"ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​របស់​អាជ្ញាធរ​នៅ​តែ​ចន្លោះ​ប្រហោង​ច្រើន"

ដោយ ថន ថារ៉ូ
2019-01-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA
សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA
Photo courtesy of EIA

សកម្មជន​បរិស្ថាន និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​មិនទាន់​មាន​ជំនឿ​ចិត្ត លើ​ប្រសិទ្ធភាព​ការងារ​របស់​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ក្នុង​ការ​អនុវត្ត​ច្បាប់​គ្រប់គ្រង​ព្រៃឈើ ឱ្យ​បាន​ពេញលេញ​នៅឡើយ​ទេ។ ពួកគេ​មើល​ឃើញ​ថា ការអនុវត្ត​ច្បាប់​ព្រៃឈើ​របស់​អាជ្ញាធរ​ពាក់​ព័ន្ធ​ភាគច្រើន​ជា​យុទ្ធនាការ នៅ​គ្រា​ដែល​មាន​អាជ្ញាធរ​ជាតិ​ចុះ បេសកកម្ម​ម្ដងម្កាល ឬ​មួយ​រយៈ​ពេល​ខ្លី ហើយ​ក្រោយមក​បទល្មើស​ព្រៃឈើ នៅតែ​កើតមាន​ដដែល។

សកម្មជន​បរិស្ថាន និង​ជនជាតិ​ដើម​ភាគតិច មើល​ឃើញ​ថា នៅ​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី និង​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​បន្ថែម​កម្លាំង​ឈរជើង ត្រៀម​បង្ក្រាប​បទល្មើស​ព្រៃឈើ ជាច្រើន​ទីតាំង និង​បាន​រឹបអូស​ឈើ​ប្រណិត​ប្រមាណ ៣០​កំណាត់ ឋិត​នៅ​ក្នុង​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា កាលពី​ថ្ងៃទី២០ ខែ​មករា​។ តែ​ទោះ​យ៉ាងណា យុទ្ធនាការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ទាំងនេះ នៅ​មិនទាន់​ធ្វើ​ឱ្យ​ពួកគេ​ស្ងប់​អារម្មណ៍​នៅឡើយ។

ជនជាតិ​ដើម​ភាគតិច​ព្នង​រស់នៅ​ឃុំ​ប៊ូស្រា លោក ក្រើង តុលា ឱ្យ​ដឹង​នៅ​ថ្ងៃទី២២ មករា ថា អាជ្ញាធរ​បាន​បន្ថែម​កម្លាំង​សមត្ថកិច្ច រុករក​ឈើ ដែល​ឈ្មួញ​លាក់​ទុក​នៅ​តាម​បណ្ដោយ​ស្រុក​មួយ​ចំនួន និង បាន​ដាក់​ពង្រាយ​សមត្ថ​កិច្ច​យាម​តាម​ដង​ផ្លូវ បំណង​បង្ក្រាប​បទល្មើស​ព្រៃឈើ​។ តែ​ទោះ​យ៉ាងណា លោក​បារម្ភ​ថា យុទ្ធនាការ​នេះ ធ្វើឡើង​បានតែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។ លោក​ថា ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​របស់​អាជ្ញាធរ​ពាក់​ព័ន្ធ ផ្អែក​តាម​បទបញ្ជា ធំ​ជាង​ការអនុវត្ត​ច្បាប់ ព្រោះ​បើ​គ្មាន​បញ្ជា​បេសកកម្ម ពី​ថ្នាក់លើ​ទេ គឺ​អាជ្ញាធរ​មិនសូវ​អើពើ​នោះ​ទេ៖ «ខ្ញុំ​គិត​ថា នៅ​កម្ពុជា​យើង​បច្ចុប្បន្ន​គឺ អនុវត្ត​បាន​ច្បាប់ និង​អនុវត្ត​បទបញ្ជា មាន​ឥទ្ធិពល​ខ្លាំង​ជាង។ ខ្ញុំ​អត់​ដឹង​ថា បទបញ្ជា​មាន​កម្រិត​ណា ខ្ញុំ​អត់​ដឹង​ទេ ព្រោះ​រាល់ថ្ងៃ​គេ​ធ្វើ​បេសកកម្ម​ទេ​។ បើ​គ្មាន​បេសកកម្ម​ទេ គាត់​អត់​សូវ​មាន​ចំណាប់​អារម្មណ៍​ថា ការពារ​ព្រៃឈើ​ទេ»

សកម្មជន​បរិស្ថាន លោក ហេង ស្រស់ សង្កេតឃើញ​ថា ប្រតិបត្តិ​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​របស់​អាជ្ញាធរ គឺ​គ្មាន​ឥទ្ធិពល​ទៅលើ​ឈ្មួញ​មាន​អំណាច និង​ឧកញ៉ា​នោះ​ទេ ព្រោះ​ឈ្មួញ​ទាំងនោះ បាន​សូកប៉ាន់​អាជ្ញាធរ​ពាក់ព័ន្ធ​ជា​ថ្នូរ​នាំ​ឈើ​ចេញទៅ​ក្រៅ​ប្រទេស។ លោក​ថា ប្រសិនបើ​ឈ្មួញ​ណា មិន​សូកប៉ាន់​អាជ្ញាធរ គឺ​ចៀស​មិន​ផុត​ពី​កណ្ដាប់ដៃ​សមត្ថកិច្ច​នោះ​ទេ។ លោក ហេង ស្រស់ បន្ថែម​ថា នៅ​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ក៏​មាន​សេចក្ដី​រាយការណ៍​ថា មាន​ការ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​យី​ឌុប ទៅ​ក្រៅ​ប្រទេស​ដែរ​ថ្មីៗ​នេះ៖ «យើង​គាំទ្រ និង​ស្វាគមន៍ នូវ​អ្វី​ដែល​អាជ្ញាធរ​គាត់​បង្ក្រាប​បាន ចំពោះ​អាជ្ញាធរ​គាត់​ប្រកាស​ថា នឹង​ចាត់វិធានការ និង​បង្ក្រាប គឺ​បង្ក្រាប​បាន តែ​អ្នកណា​ដែល​មិន​បាន​សូកប៉ាន់ ដែល​មិន​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល។ អ្នក​ដែល​មាន​អំណាច​មួយ​ចំនួន នៅ​ពី​ក្រោយ​បទល្មើស​ព្រៃឈើ ហេតុអ្វី​មិន​បង្ក្រាប​ទៅវិញ​។ សព្វថ្ងៃ​នេះ នៅ​ស្រុក​កោះ​ញែក​យើង​ទទួល​ព័ត៌មាន​ថា មាន​ការ​ដឹកជញ្ជូន​ឈើ​ទៅ​ប្រទេស​វៀតណាម មិន​ក្រោម​ពី ១០​គ្រឿង​ទេ»

ឆ្លើយតប​រឿង​នេះ អ្នកនាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី លោក ចឹង សុចិន្ថា មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​តែង​ជំរុញ​ឱ្យ​សមត្ថកិច្ច​ជំនាញ ត្រូវ​យកចិត្តទុកដាក់ បង្ក្រាប​បទល្មើស​ព្រៃឈើ​តាម​ជំនាញ​រៀងៗ​ខ្លួន។ ចំណែក​ឈើ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច សមត្ថកិច្ច​ត្រូវ​ពិនិត្យមើល​ឱ្យ​បាន​ច្បាស់លាស់ និង​តម្រូវ​អោយ​បង់ពន្ធ​ឱ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​កំណត់​។ ចំណែក​ព្រៃ​ការពារ​ធម្មជាតិ អាជ្ញាធរ​ខេត្ត​បាន​ណែនាំ​ឱ្យ​មន្ត្រី​បរិស្ថាន យកចិត្តទុកដាក់​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ​។ ចំពោះ​សំនួរ របស់​អាស៊ីសេរី​ថា តើ​អាជ្ញាធរ​ខេត្ត នឹង​ស៊ើបអង្កេត​រក​មេខ្លោង ជួញដូរ​ឈើ​ខុសច្បាប់ ដែល​ប្រព្រឹត្ត​ឡើង​ដោយ​អ្នក​មាន​អំណាច និង ឧកញ៉ា​ដែរ​ឬទេ​? អ្នកនាំពាក្យ​រូប​នេះ ឆ្លើយ​ថា អាជ្ញាធរ​ខេត្ត​បាន​ជំរុញ​ឱ្យ​ស្ថាប័ន​ជំនាញ និង​សមត្ថកិច្ច​ត្រូវ​ទទួលខុសត្រូវ និង​ពង្រឹង​ការអនុវត្ត​ច្បាប់​ព្រៃឈើ​ឱ្យ​បាន​ពេញលេញ៖ «អាជ្ញាធរ​ខេត្ត​បាន​ចាត់វិធានការ ពង្រឹង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ទៅតាម​ការទទួលខុសត្រូវ និង​ជំនាញ​នីមួយៗ​។ យើង​នឹង​មិន​ដែល​ថា នឹង​មិន​សហការ​ជាមួយ​ទេ ពាក់ព័ន្ធ​សហគមន៍​ឱ្យ​តែ​ប្ដឹង​សមត្ថកិច្ច តែង​លុក​ទៅ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ជាក់ស្ដែង»

ទោះជា​យ៉ាងណា ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​មណ្ឌលគិរី លោក កែវ សុភ័ក្ត្រ អះអាង​ប្រាប់​អាស៊ីសេរី​ថា មន្ត្រី​ឧទ្យានុរក្ស​នៃ​ក្រសួងបរិស្ថាន តែង​ល្បាត និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ រួម​ទាំង​ការ​កាប់​ឈើ​មូល ទន្ទ្រានព្រៃ​រាន​ដី និង​ការ​បរបាញ់​សត្វព្រៃ​ខុសច្បាប់​ជាដើម។ លោក​ថា មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែរ ក្នុង​បេសកកម្ម​បង្ក្រាប​បទល្មើស​ព្រៃឈើ ដោយសារ​ឧទ្យានុរក្ស​មានតែ ១០៤​នាក់ រីឯ​ទំហំ​ផ្ទៃដី​អភិរក្ស​ធំធេង រហូតដល់​ជាង ១​លាន​ហិកតារ​នៅ​ទូទាំង​ខេត្ត​មណ្ឌលគិរី។ លោក​ទទួលស្គាល់​ថា មាន​តំបន់​អភិរក្ស​ខ្លះ​មានការ​លួច​កាប់​ឈើ​ដែរ ដោយសារ​មន្ត្រី​ឧទ្យានុរក្ស ដែល​ប្រចាំការ​នៅ​ទីនោះ​មាន​ចំនួន​តិច​តូច​នៅឡើយ៖ «តាម​ដែន​នីមួយៗ មាន​ផែនការ​ដើរ​ល្បាត​។ ទន្ទឹម​នឹង​នេះ​យើង​មាន​បញ្ហា​ប្រឈម ព្រោះ​កម្លាំង​មន្ត្រី​ឧទ្យានុរក្ស​មាន​កម្រិត ឬ​មាន​តិចតួច មិន​ស្មើ​ទំហំ​ផ្ទៃដី​ធំ​នៅឡើយ ហើយ​ស្មារតី​មន្ត្រី​ឧទ្យានុរក្ស​នៅតែ​ព្យាយាម បង្ក្រាប​ជាច្រើន​ញឹកញាប់​ដែរ។ យើង​មិន​អត់ឱន​ឱ្យ​មាន​បទល្មើស​កើតឡើង។ តែ​ក្នុង​នោះ​ក៏​មាន​ខ្វះខាត និង​ឆក​ល្វែង​កន្លែង​ខ្លះ ដែល​មិន​មាន​បទល្មើស​គ្រប់គ្រាន់ ធ្វើ​ឱ្យ​មាន​ការ​កាប់​លក់​ឈើ»

ទោះយ៉ាងណា មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត មណ្ឌលគិរី លោក អ៊ាង ម៉េងលី មើលឃើញ​ថា អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ខ្លះ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយ​ចំនួន នៅតែ​ឆក់​ឱកាស​ស្វែងរក​ផល​ចំណេញ​ពី​បទ​ល្មើស​ព្រៃឈើ ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​បទល្មើស​ព្រៃឈើ​នៅតែ​កើតមាន​ច្រើន​។ លោក​ថា ប្រសិនបើ​អាជ្ញាធរ​នៅតែ​ខ្វះ​វិធានការ​ជាក់លាក់ ដាក់​ទណ្ឌកម្ម​ច្បាប់ ឬ​ផ្ដន្ទាទោស​ដល់​អ្នក​មាន​អំណាច​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ និង​អាជ្ញាធរ​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​នោះ​ទេ ការ​ប្ដេជ្ញា​ចិត្ត​លប់​បំបាត់​បទល្មើស​ព្រៃឈើ​របស់​ក្រសួង​សាមី នៅតែ​គ្មាន​ប្រសិទ្ធភាព៖

«អ្នក​មានអំណាច ជាពិសេស​គឺ ឧកញ៉ា​ដែល​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ គឺ​មិនទាន់​ឃើញ​តុលាការ​ចាត់វិធានការ ដើម្បី​ឱ្យ​មហាជន​មើល​ឃើញ​ទេ។ ច្បាប់​មាន​ហើយ តែ​ការអនុវត្ត​មាន​កម្រិត មាន​ន័យថា ការ​អនុវត្ត​ច្បាប់​បានតែ​ពលរដ្ឋ​ក្រីក្រ និង​អាជ្ញាធរ​ថ្នាក់​តូចតាច»

យ៉ាង​នេះ​ក្ដី ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​មណ្ឌលគិរី លោក កែវ សុភ័ក្ត្រ បន្ថែម​ថា មន្ត្រី​ជំនាញ តែង​សហការ​ជាមួយ​សហគមន៍​មូលដ្ឋាន​ចុះ​ល្បាត​ព្រៃ​ការពារ​ធម្មជាតិ និង​ព្រៃ​សហគមន៍​ជាប្រចាំ ដើម្បី​រួម​គ្នា​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​ការទន្ទ្រាន​ដី​ព្រៃ​ជា​កម្ម​ឯកជន។ លោក​បារម្ភ​ថា ការ​ដាក់​អន្ទាក់​ចាប់​សត្វព្រៃ គឺជា​បញ្ហា​ប្រឈម​ខ្លាំង ដែល​មន្ត្រី​ឧទ្យានុរក្ស រក​ឃើញ​មាន​រាប់ពាន់​អន្ទាក់ ដែល​គេ​ដាក់​ពង្រាយ​ក្នុង​តំបន់​ព្រៃ​ការពារ​ធម្មជាតិ ហើយ​មន្ត្រី​ជំនាញ​កំពុង​ដើរ​ប្រមូល និង​បោសសំអាត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល