ជនជាតិ​ដើម​ភាគតិច​ទំពួន​ខកចិត្ត​ចំពោះ​ការ​មិន​បង្ក្រាប​បទល្មើស​ព្រៃឈើ​ខេត្ត​រតនគិរី

ដោយ មួង ណារ៉េត
2019.09.14
ជនជាតិទំពួន​រតនគិរី ៦២២ សហគមន៍​ភូមិ​កែងសាន់ បាន​នាំ​គ្នា​ទៅ​បំភ្លឺ​នៅ​មន្ទីរ​បរិស្ថាន ខេត្ត​រតនគិរី កាល​ពី​អំឡុង​ខែ​តុលា ២០១៨ បន្ទាប់​ពី​មេ​ភូមិ​កែង​សាន់​ប្តឹង។
រូបភាព៖ សហគមន៍ភូមិកែងសាន់

ព្រៃ​សហគមន៍​ភូមិ​កែងសាន់ មាន​ផ្ទៃដី​ជាង ៤​ពាន់​ហិកតារ កំពុង​ទទួល​រង​ការ​កាប់​រុករាន​ទន្ទ្រាន​យក​ជា​កម្មសិទ្ធិ​អស់​ស្ទើរ​ទាំងស្រុង និង​មាន​មួយ​ផ្នែក​ធំ​បាន​ក្លាយ​ជា​វាល​រហោឋាន គ្រប់គ្រង​ជា​សម្បត្តិ​បុគ្គល។ ជនជាតិ​ដើម​ភាគតិច​ទំពួន​រស់នៅ​ភូមិ​កែងសាន់ ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ខក​ចិត្តនឹង​ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ខេត្ត​នេះ​ថា មិន​អើពើ​បង្ក្រាប​បទល្មើស​ព្រៃឈើ។

ជនជាតិ​ដើម​ភាគតិច​ទំពួន លោក ខាំ និន ឱ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី​១៣ ខែ​កញ្ញា​ថា សហគមន៍​បាន​កំណត់​អត្តសញ្ញាណ ជនសង្ស័យ​ជាច្រើន​នាក់ រួមមាន ក្រុម​កម្មករ​កាប់​ទន្ទ្រាន​ព្រៃ ក្រុម​ឈ្មួញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជាង ១០​នាក់ និង​បាន​ប្ដឹង​ពួកគេ ទៅ​តុលាការ​ជាង ១០​ករណី​មក​ហើយ ទាក់ទិន​សំណុំរឿង​កាប់​រុករាន​ដី​ព្រៃ​អភិរក្ស​ខុស​ច្បាប់។ ក៏ប៉ុន្តែ​មក​ទល់​ពេល​នេះ ពុំ​ទាន់​មាន​ជនល្មើស​ណា​ម្នាក់ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​មក​អនុវត្ត​ច្បាប់​នៅឡើយ​ទេ​។ រីឯ​សកម្មភាព​ភាព​កាប់​រុករាន​ព្រៃ​អភិរក្ស នៅតែ​កើតមាន​ដដែល៖ «ជនល្មើស​ខ្ញុំ​ប្ដឹង​ទៅ​តុលាការ​ជាង ១០​នាក់​ហើយ ចាប់ពី​មេក្រុម លឹម ហូ តួនាទី​មេក្រុម និង​ចាន់ ស្រូត​ហ្នឹង​តួនាទី​វាស់វែង ដី​ព្រៃ​មកកាន់​ឱ្យ​ឈ្មួញ​កណ្ដាល កន្លែង​ដី​នៅសល់ ១​ពាន់​ហិកតារ ក្នុង​ភូមិ​កែងសាន់។ ពួក​ហ្នឹង​ខ្ញុំ​ដាក់​ទៅ​តុលាការ​ហើយ មិន​ឃើញ​តុលាការ​មាន​វិធានការ​ទប់ស្កាត់ និង​ចាប់​ជនល្មើស​ទៅ​ទេ​។ ម៉ាស៊ីន​ផែ​ឈើ​ទាំង​យប់​ថ្ងៃ ក្នុង​ដី​សហគមន៍»

ព្រៃ​សហគមន៍​ភូមិ​កែងសាន់ គឺជា​ផ្នែក​មួយ​នៃ​ដែន​ជម្រក​សត្វព្រៃ​លំផាត់ មាន​ផ្ទៃដី​ជាង ៤​ពាន់​ហិកតារ គឺជា​ព្រៃ​នៅសល់​ចុងក្រោយ​ធំ​ជាងគេ ក្នុង​ចំណោម​ទំហំ​ព្រៃឈើ​ទាំងមូល​ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់​រាប់​ម៉ឺន​ហិកតារ​ក្នុង​ខេត្ត​រតនគិរី។ ជនជាតិ​ដើម​ភាគតិច​អះអាង​ថា ព្រៃ​អភិរក្ស​មួយ​នេះ បច្ចុប្បន្ន​នៅ​សេសសល់​ប្រមាណ ១​ពាន់​ហិកតារ កំពុង​រង​ការ​កាប់​បំផ្លាញ​ជា​បន្តបន្ទាប់។

លោក ខាំ និន បន្ថែម​ថា ក្រុម​ជនល្មើស​មួយ​ចំនួន ដែល​សហគមន៍​បាន​ប្ដឹង​ទៅ​តុលាការ នៅតែ​បន្ត​សកម្មភាព​កាប់​រុករាន​ព្រៃ​ធ្វើ​អាជីវកម្ម ជា​របប​អាជីព​ចិញ្ចឹមជីវិត ដោយ​គ្មាន​ការរារាំង​ពី​មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​នោះ​ទេ​។ លោក​ថា មក​ទល់​ពេល​នេះ មាន​កម្មករ​ប្រដាប់​ដោយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ បាន​បោះតង់​ស្នាក់នៅ​ក្នុង​ព្រៃ​អភិរក្ស​នេះ ចំណុច​អូរក្រែង ដើម្បី​កាប់​ទន្ទ្រានព្រៃ​ឱ្យ​ក្លាយ​ជា​វាល ធ្វើ​អាជីវកម្ម​។ រីឯ​ដើមឈើ​ធំៗ ត្រូវ​គេ​កាប់​ផ្ដួល ដុត​កម្ទេច​ចោល​៖ «ដី​ព្រៃ​ចំនួន​ជាង ៤​ពាន់​ហិកតារ​អស់​បាត់​ទៅ​ហើយ នៅសល់​ចំនួន​ជាង ១​ពាន់​ហិកតារ​កំពុង​កាប់ គេ​កាប់។ ដើមឈើ​ដួល​អស់ហើយ មិនទាន់​ឃើញ​ម្ចាស់​អី​ណា​មក​ធ្វើ​ទេ​? ឃើញ​តែ ២​នាក់ ឃើញ​ឈ្មោះ​លឹម ហូ តួនាទី​មេក្រុម គាត់​កាប់​រាន​ដី​ព្រៃ និង​លើក​រង គាត់​បំផ្លាញ​ព្រៃ​រាប់​រយ​ហិកតារ​ហើយ គាត់​មក​ដាក់​ដី​ប្រជាពលរដ្ឋ​នៅសល់ ១​ពាន់​ហិកតារ​ទៀត»

អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភត្ត្រា បដិសេធ​មិន​អធិប្បាយ​លម្អិត​ជុំវិញ​ករណី​នេះ​ទេ ដោយ​លោក​ថា ជា​ភារកិច្ច​របស់​តុលាការ​៖ «ចំពោះ​បញ្ហា​ហ្នឹង ខ្ញុំ​មិន​ធ្វើ​អធិប្បាយ​អ្វី​ទេ នៅ​ពេល​ដែល​សំណុំរឿង​ក្នុង​ដៃ​របស់​តុលាការ​។ អ៊ីចឹង​សូម​ទុក​ឱ្យ​តុលាការ​ជា​អ្នកចាត់ចែង»

អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​មេឃុំ​សេដា លោក អង់ ប៊ុនធៀង និង​តំណាង​អយ្យការ​អម​សាលាដំបូង ខេត្ត​រតនគិរី ដើម្បី​សុំ​ការ​បំភ្លឺ ជុំវិញ​ករណី​នេះ​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ដដែល​នេះ​។​

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន នៃ​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណា​រ៍ សង្កេត​ឃើញ​ថា មន្ត្រី​បរិស្ថាន និង​អាជ្ញាធរ​ខេត្ត មិន​បាន​យកចិត្តទុកដាក់ អនុវត្ត​ច្បាប់​ព្រៃឈើ​ឱ្យ​បាន​ពេញលេញ​នោះ​ទេ បើ​ទោះ​បី​ជា​សហគមន៍​ដាក់​ពាក្យ​ប្ដឹង​ជាច្រើន​ករណី​ក្ដី។ លោក​សង្ស័យ​ថា ការស៊ើបអង្កេត និង​ដោះស្រាយ​រឿង​នេះ អាច​មាន​អំពើពុករលួយ ក្នុង​ស្ថាប័ន​តុលាការ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត៖ «គាត់​ស៊ើប​បាន ១០ ទៅ ២០​នាក់ ដែល​កាប់​រាន​ដី​ព្រៃ​គាត់​ប្ដឹង​បណ្ដឹង​ដំបូង គាត់​ប្តឹង​មេឃុំ និង​មេភូមិ ជា​អ្នក​ដែល​លក់​ដី បន្ទាប់​មក​ទៀត​គាត់​ប្ដឹង​អ្នក​មក​ពី​ខាងក្រៅ ឬ​អ្នក​សហគមន៍​ទៅ​កាប់​រាន​ដី​ព្រៃ​សហគមន៍ យក​ម្នាក់ ២០ ទៅ ៣០​ហិកតារ ។ កាល​មុន​គាត់​ប្តឹង ១៥​នាក់ ហើយ​គាត់​កំពុង​តាម​ទៀត តើ​មាន​ឈ្មោះ​ណា​? ដែល​ពាក់ព័ន្ធ​កាប់​រាន​ដី​ព្រៃ​គាត់​ប្ដឹង​ទៀត​។ អ្នក​ដែល​ទទួលខុសត្រូវ​សំខាន់​បំផុត​គឺ​អភិបាលខេត្ត​ហ្នឹង​តែម្ដង»

ជនជាតិ​ដើម​ភាគតិច​ទំពួន បង្ហាញ​អារម្មណ៍​សោកស្ដាយ​ពី​វិនាសកម្ម​ព្រៃឈើ ដែល​ជា​ប្រភព​ចំណូល​សេដ្ឋកិច្ច​ជនជាតិ​ដើម​ភាគតិច​រាប់ពាន់​គ្រួសារ នៅ​តំបន់​នោះ បាន​បាត់បង់​ស្ទើរ​ទាំងស្រុង​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ សកម្មភាព​កាប់​ទន្ទ្រាន​នោះ បាន​រាលដាល​ដល់​ទឹកអូរ​ធម្មជាតិ និង​ព្រៃ​ជំនឿ ដែល​ជា​កន្លែង​អ្នកភូមិ​ប្រមូល​អនុផល​ព្រៃឈើ កំពុង​ឈាន​ទៅ​រក​ការបាត់បង់​ទាំងស្រុង​នៅ​ពេល​ខ្លី​ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។