ក្រុមហ៊ុន ទ្រី ភាព រង​ការ​ចោទ​ថា​ជួល​មនុស្ស​កាប់​ដើម​ច្បោះ​ជ័រ​ជនជាតិ​កួយ​នៅ​ព្រះវិហារ

ដោយ ហង្ស សាវយុត
2014-12-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

សកម្មភាព​កាប់​ឈើ​ជួញ​ដូរ​ខុស​ច្បាប់​នៅ​តាម​បណ្ដា​ស្រុក​ខ្លះ​នៃ​ខេត្ត​ព្រះវិហារ កំពុង​កើត​មាន​នៅ​ឡើយ បើ​ទោះ​បី​ជា​ការ​ដឹក​ជញ្ជូន​ឈើ​នៅ​តាម​ដង​ផ្លូវ​បាន​ថយ​ចុះ​ក៏ដោយ។

ក្រុម​អ្នក​កាប់​ឈើ​ដើម្បី​យក​ទៅ​ជួញ​ដូរ​ខុស​ច្បាប់​ទាំង​នោះ កំពុង​បំផ្លាញ​ដល់​ព្រៃ​សហគមន៍ និង​ដើម​ច្បោះ​ជ័រ​របស់​ជនជាតិ​ភាគ​តិច ដែល​តែង​តែ​ពឹង​ទៅ​លើ​របរ​ដង​ជ័រ​ទឹក​លក់​ប្រចាំ​ថ្ងៃ។

ជនជាតិ​ភាគ​តិច​កួយ នៅ​ភូមិ​បុស្សធំ និង​ភូមិ​ស្រែព្រៀង ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ជិត ២០​គ្រួសារ កំពុង​ស្វែងរក​ការ​ជ្រោមជ្រែង​ពី​មន្ត្រី​រដ្ឋាភិបាល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ឱ្យ​ជួយ​ការពារ​ដើម​ឈើ​ធំៗ​ដែល​ជា​រណ្ដៅ​ច្បោះ​ជ័រ​ទឹក​របស់​ពួក​គេ។ ការ​ស្វែងរក​កិច្ច​ការពារ​នេះ បន្ទាប់​ពី​មាន​ក្រុម​មនុស្ស​ជាច្រើន ចូល​ទៅ​កាប់​ដើម​ច្បោះ​ជ័រ ដើម្បី​យក​ឈើ​ទៅ​ជួញ​ដូរ​ខុស​ច្បាប់។

ស្ត្រី​អ្នក​ភូមិ​បុស្សធំ ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ចូល​ទៅ​ទីស្នាក់ការ​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) ខេត្ត​ព្រះវិហារ ដោយ​សុំ​ឱ្យ​ជួយ​ការពារ​ដើម​ច្បោះ​ជ័រ​របស់​ពួក​គាត់។ គាត់​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ពុធ ទី​៣ ខែ​ធ្នូ ថា ដើម​ច្បោះ​ជ័រ​របស់​គាត់​ប្រមាណ ៥០​ដើម នៅ​អូរស្កាច​នៃ​តំបន់​ព្រៃ​សហគមន៍​ព្រះរកា ក្នុង​ឃុំ​ព្រីងធំ ស្រុក​ជាំក្សាន្ត ត្រូវ​មនុស្ស​មួយ​ក្រុម​កាប់​រំលំ និង​អារ​យក​ឈើ​ទៅ​ជួញ​ដូរ​ខុស​ច្បាប់។ ស្ត្រី​ដដែល​អះអាង​ថា អ្នក​ដែល​កាប់​ដើម​ឈើ​ទាល​ធំៗ​ជា​រណ្ដៅ​ច្បោះ​ជ័រ​របស់​គាត់​នោះ គឺ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ទ្រី ភាព ដែល​មាន​អ្នក​តែង​ប្រមូល​ទិញ៖ «គេ​ប្រាប់​ថា ក្រុមហ៊ុន​ជួល​ឱ្យ​មក​កាប់។ អ្នក​ស៊ី​ឈ្នួល​ហ្នឹង​ប្រាប់​ថា ក្រុមហ៊ុន ទ្រី ភាព មុន​ដំបូង​កាត់​ដើម​គគីរ ដល់​កាប់​ដើម​គគីរ​អស់​ហើយ កាប់​ដើម​ច្បោះ»

ស្ត្រី​ដដែល​បញ្ជាក់​ថា ដើម​ឈើ​ទាល​ដែល​ជា​ច្បោះ​ជ័រ​ទឹក​របស់​គាត់ ត្រូវ​គេ​កាប់​បំផ្លាញ​អស់​ប្រហែល ៥០​ដើម​ហើយ ចាប់​តាំង​ពី​ខែ​វិច្ឆិកា មក។ ចំណែក​អ្នក​ភូមិ​ស្រែព្រៀង ចំនួន ១៥​គ្រួសារ​ទៀត ក៏​បាត់​បង់​ដើម​ឈើ​ច្បោះ​ជ័រ​អស់​ជាច្រើន​រយ​ដើម​ដែរ។

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ទ្រី ភាព ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។

ចំណែក​មេ​ឃុំ​ព្រីងធំ ស្រុក​ជាំក្សាន្ត លោក ហេង ភេន ទទួល​ស្គាល់​ថា ពិត​ជា​មាន​ក្រុម​មនុស្ស​កំពុង​ចូល​ទៅ​កាប់​ដើម​ច្បោះ​ជ័រ​ទឹក​របស់​ជនជាតិ​ភាគ​តិច​នៅ​តំបន់​នោះ​មែន។ លោក​មេ​ឃុំ​ឱ្យ​ដឹង​ថា តាម​លោក​សាកសួរ​មេ​ភូមិ​នៅ​ក្បែរៗ​តំបន់​នោះ គឺ​មាន​ក្រុមហ៊ុន​ជួល​មនុស្ស​ឱ្យ​កាប់​ដើម​ច្បោះ​ជ័រ​តម្លៃ ៣​ម៉ឺន​រៀល​ក្នុង​១​ដើម។ លោក​មេ​ឃុំ​អះអាង​ថា លោក​បាន​ត្រឹម​តែ​ដឹង​រឿង​នេះ ប៉ុន្តែ​លោក​មិន​មាន​លទ្ធភាព​រារាំង​ឡើយ៖ «នៅ​តំបន់​ខាង​កើត​ភូមិ​នោះ ខ្ញុំ​អត់​មាន​លទ្ធភាព​ទេ ពីព្រោះ​តំបន់​នោះ​សុទ្ធតែ​ទាហាន​ផង​អី​ផង»

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ មាន​ប្រសាសន៍​ថា ការ​កាប់​ដើម​ច្បោះ​ជ័រ​របស់​ជនជាតិ​ភាគ​តិច​កួយ ដើម្បី​យក​ឈើ​ទៅ​ជួញ​ដូរ​ខុស​ច្បាប់​នេះ គឺ​ជា​ការ​រំលោភ​ទៅ​លើ​សិទ្ធិ​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ។

មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ មាន​ប្រសាសន៍​ថា ដើម​ច្បោះ​ជ័រ​ទឹក​របស់​ជនជាតិ​ភាគ​តិច​នៅ​អូរស្កាច នៃ​តំបន់​ព្រៃ​ព្រះរកា នោះ គឺ​មាន​ក្រុម​មនុស្ស​លួច​ចូល​កាប់​ជា​បន្តបន្ទាប់​តាំង​ពី​អំឡុង​ចុង​ឆ្នាំ​២០១២ មក​ម្ល៉េះ។ លោក ប៉ិក សោភ័ណ បញ្ជាក់​ថា អ្នក​កាប់​ឈើ​ទាំង​នោះ ភាគ​ច្រើន​ពិបាក​បង្ក្រាប ដោយសារ​ពាក់ព័ន្ធ​នឹង​ទាហាន​ដែល​មាន​បន្ទាយ​ក្បែរ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល