គណៈកម្មការ​ជាតិ​ដោះ​លែង​រថយន្ត​យីឌុប​ជាង ២០គ្រឿង ដែល​ដឹក​ឈើ​ចេញ​ពី​បាត​អាង ទំនប់​សេសាន​ក្រោម ២ ក្នុង​ខេត្ត​ស្ទឹងត្រែង

ដោយ ហេង រស្មី
2019.03.28
ទំនប់​វារីអគ្គិសនី​សេសានក្រោម២ ១៤៤០ ២០១៧ ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២ ស្ថិត​ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០១៧។
Photo: RFA

គណៈកម្មការ​ជាតិ​ទប់​ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ ដោះ​លែង​រថយន្ត​យីឌុប ខ្នាត​ធំ ២១គ្រឿង ដែល​ដឹក​ជញ្ជូន​ឈើ​រាប់​រយ​ម៉ែត្រ​គូប ចេញ​ពី​តំបន់​បាត​អាង​ នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ ក្នុង​ស្រុក​សេសាន​ ខេត្ត​ស្ទឹងត្រែង។ ការ​សម្រេច​​នេះ ដោយសារ​ក្រុមហ៊ុន​បាត​អាង មាន​លិខិត​អនុញ្ញាត ឬ​ហៅ​ថា ប៉េសេ PC សម្រាប់​ដឹក​ជញ្ជូន​ឈើ​រាប់​ពាន់​ម៉ែត្រ​គូប។ មន្ត្រី​សង្គម​ស៊ីវិល​រក​ឃើញ​ថា ការ​ចេញ​លិខិត​អនុញ្ញាត​ឲ្យ​ដឹក​ជញ្ជូន​ឈើ ចេញ​ពី​តំបន់​បាត​អាង គឺ​ជា​ទង្វើ​ខុស​ច្បាប់ និង​បំពាន​បទ​បញ្ជា​របស់​ក្រសួង​មហាផ្ទៃ។

គណៈកម្មការជាតិទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ រួម​ទាំង​តំណាង​អយ្យការ​ខេត្ត​ក្រចេះ​ បាន​ស្ទាក់​ឃាត់​ រថយន្ត​យី​ឌុប​ចំនួន​ ២១គ្រឿង​នៅ​ចំណុច​ផ្លូវជាតិ​លេខ​ ៧ ក្នុង​ស្រុក​ចិត្រ​បុរី​ បំណង​ពិនិត្យ​រថយន្ត​ដឹក​ឈើ​មក​រក្សាទុក។ រថយន្ត​ទាំង​នោះ​ ផ្ទុក​ឈើ​ពេញ​រាប់​ពាន់​ម៉ែត្រ​គូប​ ដែល​គេ​ដឹក​ចេញ​ពី​តំបន់​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ ក្នុង​ឃុំ​ស្រែគរ​ ស្រុក​សេសាន​ ខេត្ត​ស្ទឹងត្រែង។

ការ​ដោះ​លែង​រថយន្ត​ទាំង​នេះ​ហាក់​ធ្វើ​ផ្ទុយ​ពី ការ​ណែនាំ​របស់​ លោក​ ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ដែល​ធ្លាប់​ប្រតិកម្ម​ចំពោះ​ភាព​មិន​ប្រក្រតី​ នៃ​អាជីវកម្ម​ឈើ​ក្នុង​តំបន់​បាត​អាង​ នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម ២ ហើយ​លោក​បាន​បញ្ជា​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ចាត់​វិធានការ​រឿង​នេះ​ក្ដី ក៏​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​នៅ​តែ​កើត​មាន​ច្រើន​ដដែល។ ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​បាន​ស្ថាបនា​រួចរាល់​ និង​បើក​ឲ្យ​ដំណើរ​ការ​ជា​ច្រើន​ខែ​មក​ ហើយ​លេស​ដឹក​ឈើ​ចេញ​ពី​បាត​អាង​ ឬ​សំអាត​បាត​អាង​នៅតែ​មាន​ជាប់​មិន​ដាច់។

អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ លោក​ អេង​ ហ៊ី​ ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី២៧ មីនា​ថា មូលហេតុ​ដែល​សមត្ថកិច្ច​ដោះលែង​រថយន្ត​យីឌុប​ដឹក​ជញ្ជូន​ឈើ​ទាំង​នោះ ព្រោះ​ជា​ឈើ​មាន​ច្បាប់ ឬ​ហៅ​ថា ប៉េសេ PC ដែល​អនុញ្ញាត​ដោយ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ។ លោក​បញ្ជាក់​ថា គណៈកម្មការ​ជាតិ​ទប់​ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ បង្ក្រាប​តែ​ឈើ​ល្មើស​ច្បាប់​ប៉ុណ្ណោះ។ ចំពោះ​សំណួរ​របស់​អាស៊ី​សេរី​ថា​ តើ​គណៈកម្មការ​ជាតិ​ទប់​ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី នៃ​អាជីវកម្ម​ឈើ​នៅ​តំបន់​បាត​អាង​ដែរ​ឬ​ទេ? លោក អេង ហ៊ី ឆ្លើយ​ថា ការ​ស៊ើប​អង្កេត​រឿង​នេះ គឺ​ជា​តួនាទី​របស់​ក្រសួង​កសិកម្ម ពុំ​មែន​ជា​ភារកិច្ច​របស់​គណៈកម្មការ​ជាតិ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​នោះ​ទេ៖ «គណៈកម្មការ​ជាតិ បង្ក្រាប​តែ​ឈើ​ខុស​ច្បាប់។ កាល​ណា​មាន​លិខិត​ហើយ គណៈកម្មការ​ជាតិ​មិន​អាច​បង្ក្រាប​បាន​ទេ។ ខាង​រដ្ឋបាល​ព្រៃ​ឈើ និង​ក្រសួង​កសិកម្ម​អ្នក​ចេញ​ច្បាប់។ គណៈកម្មការ​ជាតិ​អត់​មាន​សិទ្ធិ​ចេញ​ច្បាប់​ទេ។ រដ្ឋបាល​ព្រៃ​ឈើ ជាមួយ​ក្រសួង​កសិកម្ម​ជា​អ្នក​ចេញ​ច្បាប់​ហ្នឹង»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​ប្រធាន​មន្ទីរ​កសិកម្ម ខេត្ត​ស្ទឹងត្រែង លោក លៀង សេង តែ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី២៧ មីនា។

ចំណែក​តំណាង​ក្រុមហ៊ុន​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ លោក​ អ៊ុំ​ រ៉េ​ត អះអាង​ថា ឈើ​ដែល​សមត្ថកិច្ច​ឃាត់​នោះ ជា​ឈើ​ស្រប​ច្បាប់ ឬ​ហៅ​ថា ប៉េសេ (PC) ដែល​ដឹក​ជញ្ជូន​ចេញ​ពី​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម ២។ លោក​បញ្ជាក់​ថា សមត្ថកិច្ច​គ្រាន់​តែ​សុំ​ពិនិត្យ​មើល​ឯកសារ​ផ្លូវ​ច្បាប់​ ហើយ​លោក​បាន​បង្ហាញ​លិខិត​អនុញ្ញាត​ជូន​សមត្ថកិច្ច​រួចរាល់​ហើយ​ដែរ៖ «ខ្ញុំ​សូម​អត់​បក​ស្រាយ​ គ្រាន់​តែ​ថា​ កិច្ចការ​នេះ​អត់​មាន​ទេ​ គ្រាន់​តែ​ឆែក​មើល​ក្រដាស​ស្នាម។ ខ្ញុំ​មិន​បក​ស្រាយ​ពី​លើ​ហ្នឹង​ទេ។ គេ​គ្រាន់​តែ​សុំ​ពិនិត្យ​មើល​ក្រ​កាស​ស្នាម​ ហើយ​យើង​បាន​បង្ហាញ​គេ​ក៏​ចប់​អស់​ហើយ»

ពលរដ្ឋ​ និង​ ក្រុម​កម្មករ​ដែល​ធ្វើ​ការ​ ក្នុង​តំបន់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ តែងតែ​រាយការណ៍​ និង​ផ្ដល់​ដំណឹង​ឲ្យ​អាជ្ញាធរ​ជាតិ​ ស៊ើបអង្កេត​អាជីវកម្ម​ឈើ​ខ្នាត​ធំ​ក្នុង​តំបន់​បាត​អាង ដែល​ពួក​គេ​រក​ឃើញ​ថា​ ក្រុម​ឈ្មួញ​ និង​ឧកញ៉ា​មួយ​ចំនួន​ បាន​យក​លេស​សំអាត​បាត​អាង ប្រមូល​ឈើ​ពី​តំបន់​ផ្សេងៗ បន្លំ​ជា​ឈើ​ស្រប​ច្បាប់ ដែល​មាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​ស្ថាប័ន​ពាន់​ព័ន្ធ​ឃុបឃិត​គ្នា​ជាច្រើន​ឆ្នាំ​មក​ហើយ។

អ្នកនាំពាក្យ​សមាគម​ អាដហុក លោក ស៊ឹង សែនករុណា សង្កេត​ឃើញ​ថា ការ​ដឹក​ឈើ​ចេញ​ពី​តំបន់​បាត​អាង ដែល​មាន​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ចេញ​លិខិត​អនុញ្ញាត គឺ​ជា​រឿង​មិន​ត្រឹម​ត្រូវ​នោះ​ទេ ហើយ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ ត្រូវ​តែ​ស៊ើប​អង្កេត​រឿង​នេះ​ឡើង​វិញ។ លោក​យល់​ថា​ ប្រមុខ​រដ្ឋាភិបាល​គួរ​ពិនិត្យ​ ពី​ភាព​មិន​ប្រក្រតី​នៃ​លិខិតអនុញ្ញាត​ឲ្យ​ដឹក​ឈើ​ពី​តំបន់​បាត​អាង​ របស់​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹងត្រែង។ លោក​ថា ការ​ឃុបឃិត​គ្នា​ផ្ដល់​លិខិត​អនុញ្ញាត​ឲ្យ​ដឹក​ឈើ​បែប​បន្លំ​ភ្នែក​សមត្ថកិច្ច​ពាក់ព័ន្ធ​ របស់​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ ជា​ទង្វើ​ខុស​ច្បាប់​ ហើយ​របប​ក្រុង​ភ្នំពេញ​ ត្រូវ​ចាត់​វិធានការ​រឿង​នេះ​ជា​បន្ទាន់​ ដើម្បី​សង្គ្រោះ​ព្រៃ​ឈើ​ដែល​សល់​ចុង​ក្រោយ៖ «វា​មាន​ការ​កាប់​ឈើ​ចេញ​ពី​តំបន់​ផ្សេងៗ ចេះ​យក​ហេតុផល​ជា​លេស​ហ្នឹង​ដើម្បី​ចេះ​តែ​បន្ត​កាប់ ហើយ​នាំ​ចេញ​ឈើ​ជា​ដើម​អ៊ីចឹង​ទៅ។ ប្រមុខ​រដ្ឋាភិបាល​ ពិនិត្យ​មើល​ក្នុង​ការ​ចេញ​ទាំង​អស់​ហ្នឹង​វិញ​ បើសិនជា​ ការ​ចេញ​ទាំង​អស់​ហ្នឹង​អត់​ត្រឹមត្រូវ​ ទៅ​តាម​ឈ្មួញ​អ្នក​ប្រព្រឹត្ត​បទល្មើស​ផ្ទាល់​ រួម​ទាំង​អ្នក​ផ្ដល់​អាជ្ញាប័ណ្ណ​ក៏​ត្រូវ​ទទួល​ទោស​តាម​ច្បាប់»

មន្ត្រីសង្គមស៊ីវិលរូបនេះ​បន្ថែម​ថា មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹងត្រែង ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ករណី​ចេញ​លិខិត​អនុញ្ញាត​ឲ្យ​ដឹក​ឈើ​ចេញ​ពី​តំបន់​បាត​អាង នៅ​គ្រា​ដែល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ទទួល​ស្គាល់​ពី​ភាព​មិន​ប្រក្រតី​នៃ​អាជីវកម្ម​ឈើ​ខុស​ច្បាប់​នៅ​តំបន់​នោះ​កន្លង​ទៅ។

កន្លង​ទៅ​លោក ស ខេង​ បាន​ថ្លែង​ជា​សាធារណៈ​ទាក់ទិន​ការ​កាប់​ឈើ​ពី​ខាង​ក្រៅ​ បន្លំ​ចូល​បាត​អាង​ នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម ២ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​បិទទ្វារ​ទឹក​កម្ពស់​ ៧០ម៉ែត្រ​ជា​យូរ​មក​ហើយ។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ជំនាញ​ពិនិត្យ​អាជីវកម្ម​នេះ​ឡើង​វិញ​ ក្រោយ​ពី​លោក​ទទួល​បាន​លិខិត​មួយ​ច្បាប់​ ទាក់ទិន​អាជីវកម្ម​ឈើ​នៅ​តំបន់​នោះ។ ក៏​ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា​ បទ​បញ្ជា​របស់​លោក​ ស ខេង​ គ្មាន​ប្រសិទ្ធភាព​នោះ​ទេ​ ព្រោះ​មន្ត្រី​ថ្នាក់ក្រោម​មិន​ស្ដាប់​តាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។