ពលរដ្ឋ​ស្នើ​ឲ្យ​បញ្ឈប់​អាជីវកម្ម​ឈើ​តំបន់​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ

វ៉ែន សុមេធ
2018-09-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គំនរ​ឈើ​ដែល​ដឹក​ពី​ប្រទេស​កម្ពុជា ទៅ​ស្តុក​ទុក​នៅ​ខេត្ត​យ៉ាឡាយ (Gai Lai) ប្រទេស​វៀតណាម កាល​ពី​ខែ​មីនា ឆ្នាំ​២០១៧។ Photo courtesy of EIA
គំនរ​ឈើ​ដែល​ដឹក​ពី​ប្រទេស​កម្ពុជា ទៅ​ស្តុក​ទុក​នៅ​ខេត្ត​យ៉ាឡាយ (Gai Lai) ប្រទេស​វៀតណាម កាល​ពី​ខែ​មីនា ឆ្នាំ​២០១៧។ Photo courtesy of EIA
Photo courtesy of EIA

ជនជាតិ​ដើម​ភាគតិច​រស់នៅ​ឃុំ​ស្ដៅ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង និង​កម្មករ​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ អំពាវនាវ​ឲ្យ​របប លោក ហ៊ុន សែន លប់​បំបាត់​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ នៅ​តំបន់​បាត​អាង​នៃ​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ ខណៈ​ដែល​ក្រុមហ៊ុន​នេះ​នៅតែ​បន្ត​អារ​ច្រៀក​ឈើ​មូល​ធំៗ និង​ដឹកជញ្ជូន​ឈើ​ចេញ​ក្រៅ បើ​ទោះ​បី​មាន​លិខិត​បញ្ឈប់​អាជីវកម្ម​យ៉ាង​ណា​ក្តី។

កម្មករ​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី សេសាន​ក្រោម​ពីរ ឲ្យ​ដឹង​នៅ​ថ្ងៃទី៦ កញ្ញា​ថា ឃ្លាំង​ស្តុក​ឈើ រាប់ពាន់​ម៉ែត្រ​គូប​នៅ​តំបន់​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ក្នុងស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ដែល​ក្រុមហ៊ុន​បាន​ដឹក​មក​ស្តុក​ទុក​ក្នុង​ដេប៉ូ​អារ​ច្រៀក​ឈើ​ពីរ​ទីតាំង​ផ្សេងគ្នា​នៅ​តំបន់​នោះ ត្រូវ​គេ​ប្រទះឃើញ​មានការ​ដឹកជញ្ជូន​ចេញ​ក្រៅ​ខ្លះៗ នៅ​ពេល​យប់ និង​មាន​ការ​បន្ថែម​កម្លាំង​មន្ត្រី​អាវុធហត្ថ​យាម​យ៉ាង​ប្រយ័ត្ន​បំផុត។

កម្មករ​ធ្វើការ​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ឲ្យ​ដឹង​ថា ថ្មីៗ​នេះ ក្រុមហ៊ុន​បាត​អាង​បាន​ដឹកជញ្ជូន​ឈើ​ចេញ​ក្រៅ តាម​រថយន្ត​ប៉ាកុង ចាប់ពី ៥រថយន្ត ទៅ ៧រថយន្ត និង​បន្ថែម​កម្លាំង​មន្ត្រី​អាវុធហត្ថ​យាម​យ៉ាង​តឹងរ៉ឹង។ លោក​បញ្ជាក់​ថា ឈើ​រាប់ពាន់​ម៉ែត្រ​គូប ដែល​គេ​ដឹក​មក​ស្តុក​ទុក​ក្នុង​ឃ្លាំង​ឋិត​នៅ​ខាងជើង​ទន្លេ និង​ខាងត្បូង​ទន្លេ កំពុង​ត្រូវ​បាន​ក្រុមហ៊ុន​ដឹកជញ្ជូន​ចេញ​ក្រៅ​ជា​បណ្តើរៗ​នៅ​ពេល​យប់៖ «ដឹក​តាម​រថយន្ត​ប៉ាកុង ចាប់ពី​ម៉ោង ១០ ទៅ​ម៉ោង ១១ យប់។ ឈើ​ដែល​ខ្ញុំ​ប៉ាន​ប្រមាណ នៅ​បាត​អាង មិន​ក្រោម​ពី ៣ ទៅ ៤ ពាន់​ម៉ែត្រ​គូប​ទេ»

បុរស​ដដែល​បន្ថែម​ថា ពលរដ្ឋ​បារម្ភ​ពី​ការបាត់បង់​ធនធាន​ធម្មជាតិ និង​ចង់​ឲ្យ​របប លោក ហ៊ុន សែន ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​តំបន់​នោះ​អោយ​មាន​ប្រសិទ្ធភាព ដោយ​កុំ​ធ្វើ​អោយ​តែ​ល្អមើល​មួយ​ឆាវៗ។ លោក​អំពាវនាវ​ឲ្យ​របប​ក្រុងភ្នំពេញ​អាណត្តិ​ទី៦ នេះ ត្រូវ​បញ្ឈប់​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​នេះ ដើម្បី​កាត់បន្ថយ​ការរិះគន់ និង​ស្តារ​ព្រៃឈើ​ឡើងវិញ ខណៈ​ដែល​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បាន​បិទទ្វារ​ទឹកជា​ស្ថាពរ​តាំងពី​ចុង​ឆ្នាំ២០១៧។ លោក​ថា រយៈពេល ៥​ឆ្នាំ​កន្លង​មក​នេះ ក្រុមហ៊ុន​បាន​ប្រើ​លេស​សំអាត​បាត​អាង ដើម្បី​ដឹកជញ្ជូន​ឈើ​ពី​ខាងក្រៅ​បន្លំ​ជា​ឈើ​ស្របច្បាប់៖ «រដ្ឋាភិបាល​អាណត្តិ​ថ្មី​គួរ​បញ្ឈប់​ទៅ​ឈើ​បាត​អាង។ ល្មម​បញ្ចប់​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខាងក្រៅ​មក​ដោយ​សំអាង​ហេតុផល​បាត​អាង ល្មម​ហើយ ៥ ទៅ ៦ ឆ្នាំ​ហើយ»

ជនជាតិ​ដើម​ភាគតិច​រស់នៅ​ឃុំ​ស្ដៅ ស្រុក​សេសាន ថ្លែង​សុំ​លាក់​ឈ្មោះ រំឭក​ថា ក្រុមហ៊ុន​បាត​អាង នៃ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​ពីរ បាន​បញ្ជូន​កម្មករ​ច្រើន​នាក់ អារ​រំលំ​ឈើ​មូល​ធំៗ នៅ​ក្បែរ​លំនៅឋាន​សហគមន៍ ដោយ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ប៉ាកុង​ចូល​ក្នុង​បាត​អាង ធ្វើ​ឲ្យ​ព្រៃឈើ​ដែល​ជា​ជម្រក​អនុផល​របស់​ជនជាតិ​ដើម​ភាគតិច បាន​បាត់បង់​ទាំងស្រុង ហើយ​បច្ចុប្បន្ន​នៅ​សេសសល់​តែ​ឈើ​មិនទាន់​គ្រប់​អាយុ និង​គ្មាន​តម្លៃ​លើ​ទីផ្សារ៖ «បច្ចុប្បន្ន​គេ​ឈប់​កាប់​ឈើ តែ​អស់​ឈើ​ហើយ​បាន​វា​ឈប់។ ឈើ​ពីមុន​តំបន់​ក្បែរ​ហ្នឹង​ច្រើន សុក្រំ ស្រឡៅ និង​ឈ្លីក តែ​ឥឡូវ​អស់​គ្មាន​សល់​ទេ»

អាស៊ីសេរី​មិន​អាច​រក​ប្រភព​ទាក់ទង តំណាង​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ដើម្បី​សុំ​ការ​បំភ្លឺ បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី៦ កញ្ញា។ រីឯ​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក សៅ សុភាព ក៏​មិន​បាន​ទាក់ទង​បាន​ដែរ ដោយ​លោក​មិន​ទទួល​ទូរស័ព្ទ។

កាលពី​ថ្ងៃ​ចុងខែ​កុម្ភៈ ឆ្នាំ ២០១៨ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ប៊ុយ អ៊ុយ បាន​សម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​ការ​ដឹកជញ្ជូន​ឈើ ក្នុង​តំបន់​បាត​អាង​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ និង​ផ្អាក​ការ​ឈូស​ឆាយ​សំអាត​ទីតាំង​គម្រោង​វិនិយោគ​សម្បទាន​សេដ្ឋកិច្ច រហូត​ដល់​បោះឆ្នោត​ជា​សកល​រួច។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក សឹង សែនករុណា សម្ដែង​ការ​សោកស្តាយ ពី​វិនាសកម្ម​ព្រៃឈើ​នៅ​តំបន់​នោះ ដែល​កម្ពុជា​មាន​ច្បាប់​ស្ដីពី​ព្រៃឈើ និង​មាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន ដែល​មាន​ភារកិច្ច​បង្ក្រាប​បទល្មើស​ព្រៃឈើ អនុលោម​តាមច្បាប់​កំណត់ ក៏ប៉ុន្តែ​ធាតុ​ពិត ការ​លប់​បំបាត់​បទល្មើស​ព្រៃឈើ គឺ​គ្មាន​ប្រសិទ្ធភាព បង្ក​ឲ្យ​ក្រុម​ជនខិលខូច និង អ្នក​មាន​ឥទ្ធិពល នៅតែ​មានឱកាស​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ដដែលៗ៖ «បើ​ថ្នាក់ដឹកនាំ​នៅ​បន្ត​មិន​យកចិត្តទុកដាក់ បណ្ដោយ​ឲ្យ​ក្រុម​ទាំងអស់​នោះ នៅតែ​បំផ្លាញ​ធ្វើ​ឲ្យ​ធនធានធម្មជាតិ​ហិន​ហោចទៅ និង​ប្រព័ន្ធ​ច្បាប់​កាន់តែ​ធូររលុង គ្មាន​ឥទ្ធិពល​អី​ទៅ​ចាត់វិធានការ​ច្បាប់​លើ​ជន​ដែល​បំផ្លាញ​ធនធានធម្មជាតិ​ទាំងអស់​ហ្នឹង​ទេ»

ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ មាន​ផ្ទៃដី ៣៦.០០០ ហិកតារ ឋិត​ក្នុងស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ដែល​មាន​ក្រុមហ៊ុន​ឈ្មោះ អាំង អែន អាសូស៊ីអែត ឡយ័រ ( Ang & Associates Lawyer Co ., Ltd ) របស់​ឧកញ៉ា គិត ម៉េង ទទួល​សិទ្ធិ​សម្អាត​បាត​អាង​តាំងពី​ឆ្នាំ២០១២។ ក៏ប៉ុន្តែ​ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​រកឃើញ​ថា ក្រុមហ៊ុន​បាន​ដឹក​ឈើ​ពី​ខាងក្រៅ​ចូល​ផ្ទៃ​អាង ជា​លេស​ថា សំអាត​បាត​អាង និង​ដើម្បី​បម្លែង​ជា​ឈើ​ស្របច្បាប់ កើតមាន​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ ដោយ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ខេត្ត​ស្ទឹងត្រែង រហូតដល់​ថ្នាក់​ជាតិ។ សកម្មជន​បរិស្ថាន​រក​ឃើញ​ថា ក្រុមហ៊ុន​នេះ​បាន​ដឹក​ឈើ​មូល​ធំៗ​ចេញពី​តំបន់​ឧទ្យាន​ជាតិវីរៈជ័យ នៅ​ស្រុក​សៀមប៉ាង ជាប់​ព្រំដែន​ឡាវ ចូល​បាត​អាង ដើម្បី​បម្លែង​ជា​ឈើ​ស្របច្បាប់ រួច​ដឹក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល