សកម្មជន​ការពារ​ព្រៃឈើ​ថា បទល្មើស​ព្រៃឈើ​កើតឡើង​ខ្លាំង​ក្នុង​ពិធី​បុណ្យ​អុំទូក

ដោយ អាស៊ីសេរី
2017-11-05
Share
ដឹក​ជញ្ជូន​ឈើ​ទៅ​វៀតណាម ២០១៧ ១៤៤០ សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA
Photo courtesy of EIA

ខណៈ​ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់ កំពុង​ចូលរួម​សប្បាយរីករាយ​នៅ​ក្នុង​ពិធីបុណ្យ​អុំទូក ឈ្មួញ​រកស៊ី​ឈើ​ក៏​កំពុង​សប្បាយ​កាប់​ឈើ និង​ដឹកជញ្ជូន​គ្មាន​ពេល​ស្រាកស្រាន្ត​ឡើយ។ អ្នក​ធ្វើ​ការងារ​ផ្នែក​បរិស្ថាន​ថា ប៉ុន្មាន​ថ្ងៃនេះ បទល្មើស​ព្រៃឈើ​កំពុង​កើតឡើង​យ៉ាង​គំហុក​នៅ​ក្នុង​ព្រៃ និង​ការ​ដឹកជញ្ជូន​ឈើ​ពី​កម្ពុជា​ទៅ​ប្រទេស​វៀតណាម ទាំង​ថ្ងៃ​ទាំង​យប់។

ឈ្មួញ​ព្រៃឈើ​ល្មើសច្បាប់​បាន​ឆក់​យក​ឱកាស​ដែល​ក្រុម​សមត្ថកិច្ច និង​អ្នក​ពាក់ព័ន្ធ​ឈប់សម្រាក​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក សម្រុកចូល​ព្រៃ​កាប់ និង​ដឹក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​គឃ្លើន។ សកម្មជន​ការពារ​ព្រៃឈើ​ថា ការ​បណ្ដែតបណ្ដោយ​ឲ្យ​កើត​មាន​បទល្មើស​ព្រៃឈើ​ដូចនេះ ព្រោះ​ខ្វះ​ការ​យកចិត្ត​ទុក​ពី​សំណាក់​រដ្ឋាភិបាល។

សកម្មជន​ការពារ​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ លោក មីង អូន ឲ្យ​អាស៊ីសេរី​ដឹង​ថា នៅ​ក្នុង​ព្រៃ​លាន់​លឺ​តែ​សំឡេង​អារ​ឈើ ចំណែក​នៅ​តាម​ផ្លូវ​ចេញ​ចូល​ព្រៃ ឃើញ​គោយន្ត​ដឹក​ឈើ​ចេញ ហើយ​មាន​ឡាន​តូច​ធំ​ចាំ​ដឹក​ចេញពី​ព្រៃ។ លោក​ថា ឲ្យ​តែ​មាន​ពិធីបុណ្យ​ទាន​ធំៗ ដូចជា​បុណ្យចូលឆ្នាំ ភ្ជុំបិណ្ឌ និង​បុណ្យអុំទូក បទល្មើស​ព្រៃឈើ​គឺ​កើតឡើង​ខ្លាំង។ លោក​ព្រួយ​បារម្ភ​ថា បើ​រដ្ឋាភិបាល​នៅតែ​បណ្ដែតបណ្ដោយ​ដូចនេះ ព្រៃឈើ​កម្ពុជា នឹង​វិនាស​អន្តរាយ។

ដូចគ្នា​នេះ​ដែរ សមាជិក​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា លោក សឿន ពិសិទ្ធ ប្រាប់​ដែរ​ថា ប៉ុន្មាន​ថ្ងៃនេះ ឈ្មួញ​កំពុង​សម្រុក​ដឹក​ឈើ​ពី​កម្ពុជា​ទៅ​ប្រទេស​វៀតណាម ពី​ខេត្ត​ជាប់​ព្រំដែន រតនគិរី មណ្ឌលគិរី និង​កំពង់ចាម តាម​ច្រក​ត្រពាំងផ្លុង និង​ច្រក​អូយ៉ាដាវ ជាដើម។ លោក​ថា ករណី​បទល្មើស​ព្រៃឈើ​កើតឡើង​ខ្លាំង ក្នុង​រដូវ​បុណ្យទាន​ដូចនេះ លោក​ស្នើ​ទៅ​ក្រសួង​ពាក់ព័ន្ធ​បែងចែក​កម្លាំង​ឲ្យ​មាន​អ្នក​នៅចាំ​ការពារ​យាមកាម​គ្រប់​ច្រក​ចេញ​ចូល​ដែល​ឈ្មួយ​ញ​ដឹកជញ្ជូន​ឈើ។ «សំឡេង»

ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន តែង​ចេញមុខ​ប្រកាស​ក្ដែងៗ​ថា រដ្ឋាភិបាល​របស់​នឹង​ការពារ​ព្រៃឈើ​ឲ្យ​បាន​គង់វង្ស លោក​ថែមទាំង​ប្រកាស​ដាក់​ជីវិត​ថែមទៀត​ផង​បើ​ការពារ​ព្រៃឈើ​មិនបាន។ ប៉ុន្តែ ព្រៃឈើ​នៅតែ​រង​ការ​បាត់បង់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ។

ជាង​នេះ​ទៅ​ទៀត ខណៈ លោក ហ៊ុន សែន ហាក់​ដូច​ជា​បរាជ័យ​ក្នុង​កិច្ចការពារ​ព្រៃឈើ អង្គការ​គ្លូបល វីនេស (Global Witness) បាន​រក​ឃើញ​ថា លោក ហ៊ុន សែន មាន​ជាប់​ទាក់ទង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ ដោយ​ឈ្មួញ​ព្រៃឈើ ផ្ដល់​លុយ​រាប់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ទៅ​លោក ហ៊ុន សែន ជា​ថ្នូរ​ដែល​អាច​ឲ្យ​ពួក​អាច​ប្រកប​របរ​នេះ​បាន​តទៅទៀត។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក សៅ សុភាព បញ្ជាក់​ថា រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​កំណែ​ទម្រង់​ច្រើន លើ​កិច្ច​គាំពារ​ព្រៃឈើ និង​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ។

ប៉ុន្តែ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ យល់​ថា នេះ​ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ ខណៈ​ស្ថាប័ន​បង្ក្រាប​ព្រៃឈើ​ជាច្រើន​កំពុង​ធ្វើ​ការងារ​នេះ បើ​ទោះ​ជា​សមត្ថកិច្ច​មួយ​ចំនួន​រវល់​នឹង​រៀបចំ​ពិធីបុណ្យ​អុំទូក។ «សំឡេង»

សកម្មជន​ការពារ​ព្រៃឈើ​យល់ថា បទល្មើស​ព្រៃឈើ​កើត​មាន នៅ​កន្លែង​ទិញ​ឈើ ដូច្នេះ​ពួកគេ​ស្នើ​ទៅ​រដ្ឋាភិបាល​បិទ​មិន​ឲ្យ មាន​ការ​នាំ​ឈើ​ចេញ​ក្រៅ​ប្រទេស គឺ​បទល្មើស​ព្រៃឈើ​ក៏​មិន​អាច​កើតឡើង​ទៀត​ដែរ។ ចំណែក ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូច ឡេង និយាយ​ថា ការ​បណ្ដែតបណ្ដោយ​ឲ្យ​មាន រោងចក្រ​អារ​ឈើ និង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណិត​ជាច្រើន គឺជា​ប្រភព​នៃ​ឧក្រិដ្ឋកម្ម​ព្រៃឈើ នៅ​តំបន់​ព្រៃ​ឡង់ និង​នៅ​តំបន់​ផ្សេងទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល