បញ្ហានេះ ទើបកសិករជាតិ និងកសិករអាស៊ាន សង្គមស៊ីវិល រួមទាំងស្ថាប័នរដ្ឋាភិបាល ស្វែងរកដំណោះស្រាយដោយបច្ចេកទេសបន្ស៊ាំការដាំដុះ ការចិញ្ចឹមសត្វ និងបញ្ហាផ្សេងទៀត ដើម្បីឲ្យវិស័យកសិកម្មនៅតែអាចធានាបានសន្តិសុខស្បៀង។
វេទិកាកសិករថ្នាក់ជាតិលើកទី៤ រយៈពេល ២ថ្ងៃ គឺថ្ងៃទី១៧ និងថ្ងៃទី១៨ ខែតុលា បានចែករំលែកសកម្មភាពដែលនឹងត្រូវអនុវត្តបន្ត និងយន្តការតាមដានជំរុញបច្ចេកទេសកសិកម្មបែបថ្មី ដើម្បីធានានូវសន្តិសុខស្បៀង និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។
មន្ត្រីមន្ទីរធនធានទឹកខេត្តកែប លោក ជា ម៉េង ថ្លែងថា នឹងធ្វើការសិក្សាទៅលើបញ្ហាទំនប់ និងការគ្រប់គ្រងទឹកឲ្យមានខួបប្រាំង និងវស្សា ដើម្បីជួយដល់ការស្រោចស្រពនៅពេលរាំងស្ងួត៖ «ជាពិសេស ស្រែកសិករដែលបានស្ទូងហើយ ជិតបានផលនោះ គឺខ្មែរយើងថាខែកត្តិក ក្នុងខែ១១ ១២ ហ្នឹង គឺមានជំនោរជោរខ្លាំង។ ពេលជោរខ្លាំងហ្នឹង គឺស្រូវយើងដាក់គ្រាប់ ចេញដាក់គ្រាប់ ពេលទឹកប្រៃចូលធ្វើឲ្យស្រូវនោះងាប់។ តែបើសិនជាយើងបានសាងសង់ទំនប់ការពារទឹកប្រៃបាន តាមបញ្ហាដែលចោទហ្នឹង គឺយើងនឹងអាចការពារស្រូវបានរាប់ពាន់ហិកតារ មិនរយទេ ធ្វើឲ្យទឹកសមុទ្រដែលជោរមក គឺយើងអាចការពារបាន»។
ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម លោក ម៉ាក់ សឿន ថ្លែងថា ដើម្បីធានាថាព័ត៌មានកសិកម្មបានផ្សព្វផ្សាយបានទៅដល់កសិករ ក្រសួងកសិកម្ម នឹងបង្កើតមណ្ឌលកសិកម្មតាមឃុំ ដើម្បីងាយស្រួលផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី បន្ស៊ាំការប្រែប្រួលអាកាសធាតុ ដើម្បីធានាសន្តិសុខស្បៀង។
កសិករមកពីខេត្តកំពង់ស្ពឺ លោក សូ ទិត្យ មកពីឃុំកាហែង ស្រុកសំរោងទង ថ្លែងថា ដីស្រែគាត់តែងតែខ្វះទឹកជាប្រចាំក្នុងការដាំដុះ។ ការប្រែប្រួលអាកាសធាតុនៅឆ្នាំ២០១៣ រឹតតែធ្វើឲ្យតំបន់នោះមិនសូវមានទឹកភ្លៀងថែមទៀត។ មន្ត្រីកសិកម្មបង្រៀនគាត់ឲ្យធ្វើស្រែ ប.វ.ស ព្រោះប្រើទឹកតិច។ គាត់មិនដឹងថា ផលស្រូវនឹងបានច្រើន ឬអត់ទេ ព្រោះដាំស្រូវតែមួយដើម៖ «ស្រូវ១ដើមហ្នឹងវាធន់នឹងការរាំងស្ងួតបានយូរ ព្រោះអីក្នុងគុម្ពរបស់វាហ្នឹង វាមានកម្លាំងអាចស្រូបយកជីជាតិពីក្នុងដី វាមិនចាំបាច់ជាទឹកច្រើនប៉ុន្មានទេ ព្រោះអីអាហ្នឹងឲ្យតែមានដីសើមៗ ហើយយើងឧស្សាហ៍បោចស្មៅបន្ធូរដីអីវាទៅវាទទួលបានផលអ្វីដែលយើងចង់បាន»។
ចំណែកកសិករមកពីឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង លោកស្រី ផាវ ញឺង ថ្លែងថា ការប្រែប្រួលអាកាសធាតុកើតចេញពីការបំផ្លាញព្រៃឈើ។ ក្នុងតំបន់គាត់ ការបំផ្លាញព្រៃឈើយកទៅធ្វើចម្ការអំពៅច្រើនពាន់ហិកតារ រឹតតែបង្កគ្រោះថ្នាក់ដល់ការងារកសិកម្ម។
ថ្លែងបិទវេទិកាកសិករថ្នាក់ជាតិលើកទី៤ ក្រោមប្រធានបទ រួមគ្នាធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុរបស់កសិករ ដើម្បីធានាបានសន្តិសុខស្បៀង ត្រូវបានប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាឧបនាយករដ្ឋមន្ត្រី លោក យឹម ឆៃលី ថ្លែងថា ការប្រែប្រួលអាកាសធាតុនៅឆ្នាំ២០១៣ នេះ ប្រទេសកម្ពុជា បានរងគ្រោះទឹកជំនន់ ១៧ខេត្ត ដែលរងផលប៉ះពាល់ដល់សន្តិសុខស្បៀង៖ «ប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ បានបង្កជាផលប៉ះពាល់ដល់ក្រុមកសិករងាយរងគ្រោះ និងទន់ខ្សោយ ដូចជា កសិករខ្នាតតូចបានបណ្ដាលឲ្យមានភាពរងគ្រោះកាន់តែធ្ងន់ធ្ងរទៅៗ ព្រោះជីវភាពរស់នៅរបស់ពួកគាត់ គឺពឹងផ្អែកទាំងស្រុងតែលើវិស័យកសិកម្ម។ តែកម្ពុជា ការប្រែប្រួលអាកាសធាតុឆ្នាំនេះ ២០១៣ ទេវតាព្រមានហើយ ប៉ះពាល់ដល់ ១៧ខេត្ត។ ហើយធ្ងន់ធ្ងរជាងគេ គឺខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ។ ខេត្តបន្ទាយមានជ័យ ហ្នឹង លិច ២ខែហើយ ធ្ងន់ធ្ងរណាស់។ នេះ គឺជាព័ត៌មានពិតដែលយើងទាំងអស់គ្នាបានឮពីមាត់កសិករ»។
យោងរបាយការណ៍ពីក្រសួងកសិកម្ម ក្នុងវេទិកាកសិករថ្នាក់ជាតិលើកទី៤ បង្ហាញថា ផលប៉ះពាល់ និងខូចខាតលើតែដំណាំស្រូវ ព្រោះការប្រែប្រួលអាកាសធាតុនៅឆ្នាំ២០១៣ ដោយរាំងស្ងួត ស្រូវខូចទាំងស្រុងចំនួន ២៥០ហិកតារ។ ចំណែកផលប៉ះពាល់ពីទឹកជំនន់ មិនទាន់មានតួលេខនៅឡើយ។
ក្រុមពិភាក្សា ២ថ្ងៃ ក្នុងវេទិកាថ្នាក់ជាតិលើកទី៤ ទាក់ទងនឹងបញ្ហាសន្តិសុខស្បៀង និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ បានរកឃើញថា ដើម្បីឲ្យវិស័យកសិកម្មនៅតែអាចធានាបានសន្តិសុខស្បៀង គឺការដាំដុះ ត្រូវប្រើជីធម្មជាតិ ការគ្រប់គ្រងទឹកឲ្យបានល្អ និងការចងក្រងកសិករជាក្រុម ក្នុងការកំណត់តម្លៃលក់កសិផល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។