ពលរដ្ឋ​អះអាង​ថា​ក្រុមហ៊ុន​នៅ​តែ​បន្ត​កាប់​ឈើ​ក្រៅ​តំបន់​ផ្ទៃ​អាង​ស្តុក​ទឹក​ទំនប់​វារីអគ្គិសនី

0:00 / 0:00

ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ អះអាង​ថា សកម្មភាព​ដឹក​ជញ្ជូន​ឈើ​មូល​នៅ​ក្រៅ​តំបន់​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ខេត្ត​ស្ទឹងត្រែង នៅ​តែ​បន្ត​កើត​មាន​ជា​រៀង​រាល់​ថ្ងៃ​យ៉ាង​អនាធិបតេយ្យ នៅ​មិន​ទាន់​មាន​មន្ត្រី​ជំនាញ​ទប់ស្កាត់​ឡើយ ដែល​បង្ក​ឲ្យ​ធនធាន​ព្រៃ​ឈើ​នៅ​តំបន់​នោះ​ត្រូវ​វិនាស។

ជាង​នេះ​ទៅ​ទៀត ឈើ​មូល​នេះ គឺ​ត្រូវ​បាន​យក​មក​អារ​ច្រៀក​ក្នុង​តំបន់​ផ្ទៃ​អាង ថា​ជា​ឈើ​ស្រប​ច្បាប់​ដោយ​មិន​ចាំបាច់​បង់​ពន្ធ ឬ​ក៏​បង់​ពន្ធ​ក្នុង​តម្លៃ​ទាប។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល រិះគន់​ចំណាត់​ការ​របស់​អាជ្ញាធរ​ខេត្ត​នេះ​ថា អាច​មាន​ភាព​មិន​ប្រក្រតី​នៃ​ការ​ឃ្លាំ​មើល​សកម្មភាព​កាប់​ឈើ​សម្អាត​ផ្ទៃ​អាង​របស់​ក្រុមហ៊ុន​សម្អាត​ផ្ទៃ​អាង។

ឈើ​មុខ​កាត់​កម្ពស់​ប្រមាណ​ជាង ១​ម៉ែត្រ និង​តូច​ជាង​នេះ ឬ​ឈើ​ប្រភេទ​លេខ​១ លេខ​២ និង​លេខ​៣ ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​មក​ស្តុក​ទុក​ក្នុង​តំបន់​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ រួច​កែច្នៃ​អារ​ច្រៀក។ ក្រុម​ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង សម្ដែង​ក្តី​ហួស​ចិត្ត ស្រប​ពេល​ដែល​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​មក​ផ្ទុក​ក្នុង​ផ្ទៃ​អាង​កើត​មាន​ឡើង​ជាច្រើន​ឆ្នាំ​កន្លង​មក។

ជាង​នេះ​ទៅ​ទៀត ឈើ​ប្រណិត​ដែល​គេ​ដឹក​ជញ្ជូន​មក​ផ្ទុក​ក្នុង​ផ្ទៃ​អាង​កាល​ពី​ឆ្នាំ​២០១៣ សម្បូរ​ដោយ​ឈើ​ប្រណិត ដូចជា បេង នាងនួន និង​ឈើ​ធ្នង់ ជាដើម តែ​រហូត​មក​ដល់​បច្ចុប្បន្ន ឈើ​ប្រណិត​ទាំង​នោះ​អ្នក​ភូមិ​ពុំ​សូវ​ជួប​ប្រទះ​ទេ ពោល​គឺ​ស្ទើរ​តែ​ផុត​ពូជ​ទៅ​ហើយ នៅ​សល់​តែ​ឈើ​ប្រភេទ​សុក្រំ ឈើ​ទាល ឬ​ដើម​ច្បោះ និង​កកោះ ជាដើម រួម​ទាំង​ដើម​ឈើ​គ្រប់​ប្រភេទ​ឲ្យ​តែ​មាន​មុខ​កាត់​ធំ ក៏​ត្រូវ​បាន​គេ​កាប់ ហើយ​ដឹក​ចូល​មក​កែច្នៃ​ក្នុង​ផ្ទៃ​អាង​តែ​ម្តង។

ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ លោក ពុធ ឃឿន រៀបរាប់​នៅ​ថ្ងៃ​ទី​២៣ មិថុនា ថា សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ប្រណិត​របស់​ក្រុមហ៊ុន​ទទួល​សិទ្ធិ​សម្អាត​ផ្ទៃ​អាង លោក​ចាត់​ទុក​ថា​ជា​រូបភាព​សំបក​ក្រៅ​តែ​ប៉ុណ្ណោះ។ ផ្ទុយ​ទៅ​វិញ ឈើ​ទាំង​នេះ​ក្រុមហ៊ុន​របស់​ឧកញ៉ា ខ្នា សម្រុក​កាប់​ឈើ​ប្រណិត​ជិត​ផុត​ពូជ រួច​បន្ត​កាប់​ឈើ​មូល​រាល់​ថ្ងៃ​យ៉ាង​អនាធិបតេយ្យ និង​គ្មាន​ការ​បង្ក្រាប៖ «ច្រើន​ណាស់​បង និយាយ​ពី​ឈើ​សុក្រំ គេ​អារ​ឃ្លុំ​រាប់​រយ​ម៉ែត្រ​គូប គ្រាន់​តែ​ពលរដ្ឋ​ចេញ​ទៅ​អារ​ឈើ​បន្តិចបន្តួច​ឲ្យ​រួច​ថ្លៃ​ប៊ីចេង អង្ករ អំបិល ក៏​មិន​កើត​ដែរ​ចាប់​គ្នា»

លោក ពុធ ឃឿង អះអាង​ថា គំនរ​ឈើ​ដែល​មាន​មុខ​កាត់​ធំៗ​មាន​កម្ពស់​ស្មើ​ក្បាល​មនុស្ស មាន​ទាំង​ឈើ​កំពុង​ច្នៃ និង​ឈើ​មិន​ទាន់​ច្នៃ ត្រូវ​បាន​គេ​យក​ទុក​រាប់​រយ​ម៉ែត្រ​គូប​ត្រង់​ភូមិសាស្ត្រ​ភូមិ​ស្រែគរ២ ឃុំ​ស្រែគរ ស្រុក​សេសាន ក្នុង​តំបន់​បាត​អាង​របស់​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ជាច្រើន​ឆ្នាំ​កន្លង​មក នៅ​មិន​ទាន់​មាន​ការ​អន្តរាគមន៍​ពី​មន្ត្រី​ជំនាញ ឬ​ឃ្លាំ​មើល​សកម្មភាព​របស់​ក្រុមហ៊ុន​នោះ​ឡើយ បណ្ដាល​ឲ្យ​ព្រៃ​ឈើ​ហិនហោច​ស្ទើរ​គ្មាន​សល់។ លោក​រិះគន់​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ ថា​មិន​បាន​បំពេញ​ភារកិច្ច​ការងារ​ការពារ​ធនធាន​ព្រៃ​ឈើ​ដែល​នៅ​សេសសល់​ចុង​ក្រោយ សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​នោះ​ទេ ថែម​ទាំង​បណ្តែតបណ្តោយ​ឲ្យ​មាន​បទល្មើស​ព្រៃ​ឈើ​កើត​ឡើង​យ៉ាង​អនាធិបតេយ្យ៖ «អ្នក​ភូមិ​ខ្ញុំ​ហ្នឹង​ទៅ​ឃ្វាល​ក្របី​មិន​ចង់​ហ៊ាន​ទៅ​ទេ​ខ្លាច​ខ្លា ឥឡូវ​អត់​ហ៊ាន​ខ្លាច​ខ្លា​ទេ ខ្លាច​តែ​មនុស្ស​ឥឡូវ»

ទោះ​យ៉ាង​ណា អភិបាល​ខេត្ត​ស្ទឹងត្រែង លោក កុល សំអុល ធ្លាប់​លើក​ឡើង​ថា គ្មាន​ការ​ដឹក​ជញ្ជូន​ឈើ​ពី​តំបន់​ផ្សេង​យក​មក​ស្តុក​ទុក​តំបន់​បាត​អាង និង​ថា ឈើ​តំបន់​បាត​អាង គឺ​ក្រុមហ៊ុន​ដុត​ចោល​ទាំងអស់។ ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក៏ដោយ មេ​ឃុំ​ស្រែគរ និង​តំណាង​ពលរដ្ឋ​នៅ​តែ​មាន​មន្ទិល​ចំពោះ​ការ​កំណត់​ទីតាំង​ជាក់លាក់​របស់​អាជ្ញាធរ​ខេត្ត និង​តំណាង​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ថា​ឋិត​នៅ​មាន​អាថ៌កំបាំង ដែល​ពួក​គាត់​នៅ​មាន​មន្ទិល​ថា ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ដែល​មាន​ផ្ទៃ​អាង​ចំនួន ៣​ម៉ឺន ៦​ពាន់​ហិកតារ មិន​ដឹង​ថា​ត្រឹម​ណា​ឲ្យ​ប្រាកដ​នោះ​ទេ?

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ ​អះអាង​ថា ឈើ​មុខ​កាត់​ពី​កន្លះ​ម៉ែត្រ​ទៅ ២​ម៉ែត្រ ប្រវែង​ពី ៨​ម៉ែត្រ​ទៅ ១៥​ម៉ែត្រ ត្រូវ​គេ​ដឹក​យក​ទុក​ពេញ​ព្រៃ​តំបន់​បាត​អាង។ លោក​កត់​សម្គាល់​ថា ក្នុង​ព្រៃ​បាត​អាង​នៅ​ទីនោះ មិន​ទាន់​ឃើញ​គេ​កាប់​រំលំ​នៅ​ឡើយ​ទេ។

ចំណែក​ពលរដ្ឋ​នៅ​តំបន់​នោះ​អះអាង​ថា មូលហេតុ​ចម្បង​ដែល​ក្រុមហ៊ុន​កាប់​ឈើ​ក្រៅ​តំបន់​ផ្ទៃ​អាង ពួក​គាត់​កត់​សម្គាល់​ថា ឈើ​ក្នុង​ផ្ទៃ​អាង​មិន​សូវ​មាន​ឈើ​ប្រណិត​ដែល​មាន​តម្លៃ​ថ្លៃ និង​ឈើ​មូល​ធំៗ​ដែល​មាន​នៅ​ទីតាំង​ព្រៃ​ចាស់ ជាប់​ស្រុក​សៀមប៉ាង បើ​គិត​ពី​ផ្ទៃ​អាង​ចម្ងាយ​ប្រហែល​ជិត ៣០​គីឡូម៉ែត្រ ដែល​ក្រុមហ៊ុន​នេះ​នៅ​តែ​មាន​ឈើ​ប្រភេទ​ទាំង​នេះ ដឹក​ជញ្ជូន​ចេញ​មិន​អស់​សោះ​ជាច្រើន​ឆ្នាំ​មក​ហើយ។

តំណាង​ក្រុមហ៊ុន​សម្អាត​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ លោក អ៊ុំ រ៉េត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ មិថុនា ថា ក្រុមហ៊ុន​មាន​ច្បាប់​អនុញ្ញាត​ពី​ថ្នាក់​ជាតិ​ក្នុង​ការ​អារ​ច្រៀក​ឈើ​ក្នុង​ផ្ទៃ​អាង និង​បង់​ពន្ធ​ជូន​រដ្ឋ​រួច​រាល់​ហើយ។ លោក​បដិសេធ​ការ​លើក​ឡើង​របស់​ក្រុម​ប្រជាពលរដ្ឋ​ថា កន្លង​មក​មាន​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ​ធ្លាប់​បាន​ចុះ​ត្រួត​ពិនិត្យ​សកម្មភាព​របស់​ក្រុមហ៊ុន តែ​រក​មិន​ឃើញ​មាន​ដូច​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ឡើយ៖ «ហើយ​ខាង​អាជ្ញាធរ​ខេត្ត ខាង​រដ្ឋបាល​ព្រៃ​ឈើ​ហ្នឹង គាត់​ក៏​ចុះ​ទៅ​ច្រើនសា​ដែរ ចុះ​ទៅ​ធ្វើ​ការងារ តែ​យើង​ធ្វើ​កំណត់​ហេតុ​ម្តង​ហើយ​ម្តង​ទៀត ហើយ​វា​អត់​មាន​ដូចជា​ការ​និយាយ​របស់​ពួក​គាត់»

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ ថ្លែង​ថា ឈើ​ដែល​គេ​ដឹក​ជញ្ជូន​មក​តំបន់​បាត​អាង ភាគ​ច្រើន​ដឹក​ចេញ​ពី​កន្លែង​ផ្សេង​គ្នាៗ ដូចជា​តំបន់​ព្រៃ​អភិរក្ស​ក្នុង​ឧទ្យាន​វីរៈជ័យ ស្រុក​សៀមប៉ាង មាន​ចម្ងាយ​ជាង ២០​គីឡូម៉ែត្រ​ពី​ផ្ទៃ​អាង ព្រោះ​តំបន់​ទាំង​នោះ​សម្បូរ​ឈើ​ប្រណិត យក​មក​គរ​ទុក​ក្នុង​ផ្ទៃ​អាង​នេះ រួច​បាញ់​ថ្នាំ​សម្គាល់​ថា ជា​ឈើ​ស្រប​ច្បាប់ ដើម្បី​ត្រៀម​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម។ លោក​ថា សកម្មភាព​នេះ​កើត​មាន​ឡើង​តាំង​ពី​ឆ្នាំ​២០១២។ កាលនោះ សម្បូរ​ឈើ​ប្រណិត បន្ទាប់​ពី​អស់​ឈើ​ប្រណិត គេ​យក​ឈើ​លេខ​១ លេខ​២ លេខ​៣ និង​ឈើ​ណា​ដែល​មាន​មុខ​កាត់​ធំ គឺ​យក​ទាំងអស់​ដើម្បី​ច្រៀក​ក្នុង​រោងចក្រ​នៅ​ផ្ទៃ​អាង​តែ​ម្តង។ លោក​ថា បើ​ទោះ​ជា​ធ្វើ​របាយការណ៍​ប៉ុន្មាន​ក៏ដោយ​ទៅ​ថ្នាក់​លើ ក៏​នៅ​មិន​មាន​ចំណាត់​ការ​ឡើយ​ទាក់ទិន​ករណី​នេះ៖ «ក្រុមហ៊ុន​នេះ​បាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​នេះ មាន​ផ្ទៃ​បាត​អាង​មាន​ចំនួន ៣​ម៉ឺន ៦​ពាន់​ហិកតារ មាន​ចំណុច​ខាង​ជើង ខាង​លិច ខាង​កើត ជាប់​នឹង​អី អា​ហ្នឹង​វា​ជាក់លាក់ យើង​ចង់​បាន​ចឹង»

ប្រធាន​សហគមន៍​អង្គការ​បណ្ដាញ​ទន្លេ​បី លោក ផៃ ម៉ៃ អះអាង​ថា ក្រុមហ៊ុន​បាន​កាប់​ឈើ​ក្រៅ​តំបន់​ផ្ទៃ​អាង​ផ្នែក​ខាង​ក្រោម​ទំនប់​វារីអគ្គិសនី​ដែល​សម្បូរ​ដោយ​ព្រៃ​ក្រាស់។ លោក​ថា ឈើ​ដែល​ក្រុមហ៊ុន​កាប់​នៅ​ពេល​បច្ចុប្បន្ន​នេះ គឺ​មិន​សំដៅ​តែ​ឈើ​ប្រណិត​ឡើយ ឲ្យ​តែ​ឈើ​ដែល​មាន​មុខ​កាត់​ធំៗ គឺ​កាប់​យក​មក​ច្រៀក​ទាំងអស់​ក្នុង​រោងចក្រ​ច្រៀក​នៅ​ផ្ទៃ​អាង​ទំនប់ រួច​ដឹក​តាម​រថយន្ត​កុងតឺន័រ​ធំៗ​ចេញ​ទៅ​ក្រៅ៖ «ផ្ទះ​គេ​ដឹក​ឡាន​កុងតឺន័រ​ចេញ​តែ​ម្តង ឈើ​ហ្នឹង​មិន​មែន​នៅ​ក្នុង​ផ្ទៃ​អាង​ទេ វា​នៅ​កៀន​ទំនប់​ឈើ​នៅ​តំបន់​នោះ​វា​សម្បូរ»

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​អះអាង​ថា តំបន់​បាត​អាង​ពុំ​សូវ​មាន​ឈើ​ប្រណិត​ទេ និង​មិន​មាន​ឈើ​ទាល​ឡើយ។ ដើម​ឈើ​ទាល ឬ​ដើម​ច្បោះ គឺ​មាន​តែ​នៅ​ព្រៃ​ក្រាស់​ស្រុក​សៀមប៉ាង ប៉ុណ្ណោះ។ ក៏ប៉ុន្តែ អ្នក​ភូមិ​កត់​សម្គាល់​ថា ក្រុមហ៊ុន​ផ្ទុក​ឈើ​ក្នុង​ផ្ទៃ​អាង​សម្បូរ​ដោយ​ឈើ​ទាល ហេតុ​នេះ​អ្នក​ភូមិ​ចាត់​ទុក​ថា ក្រុមហ៊ុន​កាប់​បំផ្លាញ​ឈើ​មក​ពី​ឆ្ងាយ​ចូល​ក្នុង​ផ្ទៃ​អាង រួច​ថា​ឈើ​នេះ​ស្រប​ច្បាប់​ដែល​មិន​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចេញ​មុខ​បង្ក្រាប​ឡើយ។ ដោយឡែក​ឈើ​ដែល​ត្រូវ​គេ​ដឹក​ជញ្ជូន​យក​ទុក​ក្នុង​នៅ​ភូមិ​ស្រែគរ២ រួម​មាន ឈើ​ធ្នង់ ឈើ​ទាល ឈើ​ត្រាច ជាដើម និង​ឈើ​ខ្លះ​ទៀត​ជា​ប្រភេទ​ដើម​ឈើ​យក​ជ័រ​របស់​ជនជាតិ​ដើម​ភាគ​តិច​អាស្រ័យ​ផល។

ទោះ​បី​យ៉ាង​នេះ​ក្តី អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង និង​ជា​អភិបាល​រង​ខេត្ត លោក ដួង ពៅ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ មិថុនា ថា មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ​កំពុង​ឃ្លាំ​មើល​សកម្មភាព​របស់​ក្រុមហ៊ុន​នេះ។ លោក​ថា ក្រុមហ៊ុន​សម្អាត​ផ្ទៃ​អាង​បង់​ពន្ធ​ចូល​រដ្ឋ​រួច​រាល់។ ជាង​នេះ​ទៅ​ទៀត ក្រុមហ៊ុន​អារ​ច្រៀក​ឈើ​យក​មក​ធ្វើ​ផ្ទះ​នៅ​ក្នុង​តំបន់​ដែល​ត្រូវ​រុះរើ ឬ​ផល​ប៉ះពាល់​នៃ​គម្រោង​សាងសង់៖ «ពិនិត្យ​មើល​សម្អាត​អាង​សុទ្ធតែ​មាន​មន្ត្រី​ចុះ​ទៅ​ពិនិត្យ​មើល​ទាំងអស់ ដើម្បី​វាស់​ចំនួន​ឲ្យ​គាត់​បង់​ពន្ធ»

មន្ត្រី​សម្រប​សម្រួល​អង្គការ​បណ្ដាញ​ទន្លេ​បី លោក មៀច មាន កត់​សម្គាល់​ថា ឈើ​ដែល​ក្រុមហ៊ុន​សម្អាត​ផ្ទៃ​អាង​ដឹក​ចេញ​ពី​ក្រៅ​ផ្ទៃ​អាង មិន​មែន​ជា​រឿង​ថ្មី​ឡើយ ដែល​លោក​មិន​ទាន់​ឃើញ​មាន​ចំណាត់​ការ​ណា​មួយ​ពី​អាជ្ញាធរ​ខេត្ត​នៅ​ឡើយ​ទេ។ លោក​ចាត់​ទុក​សកម្មភាព​សម្អាត​ផ្ទៃ​អាង​របស់​ក្រុមហ៊ុន លោក លឹម ប៊ុណ្ណា ហៅ​ឧកញ៉ា ខ្នា ថា​ជា​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ​ដ៏​ធំ។ លោក​កត់​សម្គាល់​ថា ផ្លូវ​ស្ពាន​មួយ​ចំនួន​ត្រូវ​ខូច​ខ្ទេច ដោយសារ​រថយន្ត​ដឹក​ឈើ​របស់​ក្រុមហ៊ុន​នេះ ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ៖ «ទាមទារ​ឲ្យ​មាន​ការ​សិក្សា​ឡើង​វិញ​ឲ្យ​ច្បាស់លាស់ អាជ្ញាធរ​ខេត្ត​មិន​គួរ​បណ្តែតបណ្តោយ​ឲ្យ​បញ្ហា​ហ្នឹង​កើត​ឡើង​ដដែល អាជ្ញាធរ​ថ្នាក់​ឃុំ​គាត់​រាយការណ៍​ជូន តែ​នៅ​មិន​មាន​ចំណាត់​ការ​ពី​ខាង​ខេត្ត»

មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​នៃ​សមាគម​អាដហុក (adhoc) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល ដាក់​ការ​ទទួល​ខុស​ត្រូវ​បញ្ហា​នេះ​ទៅ​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ ថា​មិន​បាន​ផ្តល់​ដំណឹង​ជាក់លាក់​ទាក់ទិន​ការ​កំណត់​ព្រំប្រទល់​តំបន់​ផ្ទៃ​អាង​ឲ្យ​សង្គម​ស៊ីវិល​ជ្រាប រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​នៅ​តំបន់​នោះ និង​សហគមន៍​ជាដើម។ លោក​ថា ភាព​មិន​ច្បាស់លាស់​ក្នុង​ការ​កំណត់​ទីតាំង​ផ្ទៃ​អាង គឺ​ជា​ចេតនា​ឆ្លៀត​ឱកាស​ផ្សំ​គំនិត​បំផ្លាញ​ធនធាន​ព្រៃ​ឈើ​ដ៏​ធំ​សម្បើម។ លោក​បញ្ជាក់​ថា ក្រុម​ពលរដ្ឋ​ពិបាក​នឹង​រក​ភស្តុតាង​ដាក់​បន្ទុក​បញ្ហា​នេះ ដើម្បី​ចោទ​ទៅ​ភាគី​ក្រុមហ៊ុន​ទាក់ទិន​ការ​កាប់​បំផ្លាញ​ធនធាន​ព្រៃ​ឈើ ព្រោះ​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជំនាញ​មិន​បាន​សហការ​ជាមួយ​ពលរដ្ឋ​នៅ​តំបន់​នោះ មាន​ន័យ​ថា អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ ឃុបឃិត​គ្នា​ជាមួយ​ក្រុមហ៊ុន​សម្អាត​ផ្ទៃ​អាង។ លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ត្រួត​ពិនិត្យ​សកម្មភាព​របស់​ក្រុមហ៊ុន​សម្អាត​ផ្ទៃ​អាង​ឡើង​វិញ និង​កំណត់​ទីតាំង​ព្រំប្រទល់​ផ្ទៃ​អាង​ឲ្យ​ប្រាកដ ដើម្បី​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ធនធាន​ព្រៃ​ឈើ​ដែល​នៅ​សេសសល់​ចុង​ក្រោយ៖ «គាត់​ដឹក​យក​មក​ពី​ព្រំប្រទល់​ស្រុក​សៀមប៉ាង ក្នុង​មូលដ្ឋាន​ភូមិ​ស្ដៅ ភូមិ​ញើន ឃុំ​ញើន អ៊ីចឹង​ទៅ ដឹក​យក​មក​ដាក់​មក​ក្នុង​ហ្នឹង​ដើម្បី​យក​ធ្វើ​ជា​ឈើ​ស្រប​ច្បាប់»

លោក ហូ សំអុល រិះគន់​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ ថា​មិន​បាន​បំពេញ​កាតព្វកិច្ច​ការងារ​ការពារ​ធនធាន​ព្រៃ​ឈើ​ឲ្យ​មាន​ប្រសិទ្ធភាព ដែល​បណ្តោយ​ឲ្យ​ក្រុមហ៊ុន​នេះ​ធ្វើ​តាម​តែ​អំពើ​ចិត្ត គឺ​ជា​ឧបសគ្គ​ចម្បង​នៃ​វិនាសកម្ម​ព្រៃ​ឈើ។

ច្បាប់​ស្ដីពី​ព្រៃ​ឈើ​ឆ្នាំ​២០០២ មាត្រា​១០១ ចំណុច​ទី​៥ ទី​៦ ចែង​ថា មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ មិន​បាន​រាយការណ៍ ឬ​មិន​បាន​ដាក់​ពាក្យ​ប្ដឹង​ចំពោះ​បទល្មើស​ព្រៃ​ឈើ​ថ្នាក់​ទី​១ ដែល​បាន​កើត​ក្នុង​រង្វង់​សមត្ថកិច្ច​របស់​ខ្លួន​ទាន់​ពេលវេលា។ ការ​ធ្វេសប្រហែស​ដោយ​ចេតនា​ក្នុង​ការ​បំពេញ​ភារកិច្ច ឬ​ផ្តល់​ព័ត៌មាន​នូវ​របាយការណ៍​ក្លែង​បន្លំ​ជា​លាយលក្ខណ៍​អក្សរ ដែល​ជា​មូលហេតុ​បង្ក​ឲ្យ​បទល្មើស​ព្រៃ​ឈើ​ទី​១ ត្រូវ​ទុក​ជា​បទល្មើស និង​ត្រូវ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល​ទៅ ១០០​លាន​រៀល។

អ្នក​ភូមិ​អះអាង​ថា សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ចេញ​ក្រៅ​តំបន់​ផ្ទៃ​អាង​របស់​ក្រុមហ៊ុន លោក លឹម ប៊ុណ្ណា ហៅ ឧកញ៉ា ខ្នា ធ្វើ​ឡើង​តាំង​ពី​ឆ្នាំ​២០១៣ នៅ​តែ​បន្ត​ដឹក​តាម​រយៈ​រថយន្ត​យីឌុប​ធំៗ​ចេញ​ទៅ​ប្រទេស​វៀតណាម រហូត​ដល់​បច្ចុប្បន្ន ដែល​អ្នក​ភូមិ​ព្រួយ​បារម្ភ​ថា ព្រៃ​ឈើ​នឹង​ហិនហោច​អស់​ដោយសារ​តែ​ក្រុម​ឈ្មួញ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។