ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​រួមគ្នា​ទប់ស្កាត់​គ្រោះ​មហន្តរាយ​ព្រៃឈើ

ដោយ ទីន ហ្សាការីយ៉ា
2018-07-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី យាង​ចូលរួម​ទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី​៦៣ នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី យាង​ចូលរួម​ទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី​៦៣ នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
RFA

ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី នៅក្នុង​ព្រះរាជ​ពិធី «រុក្ខទិវា» នៅ​ស្រុក ទឹកឈូ ខែត្រ​កំពត នៅ​ថ្ងៃ​ទី​០៩ ខែ​កក្កដា​នេះ ព្រះអង្គ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំងអស់ រួបរួម​គ្នា​ទប់ស្កាត់​គ្រោះ​មហន្តរាយ នៃ​ការបាត់បង់​ព្រៃឈើ និង​ការ​ពង្រឹង​ស្មារតី​ទទួលខុសត្រូវ​លើ​ជោគវាសនា​អនាគត​របស់​ប្រទេស​កម្ពុជា​ទាំងអស់​គ្នា។

ព្រះរាជ​ពិធី​រុក្ខទិវា ឆ្នាំ​២០១៨​នេះ មាន​កូនឈើ ជាង​១​ម៉ឺន ២​ពាន់​ដើម ដូចជា ធ្នង់ កកោះ ក្រញូង និង​បេង ជាដើម ដាំ​នៅ​លើ​ផ្ទៃ​ប្រមាណ​១០​ហិកតារ។

ព្រះមហាក្សត្រ សម្ដេច​ព្រះ បរមនាថ នរោត្តម សីហមុនី មាន​ព្រះរាជបន្ទូល​ទៀត​ថា ព្រៃឈើ គឺជា​ប្រភព​ទ្រព្យ​ធនធាន​ដ៏​មហាសាល​សម្រាប់​ពលរដ្ឋ​ទូទៅ និង​ជួយ​លើកស្ទួយ​សេដ្ឋកិច្ច​ជាតិ បរិស្ថាន​ល្អ វប្បធម៌ ប្រវត្តិសាស្ត្រ និង​ទេសចរណ៍។

ទោះបីជា​យ៉ាង​នេះ​ក្ដី អង្គការ​ជាតិ និង អន្តរជាតិ​នៅតែ​រក​ឃើញ​ថា បទល្មើស​ព្រៃឈើ និង​ការ​ជួញដូរ ឈើ​កម្ពុជា​ដឹក​ជញ្ជួន​ទៅ​បរទេស​នៅតែ​មាន​ដដែល ទោះបីជា​មានការ​ប្ដេជ្ញា​ចិត្ត​ពី​លោក ហ៊ុន សែន ក្នុង​ការ​ទប់ស្កាត់​និង​ការពារ​ព្រៃឈើ​យ៉ាងណាក្ដី។

កាលពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន​ហៅ​កាត់​ថា EIA ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស បាន​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ​មួយ ដាក់​ចំណងជើង​ថា ជនល្មើស​មុខ​ដដែលៗ។

របាយការណ៍​នេះ​បង្ហាញ​ឲ្យ​ដឹង​ថា វៀតណាម​នៅតែ​ជា​មេក្លោង​ទិញ​ឈើ ពី​តំបន់​ការពារ​របស់​ប្រទេស​កម្ពុជា រួមមាន តំបន់​ព្រៃ​អភិរក្ស​ឧទ្យាន​ជាតិ​វីរ​ជ័យ ក្នុង​ខេត្ត​រតនគីរី និង​ខេត្ត​ស្ទឹងត្រែង ទំនប់​សេសាន​ក្រោម​ពីរ ក្នុង​ខេត្ត​ស្ទឹងត្រែង និង​ដែន​ជម្រក​សត្វព្រៃ​ភ្នំព្រិច ខេត្ត​មណ្ឌលគិរី កំពុង​ទទួលរង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ ពី​សំណាក់​ក្រុមហ៊ុន​សម្បទាន និង​ឈ្មួញ​វៀតណាម ដែល​មាន​ការ​បើក​ដៃ​ពី​អាជ្ញាធរ​របស់​របប​លោក ហ៊ុន សែន។

របាយការណ៍​របស់ EIA បន្ថែម​ទៀត​ថា ក្រុមហ៊ុន​វៀតណាម​អាច​កាប់​ព្រៃឈើ​ខុសច្បាប់​នៅ​តំបន់​ឧទ្យានជាតិ​វីរជ័យ និង​តំបន់​ព្រៃ​ការពារ​នៅ​ខេត្ត​ភាគ​ឦសាន ដោយ​បង់លុយ​ដល់​មន្ត្រី​ប៉ូលិស​ព្រំដែន និង​អនុរក្ស​ព្រៃឈើ ជា​ថ្នូរ​ក្នុង​កិច្ចការពារ​សុវត្ថិភាព​ឆ្លង​ព្រំដែន។

EIA ឲ្យ​ដឹង​ដែរ​ថា ចាប់ពី​ខែ​តុលា ឆ្នាំ​២០១៧ ដល់​ខែ​មីនា ២០១៨ ទំហំ​ព្រៃឈើ​ដែល​ត្រូវ​បាន​កាប់​បំផ្លាញ មាន​ប្រមាណ​ជាង ១​លាន ១​សែន ៥​ម៉ឺន​ម៉ែត្រ​គីប (.១៥៥.០០០​ម៉ែត្រ) ដែល​មាន​តម្លៃ​រាប់​សិប​លាន​ដុល្លារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ពុទ្ធោ អរហំ មិនដែលឮទេលោកព្រះ ទើបតែពេលនេះឮជួយ
ការពារគ្រោះមហន្តរាយព្រៃឈើ។ ចាំឱ្យអស់សិនព្រះអង្គ ចាំតែ
ប្រថាប់ត្រាទៅបានហើយ។

Jul 10, 2018 06:13 AM

គេហទំព័រ​ទាំងមូល