តែ​មាន​សកម្មភាព​អីចឹង​បង! យប់​មិញ ដឹក​រាប់​ឡាន ទាល់​តែ​ជិត​ភ្លឺ ទើប​ស្ងាត់​សំឡេង​ឡាន។ ក្រុមហ៊ុន​ដដែល​ហ្នឹង​មាន​ក្រុមហ៊ុន​ណា​ទៀត​ដឹក​ចេញ។ អ្នក​ទៅ​អារ​ឈើ​ព្រឹក​នេះ​ប្រហែល​ជា ២០​នាក់ ប្រហែល​ជា​យប់​បាន​ដឹក​ទៀត ឬ​ក៏​ពេល​ល្ងាច ចាប់​ពី​ម៉ោង ៦ រហូត​ដល់​ម៉ោង ១២​យប់​ក៏​មាន។ ដូច​ជា​យប់​មិញ ប្រហែល​ជា​ម៉ោង ១-២ ដឹក​ឡាន​គ្រប់​ប្រភេទ អា​ឡាន​កុងតឺន័រ ក៏​មាន អា​ឡាន​តូចៗ​ក៏​មាន គោយន្ត​ក៏​មាន។ បើ​អា​ឡាន​ធំ ៤-១០-២០​ម៉ែត្រ​គូប​អី​ដែរ ឡាន​កុងតឺន័រ»

ទោះ​យ៉ាង​ណា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ព្រះវិហារ លោក អ៊ិត ភូមរ៉ា មិន​បាន​អធិប្បាយ​ឆ្លើយ​តប​យ៉ាង​ណា​នឹង​ការ​អះអាង​ជុំវិញ​បញ្ហា​បទ​ល្មើស​ព្រៃ​ឈើ​កើន​ឡើង​នោះ​ទេ ដោយ​វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​ដើម្បី​សុំ​ឱ្យ​លោក​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ ក៏ប៉ុន្តែ​លោក​បាន​ទទួល​ទូរស័ព្ទ​របៀប​ដូច​ជា​ស្ដាប់​គ្នា​មិន​ច្បាស់ ហើយ​បន្ទាប់​មក ទូរស័ព្ទ​ក៏​ទាក់ទង​គ្នា​លែង​បាន។

ប្រធាន​អង្គការ​ពន្លក​ខ្មែរ ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​កិច្ចការ​ការពារ​ព្រៃ​ឈើ ក្នុង​ខេត្ត​ព្រះវិហារ លោក អាង ជាតិឡោម បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន ព្រៃ​ឈើ​ជាច្រើន​កន្លែង​នៅ​ក្នុង​ខេត្ត​នេះ​កំពុង​បាត់​បង់ ដោយសារ​តែ​ការ​កាប់​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​ផង និង​ការ​ផ្ដល់​ដី​ព្រៃ​ទៅ​ឱ្យ​ក្រុមហ៊ុន​ធ្វើ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ផង។ លោក អាង ជាតិឡោម បាន​បញ្ជាក់​ថា សកម្មភាព​កាប់ និង​ជួញ​ឈើ​ខុស​ច្បាប់ សព្វ​ថ្ងៃ​ពិបាក​បង្ក្រាប ដោយសារ​តែ​ក្រុម​ឈ្មួញ​បាន​បង្កប់​អ្នក​កាប់​ឈើ​នៅ​តាម​តំបន់​ជា​ច្រើន ដើម្បី​លួច​កាប់​ឈើ​ទុក​លក់​ឱ្យ​ពួក​គេ។

លោក អាង ជាតិឡោម៖ «ពួក​ហ្នឹង​គេ​មាន​បង្កប់​ពួក​អ្នក​កាប់​ឈើ​ទៅ​នៅ​តាម​ភូមិ នៅ​តាម​តំបន់ វា​ស្ទើរ​តែ​ពាសពេញ​នៅ​តាម​តំបន់​ដែល​មាន​ព្រៃ ជា​ពិសេស​ពពួក​ឈើ​ប្រណីត។ គេ​ប្រើប្រាស់​ប្រជាជន​នៅ​តាម​តំបន់​ខ្លះ​ដើរ​កាប់​ទៅ ហើយ​គេ​ប្រមូល​ទៅ ក្រុមហ៊ុន​គេ​ប្ដូរ​ជា​រូបភាព​ឈើ​ចេញ​ពី​ក្រុមហ៊ុន​ទៅ វា​រួច​ខ្លួន​បាត់។ តាម​មើល​ទៅ ដូច​មិន​សូវ​មាន​សកម្មភាព​អី​ដែល​រារាំង​បាន ដោយសារ​វា​ជា​ល្បិចកល​ដែល​គេ​បង្កប់​ដាក់​បណ្ដាញ​ឱ្យ​កាប់​ឈើ​ឱ្យ​គេ។ តាម​ពិត វា​ជា​ការ​ព្រួយ​បារម្ភ​ច្រើន​ណាស់​ទៅ​ហើយ ប៉ុន្តែ​ស្នើ​ទៅ​ខាង​ណា​ក៏​បំបាត់​ការ​កាប់​ឈើ​ប្រណីត​ហ្នឹង​វា​អត់​មាន​ឈប់ឈរ»

របាយការណ៍​របស់​អង្គការ​ស្បៀង​អាហារ និង​កសិកម្ម ហ្វាវ (FAO) កាល​ពី​ឆ្នាំ​២០១០ បាន​បង្ហាញ​ថា កម្ពុជា មាន​ព្រៃ​ឈើ​ប្រមាណ ៥៧% នៃ​ផ្ទៃ​ដី​សរុប​របស់​ប្រទេស​ទាំង​មូល។ ក៏ប៉ុន្តែ ព្រៃ​ឈើ​ជាច្រើន​បាន​បាត់​បង់​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​ពេល​សង្គ្រាម​វៀតណាម កាល​ពី​អំឡុង​ឆ្នាំ​១៩៦០ ហើយ​រហូត​មក​ដល់​បច្ចុប្បន្ន ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តែ​បន្ត ដោយ​មាន​អត្រា​ប្រមាណ ១,២% ក្នុង​១​ឆ្នាំៗ។

ចំណែក​អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) បាន​និយាយ​ថា ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់ និង​ការ​រត់​ពន្ធ​ឈើ​ជា​លក្ខណៈ​អន្តរជាតិ គឺ​ជា​បញ្ហា​ដ៏​ចម្បង​ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ខាត​បង់​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ ព្រម​ទាំង​បង្កើត​ឱ្យ​មាន​អំពើ​ពុក​រលួយ​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។