អង្គការ​សង្គម​ស៊ីវិល​២២​ស្នើ​ឲ្យ​ដោះលែង​សកម្មជន​អង្គការ​មាតា​ធម្មជាតិ

ដោយ មួង ណារ៉េត
2017-11-15
Share
ហ៊ុន វណ្ណៈ ២០១៧ ១៤៤០ អតីត​សកម្មជន​អង្គការ​មាតា​ធម្មជាតិ ឈ្មោះ ហ៊ុន វណ្ណៈ។ Photo courtesy of Mother Nature
Photo courtesy of Mother Nature

អង្គការ​សង្គម​ស៊ីវិល​ចំនួន​២២ ស្នើ​ឲ្យ​ដោះលែង​សកម្មជន​អង្គការ​មាតា​ធម្មជាតិ​ពីរ​រូប គឺ​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុនឌី។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​ ចេញ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា អង្គការ​ទាំង ២២ នេះ​ចាត់​ទុក​ការ​ចាប់​ខ្លួន​សកម្មជន​ទាំង​ពីរ​រូប​ថា ធ្វើ​ឡើង​តាម​អំពើ​ចិត្ត ហើយ​ការ​ឃុំ​ខ្លួន​ពួកគាត់​ជា​បណ្ដោះអាសន្ន​គឺ​ទំនង​ជា​ប៉ុនប៉ង​បំបិទ​សិទ្ធិ និង​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ការងារ​ស្រប​ច្បាប់​របស់​ពួកគាត់​ក្នុង​នាម​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ផ្នែក​បរិស្ថាន។

លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុនឌី ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៧ ក្នុង​ពេល​ពួកគាត់​កំពុង​ថត​រូប​កប៉ាល់​ធំៗ​ចំនួន​ពីរ​គ្រឿង​នៅ​ស្រុក​ព្រែកខ្សាច់ ខេត្ត​កោះកុង ដែល​ពួក​គាត់​សង្ស័យ​ថា កំពុង​ដឹក​ខ្សាច់​នាំ​ចេញ​ខុស​ច្បាប់។ ពួកគាត់​ត្រូវ​បាន​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កោះកុង ពី​បទ "ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​បុគ្គល” និង “ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍”។

ការ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​សកម្មជន​ទាំង​ពីរ​នាក់​នេះ បាន​កើត​ឡើង​ពីរ​ថ្ងៃ​បន្ទាប់​ពី​អង្គការ​មាតា​ធម្មជាតិ​បាន​ចេញ​ផ្សាយ​ឃ្លីប​វីដេអូ​មួយ​ជា​សាធារណៈ បង្ហាញ​ពី​ការ​បាត់​ទឹក​ប្រាក់​រាប់​សិប​លាន​ដុល្លារ​ក្នុង​កំណត់ត្រា​ពាណិជ្ជកម្ម​ខ្សាច់​រវាង​ប្រទេស​កម្ពុជា និង​តៃវ៉ាន់។

អង្គការ​មាតា​ធម្មជាតិ ទទួល​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា រហូត​ក្រសួង​មហាផ្ទៃ បាន​លុប​ឈ្មោះ​អង្គការ​នេះ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៧។ នៅ​ដើម​ឆ្នាំ​២០១៥ ប្រធាន​អង្គការ​នោះ​គឺ​​អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson)  ត្រូវ​បាន​រដ្ឋាភិបាល​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា ក្រោម​លេស​ទិដ្ឋាការ ឬ​វីសា​គាត់​ផុត​កំណត់។

សកម្មជន​អង្គការ​មាតា​ធម្មជាតិ​ជា​ច្រើន​រូប​ផ្សេង​ទៀត​សុទ្ធ​តែ​រង​ការ​ចាប់​ខ្លួន ឃុំ​ខ្លួន និង​កាត់​ទោស​ដោយសារ​តែ​សកម្មភាព​ការពារ​បរិស្ថាន ជា​ពិសេស​ការ​លាត​ត្រដាង​ព័ត៌មាន​អំពី​ការ​បូម​ខ្សាច់​ខុស​ច្បាប់ ដែល​បាត់​ប្រាក់​ចំណូល​រដ្ឋ​រាប់​រយ​លាន​ដុល្លារ។

សេចក្តី​ថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​តំណាង​ឲ្យ​ប្រទេស​អាស៊ាន​ទាំង​១០ ​ក៏​បាន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​ក្នុង​ជំនួប​កំពូល​អាស៊ាន​លើក​ទី​៣១ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ដែល​បញ្ជាក់​អំពី​សំណូមពរ និង​ក្តី​បារម្ភ​នានា​របស់​សង្គម​ស៊ីវិល និង​ពលរដ្ឋ​អាស៊ាន រួម​នឹង​បញ្ហា​សិទ្ធិមនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​ផង ដើម្បី​ដាក់​ជូន​ទៅ​ក្រុម​មេដឹកនាំ​អាស៊ាន​ធ្វើការ​ពិចារណា និង​លើក​យក​មក​អនុវត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល