ជប៉ុន​ផ្ដល់​ជំនួយ​សម្ភារៈ​បោស​សម្អាត​មីន​លើក​ទី​៧​ជាង​១១​លាន​ដុល្លារ​អាមេរិក

ដោយ ហង្ស សាវយុត
2017.07.06
សម្ភារៈ​សម្អាត​មីន សៀមរាប ២០១៧ ១៤៤០ ពិធី​ទទួល​សម្ភារៈ​បោស​សម្អាត​មីន​ពី​រាជ​រដ្ឋាភិបាល​ជប៉ុន នា​ខេត្ត​សៀមរាប នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែ​កក្កដា ឆ្នាំ​២០១៧។
RFA/Hang Savyouth

រាជ​រដ្ឋាភិបាល​ជប៉ុន បាន​ផ្ដល់​ជំនួយ​សម្ភារៈ​សម្រាប់​ការងារ​បោស​សម្អាត​មីន​នៅ​កម្ពុជា លើក​ទី​៧ ដែល​គិត​ជា​ទឹកប្រាក់​ជាង ១១​លាន​ដុល្លារ​អាមេរិក។ ពិធី​ទទួល​សម្ភារៈ​បោស​សម្អាត​មីន មាន​គ្រឿងចក្រ​កម្ទេច​មីន​ធុន​ធ្ងន់​ចំនួន ៩​គ្រឿង រថយន្ត​បម្រើ​ការងារ​ចំនួន ៨៨​គ្រឿង ម៉ាស៊ីន​រាវ​រក​គ្រាប់មីន​ក្រោម​ដី​ចំនួន​ជាង ៧៨០​គ្រឿង និង​អាវ​ក្រោះ​ការពារ​ជាង ៤.០០០ ព្រម​ទាំង​សម្ពោធ​សារមន្ទីរ​ពិព័រណ៍​គ្រាប់មីន​ឲ្យ​ដំណើរការ​ផង​នោះ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែ​កក្កដា នា​ខេត្ត​សៀមរាប។

អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ដែល​ហៅ​កាត់​ថា ស៊ីម៉ាក់ (CMAC) គឺ​លោក ហេង រតនា។ លោក​ថ្លែង​នៅ​ក្នុង​ពិធី​ទទួល​សម្ភារៈ​បោស​សម្អាត​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នោះ​ថា សារមន្ទីរ​សន្តិភាព​នៃ​សកម្មភាព​មីន ដែល​មាន​ផ្ទៃដី​ទំហំ​ជាង ៨៨.០០០​ម៉ែត្រ​ក្រឡា​នៅ​ខេត្ត​សៀមរាប បាន​បើក​ឲ្យ​ដំណើរការ​ហើយ ដោយ​សង្ឃឹម​ថា សារមន្ទីរ​នេះ​នឹង​ផ្ដល់​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​មាន​បំណង​ទស្សនា​រូបភាព​មីន​ជាក់ស្ដែង និង​សកម្មភាព​កម្ចាត់​មីន អាច​មក​ទស្សនា​បាន។

លោក ហេង រតនា បញ្ជាក់​ថា ការ​បង្កើត​សារមន្ទីរ​សន្តិភាព​មីន​នេះ​ឡើង ក្នុង​គោល​បំណង​សំខាន់ៗ​ចំនួន​បី៖ «មួយ​រក្សា​ទុក​នូវ​ឯកសារ​ប្រវត្តិសាស្ត្រ​នៃ​ការ​សិក្សា ប្រវត្តិ​ទីតាំង សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​គ្រាប់​អាវុធ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ ជាមួយ​នឹង​ការ​ប៉ះពាល់​របស់​វា»

លោក ហេង រតនា ឲ្យ​ដឹង​ទៀត​ថា សារមន្ទីរ​មីន​នេះ​បាន​សាងសង់​ឡើង​ដោយ​ចែក​ជា​បី​ផ្នែក គឺ​កន្លែង​តាំង​ពិព័រណ៍​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​លើ​ផ្ទៃដី ៣​ពាន់​ម៉ែត្រ​ក្រឡា។ កន្លែង​រៀបចំ​គ្រឿងចក្រ ត្រាក់ទ័រ ដែល​បំផ្លាញ​ដោយសារ​គ្រាប់មីន​លើ​ផ្ទៃដី ១៥.០០០​ម៉ែត្រ​ក្រឡា និង​កន្លែង​សម្រាប់​ស្រាវជ្រាវ អភិវឌ្ឍន៍ និង​សកម្មភាព​ហ្វឹកហ្វឺន​បច្ចេកទេស​មីន លើ​ផ្ទៃដី ៧​ម៉ឺន​ម៉ែត្រ​ក្រឡា។

ទោះ​យ៉ាង​ណា មន្ត្រី​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា មិន​បាន​បញ្ជាក់​ពី​តម្លៃ​នៃ​ការ​សាងសង់​សារមន្ទីរ​នោះ​អស់​ថ្លៃ​ប៉ុន្មាន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។