ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ទ្រង់អំពាវនាវឲ្យពលរដ្ឋការពារព្រៃឈើ ដើម្បីធានាធនធានព្រៃឈើ។ សកម្មជនបរិស្ថានថា ការអំពាវនាវរបស់ព្រះមហាក្សត្រឲ្យពលរដ្ឋចូលរួមការពារព្រៃឈើជារឿងល្អ ហើយប្រសិនបើរដ្ឋចង់ឲ្យពលរដ្ឋចូលរួមការពារព្រៃឈើ និងធនធានធម្មជាតិពិតប្រាកដត្រូវឈប់គំរាមកំហែង បំបិទសិទ្ធិសេរីភាព និងការចាប់ដាក់គុកជាដើម។
ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ទ្រង់យាងជាអធិបតីក្នុងពិធីបុណ្យរុក្ខទិវា ០៩ កក្កដា នៅស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន ស្ថិតនៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ស្ថានីយនេះ មានផ្ទៃដីទំហំ ១០ហិកតា ត្រូវដាំកូនឈើចំនួនជាង ១ម៉ឺន ៣ពាន់ដើម រួមមានកូនឈើធ្នង់ ច្រេស គីនីន គ្រញូង ស្ដៅ និងក្ងោកជាដើម។
ព្រះអង្គ ទ្រង់ប្រថាប់លើកៅអីអធិបតីពណ៌មាស សម្លឹងមើលរដ្ឋមន្ត្រីក្រសួងកសិកម្មរៀបរាប់ពី ប្រវត្តិនៃការបង្កើតបុណ្យរុក្ខទិវាដោយការយកព្រះទ័យទុកដាក់ និងព្រះភក្ត្រស្មើៗ ស្របពេលលោកនាយករដ្ឋមន្ត្រីអង្គុយឈ្ងោកមុខចុះក្រោមសម្លឹងមើលទូរស័ព្ទ។ ព្រះអង្គមានព្រះរាជបន្ទូលថា ព្រៃឈើ គឺជាសម្បត្តិធនធានធម្មជាតិ ដែលមានតម្លៃមហាសាលសម្រាប់ជីវិតមនុស្ស និងសត្វ ហើយការបាត់បង់ព្រៃឈើគ្រប់ប្រភេទ អាចបណ្ដាលឲ្យមានទឹកជំនន់ ខ្យល់កន្ត្រាក់ រន្ទះ និងគ្រោះរាំងស្ងួត ដែលធ្វើឲ្យទីតម្កល់ទឹកសម្រាប់តម្រូវការរបស់មនុស្ស និងសត្វត្រូវរីងស្ងួត និងឈានទៅរកការបាត់បង់ប្រាក់ចំណូល សត្វព្រៃ និងធនធានមច្ឆាជាតិគ្រប់ប្រភេទ ព្រមទាំងអាចបង្កឲ្យមានភាពរហោស្ថាន និងធ្លាក់ចុះគុណភាពដីផងដែរ។
ព្រះអង្គមានព្រះរាជបន្ទូលបន្តថា ព្រៃឈើមានគុណតម្លៃខាងសេដ្ឋកិច្ច និងសង្គម ថែមទាំងជួយថែរក្សាលំនឹងបរិស្ថានធម្មជាតិ ធ្វើឲ្យធាតុអាកាសមានភាពបរិសុទ្ធរក្សានិយតភាពប្រភពទឹក ព្រមទាំងការពារទីជម្រាល និងជីវចម្រុះ។ ព្រះអង្គក៏រំលឹកដល់ព្រះរាជបន្ទូលរបស់អតីតព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោ្តម សីហនុ ដែលតែងតែរំលឹកដល់កាតព្វកិច្ចរបស់ពលរដ្ឋក្នុងការចូលរួមថែរក្សា និងការពារព្រៃឈើ។ ព្រះអង្គអំពាវនាវ ឲ្យព្រះសង្ឃ អាជ្ញាធរដែនដី វិស័យឯកជន និងពលរដ្ឋទូទាំងប្រទេស ឲ្យចូលរួមដាំដើមឈើឲ្យបានគ្រប់ប្រភេទ ជាពិសេសដើមត្នោត ដែលជារុក្ខជាតិតំណាងអត្តសញ្ញាណជាតិខ្មែរ នៅទីសាធារណៈ និងកន្លែងផ្សេងៗទៀត។
ព្រះរាជបន្ទូល ព្រះបាទ នរោត្តម សីហមុនី៖ «ស្ថិតក្នុងបរិបទនេះ ខ្ញុំព្រះករុណាខ្ញុំសូមអំពាវនាវចំពោះព្រះសង្ឃអាជ្ញាធរដែនដី វិស័យឯកជន និងបងប្អូនជនរួមជាតិនៅទូទាំងប្រទេស សូមព្រះមេត្តា នឹងមេត្តាចូលរួមដាំដើមឈើគ្រប់ប្រភេទឲ្យបានច្រើនក្នុងនោះ ក៏មានដើមត្នោតដែលជារុក្ខជាតិតំណាងឲ្យអត្តសញ្ញាណជាតិយើង ដើមឈើទាល់ ដើមគគីជាដើម ។ល។ នៅតាមទីវត្តអារាម ឬទីសាធារណៈរមណីយដ្ឋានដងផ្លូវលំផ្លូវជាតិដង្ហិតប្រឡា ភូមិដ្ឋាននានានិងភ្លឺស្រែចម្ការ ដើម្បីបំពេញតម្រូវការព្រៃឈើនិងសហគមន៍នានា»។
ព្រះអង្គបន្តអំពាវនាវដល់ពលរដ្ឋចូលរួមការពារព្រៃឈើ និងការពារសត្វព្រៃគ្រប់ប្រភេទ ដើម្បីធានានូវធនធានព្រៃឈើ សម្រាប់កូនចៅគ្រប់ជំនាន់ និងចូលរួមធ្វើកសិកម្មដាំដុះដំណាំឲ្យអស់លទ្ធភាពទៅតាមសក្ដានុពលដី ប្រកបដោយភាពវៃឆ្លាត ដោយមិនពឹងអាស្រ័យទៅលើអនុផលព្រៃឈើ ជាមួយនឹងការគាំទ្រ និងការជួយណែនាំបច្ចេកទេសបន្ថែមពីមន្ត្រីជំនាញ។
បើទោះបីជាព្រះមហាក្សត្រ បានអំពាវនាវដល់ពលរដ្ឋឲ្យចូលរួមការពារព្រៃឈើ និងការពារសត្វព្រៃក៏ដោយ ក៏ប៉ុន្តែរដ្ឋាភិបាល អាជ្ញាធររួមទាំងតុលាការ មិនបានយកចិត្តទុកដាក់អនុវត្តតាមព្រះរាជបន្ទូលនោះទេ បែរជាលាបពណ៌ចោទប្រកាន់ គំរាមកំហែង ចាប់ដាក់គុក រហូតមានអំពើមនុស្សឃាតចំពោះអ្នកស្រឡាញ់បរិស្ថាន និងការពារព្រៃឈើដូចជា សកម្មជនបរិស្ថានលោកឈុត វុទ្ធី ជាដើម។
ទោះជាយ៉ាងនេះក្ដី ស្ថាបនិកចលនាមាតាធម្មជាតិលោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ហៅអាឡិច មានប្រសាសន៍ថា ការអំពាវនាវរបស់ព្រះមហាក្សត្រនេះ គឺទ្រង់មានចេតនាល្អក្នុងការជំរុញឲ្យពលរដ្ឋចូលរួមការពារព្រៃឈើ ហើយការអំពាវនាវនេះ មិនមែនជាអន្ទាក់ ឬជាល្បិចកលនោះទេ។ លោកបន្តថា វិនាសកម្មព្រៃឈើនៅកម្ពុជា មិនមែនកើតឡើងដោយសារតែពលរដ្ឋសាមញ្ញដែលគ្មានអំណាច ឬស្ថាប័នតែមួយអាចធ្វើបាននោះទេ គឺត្រូវតែមានការចូលរួមពីគ្រប់ស្ថាប័ន។
លោក អាឡិច៖ «អ្វីដែលសំខាន់គឺយើងអាចចោទជាសំណួរបាន រាល់ថ្ងៃអ្នកណាដែលរៀបចំឧក្រិដ្ឋកម្មប្រឆាំងនឹងធនធានធម្មជាតិ។ ឧទាហរណ៍ថា ជាកាប់ឈើជាលក្ខណៈប្រព័ន្ធនាំចេញទៅវៀតណាម វៀតណាមនាំចូលឈើរាប់រយលានដុល្លាមួយឆ្នាំៗ អ្នកណាធ្វើទៅ?មិនមែនប្រជាជនមូលដ្ឋានតែឯងមិនមែនឧកញ៉ាម្នាក់ពីរនាក់ តែឯងឯណា គឺរដ្ឋអំណាចហ្នឹង អ្នកដែលកាន់អំណាចនៅក្នុងរដ្ឋ ទាំងប៉េអិម ទាំងទាហាន ទាំងក្រសួងអីទាំងអស់ ដូចខ្ញុំធ្លាប់និយាយពីមុនអ៊ីចឹង ដរាបណាអ្នកកាន់អំណាចកំពូលៗជាអ្នករៀបចំ ជាអ្នកប្រព្រឹត្ត ជាអ្នកចូលរួមនៅក្នុងអារឿង គេហៅថា បំភ្លេចបំផ្លាញធនធានធម្មជាតិ ក្រោមរូបភាពអភិវឌ្ឍក៏ដោយ ក្រោមរូបភាពអីក៏ដោយ គឺព្រះមហាក្សត្រនិយាយ ១០០ដង ក៏នៅតែអត់មានប្រសិទ្ធភាពដែរ»។
លោកអស់សំណើចពីការអំពាវនាវរបស់នាយករដ្ឋមន្ត្រីលោក ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងកសិកម្ម និងក្រសួងបរិស្ថានជាដើម ដែលឲ្យពលរដ្ឋចូលរួមការពារព្រៃឈើ និងសម្បត្តិធនធានធម្មជាតិ ក៏ប៉ុន្តែបែរជាលាបពណ៌ ចោទប្រកាន់ គំរាមកំហែងរហូតដល់ចាប់អ្នកការពារព្រៃឈើ និងសម្បត្តិធនធានធម្មជាតិដាក់គុក ក្រោមបទចោទធ្ងន់ធ្ងរជាដើម។
លោក អាឡិច៖ «បើសិនជាមានចេតនាចង់ឲ្យប្រជាជនចូលរួមការពារព្រៃឈើ ការពារធនធានធម្មជាតិ ដែលនៅសេសសល់មែន និងចូលរួមកិច្ចការសង្គម កិច្ចការអភិវឌ្ឍអីជាដើម ត្រូវតែចោលជាបន្ទាន់នៅអាទម្លាប់អាដូចថា ធ្វើបាបតាមអំពើចិត្តទៅលើសកម្មជន ទៅលើប្រជាជនមូលដ្ឋានដែរ ធ្វើបាបសកម្មជនតាមអំពើចិត្ត ធ្វើបាបតាមអំពើចិត្ត ទៅប្រជាជនមូលដ្ឋានដែល ចង់ព្យាយាម ចង់ចូលរួមការពារព្រៃឈើ ។ ឧទាហរណ៍រឿងមាតាធម្មជាតិជារឿងមួយជាក់ស្ដែង។ ឧទាហរណ៍មួយទៀតជា ឧទាហរណ៍ប្រកែកអត់បានទេ សួរថា ហេតុអី មូលហេតុអីបានទីលោកហេតុអី មូលហេតុអី ក្រសួងបរិស្ថានហាមមិនឲ្យសកម្មជន និងប្រជាពលរដ្ឋមិនឲ្យល្បាតនៅព្រៃឡង់ មូលហេតុអីនឹង អត់មានមូលហេតុណាមួយក្រៅតែពីការពារឧក្រិដ្ឋជន ឲ្យទទួលការងារកាប់ឈឺដោយរលូន មិនទៅជួយសកម្មជន មិនមែនទៅជួយអ្នកការពារទេគឺ ទៅជួយអ្នកកាប់ឈើ។ អ៊ីចឹងបើចង់មានប្រសិទ្ធភាពនៅក្នុងការកិច្ចការពារធនធានធម្មជាតិ បើចង់ឲ្យយើងជឿគួរតែពាក្យសម្ដីរបស់ពួកគេ ទាល់តែគេ កែអាទម្លាប់ហ្នឹងជាបន្ទាន់បាទ»។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានផ្សាយរបាយការណ៍ស្រាវជ្រាវ កាលពីចុងខែមករា ឆ្នាំ២០២២ មានចំណងជើងថា ទំនៀមទម្លាប់ជនជាតិដើមភាគតិច កំពុងត្រូវបានគេបំផ្លាញ ដោយសារការកាប់ឈើខុសច្បាប់នៅតំបន់ព្រៃការពារធម្មជាតិ ។ របាយការណ៍នេះបានបន្ថែមថា ប្រទេសកម្ពុជាទទួលរងការកាប់បំផ្លាញព្រៃឈើខ្ពស់ជាងគេនៅលើពិភពលោក ក្នុងរយៈពេល ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដោយបានបាត់បង់ព្រៃឈើប្រមាណ ៦៤% នៃគម្របដើមឈើ ចាប់តាំងពីឆ្នាំ២០១១ រហូតបច្ចុប្បន្ន។ អង្គការលើកលែងទោសអន្តរជាតិ បានគណនាពីចម្ងាយ ដោយប្រើប្រព័ន្ធទិន្នន័យ អំឡុងឆ្នាំ២០២១ ដោយរកឃើញថា គម្របព្រៃឈើទំហំជាង ៦ពាន់ហិកតារ( ៦.២៧១) ឋិតក្នុងដែនជម្រកសត្វព្រៃឡង់ និងព្រៃព្រះរការ ត្រូវបានកាប់បំផ្លាញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។