ជន​ជាតិ​ដើម​ព្នង ៣ភូមិ ព្រមាន​ធ្វើ​បាតុកម្ម​ដេកនៅ​សាលា​ខេត្ត​មណ្ឌលគិរី​ បើអាជ្ញាធរ​មិន​ប្រគល់​ដី​សហគមន៍​ជូន​ពួកគាត់​វិញ​ទេ

2024.03.27
ជន​ជាតិ​ដើម​ព្នង ៣ភូមិ ព្រមាន​ធ្វើ​បាតុកម្ម​ដេកនៅ​សាលា​ខេត្ត​មណ្ឌលគិរី​ បើអាជ្ញាធរ​មិន​ប្រគល់​ដី​សហគមន៍​ជូន​ពួកគាត់​វិញ​ទេ ជនជាតិដើមភាគតិចជួបជុំគ្នាពិភាក្សារឿងអាជ្ញាធរដកហូតដីចម្ការវិលជុំ កាលពីថ្ងៃទី២៤ មីនា ២០២៤។
រូបពីពលរដ្ឋ

ជនជាតិ​ដើម​ភាគ​តិច​ព្នង ៣ភូមិ​ព្រមាន​ធ្វើ​បាតុកម្ម​ដេក​នៅ​ខាង​មុខ សាលា​ខេត្ត​មណ្ឌលគិរី ប្រសិន​បើ​អាជ្ញាធរ​មិន​ប្រគល់​ដី​សមូហភាព​សហគមន៍​ជូន​ពួកគាត់​ធ្វើ​ចម្ការ​វិល​ជុំ​ចិញ្ចឹម​ជីវិត​ និង​អាស្រ័យផល​បែប​ប្រពៃណី​វិញ​​ទេ។

សហគមន៍​ជនជាតិ​ដើម​ភាគ​តិចព្នង ភូមិ​ឡាំម៉េះ ភូមិពូចារ និងភូមិពូលុ ឃុំប៊ូស្រា ស្រុក​ពេជ្រាដា កំពុង​ស្វែង​រក​កិច្ច​អន្តរាគមន៍ ទៅ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ដើម្បី​ស្នើ​សុំ​ដី​ធ្វើ​កសិកម្ម​ប្រពៃណី​ចិញ្ចឹម​ជីវិត ដែល​ឋិត​ក្នុង​ផែនទី​បឋម​សហគមន៍។

សំណើ​នេះ​ក្រោយ​ពី អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី និង​ក្រសួង​បរិស្ថាន​ថ្មីៗ​នេះ​ បាន​ដក​ហូត​ដី​ចម្ការ​វិលជុំ និង​ដី​អាស្រ័យផល របស់​ពួកគាត់​អស់​រាប់​ពាន់​ហិកតារ និង​បាន​ហាមប្រាម​មិន​ឱ្យ​ប្រជា​សហគមន៍​ធ្វើ​ចម្ការ​វិល​ជុំ តាម​បែប​ប្រពៃណី​តាំង​ពី​បុរាណ​កាល​មក។

តំណាង​សហគមន៍​ជាតិ​ដើម​ភាគ​តិច​ព្នង​ភូមិពូលុ លោក ក្លាង ថូល ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​ជា​ការ​កាត់​ផ្តាច់​ឆ្នាំង​បាយ​ពួក​លោក ដែល​មាន​ជីវភាព​ពឹង​ផ្អែក​ធ្វើ​ចម្ការ​ចិញ្ចឹម​ជីវិត។

លោក​ថា ប្រជា​សហគមន៍ រស់​នៅ​ភូមិ​ពូលុ និង​ភូមិ​ឡាំម៉េះ មាន​ដី​ចម្ការ​ប្រើប្រាស់​ជាក់ស្ដែង​ជិត ៤០០គ្រួសារ (៣៩៥ឋិត​ក្នុង​ព្រៃ​សហគមន៍​អាជ្ញាធរ​បែរ​ជា​ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត។ រីឯ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ភូមិ​ពូចារ ជា​ច្រើន​គ្រួសារ​ទៀត​ក៏​កំពុង​ប្រឈម​បញ្ហា​ដូចគ្នា​ដែរ

លោក ក្លាង ថូល៖ ត្រៀម​តវ៉ា​បើ​ខាង​អាជ្ញាធរ​មិន​ដោះស្រាយ​ ជូន​ពលរដ្ឋ​ឱ្យ​ពលរដ្ឋ​ធ្វើ​ស្រែ​ចម្ការ​បែប​ប្រពៃណី អាជ្ញាធរ​រក​ហូត​ពួកគាត់​មិន​សប្បាយ​ចិត្ត​ទេ។ ត្រៀម​តវ៉ា​ដេក​នៅ​សាលា​ខេត្ត យើង​ប្រជុំ​ព្រឹក​មិញ យើង​លើក​ដែរ។

កាល​ពី​ថ្ងៃ​ទី១១ មីនា តំណាង​គណៈកម្មការ​សហគមន៍​ភូមិពូលុ និង ភូមិឡាម៉េះ ២២នាក់ បាន​ផ្ដិត​មេដៃ ដាក់​ញត្តិ​ស្នើ​ឱ្យ​អាជ្ញាធរ​ស្រុក​ពេជ្រាដា និង​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ ប្រគល់​ដី​សម្រាប់​ធ្វើ​ចម្ការ​វិលជុំ ឋិត​ក្នុង​ដី​សមូហភាព​សហគមន៍ ​ស្រប​​តាម​វិធាន​ប្រពៃណី​គ្រប់គ្រង​សហគមន៍​របស់​ខ្លួន មាន​ចែង​នៅ​មាត្រា ២៣ នៃ​ច្បាប់​ភូមិបាល។

ខ្លឹមសារ​ញត្តិ​បន្ថែម​ថា ភាព​យឺតយ៉ាវ​ចុះ​បញ្ជី​សមូហភាព ជា​ឱកាស​ឱ្យ​អ្នក​ខាងក្រៅ​ចូល​មក​កាប់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​ជា​បន្ត​បន្ទាប់ ស្រប​ពេល​ដែល​ក្រសួង​មហាផ្ទៃ​ និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ បាន​ឯកភាព​ចុះ​បញ្ជី​ស្វ័យ​អត្តសញ្ញាណ និង នីតិបុគ្គល​ជូន​ប្រជា​សហគមន៍​រួចរាល់​ហើយ។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​នេះ លោក ជាក់ ម៉េងហ៊ាង និង​តំណាង​អយ្យការ​ខេត្ត​មណ្ឌលគិរី លោក សុង គឹមហេង បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី ២៧ មីនា។

ថ្មីៗ ​នេះ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត បាន​ជូន​ដំណឹង​ស្តី​ពី​ការ​ទប់ស្កាត់ ​និង​បង្ក្រាប​ការ​ឈូស​ឆាយ​ដី​ព្រៃ​ក្នុង​តំបន់​ការពារ​ធម្មជាតិ។

លោកបាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​អនុវត្ត​ច្បាប់ ឱ្យ​បាន​១០០ ភាគរយ ​ដោយ​គ្មាន​ការ​លើក​លែង។ បន្ថែម​ពី​នេះ​ទៀត អាជ្ញាធរ​ត្រូវ​មោឃភាព​ចោល​រាល់​លិខិត​ស្នើ​សុំ​កាន់​កាប់​ដីធ្លី លិខិត​ផ្ទេរ​កាន់​កាប់ និង​លិខិត​ទិញ​លក់ ក្នុង​តំបន់​ការពារ​ធម្មជាតិ។

តែ​ទោះ​ជា​យ៉ាង​ណា​ប្រធាន​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិចព្នង ខេត្តមណ្ឌលគិរី លោកស្រី ភ្លឹក ភីរុំ យល់​ថា ទង្វើ​របស់​អាជ្ញាធរ និង​ក្រសួងបរិស្ថាន មាន​ភាព​មិន​ប្រក្រតី​ច្រើន ក្នុង​ការ​អនុវត្ត​ច្បាប់​ធ្វើ​ឱ្យ​ជនជាតិ​ដើម​ភាគតិច​ជួប​រឿង​អយុត្តិធម៌​ជា​ថ្មី​ទៀត។

លោកស្រី​ថា ជនជាតិ​ដើម​ភាគ​តិច​ធ្វើ​ចម្ការ​វិល​ជុំ ក្នុង​ព្រៃ​សហគមន៍​តាំង​ពី​បុរាណ​កាល​មក ​ដែល​ឋិត​ក្នុង​ដំណើរការ​ចុះ​បញ្ជី​ដី​សមូហភាព លោកស្រី ភ្លឹក ភីរុំ៖ គេ​មិន​អនុវត្ត​ច្បាប់​នៅ​កន្លែង​ផ្សេង គេ​អនុវត្ត​តែ​កន្លែង​ជន​ជាតិ​ដើម​ភាគ​តិច។ ខ្ញុំ​មិន​បាន​ទុក​ចិត្ត​អាជ្ញាធរ​បរិស្ថាន​ ក្នុង​ការ​ការពារ​ព្រៃឈើ​ទេ មាន​តែ​ជន​ជាតិ​ដើម​ភាគ​តិច អាហ្នឹង​ហាក់​ដូច​ជា ឱ្យ​យើង​មាន​បញ្ហា។

ជុំវិញ​រឿង​នេះ​មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក ប៊ី វ៉ាន់នី យល់​ថា ច្បាប់​ភូមិបាល​បាន​អនុញ្ញាត​ឱ្យ​ជនជាតិ​ដើម​ភាគតិច​​បន្ត​ប្រើប្រាស់​ដី​របស់​ខ្លួន​ក្នុង​ពេល​រង់​ចាំ​ចុះ​បញ្ជី​សមូហភាព។

លោកថា អាជ្ញាធរ​ខេត្ត និង​ក្រសួង​បរិស្ថាន​គួរ​ពិគ្រោះ​យោបល់​គ្នាជាមួយ​តំណាង​សហគមន៍ ដើម្បី​រក​ដំណោះស្រាយ​ជូន​ជនជាតិ​ដើម​ភាគតិច លោក ប៊ី វ៉ាន់នី៖ កាល​ណា​វិធានការ​របស់​យើង ទៅ​ធ្វើ​ពេល​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​សប្បាយ​ចិត្ត ប៉ះ​ពាល់​ប្រពៃណី​ សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច គ្មាន​ទៅ​ដាំស្រូវ និង​ធ្វើ​ចម្ការ​ទេ។ បើ​សិន​គាត់​ ដក​ហូត​ធ្វើ​ឱ្យ​គាត់​មិន​មាន​លទ្ធភាព​ចិញ្ចឹម​គ្រួសារ។

ប្រជា​សហគមន៍​ភូមិ​ពូលុ​ បាន​ដាក់​ពាក្យ​ស្នើ​សុំ​ចុះ​បញ្ជី​ដី​សមូហភាព មាន​ទំហំ​ជាង ៨ពាន់​ហិកតារ (.០០០)កាល​ពី​ឆ្នាំ២០១៣ ក៏ប៉ុន្តែ​បច្ចុប្បន្ន​ដី​ព្រៃ​សមូហភាព​នៅសល់​ជាក់ស្តែង ជិត ១ពាន់ហិកតារ (.០០០) ប៉ុណ្ណោះ។ រីឯ​ដី​ព្រៃ​សហគមន៍ ​ភូមិ​ឡាំម៉េះ មាន​ទំហំ​ជាង​៩ពាន់​ហិកតារ​ (.០០០​) មក​ទល់​ពេល​នេះ​នៅ​សល់​ជាង ១ពាន់​ហិកតារ (១.០០០)

ប្រជា​សហគមន៍​អះអាង​ថា ការ​រួម​តូច​ព្រៃ​អភិរក្ស​ទាំង​នេះ​ដោយសារ​ភាព​ធូរ​រលុង​នៃ​ការ​អនុវត្ត​ច្បាប់ និង​អំពើ​ពុក​រលួយ បណ្ដែតបណ្ដោយ​ឱ្យ​មាន​ការ​កាប់​ទន្ទ្រាន​ឈូស​ឆាយ​ព្រៃ​សហគមន៍ ពី​សំណាក់​ក្រុមហ៊ុន​ឯកជន អ្នក​មាន​អំណាច និង​ពលរដ្ឋ​ចំណូល​ស្រុក​ជា​បន្ត​បន្ទាប់​តាំង​ពី​ឆ្នាំ​២០១៣។

ព្រៃ​សហគមន៍​ទាំងនេះ ​គឺជា​ផ្នែក​មួយ​នៃ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាមលៀ គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។