ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ថៃ​បារម្ភ​ពី​បរិស្ថាន​កខ្វក់​នៅ​លើ​អាកាស​ក្នុង​ទីក្រុង​បាងកក​ប៉ះពាល់​សុខភាព

ដោយ សន ចាន់រដ្ឋា
2019-01-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​ផ្ទៃមេឃ​បែកផ្សែង​ស្រអាប់​ ដែល​​បង្ហាញ​ពី​ខ្យល់​កខ្វក់​ នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ល្ងាច​ថ្ងៃ​ទី១៦ ខែ​មករា ឆ្នាំ២០១៩។
ទិដ្ឋភាព​ផ្ទៃមេឃ​បែកផ្សែង​ស្រអាប់​ ដែល​​បង្ហាញ​ពី​ខ្យល់​កខ្វក់​ នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ល្ងាច​ថ្ងៃ​ទី១៦ ខែ​មករា ឆ្នាំ២០១៩។
RFA

ពលករ​ខ្មែរ​ធ្វើ​ការងារ​នៅ​ទីក្រុង​បាងកក​ប្រទេស​មួយ​ចំនួន​កំពុង​ខ្វល់ខ្វាយ​អំពី​បរិស្ថាន​កខ្វក់​នៅ​លើ​អាកាស​ប៉ះពាល់​ដល់​សុខភាព ហើយ​ធ្វើ​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ​មិន​អាច​ធ្វើ​ការងារ​​រក​ប្រាក់​ចំណូល​បាន។ ក្ដី​បារម្ភ​នេះ​ បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​ថៃ​បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ប្រុង​ប្រយ័ត្ន​ ហើយ​បើ​មិន​ចាំ​បាច់​មិន​ត្រូវ​ចេញ​ពី​ក្នុង​ផ្ទះ​នោះ​ទេ ព្រោះ​​​​ខ្យល់​កខ្វក់​នេះ​​ប៉ះពាល់​​​ដល់​សុខ​ភាព​មនុស្ស​ធ្ងន់ធ្ងរ។

ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ទីក្រុង​បាងកក​មួយ​ចំនួន​កំពុង​ភ័យ​ព្រួយ​អំពី​បរិស្ថាន​កខ្វក់​នៅ​លើ​អាកាស​ប៉ះពាល់​សុខភាព​របស់​ពួក​គាត់។

ពលករ​ធ្វើ​ការ​ផ្នែក​សន្តិសុខ​នៅ​ទីក្រុង​បាងកក លោក គុណ កក្កដា ថ្លែង​ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី​១៦ មករា​ថា ចាប់​ពី​ពួកគាត់​ទទួល​ដំណឹង​បរិស្ថាន​កខ្វក់​នៅ​លើ​អាកាស​គ្រប​ដណ្ដប់​ទីក្រុង​បាងកក​មក ពួក​គាត់​មាន​ការ​ភ័យ​ព្រួយ​យ៉ាង​ខ្លាំង ព្រោះ​ខ្លាច​ធ្លាក់​ខ្លួន​ឈឺ​ប៉ះពាល់​ដល់​ការងារ៖ «ព្រោះ​អី​កាល​ណា​យើង​មាន​បញ្ហា​សុខភាព​ទៅ​យើង​ធ្វើ​ការ​ឲ្យ​គេ​អត់​បាន​ទេ​ ដូច្នេះ​ខ្ញុំ​ព្រួយ​បារម្ភ​បញ្ហា​នេះ​យ៉ាង​ខ្លាំង។ ខ្ញុំ​សំណូម​ពរ​ឲ្យ​រដ្ឋាភិបាល​ថៃ​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់​ផង​ មិន​មែន​ព្រួយ​បារម្ភ​តែ​ពលករ​ខ្មែរ​ទេ ជនជាតិ​ថៃ​ក៏​បារម្ភ​ដែរ​ ព្រោះ​ខ្លាច​អត់​ការងារ​ធ្វើ​ ដូច្នេះ​ហើយ​សូម​អ្នក​ពាក់ព័ន្ធ​ជួយ​ឲ្យ​បាន​ឆាប់ ព្រោះ​ពលករ​ខ្មែរ​ជា​ច្រើន​នាក់​ដែល​ព្រួយបារម្ភ​ខ្លាច​អត់​ការងារ​ធ្វើ»

ចំណែក​ពលការិនី​​ធ្វើ​ការ​ងារ​ផ្នែក​លក់​បាយ​នៅ​ទីក្រុង​បាងកក គឺ​អ្នក​ស្រី សាយ សាន អះអាង​ថា ប្រសិន​បើ​អ្នក​ស្រី​ធ្លាក់​ខ្លួន​ឈឺ​ដោយ​សារ​ការ​​ស្រូប​ល្អង​ធូលី​កខ្វក់​ចូល​ទៅ​ក្នុង​ខ្លួន​នោះ ថៅកែ​ជនជាតិ​ថៃ​នឹង​រក​ពលករ​ផ្សេង​ចូល​ធ្វើ​ការ​ជំនួស​ភ្លាម​ ហើយ​នៅ​ពេល​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រុម​គ្រួសារ​​នៅ​ឯ​ស្រុក​ខ្មែរ​ជា​មិន​ខាត​ ព្រោះ​ពួកគាត់​ពឹង​ផ្អែក​ទាំង​ស្រុក​ទៅ​លើ​ប្រាក់​ចំណូល​ដែល​ផ្ញើ​ពី​ប្រទេស​ថៃ៖ «យើង​ក៏​ការពារ​ខ្លួន​ឯង​ដែរ​ ព្រោះ​អី​សុខភាព​វា​ជា​ការ​សំខាន់ ខ្ញុំ​ព្រួយបារម្ភ​បើ​សិន​ជា​ខ្ញុំ​ឈឺ​នៅ​ស្រុក​ថៃ​នេះ​អាច​ទៅ​ព្យាបាល​នៅ​មន្ទីរ​បាន​ ប៉ុន្តែ​បារម្ភ​រឿង​ការ​បើ​យើង​ឈឺ​សុខភាព​មិនល្អ​ធ្វើ​ការងារ​មិន​បាន​គឺ លំបាក​ហើយ​ ព្រោះ​យើង​រស់​នៅ​ទីនេះ​ត្រូវ​ការ​អាស្រ័យ​ការងារ​រក​ប្រាក់​ចិញ្ចឹម​ក្រពះ​ប្រចាំ​ថ្ងៃ»

ពលករ​ទាំង ២​រូប​អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ​ដែល​ត្រៀម​ឆ្លង​ដែន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​អំឡុង​ពេល​នេះ​សូម​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន ដោយ​មាន​ម៉ាស​គ្រប​ច្រមុះ​ពាក់​ការពារ​ប្រព័ន្ធ​ដកដង្ហើម ហើយ​បើ​មិន​ចាំ​ចាប់​កុំ​ចូល​ទីក្រុង​បាងកក​អំឡុង​ពេល​នេះ។

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ ដើម្បី​សុំ​ការ​ពន្យល់​អំពី​វិធានការ​ណែនាំ​ផ្នែក​សុខភាព​ដល់​ពលករ​ខ្មែរ​នៅ​ទីក្រុង​បាងកក​បាន​ទេ​នៅ​ថ្ងៃ​ទី​១៦ មករា ដោយ​ទូរស័ព្ទ​មិន​មាន​អ្នក​ទទួល។

ចំណែក​ អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ប៉ូលិស​អន្តោប្រវេសន្ត​ លោក កែវ វណ្ណថន មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា ខាង​លោក​មិន​មាន​ទាក់ទង​លើ​បញ្ហា​នេះ​ទេ៖ «អូ! ខាង​ខ្ញុំ​អត់​ទទួល​ខាង​នឹង​ទេ​ អន្តោប្រវេសន្ត​អត់​ទទួល​ខាង​នេះ​ទេ បាទ​អត់​ពាក់ព័ន្ធ​ខាង​ខ្ញុំ​ទេ សុំទោស​បាន​ហើយ​អីចឹង​បាទ

ទូរទស្សន៍​ថៃ​ភី​ប៊ី​អែស(Thai PBS)ផ្សាយ​ឲ្យ​ដឹង​ថា​ អាជ្ញាធរ​ទី​ក្រុង​បាងកក​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ក្រោម​ឱវាទ​បញ្ចេញ​រថយន្ត​​បូម​ទឹក​លាង​សំអាត​តាម​ផ្លូវ​សាធារណៈ​ និង​បាញ់​ទឹក​ទៅ​លើ​អាកាស​ដើម្បី​ជួយ​កាត់​បន្ថយ​បរិស្ថាន​កខ្វក់​នៅ​ទីក្រុង​បាងកក។ ចំណែក​ឯ​កងទ័ពអាកាស​ក៏​បាន​បើក​យន្តហោះ​ទៅ​លើ​អាកាស​​​បង្កើតទឹក​ភ្លៀង​សិប្បនិមិត្ត និង​បាន​ដឹក​ទឹក​ចំនួន​៣ម៉ឺន​លីត្រ​(៣០,០០០) បាន​ហោះ​ចំនួន ១២ជើង​បាញ់​​ទឹក​ពី​លើ​អាកាស​នៅ​តំបន់​ទីក្រុង​បាងកក​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ដក​ដង្ហើម​របស់​មនុស្ស​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ដែរ។ បន្ថែម​ពី​នេះ​​ពេទ្យ​ទាហាន​អាកាស​របស់​ថៃ​ក៏​បាន​​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​ឲ្យ​យល់​ដឹង​អំពី​ភាព​កខ្វក់​នៅ​ក្នុង​អាកាស​នេះ​ ដោយ​បាន​ចែក​ម៉ាស​ពាក់​ការពារ​ប្រព័ន្ធ​ដកដង្ហើម​ចំនួន ៣ម៉ឺន​ម៉ាស (៣០.០០០) ជូន​ដល់​ពលរដ្ឋ​នៅ​ទី​នោះ​ផង​ដែរ។

កាសែត The Nation នៅថ្ងៃអង្គារ ទី១៥ មករា បាន​ស្រង់​សំដី​របស់​ប្រធាន នាយកដ្ឋាន​ពាណិជ្ជកម្ម​ផ្ទៃក្នុង (Internal Trade Department) ថៃ លោក វិឆ័យ ប៉ូចាណាគីត (Wichai Pochanakit) ដែល​ព្រមាន​ដល់​ហាង​លក់​ម៉ាស់ mask គ្រប​ច្រមុះ មិន​ឲ្យ​ដំឡើង​ថ្លៃ ហើយ​ថា អ្នក​ល្មើស​នឹង​ការ​ព្រមាន​នេះ​នឹង​រង​ការ​ផាក​ពិន័យ ១៤ម៉ឺន​បាត ឬ​ដាក់​ពន្ធនាគារ​រយៈ ៧ឆ្នាំ​ ឬ​ត្រូវ​ទទួល​ទោស​ទាំង​ពីរ​នេះ។

យុទ្ធនាការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​ថៃ​ពិនិត្យ​ឃើញ​ថា ផ្សែង និង​ល្អង​ធូលី​កខ្វក់​នៅ​លើ​អាកាស​ក្នុង​ទី​ក្រុង​បាងកក​មួយ​​រយៈ​នេះ ឡើងដល់​កម្រិត​ប្រកាស​អាសន្ន។ បរិស្ថាន​កខ្វក់​នេះ​ កើន​ឡើង​ខ្លាំង​ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៨ មករា ដែល​អាច​បន្ត​រហូត​ដល់​ចុង​ខែ​មករា។ ផ្សែង និង​ល្អង​ធូលី​កខ្វក់​នេះ​កើត​ឡើង​ដោយសារ​ផ្សែង​រថយន្ត​ខ្មួលខ្មាញ់​ច្រើន​ពេក និង​ផ្សែង​ចេញ​ពី​រោងចក្រ​ឧស្សាហកម្ម​ទៅ​លើ​អាកាស​មាន​បរិមាណ​ច្រើន ខណៈ​ដែល​ទីក្រុង​មួយ​នេះ​គ្រាន់តែ​រថយន្ត​មាន​ដល់​ទៅ​ជិត​១០លាន​គ្រឿង​ឯណោះ។

សព្វ​ថ្ងៃ​នៅ​ប្រទេស​ថៃ​មាន​ពលករ​ខ្មែរ​ធ្វើ​ការងារ​ជាង ១លាន​នាក់ ក្នុង​នោះ​ពលករ​រាប់​ម៉ឺន​នាក់​កំពុង​ធ្វើ​ការ​នៅ​ទីក្រុង​បាងកក។

នាយក​រដ្ឋមន្ត្រី​ថៃ ក៏​បាន​ប្រកាស​ប្រាប់​ពលរដ្ឋ​ខ្លួន​ដែរ​ថា ក្នុង​រយៈ​ពេល​ផ្សែង និង​ល្អង​ធូលី​កខ្វក់​នេះ​កំពុង​ឡើង​ខ្ពស់ ប្រសិន​បើ​មិន​មាន​ការ​ចាំបាច់​ទេ សូម​កុំ​ចេញ​ពី​ផ្ទះ ហើយ​បើ​ត្រូវ​ចេញពី​ផ្ទះ​ត្រូវ​ពាក់​ម៉ាស​គ្រប​ច្រមុះ ដើម្បី​កាត់​បន្ថយ​ការ​ដកដង្ហើម​ចូល​ល្អង​ផ្សែង​កខ្វក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល